ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ.ស.ប​ព្រមាន​ថា កម្ពុជា​មិន​អាច​ថា​អ.ស.ប.​គាំទ្រ​ខ្សែ​បន្ទាត់​ព្រំដែន​ដោយ​សារ​ខ្លួន​ឲ្យ​ខ្ចី​ផែនទី​នោះ​ទេ

  • សុខ ខេមរា

​លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​​អ.ស.ប.​​ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១០។

អ.ស.ប.​នៅ​តែ​មិន​ទាន់​រក​ឃើញ​ផែនទី​ដើម​ដែល​កម្ពុជា​ស្នើ​សុំ​ហើយ​អះអាង​ថា​បាន​តម្កល់​កាល​ពី​ឆ្នាំ​១៩៦៤។

អង្គការ​សហប្រជាជាតិស្នើឲ្យ​កម្ពុជា​ប្រគល់​ផែនទី​១៨​ផ្ទាំង​វិញ នៅ​ពេល​ដល់​កាល​កំណត់​ ហើយ​ថា កម្ពុជា​មិន​អាច​បកស្រាយ​តួនាទី​អ.ស.ប.​ថាគាំទ្រ​ខ្សែ បន្ទាត់​ព្រំដែន​នោះ​ទេ។

អ.ស.ប.​បាន​ស្នើ​ឲ្យ​កម្ពុជា​ប្រគល់​ផែនទី​ដែល​កម្ពុជា​ខ្ចី​ ប្រគល់​មក​ខ្លួន​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ ការ​លើក​ឡើង​របស់​អ.ស.ប.​នេះ​គឺ​ដោយសារ​កម្ពុជា​បាន​ទទួល​ផែនទី​ចំនួន​១៨​ផ្ទាំង ហើយ​មិនមែន​ជា​ផែនទី​ដែល​កម្ពុជា​ត្រូវការ​ ហើយ​កម្ពុជា​ត្រូវ​មាន​ការ​ធានា​ថា​នឹង​ប្រគល់​ជូន​អ.ស.ប.​វិញ​ដោយ​គ្មាន​បាត់បង់។ នេះ​បើ​តាម​លិខិត​របស់​លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការអ.ស.ប.​ដែល​ត្រូវ​ផ្ញើ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​កាល​ពី​ថ្ងៃ​ទី​៥​សីហា​ ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើ​សុំ​ផែនទី​ដើម​ខ្នាត​១ លើ​១០០.០០០។

សំបុត្រ​របស់​លោក បាន គីមូន ផ្ញើ​ជូន​លោក ហ៊ុន សែន កាល​ពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១៥ ដែល​ VOA ទទួល​បាន។
សំបុត្រ​របស់​លោក បាន គីមូន ផ្ញើ​ជូន​លោក ហ៊ុន សែន កាល​ពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១៥ ដែល​ VOA ទទួល​បាន។

ផែនទី​ដើម​នេះ​ត្រូវ​គេ​ដឹង​ថា លោក ហ៊ុន សែន បាន​ខ្ចី​កាល​ពី​ថ្ងៃ​ទី៦​ ខែ​កក្កដា​ឆ្នាំ​២០១៥​ ហើយ​ដែល​ត្រូវ​បាន​ផលិតកាល​ពី​ឆ្នាំ​១៩៣៣​ដល់​១៩៥៣។ ផែនទី​នេះ​បាន​ត្រូវ​បោះពុម្ភ​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​ ហើយ​ត្រូវ​គេ​អះអាង​ថា កម្ពុជា​បាន​យក​ទៅ​តម្កល់​ទុក​នៅ​អ.ស.ប.​កាល​ពី​ឆ្នាំ១៩៦៤។ អ.ស.ប.​មិនទាន់​រក​ឃើញ​ផែនទី​ដើម​នេះ​ដែល​កម្ពុជា​ចង់​បាន​ ហើយ​ដែល​កម្ពុជា​អះអាង​ថាបាន​តម្កល់​នៅ​ឯ អ.ស.ប.​នោះទេ។ សំណួរ​ជា​ច្រើន​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​អ.ស.ប.​មិន​អាច​រកផែនទី​នោះ​ឃើញ? តើ​កម្ពុជា​ពិត​ជា​បាន​យក​ទៅ​តម្កល់​មែន​ឬ?

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ផែនទី​ដែល​កម្ពុជា​ថា​ខុស​មិន​ត្រូវ​នឹង​ការ​ចង់​បាន​របស់​ខ្លួន​នោះ​ តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​លិខិត​ពាក់ព័ន្ធ​នឹង​ការ​ខ្ចី​ផែនទី​ដែល​ត្រូវ​ផ្តល់​ជូន​ក្នុង​លក្ខខណ្ឌ​«លើកលែង‍» នេះ​ដល់​កម្ពុជា ​ជូន​ទៅ​អ.ស.ប.​វិញ។ អ.ស.ប.​ក៏​បាន​ទាមទារ​មិន​ឲ្យគេ​បកស្រាយ​ថា​ខ្លួន​បាន​គាំទ្រ​ឬ​យល់​ព្រម​ជា​ផ្លូវ​ការ​ចំពោះ​ខ្សែ​បន្ទាត់​ព្រំដែន​និង​ឈ្មោះ​នានា​ដែល​បាន​បង្ហាញ​នៅ​លើ​ផែនទី​ទាំង​នោះ​ទេ។

ជា​ការ​ឆ្លើយ​តប លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​សន្យា​ថា​នឹង​ធ្វើ​កិច្ចព្រមព្រៀង​ឲ្យ​បាន​ឆាប់​ស្តី​ពី​លក្ខខណ្ឌ​និង​ការ​យោគយល់​គ្នា​សម្រាប់​ការ​ខ្ចី​ផែនទី​ខាង​លើ​តាម​សំណើ​របស់​លោក​ បាន គីម៊ូន។ នេះ​បើ​តាម​លិខិត​របស់​លោក ហ៊ុន សែន​កាល​ពី​ថ្ងៃ​ទី៦ ខែ​សីហា​ជូន​ចំពោះ​លោក​ បាន គីម៊ូន។ ភ្លាមៗ​នេះ​ដែរ​ លោក ហ៊ុន សែន​បាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី​ការ​បរទេស ហោ ណាំហុង រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ដើម្បី​បំពេញ​កិច្ច​ក្នុង​ការ​ទទួល​ ផ្ទៀងផ្ទាត់ និង​ប្រគល់​ផែនទី​អ.ស.ប.។ គណៈកម្មការ​នេះ​មាន​សមាជិក​១០នាក់៕

XS
SM
MD
LG