ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់ទំនង​ប៉ាគីស្ថាន​និង​អាមេរិក​ទំនង​នឹង​ដាក់​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល


លោក​នាយក​រដ្ឋ​មន្រ្តី​ប៉ាគីស្ថាន Nawaz Sharif ថ្លែង​ទៅ​កាន់​សហគមន៍​ប៉ាគីស្ថាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥។
លោក​នាយក​រដ្ឋ​មន្រ្តី​ប៉ាគីស្ថាន Nawaz Sharif ថ្លែង​ទៅ​កាន់​សហគមន៍​ប៉ាគីស្ថាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥។

ប្រទេស​ប៉ាគីស្ថាន​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ការ​មាន​ចំណង​ទាក់ទង​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​ក្រុម​តាលីបង់ ​ហើយ​និង​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ទីក្រុង​អ៊ីស្លាម៉ាបាដ (Islamabad) ត្រូវ​គេ​រំពឹង​ថា​ នឹង​ស្ថិត​នៅ​លើ​របៀប​វារៈ​នៅពេល​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ ​អូបាម៉ា ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ទទួល​នាយក​រដ្ឋ​មន្រ្តី​ប៉ាគីស្ថាន Nawaz Sharif នៅ​សេតវិមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក​ប្រធានាធិបតី អូបាម៉ា ​ត្រូវ​គេ​រំពឹង​ថា នឹង​ដាក់​គំនាប​លើ​លោក​នាយក​រដ្ឋ​មន្រ្តី​ Sharif ធ្វើ​ឲ្យ​មាន​ការ​ចរចា​សន្តិភាព​ឡើង​វិញ​រវាង​រដ្ឋាភិបាល​ទីក្រុង​កាប៊ុល​ និង​អតីត​ក្រុម​កាន់​អំណាច​ឥស្លាម​ជ្រុល​និយម​អាហ្វហ្គានីស្ថាន​ដែល​បាន​ធ្វើ​ការ​បះ​បោរ​ចាប់​តាំង​ពី​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​អំណាច​ដោយ​កងទ័ព​សហរដ្ឋ​អាមេរិកនៅ​ចុង​ឆ្នាំ​២០០១ចំពោះ​ការ​ផ្តល់​ទី​ជម្រក​ដល់​ Osama bin Laden មេដឹកនាំ​ក្រុម al-Qaida ​ដែល​ជា​មេគំនិត​នៃ​ការ​វាយ​ប្រហារ​ភេរវកម្មឆ្នាំ​២០០១​មក​លើ​សហរដ្ឋ​អាមេរិក។​ លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា ​លោក​មាន​ផែនការ​រក្សា​កងទ័ព​សហរដ្ឋ​អាមេរិក​៥.៥០០​នាក់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ហួស​ពី​ឆ្នាំ​២០១៦ ​ដោយ​មិន​គោរព​ទៅ​តាម​ការ​សន្យា​ដែល​លោក​បាន​និយាយ​ជា​យូរយារ​ណាស់​មក​ហើយ​ថា​នឹង​ដក​កងទ័ព​សហរដ្ឋ​អាមេរិក​ស្ទើរ​ទាំង​អស់​ចេញ​ពី​ប្រទេស​នោះ​នៅ​ចុង​ឆ្នាំ​នេះ។

រដ្ឋបាល​របស់​លោក​អូបាម៉ា​ក៏​បាន​ដាក់​គំនាប​លើ​រដ្ឋាភិបាល​ទីក្រុង​អ៊ីស្លាម៉ាបាដ​ឲ្យ​បង្ក្រាប​លើ​ក្រុម​ឥស្លាម​ជ្រុល​និយម​ដូចជា​ក្រុម Haqqani ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

លោក​ប្រធានាធិបតី​អូបាម៉ា​ក៏​នឹង​ព្យាយាម​ជំរុញ​ឲ្យ​នាយក​រដ្ឋ​មន្រ្តី Sherif យល់​ព្រម​កំណត់​ទំហំ​នៃ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ប៉ាគីស្ថាន​ដែរ។ របាយការណ៍​ថ្មី​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​ទស្ស​នាវដ្តី Bulletin of the Atomic Scientists បាន​ប៉ាន់​ស្មាន​ថា ​ឃ្លាំង​អាវុធ​ប៉ាគីស្ថាន​អាច​ពង្រីក​ពី​ពេលបច្ចុប្បន្ន​នេះ​មាន​ក្បាល​នុយក្លេអ៊ែរ​ប្រហែល​១៣០​ទៅ​២៥០​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ទៀត​ដែល​ធ្វើ​ឲ្យ​ប៉ាគីស្ថាន​ក្លាយ​ជា​រដ្ឋ​មាន​អាវុធ​នុយក្លេអ៊ែរ​ធំ​ទី​៥​របស់​ពិភពលោក​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក រុស្ស៊ី ចិន​ និង​បារាំង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG