ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេរោគ​ហ៊ីវ​​អាច​ទប់ទល់​បាន បើ​នៅមាន​ការ​ឧបត្ថម្ភ​ថវិកា


ក្រុម​អ្នក​ធ្វើការស្ម័គ្រ​ចិត្ត​របស់សង្គមអឌ្ឍចន្ទក្រហមប្រទេស​អាហ្វហ្គានីស្ថានឈរ​នៅ​ខាងក្រោយ​បដា​ឃោសនាការពារ​មេរោគហ៊ីវ​និង​ជំងឺអេដស៍​កាល​ពី​ថ្ងៃទិ​០១ ធ្នូ​ ២០០៧។

វា​ត្រូវការ​ពេល ៣ ទសវត្សរ៍​ចាប់​តាំង​ពី​ការ​បង្កើត​ថ្នាំ​ព្យាបាល​លើក​ដំបូង​បង្អស់​សម្រាប់​ពន្យឺត​ដំណើរការ​មេរោគ​ហ៊ីវ​ពី​ការ​ឈាន​ទៅ​កើត​ជំងឺ​អេដស៍ រហូត​ដល់​ការ​បង្កើត​បាន​ថ្នាំ​ព្យាបាល​ចម្រុះ​នា​ពេល​សព្វថ្ងៃ​នេះ ដែល​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ជា​ច្រើន​នាក់។

សន្និសីទ​ស្ដី​ពី​ជំងឺ​អេដស៍ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​សុទិដ្ឋិនិយម​អំពី​ការ​ព្យាបាល​ថ្មី​ៗ និង​អំពី​ក្ដី​កង្វល់​អំពី​សំណើ​កាត់​បន្ថយ​ថវិកា​ជំនួយ​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ហ៊ីវ និង​ជំងឺ​អេដស៍​នេះ ជាពិសេស​ពី​សំណាក់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

លោកស្រី Anne Hidalgo ដែល​ជា​អភិបាល​ក្រុង​ប៉ារីស បាន​គូស​បញ្ជាក់​អំពី​កង្វះ​ថវិកា​នេះ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ចង់​រំឭក​ថា យើង​មាន​ការ​ខ្វះខាត​ថវិកា​ចំនួន ៧ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​នៅ​ក្នុង​ពិភពលោក។ នេះ​ជា​ចំនួន​ថវិកា​ដែល​យើង​ត្រូវការ​រក​ឱ្យ​បាន។ ហើយ​ដោយសារ​ការ​អង្គាស​របស់​យើង យើង​អាច​ចាត់ចែង​ថវិកា​ទាំង​នេះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​បាន»។

ទោះបីជា​មាន​បច្ចេកវិទ្យា​ជឿន​លឿន​នា​ពេល​ថ្មីៗ​នេះ​ក៏​ដោយ ក៏​មេរោគ​ហ៊ីវ​ដែល​បណ្ដាល​ឱ្យ​កើត​ជំងឺ​អេដស៍​នេះ នៅតែ​ជា​សត្រូវ​ដ៏​គួរឲ្យ​ខ្លាច​មួយ​ដដែល ដោយ​សារ​វា​មាន​សមត្ថភាព​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក នៅ​ក្នុង​ការ​បង្កើត​ភាព​ស៊ាំ​នឹង​ថ្នាំ​ព្យាបាល​ទាំង​នេះ។

ថ្នាំ​ពេទ្យ​ថ្មីៗ​អាច​ទប់ទល់​ជាមួយ​នឹង​ជំងឺ​នេះ​បាន ប៉ុន្តែ​ឱសថ​ទាំង​នេះ​មិន​អាច​រក​បាន ឬ​ក៏​បើ​រក​បាន មនុស្ស​ភាគ​ច្រើន​ក៏​គ្មាន​លទ្ធភាព​ទិញ​បាន​ដែរ។ អ្នក​ជំនាញ​នានា ដូចជា​អ្នកស្រី

Linda-Gail Bekker ប្រធាន​សមាគម​អេដស៍​អន្តរជាតិ (International AIDS Society) ជា​ដើម ក៏​មាន​ការ​សង្ស័យ​អំពី​ករណី​ឆ្លង​មេរោគ​ហ៊ីវ និង​ករណី​កើត​ជំងឺ​អេដស៍ ដែល​មិន​បាន​រាយការណ៍​ជា​ច្រើន​ករណី​ផង​ដែរ។

អ្នកស្រី Linda-Gail Bekker បាន​និយាយ​ថា៖ «យើង​ដឹង​ថា​យើង​កំពុង​ព្យាបាល​មនុស្ស ១៩ លាន ៥ សែន​នាក់ ប៉ុន្តែ​នៅ​មាន​មនុស្ស​ចំនួន ១៧ លាន​នាក់​ទៀត ដែល​ត្រូវការ​ការ​ព្យាបាល​នៅ​ពេល​ឥឡូវ​នេះ ហើយ​យើង​មិន​ទាន់​បាន​រក​ឃើញ​ជន​ទាំង​នោះ​នៅ​ឡើយ​នោះ​ទេ។ ជន​ទាំង​នោះ​ភាគ​ច្រើន​រស់នៅ​ក្នុង​តំបន់​នានា​ក្នុង​ពិភពលោក ដូចជា​ទ្វីប​អាហ្វ្រិក​ខាង​លិច ទ្វីប​អាហ្វ្រិក​កណ្ដាល ទ្វីប​អឺរ៉ុប​ខាង​កើត និង​ទ្វីប​អាស៊ី​កណ្ដាល ដែល​យើង​មិន​ទាន់​បាន​ទៅ​ដល់។ ហើយ​នេះ​គឺ​ជា​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ជា​ទី​បំផុត‍»។

ក៏​ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក Michel Sibide នាយក​ប្រតិបត្តិ​នៃ​អង្គការ UNAIDS មាន​សុទិដ្ឋិនិយម​ចំពោះ​បញ្ហា​នេះ ដោយ​លោក​បាន​និយាយ​ថា ដំណើរការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ហ៊ីវ និង​ជំងឺ​អេដស៍​នៅ​ទូទាំង​ពិភពលោក​កំពុង​មាន​ដំណើរការ​ល្អ​ទៅ​មុខ៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG