ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្តី​បារម្ភ​លើ​ជម្លោះ​ពាណិជ្ជកម្ម​កើន​ឡើង​នៅ​តំបន់​អាស៊ី​ចំពោះ​ការ​ដាក់​ពន្ធ​របស់​សហរដ្ឋ​អាមេរិក


នេះ​ជា​រោងចក្រ JFE Steel Corporation ស្ថិត​នៅ​ក្នុង​ក្រុង Kawasaki ប្រទេស​ជប៉ុន។
នេះ​ជា​រោងចក្រ JFE Steel Corporation ស្ថិត​នៅ​ក្នុង​ក្រុង Kawasaki ប្រទេស​ជប៉ុន។

បណ្តា​ប្រទេស​អាស៊ី​ជា​ច្រើន​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី០៩ ខែមីនា ក្នុង​ការ​កំណត់​យក​ពន្ធ​ទៅ​លើ​ការ​នាំ​ចូល​លោហធាតុ​ ដោយ​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពី​ជម្លោះ​ពាណិជ្ជកម្ម​ពិភព​លោក។

ប្រទេស​ចិន ដែល​ជា​គោលដៅ​សំខាន់នៃ​ការ​ព្រួយ​បារម្ភ​ខាង​ផ្នែក​ពាណិជ្ជកម្ម​របស់​អាមេរិក​បាន​ឲ្យ​ដឹង​ថា ខ្លួន​ «ប្រឆាំង​ដាច់​ខាត» ចំពោះ​ការ​សម្រេច​ចិត្ត​កំណត់​យក​ពន្ធ​របស់​អាមេរិក ហើយ​ប្រទេស​ជប៉ុន​បាន​ព្រមាន​ពី​ផលប៉ះ​ពាល់​ទៅ​លើ​ទំនាក់​ទំនង​ទ្វេភាគី។

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា ខ្លួន​អាច​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​ជាស្ថាប័ន​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​អន្តរជាតិ។ ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​អ្នក​នាំ​ចេញ​ដែក​ថែប​ធំ​បំផុត​ទី៣​ទៅ​កាន់​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​ប្រទេស​កាណាដា និង​ប្រេស៊ីល។

ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ពួកគេ​មាន​ការ​ព្រួយបារម្ភ​ពី​ការធ្លាក់​ចុះនៃ​តម្លៃ​ដែក​ថែប​និង​អាលុយមីញ៉ូម​នាំ​ចូល ធៀប​នឹង​តម្លៃផលិត​ផល​ទាំង​នេះ​នៅ​លើ​ទីផ្សារ។

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែល​បាន​ច្រាន​ចោល​នូវ​ការ​ព្រមាន​ពី​អ្នក​សេដ្ឋកិច្ច និង​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា ដោយ​កំណត់​យក​ពន្ធ​ថ្មី​ចំនួន​២៥%​លើ​ការ​នាំ​ចូល​ដែក​ថែប និង​១០%​លើ​ការ​នាំ​ចូល​អាលុយមីញ៉ូម​ទៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ដោយ​អះអាង​ថា​ វិធានការ​ទាំង​នេះ​មាន​ភាព​ចាំបាច់​ក្នុង​ការ​ការពារ​ឧស្សាហកម្ម​របស់​សហរដ្ឋ​អាមេរិក។

លោក​ ត្រាំ បាន​លើក​លែង​ដល់​ប្រទេស​នាំ​ចូល​ដែកថែប និង​អាលុយមីញ៉ូម​ចម្បងៗ​ដូចជា​ប្រទេស​កាណាដា និង​ម៉ិកស៊ិក ខណៈ​ដែល​លោក​កំពុងចរចា​លើ​ការ​ផ្លាស់​ប្តូរ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាង​ជើង។ ប្រទេស​ផ្សេង​ទៀត​ដូចជា​ប្រទេស​អូស្ត្រាលី​ក៏​អាច​ត្រូវ​បាន​លើក​លែង​ផង​ដែរ។ ​

សហរដ្ឋ​អាមេរិក​ជា​អ្នក​នាំ​ចូល​ដែកថែប​ធំ​បំផុត​របស់​ពិភពលោក ដែល​មាន​ចំនួន​៣៥លាន​តោន​ក្នុង​ឆ្នាំ​២០១៧ ដោយ​មានការ​នាំ​ចូលដែក​ថែប​ពីប្រទេស​កូរ៉េ​ខាង​ត្បូង ជប៉ុន ចិន និង​ឥណ្ឌា​ ក្នុងចំនួន​៦,៦​លាន​តោន។

លោក Wisarn Pupphavesa ដែល​ជា​សេដ្ឋវិទូ​ថៃ​និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​សម្រាប់​វិទ្យាស្ថាន​ស្រាវជ្រាវ​ខាង​ផ្នែក​សេដ្ឋកិច្ច​ថៃ​មួយ​ឈ្មោះ​ថា វិទ្យាស្ថាន​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​ថៃ ឬ​ហៅ​កាត់​ថា TDRI បាន​ហៅ​ការ​កំណត់​យក​ពន្ធ​ក្នុង​គោល​បំណង​ការពារ​ឧស្សាហកម្ម​អាមេរិក​នេះ​ថា​ជា​ «ស្ថានភាព​ដ៏​អាក្រក់​មួយ»។

លោក Wisarn​ បាន​ប្រាប់ VOA ថា៖«សហរដ្ឋ​អាមេរិក​ជា​អ្នក​នាំ​មុខ​នៅ​ក្នុង​ប្រព័ន្ធ​ពហុភាគី អ្នក​នាំ​មុខ​ខាង​ផ្នែក​ពាណិជ្ជកម្ម​សេរី​ភាវូបនីយកម្ម​ ហើយ​សហរដ្ឋ​អាមេរិក​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​បំផុត​មួយ​ក្នុង​ការ​តាក់តែង​ច្បាប់​ទាំង​អស់​ដែល​គ្រប់គ្រង​លើ​ទីផ្សារ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ។ ប៉ុន្តែ​ឥឡូវ​នេះ​ លោក​ប្រធានាធិបតី ត្រាំ បាន​សម្រេច​ចិត្ត​បំពាន​បទ​បញ្ញត្តិ​ទាំង​នោះ​ ដូច្នេះ​នេះ​គឺ​ជា «ស្ថានភាព​ដ៏​អាក្រក់​ខ្លាំង​មួយ»។

ក្រុម​សេដ្ឋវិទូ​នៅ​ឯ​ក្រុមហ៊ុន​សេដ្ឋកិច្ច Capital Economics ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ឡុងដ៍ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​អំពី​ក្តី​បារម្ភ​ចម្បង​ទាក់ទង​នឹង​ជំហាន​នានា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បង្កើន​ពន្ធ​នេះ​ដោយ​លើក​ឡើង​ថា​ ជំហាន​ទាំង​នេះ​បង្ហាញ​ពី «ចំណុច​របត់​មួយ​នៅ​ក្នុង​គោល​នយោបាយ​អាមេរិក​ក្នុង​ការ​ផ្លាស់​ប្តូរ​ដ៏​ទំលំ​ទូលាយ​ខ្លាំង​និង​ស៊ីជម្រៅ​មួយ​ឆ្ពោះ​ទៅ​កាន់​ការ​អនុវត្ត​ការ​យក​ពន្ធ​នាំចូល​ពី​ដៃគូ​ប្រជែង​ខាង​ផ្នែក​ពាណិជ្ជកម្ម​ដើម្បី​ការពារ​ឧស្សាហកម្ម​ក្នុង​ស្រុក»។

លោក Datuk Seri Ong Ka Chuan រដ្ឋមន្ត្រី​ទី២​នៃ​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​អន្តរជាតិរបស់​ម៉ាឡេស៊ី​បាន​ថ្លែង​ថា រដ្ឋាភិបាល​កំពុង​តាមដាន​នូវ​ផល​ប៉ះពាល់​នៃ​ការ​បង្កើន​ពន្ធ​នេះ ទោះ​បី​ជា​ដែក​ថែប​និង​អាលុយមីញ៉ូម​បាន​រួម​ចំណែក​តិច​ជាង​១%​នៃ​ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​ម៉ាឡេស៊ី​ក៏​ដោយ។

ប៉ុន្តែ​សហព័ន្ធ​ឧស្សាហកម្ម​ថៃបាន​និយាយ​ថា ការ​គំរាម​កំហែង​គឺ​ស្ថិត​នៅ​លើ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​នៃ​ការ​នាំ​ចូល​ដែក​ថែប​និង​អាលុយមីញ៉ូមទៅ​កាន់​ទីផ្សារ​អាស៊ី​អាគ្នេយ៍។​

លោក ​Korrakod Padungjit ​អគ្គលេខាធិការ​សហព័ន្ធ​ឧស្សាហកម្ម​ថៃ​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា មាន​ប្រទេស​នាំ​ចេញ​នាំ​មុខ​នានា​ ដូចជា តៃវ៉ាន់ ជប៉ុន កូរ៉េ​ខាង​ត្បូង ឥណ្ឌា ចិន វៀតណាម និង​តួកគី ​ដែល​អាច​ចាត់​ទុក​អាស៊ី​អាគ្នេយ៍​ជា​គោលដៅ​ក្នុង​ពេល​ឥឡូវ​នេះ។

លោក Roberto Cola ដែល​ជា​អនុប្រធាន​សម្រាប់​ក្រុមប្រឹក្សា​ដែក​និង​ដែកថែប​របស់​អាស៊ាន​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ថា ការ​ផ្គត់ផ្គង់​ដែក​ថែបក្នុង​ទំហំ​ច្រើនសន្ធឹក​សន្ធាប់​ពី​ចិន​ អាច​នឹង​ហូរ​ចូល​ទៅ​អាស៊ី​អាគ្នេយ៍។

ប្រទេសដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ដ៏​រហ័ស​របស់​អាស៊ី​អាគ្នេយ៍​ ដូចជា​ហ្វីលីពីន និង​វៀតណាម ប្រឈម​នឹង​តម្រូវ​ការ​ដែកថែប​ខ្លាំង ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ការ​អភិវឌ្ឍ​ដែល​កំពុង​តែ​កើន​ឡើង។

ប្រទេស​ជប៉ុន​ដែល​នាំ​ចេញ​អាលុយមីញ៉ូម​ក្នុង​កម្រិត១១% ​និង​ចិន​ដែល​នាំ​ចេញ​ក្នុង​កម្រិត​១៤% ​គឺ​ជា​អ្នក​នាំ​ចេញ​អាលុយមីញ៉ូម​ដ៏​ធំ​បំផុត​របស់​អាស៊ី​ទៅ​កាន់​សហរដ្ឋ​អាមេរិក។ ការប្តូរ​ទិស​ដៅនាំ​ចេញ​ទៅ​អាស៊ីនេះ​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ​ឥណ្ឌូនេស៊ី វៀតណាម និង​ថៃ មាន​សម្ពាធក្នុង​ការ​ប្រកួត​ប្រជែង។

អ្នកស្រី Thanomsri Fongarunrung ដែល​ជាសេដ្ឋវិទូនៅ​ក្រុមហ៊ុន Phatra Securities ​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​បាងកក​បាន​និយាយ​ថា ប្រទេសថៃ​បាន​ប្រឈម​នឹង​តម្លៃនាំ​ចូលដែក​ថែបពី​ប្រទេស​ចិន​ទាប​ជាង​តម្លៃ​ក្នុង​ស្រុក​រួច​ទៅ​ហើយ។ អ្នក​ស្រី​បាន​បន្ថែម​ថា ក្តី​បារម្ភ​មួយ​ទៀត​គឺ​ជា​ផល​ប៉ះ​ពាល់​ដោយ​ប្រយោល​ពី​ការ​បង្កើន​វិធានការ​ការពារ​ពាណិជ្ជកម្ម «សងសឹក» ពី​តំបន់​ដទៃ​ទៀត​ដូចជា​ សហភាព​អឺរ៉ុប​ជា​ដើម។

សហភាព​អឺរ៉ុប​ក៏​បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ស្វះស្វែង​ដាក់​ពន្ធ​លើ​ការ​នាំ​ចូលមួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​ (មក​ក្នុង​ទីផ្សារ​អឺរ៉ុប) ​រាប់​ចាប់​ពី​ការ​យក​ពន្ធ​លើ​គ្រឿង​ស្រវឹង​ដល់​ការ​យក​ពន្ធ​ម៉ូតូ។

ប៉ុន្តែ​លោក Wisarn របស់​វិទ្យាស្ថាន TDRI បាន​ថ្លែង​ថា កំណើន​សេដ្ឋកិច្ច​នៅ​អាស៊ី​អាគ្នេយ៍​កាល​ពី​ទសវត្សរ៍​មុន​ ដោយ​មាន​ការ​ផ្តោតគោល​ដៅលើ​ប្រទេស​ចិន​នោះ​ នឹង​ជួយ​ការពារ​តំបន់​នេះឲ្យ​ផុត​ពី​វិធានការ​ចម្បងៗ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បង្កើន​ការ​ការពារ​ពាណិជ្ជកម្ម។​

លោក​ Wisarn បាន​ថ្លែង​ប្រាប់ VOA ថា៖ «អាស៊ី​ខាង​កើត​បាន​ក្លាយ​ជា​តំបន់​ដែល​មានកំណើន​សេដ្ឋកិច្ច​សំខាន់​ថ្មី​មួយ​នៃ​សេដ្ឋកិច្ច​សកលលោក។ ដូច្នេះ​ តាម​ការ​ពិត ផល​ប៉ះពាល់​នៃ​វិធានការ​របស់​អាមេរិក ​អាច​នឹង​មាន​ផល​ប៉ះ​ពាល់​តិចតួច​ ទៅ​លើ​តំបន់​អាស៊ី​ខាង​កើត»។

ជា​លទ្ធផល​ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ​ជប៉ុន​ កូរ៉េ​ខាង​ត្បូង អូស្ត្រាលី និង​នូវែលសេឡង់​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ តាម​រយៈ​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​និយាយ​ថា ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​សម្រាប់​ពាណិជ្ជកម្ម​ថ្នាក់​តំបន់ ហើយ​និង​ជម្លោះ​សំខាន់ៗ​ស្ថិត​នៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លួច​កម្មសិទ្ធិ​បញ្ញា ​ជាពិសេសដោយ​មាន​ប្រទេស​ចិន​ជា​គោល​ដៅ។

ក្រុម​សេដ្ឋវិទូ​បាន​ថ្លែង​ថា កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​អាច​នឹង​ប៉ះពាល់​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម។ ធនាគារ​ពិភពលោក​បាន​និយាយ​ក្នុង​ការ​វាយ​តម្លៃ​កាលពី​ខែ​មករា​ថា កំណើន​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​ខាង​កើត​និង​ប៉ាស៊ីហ្វិក​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ នឹង​មាន​ចំនួន​៦,២%​នៅ​ក្នុង​ឆ្នាំ​២០១៨ ដែល​ថយ​ចុះ​បន្តិច​បន្តួចពី​៦,៤%​នៅ​ក្នុង​ឆ្នាំ​២០១៧។

ខណៈ​ពេល​មាន​សុទិដ្ឋិនិយម ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ការ​កើនឡើង​នៃ​ភាព​តានតឹង​ក្នុង​ភូមិសាស្ត្រ​នយោបាយ​ ការ​កើន​ឡើង​នៃ​ការពារ​ពាណិជ្ជកម្ម ​ការ​រឹត​បន្តឹង​លើ​ស្ថានភាព​ហិរញ្ញវត្ថុ​សកល ឬ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​«ខ្លាំង​ជាង​អ្វី​ដែលបាន​រំពឹង​ទុក»​នៅ​ក្នុង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​រួម​បញ្ចូល​ទាំង​ប្រទេស​ចិន​នោះ បាន​បង្កហានិភ័យ​ដល់​សេដ្ឋកិច្ច​តំបន់៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG