ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការកើន​ឡើង​នៃ​ភាពស៊ាំ​ទៅ​នឹង​ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​ដែល​ជា​ជម្រើស​ទី​មួយ​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ព្រួយបារម្ភ


ថ្នាំ​ប្រឆាំង​វីរុស Tenofovir អាចកាត់​បន្ថយហានិភ័យ​នៃ​ការ​កើតមាន​ជំងឺអេដស៍​នៅ​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់គ្រឿងញៀន។
ថ្នាំ​ប្រឆាំង​វីរុស Tenofovir អាចកាត់​បន្ថយហានិភ័យ​នៃ​ការ​កើតមាន​ជំងឺអេដស៍​នៅ​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់គ្រឿងញៀន។

មាន​កំណើន​និន្នាការ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​នៅ​ក្នុង​ការ​ព្យាបាល​មេរោគ​អេដស៍ ជា​ពិសេស​នៅ​អនុតំបន់​សាហារ៉ា​ (Sub-Saharan) ក្នុង​ទ្វីប​អាហ្វ្រិក។ ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា មាន​ការ​កើន​ឡើង​នូវ​ភាព​ស៊ាំ​ទៅ​នឹង​ថ្នាំ​ Tenofovir ដែល​ជា​ថ្នាំ​ជម្រើស​ទី​មួយ​សម្រាប់​ព្យាបាល​មេរោគ​អេដស៍ ដែល​មាន​ប្រសិទ្ធភាព​ជាង​គេ​បំផុត​និង​មាន​តម្លៃ​ថោក។

ក្រុម​អ្នក​ស្រាវជ្រាវ​អន្តរជាតិ​មួយ​ចំនួន​ បាន​សិក្សា​ទៅ​លើ​អ្នក​ជំងឺ​ជាង​១.៩០០នាក់​នៅ​ជុំវិញ​ពិភពលោក​ ហើយ​បាន​រក​ឃើញ​នូវ​មេរោគ​អេដស៍​ប្រភេទ​ម៉្យាង​ដែល​មាន​ភាព​ស៊ាំ​ទៅ​នឹង​ថ្នាំ Tenofovir ​នៅ​ក្នុង​៦០ភាគរយ​នៃ​អ្នក​ជំងឺ​នៅ​ស្ទើរ​គ្រប់​បណ្តា​ប្រទេស​ក្នុង​អនុតំបន់សាហារ៉ា​នៅ​ទ្វីប​អាហ្វ្រិក។

ការរកឃើញ​នេះ​គឺ​ខុស​ពី​អ្នកឆ្លង​មេរោគ​អេដស៍២០​ភាគរយ​នៅ​អឺរ៉ុប​ដែលចាប់ផ្តើម​មាន​ភាព​ស៊ាំ​។

ការ​សិក្សា​បាន​បង្ហាញ​ថា ​អ្នក​ជំងឺ​រហូត​ដល់​ទៅ​១៥ភាគរយ​ដែលទទួល​ការ​ព្យាបាល​ដោយការ​ផ្សំ​ថ្នាំ​ដែល​មាន​ជាតិ​ថ្នាំ Tenofovir នឹង​បង្កើត​ភាព​ស៊ាំ​នឹង​ថ្នាំ​នេះ​នៅ​ក្នុង​ឆ្នាំ​ដំបូង។

​បន្ថែម​ពី​លើ​នេះទៀត ពីរ​ភាគ​បី​នៃ​អ្នក​ដែល​មាន​ភាព​ស៊ាំ​ទៅ​នឹង​ឱសថ Tenofovir ត្រូវ​បាន​រក​ឃើញ​ថា មិន​មាន​ប្រសិទ្ធភាព​ជាមួយ​នឹង​ថ្នាំ​ព្យាបាល​ពីរ​ប្រភេទ​ផ្សេង​ទៀត​នៅ​ក្នុង​ការប្រើប្រាស់​ថ្នាំ​ច្រើន​មុខ​បញ្ចូល​គ្នា​ ដើម្បីតាមដាន​ស្ថានភាព​មេរោគ​អេដស៍​នោះ​ទេ​។

ការ​រក​ឃើញ​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី The Lancet Infectious Diseases។

រាល់អ្នក​ជំងឺ​ទាំងអស់​នៅ​ក្នុង​ការ​សិក្សា​នេះ ដែល​ត្រូវ​បាន​ដឹកនាំ​ស្រាវជ្រាវ​ដោយ​លោក​វេជ្ជបណ្ឌិត Ravi Gupta អ្នក​ឯកទេស​ផ្នែក​ជំងឺ​ឆ្លង​និង​ជាអ្នក​ប្រឹក្សា​យោបល់​នៅ​សាកលវិទ្យាល័យ College London កាន់​តែ​ឈឺ​ដុនដាប​ខ្លាំង​ជាង​មុន ទោះ​បី​ជា​មាន​ការ​ព្យាបាល​ដោយ​ប្រើ​ឱសថ Tenofovir ដែល​ជា​ជម្រើស​ទី​មួយ​ក៏​ដោយ។

លោក Gupta បាន​មាន​ប្រសាសន៍​ថា «អង្គការ​សុខភាព​ពិភពលោក​ (WHO) ធ្វើ​ការ​ណែនាំ​ឲ្យ​ប្រើ​ឱសថ​ (Tenofovir)នេះ ជាជាងឱសថ​ដទៃ​ទៀត។ វា​ជា​ថ្នាំ​សំខាន់​ចម្បង​មួយ​ក្នុង​ចំណោម​ឱសថ​ដទៃទៀត​ដែល​ប្រើប្រាស់​ក្នុង​ការព្យាបាល។ ដូច្នេះ​ អ្វី​ដែល​យើង​ចង់​ដឹង​គឺ ថា​តើ​មាន​ផលប៉ះពាល់​អ្វី​ខ្លះ ប្រសិន​បើ​យើង​ប្រើប្រាស់​ឱសថ​នេះ​សម្រាប់​ព្យាបាល​អ្នកជំងឺ​ចំនួន​ច្រើន​ដែល​ក្រីក្រ​នោះ»។

លោក​ Gupta និយាយ​ថា បញ្ហា​នោះ​គឺ​ថា មនុស្ស​មួយ​ចំនួន​មិន​បាន​លេប​ថ្នាំ​ជាច្រើន​ចូលគ្នា​ឲ្យ​ទៀងទាត់​នោះ​ទេ ដែល​នេះ​បាន​បង្ក​ឲ្យ​មេរោគ​អេដស៍​មាន​ភាព​ស៊ាំ​ទៅ​នឹង​ថ្នាំ​នេះ។

លោក​បាន​បន្ត​ថា អ្នក​ជំងឺ​ត្រូវ​ការ​លេប​ថ្នាំ​យ៉ាង​ហោចណាស់​ពី​៨៥ទៅ៩០​ភាគរយ​ក្នុង​អំឡុង​ពេល​នៃ​ការព្យាបាល ដើម្បី​ឲ្យ​ថ្នាំ​នោះ​មាន​ប្រសិទ្ធភាព​ពេញលេញ។ បើ​មិន​ដូច្នោះ​ទេ មេរោគ​នេះ​នឹង​ចាប់​ផ្តើម​បំប្លែង​ខ្លួន នៅ​ពេល​ដែល​វា​ធ្វើ​ការ​ចម្លង​ខ្លួន​ដោយ​មិន​មាន​ការ​ត្រួតពិនិត្យ​ពី​លើ​នោះ។

លោក Gupta និយាយ​ថា ជា​ញឹកញយ​ ការ​ផ្គត់ផ្គង់​ឱសថ Tenofovir ត្រូវ​បាន​បង្អាក់​នៅ​តំបន់​ដាច់​ស្រយាល​ ដែល​នាំឲ្យ​បង្អាក់​ដល់​ការ​ព្យាបាល។

លោក Gupta បាន​និយាយ​ថា«ហើយ​ក្នុង​ការប្រើប្រាស់​ថ្នាំ​មិន​គ្រប់​កម្រិត​នៃ​ការព្យាបាល​ មេរោគនេះ​ក៏​ចាប់​ផ្តើម​សម្រប​ខ្លួន​ទៅ​នឹង​ថ្នាំ​នេះ ហើយ​បំប្លែង​ខ្លួន​ទៅ​ដល់​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​ការប្រើប្រាស់​ថ្នាំ​លែង​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មេរោគ​ត​ទៅ​ទៀត​»។

នៅ​ក្នុង​បន្ទប់​ពិសោធន៍ ការ​សិក្សា​នានា​បង្ហាញ​ថា​ មេរោគ​ដែល​បាន​ផ្លាស់ប្តូរ​ទម្រង់​មិន​អាច​រីក​សាយ​ភាយ​ដោយ​ងាយ​ស្រួល​នៅ​ក្នុង​លក្ខខណ្ឌ​ស្ថានភាព​ពិត​នោះ​ទេ។

លោក Gupta បាន​និយាយ​ថា នេះ​មិន​មែន​ជា​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​នៅ​កន្លែង​ដែល​មេរោគ​នេះ​មានភាព​ស៊ាំ​នោះ​ទេ​។ នេះ​ក៏​ព្រោះ​តែ​មេរោគ​ដែល​មាន​ភាព​ស៊ាំ​ដែល​អ្នក​ជំងឺ​ផ្ទុក​ មាន​កម្រិត​ខ្ពស់​គ្រប់គ្រាន់​រហូត​អាច​ឆ្លង​បន្ត​ទៅ​ទៀត​បាន​យ៉ាង​ពេញ​លេញ។

លោក​បាន​បន្ត​ថា ជា​ញឹកញយ​អ្នក​ជំងឺ​មិន​ទទួល​បាន​ការ​ធ្វើ​តេស្ត ឬ​ទទួល​ការ​ព្យាបាល​នោះ​ទេ ​រហូត​ដល់​ដំណាក់​កាល​យឺត​ពេល​នៅ​ក្នុង​ដំណើរ​ការ​វិវត្ត​នៃមេរោគ​នោះ។

លោក Gupta បាន​លើកឡើង​ថា​ «ទី​ពីរ​គឺ​ត្រូវ​ពង្រឹង និង​ធ្វើ​ឲ្យ​ប្រសើរ​បំផុត​នូវ​កម្មវិធី​ព្យាបាលទូទាំង​ពិភពលោក ដែល​នៅ​ក្នុង​នោះ​អ្នក​ជំងឺ​ត្រូវ​បាន​តាមដាន​ត្រួត​ពិនិត្យ​ទៀងទាត់​ជាង​មុន រួម​ជាមួយ​នឹង​ការធ្វើ​តេស្ត​លើ​បរិមាណ​មេរោគ​ក្នុង​រាងកាយ។ បរិមាណ​មេរោគ​ប្រាប់​អ្នក​ ថា​តើ​មាន​មេរោគ​ប៉ុន្មាន​នៅ​ក្នុង​ឈាម»។

មាន​ការ​ព្យាបាល​ដែល​ជា​ជម្រើស​ទី​ពីរ ដែល​មាន​តម្លៃ​ថ្លៃ​ជាង​នេះ ដែល​អាច​ប្រើ​ទៅ​លើ​អ្នក​ជំងឺ​ដែល​មាន​ភាព​ស៊ាំ​នឹង​ថ្នាំ​ Tenofovir ប៉ុន្តែ​ភាគច្រើន​នៃ​ការ​ព្យាបាល​នេះ​មិន​មាន​ប្រសិទ្ធភាព​ដូច​ការ​ព្យាបាល​ជម្រើស​ទី​មួយ​នោះ​ទេ​ ហើយ​ក៏​មិន​ទាន់​មាន​នៅ​តាម​បណ្តា​ប្រទេស​ដែល​ក្សត់​ធនធាន​នៅ​ឡើយ​ដែរ​។​

លោក Gupta ​និយាយ​ថា អង្គការ​សុខភាព​ពិភពលោក​ត្រូវ​តែ​ផ្តោត​ទៅ​លើ​ការ​ព្យាបាល​ ដែល​អាច​រក្សា​ប្រសិទ្ធភាព​ឱសថ​ Tenofovir ឲ្យ​បាន​កាន់​តែ​យូរ​តាម​តែ​អាច​ធ្វើ​បាន៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG