ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ជោគជ័យ​ក្នុងការ​សម្រេច​«ទិស​ដៅ​៩០-៩០-៩០‍»​នៃ​ការ​ប្រឆាំង​មេរោគ​អេដស៍


ទិសដៅ 90-90-90 នៃការប្រយុទ្ធប្រឆាំង​នឹងជំងឺអេដស៍។ (រូបថតដកស្រង់ពីគេហទំព័រ UNAIDS)
ទិសដៅ 90-90-90 នៃការប្រយុទ្ធប្រឆាំង​នឹងជំងឺអេដស៍។ (រូបថតដកស្រង់ពីគេហទំព័រ UNAIDS)

ប្រទេស​កម្ពុជា​បាន​សម្រេច​ទិសដៅ​ ៩០-៩០-៩០ ​ក្នុង​ការ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ និង​ផ្តល់​ការ​ព្យាបាល​បី​ឆ្នាំ​មុន​កាល​កំណត់​ ដែល​ជា​ជោគជ័យ​មួយ​ត្រូវ​បាន​អង្គការ​សហ​ប្រជាជាតិ​សាទរ។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួមគ្នា​រវាង​ ក្រសួង​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​ និង​អង្គការ​សហ​ប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ចេញ​ផ្សាយ​ជា​សាធារណៈ​នៅថ្ងៃ​អង្គារ​នេះ​ និង​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល។

ទិសដៅ​ ​៩០-៩០-៩០​ នេះ​មានន័យ​ថា​ ៩០​ភាគរយ​នៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ដឹងពី​ស្ថានភាព​ផ្ទុក​មេរោគ​អេដស៍​របស់​ខ្លួន​ ៩០​ភាគរយ​នៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែល​បាន​ដឹងពី​ស្ថានភាព​ឆ្លង​មេរោគ​អេដស៍​បាន​ទទួល​ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ និង​៩០​ភាគរយ​នៃ​អ្នក​កំពុង​ទទួល​ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ មាន​បន្ទុក​មេរោគ​អេដស៍​ក្នុង​ឈាម​ទាប​បំផុត។​

សេចក្តី​ប្រកាស​ព័ត៌មាន​រួមគ្នា​រវាង​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​ និង​អង្គការ​សហ​ប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ដែល​ធ្វើ​ឡើង​ក្រោយ​សិក្ខាសាលា​ស្តីពី​ទិសដៅ​៩០​ទាំង​បី​ រៀបចំ​នៅទី​ក្រុង​ប៉ារីស​នេះ​ បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​បាន​បេ្តជ្ញា​ឈាន​ទៅ​សម្រេច​ទិសដៅ​៩០-៩០-៩០​ ចាប់​ពី​ឆ្នាំ​២០១៣។​ ការណ៍​នេះ​បាន​ធ្វើឲ្យ​កម្ពុជា​ ក្លាយ​ជា​ប្រទេស​មាន​កម្រិត​គ្រប​ដណ្តប់​ខ្ពស់​បំផុត​ ក្នុង​ការ​ផ្តល់​ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍​នៅក្នុង​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក។

សេចក្តី​ប្រកាស​ព័ត៌មាន​ចុះថ្ងៃ​ទី​២៥​ ខែ​កក្កដា​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​៧​តែ​ប៉ុណ្ណោះ​លើ​ពិភពលោក​ ដែល​បាន​សម្រច​ទិសដៅ​៩០-៩០-៩០ ​ដោយ​៩០​ភាគរយ​នៃ​អ្នក​កំពុង​ទទួល​ការ​ព្យាបាល​ ដោយ​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍​មាន​បន្ទុក​មេរោគ​ទាប​បំផុត»។​

អ្នកស្រី​ Vladanka Andreeva ​នាយិកា​អង្គការ​សហ​ប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ដកស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​ក្នុង​ន័យ​ដើម​ថា៖​

«ប្រទេស​កម្ពុជា​ត្រូវ​ទទួល​បាន​នូវការ​កោត​សរសើរ​ដោយ​សម្រេច​បាន​នូវ​ទិសដៅ​៩០-៩០-៩០​នេះ​ បីឆ្នាំ​មុន​ពេល​កំណត់​របស់​ពិភពលោក។​ ជោគជ័យ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ភាពដឹកនាំ​ដ៏​ឈ្លាសវៃ​រួម​ និង​ការ​បេ្តជ្ញា​ចិត្ត​ ព្រម​ទាំង​ការ​រួមគ្នា​ធ្វើ​ការ​ជាមួយ​សហគមន៍​ បាន​នាំមក​នូវ​លទ្ធផល​គួរ​ជា​ទីមោទនៈ​នេះ។​ ក្នុង​នាម​ជា​ប្រទេស​មួយ​ ដែល​ចូលរួម​លុប​បំបាត់​ជំងឺ​អេដស៍​ក្នុង​ពិភពលោក​ ព្រះ​រាជាណា​ចក្រ​កម្ពុជា​កំពុង​ឈរ​នៅ​លើ​ស្ថានភាព​យ៉ាង​ពិសេស​មួយ​ក្នុង​ការ​នាំមុខ​គេ​លើរបៀប​វារៈមួយ​នេះ»។​

VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ នៅ​ថ្ងៃ​អង្គារ​នេះ​ តែទូរសព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។​

យ៉ាងណា​ក៏ដោយ​ អ្នកស្រី ​ឱ វណ្ណឌីន ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ ថ្លែង​ប្រាប់​ VOA ​នៅថ្ងៃ​អង្គារ​នេះ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការ​ប្រយុទ្ធ​ និង​បង្កាការ​រីករាល​ដាល​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​តាំង​ពី​ទសវត្សរ៍​១៩៩០។​ អ្នកស្រី​លើក​ឡើង​ថា​ កិច្ច​ប្រឹងប្រែង​ ដែល​ចេះតែ​បន្ត​ បាន​ធ្វើ​ឲ្យ​កម្ពុជា​សម្រេច​គោល​ដៅ​៩០​ទាំងបី​នេះ​មុន​កាល​កំណត់។​

«អីចឹង​នេះ​គឺ​ជា​ចំណុច​សំខាន់​ណាស់​ ដែល​បង្ហាញ​នូវ​ជោគ​ជ័យ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​របស់​យើង​ ហើយ​ដែល​អន្តរជាតិ​ លោក​មាន​ការ​កោត​សរសើរ​ នៅ​ក្នុង​កិច្ច​ប្រជុំ​នៅក្នុង​ទីក្រុង​ប៉ារីស​របស់​យើង​កន្លង​ទៅ​នេះ»។​

សិក្ខាសាលា​ស្តីពី​ទិសដៅ​៩០​ទាំងបី​បាន​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​បារាំង​ កាលពី​ថ្ងៃទី​២២​ ដល់​ថ្ងៃ​ទី​២៣​ខែ​កក្កដា។​ រដ្ឋមន្ត្រី​ និង​មន្ត្រីជាន់​ខ្ពស់​ទទួល​បន្ទុក​សុខាភិបាល​មក​ពី​ប្រទេស​ជាច្រើន​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នោះ ​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ ​Botswana Lesotho ​និង​ ប្រទេស ​Panama។ ​មេដឹកនាំ​សុខភាព​ពិភពលោក​ហើយ​នឹង​ក្រុម​អ្នក​តស៊ូ​មតិ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ក៏​បាន​ជួប​ជុំ​ក្នុង​សិក្ខាសាលា​នោះ​ផង​ដែរ។​

លោក ជួប សុខចំរើន នាយក​ប្រតិបត្តិ​អង្គការ​ Khana ដែល​ធ្វើការ​លើកិច្ច​ការ​ ការថែទាំ​ គាំទ្រ​ និង​ព្យាបាល​មេរោគអេដស៍​ បាន​បញ្ជាក់​ប្រាប់​ VOA ​តាមរយៈ​សារ​អេឡិចត្រូនិក ឬ Email ​នៅថ្ងៃអង្គារ​នេះ​ថា​ អង្គការ​សង្គមស៊ីវិល​នានា​ដែល​ធ្វើការក្នុង​វិស័យ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍​នេះ​ មាន​ក្តីរីករាយ​ដែល​កម្ពុជា​បាន​ឈាន​មុខគេ​ក្នុង​ពិភពលោក​ និង​តំបន់​ ដោយ​សម្រេច​បាន​ទិសដៅ​៩០​ទាំងបីនេះ។

លោក​បាន​សរសេរ​ក្នុង​ន័យដើម​ថា៖​

«យើង​ជឿជាក់​យ៉ាង​ខ្លាំង​ថា​ សន្ទុះនេះ​នឹង​អាច​រក្សាបាន​ ដើម្បី​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ ក្នុង​ការ​លុបបំបាត់​ការ​ឆ្លង​មេរោគ​អេដស៍​ថ្មី​ និង​ ឬក៏​មិនឲ្យ​មាន​ករណី​ឆ្លង​ថ្មី​ច្រើន​ជាង​ ៣០០​ករណី​ក្នុង​មួយ​ឆ្នាំ​ នៅ​ត្រឹមឆ្នាំ​ ២០២៥»។

អ្នកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​បន្ថែម​ថា​ ទោះបី​កម្ពុជា​ សម្រេច​បាន​ទិសដៅ​៩០​ទាំងបី​នេះ​ក្តី​ រដ្ឋាភិបាល​នៅ​បារម្ភ​ចំពោះ​និរន្តរភាព​នៃ​ការ​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​អេដស៍​ និង​ការ​ផ្តល់​សេវា​ព្យាបាល​មេរោគអេដស៍ ដោយ​ហេតុ​ថា​ ប្រទេស​ម្ចាស់​ជំនួយ​បាន​ផ្តើម​បន្ថយ​ជំនួយ​របស់​ខ្លួន​យ៉ាង​គំហុក​មក​ដល់​កម្ពុជា។ អ្នកស្រី​ពន្យល់​ថា​ ការ​បន្ថយ​ជំនួយ​នេះ​ កើត​មាន​ឡើង​ នៅគ្រា​ដែល​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​កើន​ឡើង។

«បច្ចុប្បន្ន​ហ្នឹង​ យើង​មាន​បញ្ហា​ប្រឈម​រឿង​និរន្តរភាព​ ​និង​គុណភាព​នៃ​សេវា​ជំងឺ​អេដស៍​ នៅក្នុង​បរិបទ​ដែលជំនួយ​ពីខាង​ក្រៅ​ ត្រូវបាន​កាត់​បន្ថយ​ជា​គំហុក។​ ឥឡូវ​យើង​ឃើញ​ហើយ​ ជំនួយ​គាត់​កាត់​បន្ថយ​ច្រើន​ ដោយសារ​សេដ្ឋកិច្ច​កម្ពុជា​យើង​ក៏កើន​ យើង​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ ហើយ​និង​កំណើន​នៃ​សេដ្ឋកិច្ច​របស់​យើង​នេះ​ អីចឹង​ដៃគូ​របស់​យើង​គាត់​បាន​ កាត់​បន្ថយ​នូវ​ជំនួយហ្នឹង​»។

អ្នកស្រី​បាន​បញ្ជាក់​បន្ត​ទៀត​ថា​ រដ្ឋាភិបាល​នៅ​តែ​អំពាវនាវ​ ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​ផ្តល់​ការ​គាំទ្រ​ដល់​កម្មវិធី​នានា​ដែល​ផ្តល់​សេវា​ថែទាំ​ដល់​អ្នក​ផ្ទុក​មេរោគអេដស៍​នៅ​កម្ពុជា​ ពីព្រោះ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន ​មិន​ទាន់​អាច​ឆ្លើយតប​បាន​គ្រប់​គ្រាន់​នូវ​តម្រូវ​ការ​សេវាព្យាបាល​មេរោគ​អេដស៍​នេះ​ទេ។

លោក ជួប សុខចំរើន ​នាយក​ប្រតិបត្តិ​អង្គការ​ Khana ​ក៏​បាន​យល់​ឃើញ​ថា​ កង្វះ​ហិរញ្ញ​វត្ថុ​គឺ​ជា​បញ្ហា​ប្រឈម​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ព្រោះ​ថា​ សព្វថ្ងៃ​នេះ​ មាន​តែ​ម្ចាស់​ជំនួយ​ធំៗ​ពីរ​តែ​ប៉ុណ្ណោះ​ ដែល​បន្តជួយ​កម្ពុជា។​ ម្ចាស់​ជំនួយ​ទាំងពីរ​នោះ​រួមមាន​ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID) ​និង​ មូលនិធិ​សកល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ (Global Fund to Fight AIDS)។ លោក​បន្ត​ថា​ ទោះជា​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​នេះ​ក៏​ដោយ​ ក៏​រដ្ឋាភិបាល​បាន​ផ្តើម​ឧបត្ថម្ភ​ការ​ព្យាបាល​មេរោគ​អេដស៍​នេះ​ តាំងពី​ឆ្នាំ​២០១៥​ ហើយ​បាន​បេ្តជ្ញា​ថា ​នឹង​បន្ត​ឧបត្ថម្ភ​ដល់​ការ​ព្យាបាល​ពី​ឆ្នាំ​២០១៨​ ដល់​ឆ្នាំ​២០២០។

របាយ​ការណ៍​អង្កេត​មួយ​ចេញ​កាលពី​ខែ​ឧសភា​ ឆ្នាំ​២០១៥ ដោយ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា អត្រា​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​ក្នុង​ចំ​ណោម​មនុស្ស​ទូទៅ​ បាន​ធ្លាក់​ចុះ​ពី​០,៤៨%​នៅ​ឆ្នាំ​២០១០​ មក​ត្រឹម​០,២៨%​ ក្នុង​ឆ្នាំ​២០១៤។​ មក​ដល់​ឆ្នាំ​២០១៦​ អត្រានេះ​បាន​ធ្លាក់​មក​ត្រឹម​តែ​០,៦%។

បើទោះបី​ជា​អត្រា​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​ក្នុង​ចំណោម​មនុស្ស​ទូទៅ​បាន​បន្ត​ធ្លាក់​ចុះ​យ៉ាង​នេះ​ក្តី​ ​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​រំពឹង​ថា​ កម្ពុជា​នឹង​បន្ត​ពង្រឹង​ការ​អប់រំ​អំពី​មេរោគ​អេដស៍​ ការ​បង្កា​ ការ​ថែទាំ ​ការ​គាំទ្រ​ និង​សេវា​ព្យាបាល​សម្រាប់​ប្រជាជន​ ដូចជា​បុរស​ដែល​រួមភេទ​ជាមួយ​បុរស​ មនុស្ស​ដែល​ប្តូរភេទ​ ស្ត្រី​បម្រើ​សេវា​កំសាន្ត​ និង​មនុស្ស​ដែល​ចាក់​ថ្នាំញៀន​ ខណៈដែល​ពួក​គេ​ទាំងអស់​នេះ​មាន​កម្រិត​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​ខ្ពស់​ជាង​មនុស្ស​ទូទៅ។​

រដ្ឋាភិបាល​កម្ពុជា​មាន​ទិស​ដៅ​លុប​បំបាត់​ឲ្យ​បាន​នូវ​ការ​ឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​នៅ​ឆ្នាំ​២០២៥​ខាង​មុខ។ ក៏​ប៉ុន្តែ​ទិសដៅ​នេះ​ស្ថិត​ក្រោម​ការ​សង្ស័យរបស់​ក្រុម​អ្នក​រិះគន់នៅ​ឡើយ​ ​ក្រោយ​ពេល​មាន​ករណី​ផ្ទុះ​មេរោគ​អេដស៍​នៅ​ក្នុង​ឃុំរការ​ខេត្ត​បាត់ដំបង​ដែល​ឈាន​ដល់​ការ​ផ្តន្ទា​ទោស​គ្រូពេទ្យ​តាម​ភូមិ​ម្នាក់​ ​និង​ករណី​សង្ស័យ​ឆ្លង​មេរោគ​អេដស៍​របស់​មនុស្ស​ជាច្រើន​នាក់​ក្នុង​ភូមិពាម​ ឃុំ​សំបួរ​មាស​ ​ខេត្ត​កណ្តាល។​ ករណី​ទាំង​ពីរ​នេះ​បាន​កើតឡើងកាលពី​ឆ្នាំ​២០១៥​ និង​២០១៦​កន្លង​ទៅ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG