ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មន្រ្តី​អាមេរិក​និង​ប៉ាគីស្ថាន​ព្យាយាម​លើក​កម្ពស់​ពាណិជ្ជកម្ម


លោកស្រី​ Penny Pritzker រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម
លោកស្រី​ Penny Pritzker រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម

ក្រុម​មន្រ្តី​សហរដ្ឋ​អាមេរិក​ និង​ប៉ាគីស្ថានកំពុង​ព្យាយាម​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​នៅ​សប្តាហ៍​នេះ​ ខណៈ​ដែល​លោក​ស្រី​ Penny​ Pritzker​ រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​សរអា​ ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​អ៊ីស្លាម៉ាបាដ។​ ក្រុម​មន្រ្តី​ទាំង​នោះ​ចង់​លើក​ទឹកចិត្ត​ដល់​ការ​វិនិយោគទុន​ពី​ប្រទេស​អាមេរិក​ ព្រម​ទាំង​ចង់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ឱកាស​សេដ្ឋកិច្ច​សម្រាប់​ស្រ្តី​បាគីស្ថាន។​

សញ្ញា​ជា​ផ្លូវការ​នៃ​ពិធី​ដែល​ហៅ​ថា​ «សប្តាហ៍​នៃ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​រវាង​សរអា​ និង​ប៉ាគីស្ថាន​»​ គឺ​សន្និសីទ​ពាណិជ្ជកម្ម​រយៈ​ពេល​២​ថ្ងៃ​ ដែល​បាន​ចាប់​ផ្តើម​នៅ​សប្តាហ៍​ទី​ពីរ​នៃ​ខែ​នេះ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ។​ លោក​ស្រី​ Penny​ Pritzker​ រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ស.រ.អា.​បាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​ការ​ពង្រីក​ទំនាក់ទំនង​ទ្វេ​ភាគី​ ជា​ពិសេស​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ នៅ​ពេល​លោក​ស្រី​ថ្លែង​នៅ​ក្នុង​ការ​សម្ភោធ​បើក​ពិធី​នោះ។​

«សហរដ្ឋ​អាមេរិក​ និង​ប៉ាគីស្ថានមាន​ការ​បេ្តជ្ញា​ចិត្ត​ដូច​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ជម្រុញ​ឲ្យ​មាន​ភាព​រុងរឿង​សម្រាប់​ពលរដ្ឋ​យើង។ នៅ​កម្រិតមូលដ្ឋាន​ វា​ជា​ផល​ប្រយោជន៍​ដល់​សរអា​ក្នុង​ការ​ឃើញ​បាគីស្ថាន​ក្លាយ​ជា​ប្រទេស​មួយ​ប្រកប​ដោយ​ស្ថេរភាព​ សន្តិភាព​ និង​មាន​ការ​អត់ឱន​ ជាមួយ​នឹង​សេដ្ឋកិច្ច​រីក​ចម្រើន​ប្រកប​ដោយ​សន្តិភាព​ក្នុង​ប្រទេស​ខ្លួន​ឯង​ ក៏​ដូច​ជា​ជាមួយ​ប្រទេស​ជិត​ខាង»។​

សរអា​គឺជា​ទីផ្សារ​នាំ​ចេញ​ និង​អ្នក​វិនិយោគ​ដ៏​ធំបំផុត​មួយ​របស់ប៉ាគីស្ថាន​។​ នៅ​ស្រប​ពេល​ដែលសហប្រតិបត្តិការ​សន្តិសុខ​បាន​បង្ហាញ​ពី​លក្ខណៈ​ទំនាក់ទំនង​ទ្វេ​ភាគី​តាំង​ពី​យូរ​ណាស់​មក​ហើយ​ លោក​ស្រី​រដ្ឋមន្រ្តី​ Pritzker​ មាន​ប្រសាសន៍​ថា​ សរអា​និងប៉ាគីស្ថានឥឡូវ​នេះ​កំពុង​ឈាន​ចូល​ដល់​សម័យកាល​មួយ​ជាមួយ​នឹង​សេដ្ឋកិច្ច​ស្ថិត​នៅ​ចំ​ផ្នែក​សំខាន់​បំផុត​នៃ​ទំនាក់ទំនង​ទ្វេភាគី​នោះ។​

លោក​ស្រី​បាន​សង្កត់​ធ្ងន់​ពី​តម្រូវ​ការ​សម្រាប់​ប៉ាគីស្ថាននៅ​ក្នុង​ការធ្វើ​ឲ្យ​រីកចម្រើន​បរិយាកាស​ពាណិជ្ជកម្ម​ដោយ​អនុវត្ត​វិធានការ​ដើម្បី​បង្កើន​តម្លាភាព​ បង្ខំ​ការ​អនុវត្ត​កិច្ច​សន្យា​ និង​បន្ថយ​ការិយាល័យធិបតេយ្យ។​

«យើង​នឹង​ធ្វើ​ការ​ដោយប្រកៀក​ដៃ​គ្នា​ជាមួយ​អ្នក​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ដែល​ប៉ាគីស្ថាន​កំពុង​ជួប​ប្រទះ។​ ខណៈ​ដែល​ការ​ប្រយុទ្ធ​នេះ​នៅ​តែ​បន្ត​ យើង​អាច​ និង​គួរ​តែ​ផ្តោតលើ​ការ​ពង្រឹង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​រវាង​ស.រ.អា.​និង​បាគីស្ថាន។​ ក្រៅ​ពី​ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ​ ក្រុមហ៊ុន​ជាច្រើន​បាន​រាយការណ៍​មក​យើង​ថា​ នីតិវិធី​ការិយាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថានអាច​មាន​ភាព​ស្មុគស្មាញ​ មិន​ស្មើ​គ្នា​ និង​មិន​អាច​គិត​ទុក​មុន​បាន»។​

លោក​ស្រី​រដ្ឋមន្រ្តី​ Pritzer​ ក៏​បាន​ជម្រុញ​ឲ្យ​វិស័យ​ឯកជន​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថានបង្កើត​ឱកាស​ឲ្យ​បាន​កាន់​តែ​ច្រើន​សម្រាប់​ស្រ្តី​នៅ​កន្លែង​ធ្វើការ​នៅ​គ្រប់​វិស័យ​ទាំង​អស់​នៅ​ក្នុង​សេដ្ឋកិច្ច។​

«ឧបសគ្គ​ជាច្រើន​នៅ​តែ​មាន​សម្រាប់​ការ​ធ្វើ​ឲ្យ​មាន​ការ​ចូលរួម​ពេញលេញ​របស់​ស្រ្តី​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ប៉ុន្តែ​យើង​ត្រូវ​ដាក់​ការ​ផ្តល់​អំណាច​ដល់​ស្រ្តី​ភេទ​ជា​អាទិភាព​ជា​រៀង​រាល់​ថ្ងៃ។​ ស្រ្តី​ភេទ​មាន​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​បាគីស្ថាន​ទាំងអស់​ ប៉ុន្តែ​ស្រ្តី​ទាំង​នោះ​តំណាង​ឲ្យ​ត្រឹម​តែ​២៥​ភាគរយ​តែ​ប៉ុណ្ណោះ​នៃ​កម្លាំង​ពលកម្ម​ ហើយ​មាន​តែ​២​ភាគរយ​តែ​ប៉ុណ្ណោះនៃ​ផ្នែក​ជំនួញ​នៅ​ក្នុង​ប្រទេស។​ សម្រាប់​ប៉ាគីស្ថាន ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​ តួ​លេខ​ទាំង​នោះ​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្តូរ​ ហើយ​ត្រូវ​ផ្លាស់​ប្តូរ​ឲ្យ​លឿន»។​

លោក​ Ishaq​ Dar​ រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​របស់​បាគីស្ថាន​បាន​ប្រាប់​សន្និសីទ​នោះ​ថា ​រដ្ឋាភិបាល​មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ដើម្បី​ធានា​ឲ្យ​មាន​សន្តិភាព​ក្នុង​ប្រទេស​ប៉ាគីស្ថាន​។ លោក​ក៏​មាន​ប្រសាសន៍​ផង​ដែរ​ថា​ រដ្ឋាភិបាលបាន​ដាក់​បញ្ចូល​នូវ​កំណែ​ទម្រង់​ផ្សេងៗ​ដើម្បី​លើកកម្ពស់​បរិយាកាស​សេដ្ឋកិច្ច​ និង​វិនិយោគ៕​

ប្រែ​សម្រួល​ដោយ​ ប៊ុន​ ប៉េងហ៊ុយ​

XS
SM
MD
LG