ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពល​រដ្ឋ​ខ្មែរ​នៅភ្នំពេញ​បារម្ភ​អំពី​ផែនទី​បោះ​ពុម្ព​ដោយ​វៀតណាម​


ក្រុម​អ្នកតាក់តែង​ច្បាប់ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កាន់​ផែនទី​កម្ពុជា​ ដើម្បី​ជា​ការការពារ​ដែនដី​របស់​ខ្លួន​ពី​ប្រទេស​វៀតណាម គ្រាដែល​ពួកគេ​ដើរ​នៅ​តាម​ផ្លូវក្នុង​រាជធានី​ភ្នំពេញ។ (AP Photo/Heng Sinith)

ប្រជាពលរដ្ឋ​ខ្មែរក្នុង​រាជធានី​ភ្នំពេញ​សម្តែងក្តី​បារម្ភ​ចំពោះ​ភាព​ស្រពិច​ស្រពិល​នៃ​ការ​ពន្យល់​របស់​មន្ត្រី​ទទួល​បន្ទុក​ព្រំដែន​នៃ​រដ្ឋាភិបាល​កម្ពុជាអំពី​ផែនទី​ដែល​ត្រូវ​បាន​ប្រទេស​វៀតណាម​ជួយ​បោះ​ពុម្ព​ឡើង​វិញ​ដើម្បី​កំណត់​ការ​បោះ​បង្គោល​ព្រំដែន​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ក្បែរ​ខាង។​

ពួក​គេ​បារម្ភ​ថា​ ផែន​ទី​ដែល​វៀតណាម​បោះ​ពុម្ព​នោះ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាត់បង់​ទឹក​ដី​ទៅ​ប្រទេស​វៀតណាម។​

ពួក​គេ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​មាន​ជំហរ​រឹងមាំ​ក្នុង​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​វៀតណាម​ដើម្បី​កែ​តម្រូវការ​បោះ​បង្គោល​ព្រំដែន​នា​ពេល​កន្លង​មក​ ដែល​ពួក​គេ​ជឿជាក់​ថា​ មិន​មាន​សុក្រិត្យ​ភាព ​ ដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជា​យក​ផែនទី​ដែល​បោះ​ពុម្ព​ដោយ​រដ្ឋាភិបាល​វៀតណាម​មក​ប្រើប្រាស់។​

អង្គុយ​ក្នុង​រឺម៉ក​កង​បី​របស់​ខ្លួន​ចត​នៅ​លើផ្លូវ​មួយ​ក្នុង​ខណ្ឌ​ដូនពេញ​ លោក​ប៊ុន ធឿន​បាន​ប្រាប់ ​VOA ​ថា​ លោក​មិន​ពេញ​ចិត្ត​សោះ​ឡើយចំពោះ​ផែនទី​ប្រទេស​កម្ពុជា​ដែល​បោះ​ពុម្ព​ដោយ​វៀតណាម​នោះ។ ​លោក​យល់​ថា ទឹកដី​កម្ពុជា​បាន​បាត់​ទៅ​វៀតណាម ​ដោយ​សារ​ផែនទី​នេះ​ នៅ​គ្រា​ដែល​រដ្ឋាភិបាល​មាន​ភាពទន់​ខ្សោយ​ក្នុង​ការ​តវ៉ា​ដោះ​ស្រាយ​ទំនាស់​ព្រំ​ដែន​ជាមួយ​វៀតណាម។​

«បើ​ប្រើ​ផែន​ទី​ហ្នឹង​នោះ​ វា​ប្រាកដ​ជា​បាត់​ហើយ។​ បើ​ប្រើ​ផែន​ទី​ពី​វៀតណាម​វា​បាត់​មែន​ហ្នឹង។​ ប្រហែល​ជា​អ្នក​ដឹក​នាំ​យើង​ក្រោម​ឥទ្ធិពល​គេ​ហើយ​ បើ​គាត់​មិន​ដែល​មាន​ដូច​ថា ​ជាមួយ​វៀតណាម​និយាយ​ទៅ ​មិន​ដែល​មានឃើញ​មាន​បក​ស្រាយ​អីជាមួយ​គេ​ផង។​ គេ​ធ្វើ​អី​ក៏​ដោយ​ ស្រេចតែ​អំពើ​ចិត្ត​លើ​គេ​ ដូច​ថា​ គាត់​ខឹង​ក្រោធ​អី​ជាមួយ​ប្រទេស​គេ»។​

លោក​ ប៊ុន ធឿន​សង្កត់​ធ្ងន់​ថា​ លោក​បារម្ភ​ក្រែង​ប្រទេស​កំណើត​របស់​លោក​ជួប​វាសនា​ដូច​នគរ​ចាម​ហៅ​ថា​«នគរ​ចម្ប៉ា»​ដែល​បាន​បាត់បង់​ទឹកដី​ទាំង​ស្រុង​ទៅ​ប្រទេស​វៀតណាម។

«ហ្នឹង​ហើយ​ គិត​រឿង​អនាគត​ទៅ​មុខ​ហ្នឹងបាន​ចេះ​តែ​បារម្ភ​ ចេះ​តែ​ភ័យ។​ កូន​យើង​តាំង​ពី​តូចតាច​មក​អត់​ដឹង​អី​ផង។ ​អញ្ចឹងខ្លាច​អនាគត​ទៅ​ដូច​ជន​ជាតិ​ចាម​ នៅ​តាម​ទឹក​ដី​គេ​អញ្ចឹង»។​

ដោយមិន​ប្រាប់​ឈ្មោះ​ពេញ​ ​កញ្ញា​ម៉ូនីសា​និយាយ​ប្រាប់​ VOA ថា​ ការ​ជួប​ពិភាក្សា​គ្នា​របស់គណៈ​កម្មការ​ព្រំដែន​ចម្រុះ​វៀតណាម​ និង​កម្ពុជា​នឹង​ពុំ​បាន​ផ្តល់​ប្រយោជន៍​អ្វី​ដល់​ប្រទេស​កម្ពុជា​ទេ​ ដោយ​សារ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នៅ​រង​ឥទ្ធិពល​នយោបាយ​របស់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ។ ​នាង​និយាយ​ដោយ​មិន​ប្រើ​ឈ្មោះ​ពេញ​ ព្រោះ​បារម្ភ​ខ្លាច​ប៉ះពាល់​ដល់​អាហា​រូបករណ៍របស់​នាងនៅ​មហា​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។​

«ខ្ញុំ​គិត​ថា​ និយាយ​ទៅ​គ្មាន​បាន​ប្រយោជន៍​អី​ទេ»។​

កញ្ញា​បញ្ជាក់​ថា​ រដ្ឋាភិបាល​ប្រទេស​កម្ពុជា​អាច​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដើម្បី​ដោះ​ស្រាយ​វិវាទ​ព្រំ​ដែននេះ។​

«ខ្ញុំ​ថា ​បើ​ទៅ​លើ​ទៀត​ វា​សាំញ៉ាំ។​ តែ​បើ​ឲ្យ​គេ​ជួយ​ក៏​ល្អ​ដែរ ​មាន​សាក្សី​ហើយ​និយាយ​ទៅ​ តុលាការ​គេ​មក​ជួយ​ដោះ​ស្រាយ​ហ្នឹង​ គេ​មាន​ច្បាប់​ក្រិត្យ​ក្រម​ត្រឹម​ត្រូវ​ ហើយ​មាន​ប្រទេស​ជាច្រើន​ដែល​គេ​ផ្តល់​យោបល់​ល្អៗ​ ហើយ​គេ​វែក​ញែក»។​

ទាក់​ទិន​នឹង​ការ​បកស្រាយ​កន្លង​មក​របស់​មន្រ្តី​ព្រំដែន​កម្ពុជា​ដែល​ថា​ ផែនទី​កម្ពុជា​ចាស់រិចរិល​ ហើយ​ត្រូវ​បោះ​ឡើង​វិញ​ដោយ​វៀតណាម​នោះ​ កញ្ញា ​ម៉ូនីសា​ និយាយ​ថា​ ការ​បកស្រាយ​នេះ​មិន​អាច​ទទួល​យក​បាន​ទេ។​

«ដូច​អត់​សូវ​យល់​ស្រប​ជាមួយ​រដ្ឋាភិបាល ​ព្រោះ​អី​របស់​ចាស់​របស់​យើង​ ព្រំដែន​ចាស់​ដែល​សម្តេច​តា​បាន​និយាយ​ហ្នឹង​តាំង​ពី​យូរ​យារ​មក​ហើយ​ ឥឡូវ​ចង់​ឲ្យ​វៀតណាម​មក​នេះ​អញ្ចឹង វា​អត់​សូវ​ល្អ។ ​និយាយ​ទៅ​រឿង​ដីដូច​អត់​សូវ​ច្បាស់​ដែរ។​ បើ​ខាង​វៀតណាម​គេ​ស្មោះ​ត្រង់​ជាមួយ​យើង ​គេ​ផ្គុំ​ឡើង​វិញ ​អញ្ចឹងអត់​បាត់​ដី។​ បើ​គេ​អត់​ស្មោះ​ត្រង់​ អញ្ចឹងវា​អាច​បាត់​បង់​ខ្លះ​ដែរ»។​

កញ្ញា​ម៉ូនីសា​ឲ្យ​ដឹង​ទៀត​ថា កម្ពុជា​បាន​បាត់​បង់​ខេត្ត​មួយ​ចំនួន​ទៅ​ប្រទេស​វៀតណាម ​រួច​ទៅ​ហើយ​កាល​ពី​អតីតកាល​ ហើយ​ថា ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រៀបចំ​ផែនទី​ដោយ​ខ្លួន​ឯង ​មិន​ចាំ​ពឹង​ទៅ​លើ​វៀតណាមទេ។​

«ទឹក​ដី​យើង​ យើង​ត្រូវ​រៀបចំ​ដោយ​ខ្លួន​ឯង។ ​ចាំបាច់​ឲ្យ​គេ​មក​រៀប​ចំ​យ៉ាង​ម៉េច?​ បើ​គេ​រៀបចំ​មាន​ន័យ​ថា ​ពេល​ខ្លះ​គេ​ជួយ​យើង។​ អញ្ចឹងទាល់​តែ​ឲ្យ​អី​ទៅគេ​មួយ​បាន​គេ​មក​ជួយ​យើង​កើត»។​

និមន្ត​ចេញ​ពី​ពុទ្ធិក​វិទ្យាល័យ​ព្រះ​សុរាម្រិត​ ព្រះ​ភិក្ខុ​ហង់ ថាន​មាន​សង្ឃដីការ​ថា​ ព្រះ​តេជ​ព្រះគុណ​មិន​ជឿ​ថា​ ផែនទី​ប្រទេស​កម្ពុជា​ចាស់​ជ្រុល​ ប្រើ​មិន​កើត​នោះ​ឡើយ។

«អ្ហេ! ​អាត្មា​មិន​ជឿ​ទេ ​បើ​រក្សា​ទុក្ខ​បាន​ល្អ។​ បើ​យើង​គិត​ទៅ​ បោះពុម្ព​ផែនទី​ថ្មី​ បើ​បោះ​ពុម្ពទៅ​ វា​មិន​អាច​នឹង​ត្រូវ​ធាតុ​ដើម​វិញ​ទេ។ ​មិន​ត្រូវ​ដូច​ថា ពី​សម័យ​បារាំង​ដែល​រក្សាទុក​ឲ្យ។​ តាម​អាត្មា​គិត​ទៅ​ បើគេ​ចង់​កែ​ផែនទី មុខ​ជា​គេ​ចង់​បំបាត់ ​បំបាត់​កន្លែង​អ្វី​មួយ ​ដូច​ថា​ កន្លែង​ព្រំដែនដី​មួយ​កំណាត់​ត្រង់ណា​មួយ​អញ្ចឹង​ទៅ​ណា»។

ព្រះ​តេជ​ព្រះ​គុណ​ហង់ ថាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​នេះ​ឲ្យ​បាន​ឆាប់​ ដើម្បី​បញ្ជៀស​ការ​បាត់​បង់​ទឹកដី​ដែល​ដូន​តា​ខ្មែរ​បន្សល់​ទុក​មក។​

«អាត្មា​ចង់​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​គិត​គូរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ហ្នឹង​ឲ្យ​វា​ឆាប់​រហ័ស​ រួសរាន់។​ កុំ​ឲ្យ​ថា​ ល្អៀង​ទៅ​វៀតណាម។​ យើង​សំខាន់​ទឹក​ដី​ខ្មែរ​យើង​តាំង​ពីដូន​ពីតា​មក​កំណត់​ព្រំដែន​ឲ្យ​ប៉ុន្មានៗ​អញ្ចឹងទៅ​ណា»។​

ទាក់ទិន​នឹង​ការ​ចរចាជាមួយ​ប្រទេស​វៀតណាម​ដើម្បី​ដោះស្រាយ​ទំនាស់​ព្រំដែន​ ព្រះ​តេជ​ព្រះ​គុណ​ពុំ​មាន​ជំនឿ​ថា​ វៀតណាម​នឹង​ធ្វើ​តាម​សំណើរបស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ដែល​ត្រូវ​បាន​លើក​បន្តុប​ដោយ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះទេ។​

«បើ​តាម​អត្មា​គិត​ទៅ​ បើ​ចរចា​ វា​អាច​នឹង​មិន​ទៅ​រួច​ជាមួយ​វៀតណាម។ ​បើ​វៀតណាម​ វា​មាន​ដូច​ថា ​នៅ​ស្រុក​ខ្មែរ​យើង​ វា​មាន​មេ​ វា​គោលៗ​ធំៗ​ណាស់​ ដោយ​សារ​មេ​ដឹកនាំ​យើង​ត្រូវគេ​លើ​បន្តុប​ទេ​ណា។​ សំខាន់​វៀតណាម​លើក​បន្តុប​ឲ្យ​ធ្វើ​ធំ​ទេ»។​

ក្តី​បារម្ភ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​កើត​មាន​ឡើង​ ស្រប​ពេល​ដែលរដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​គ្រោង​ជួប​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ទី​ក្រុង​ហាណូយនៃ​ប្រទេស​វៀត​ណាម​ទាក់​ទង​នឹង​វិវាទ​ព្រំដែន​ដែល​បាន​កក្រើក​ឡើង​វិញ​ក្នុង​រយៈ​ពេល​ពី​ខែ​ចុង​ក្រោយ​នេះ។​

លោក​ សុខ ឦសាន​ ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​អះអាង​ថា ​ រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ដែល​បន្ទន់​ឲ្យ​ភាគី​វៀតណាម​ធ្វើ​អ្វី​តាមតែ​ចិត្ត​នោះ​ទេ។​ លោក​បញ្ជាក់​ថា​ បើ​រដ្ឋាភិបាល​កម្ពុជា​ខ្សោយ​មែន​ ម៉្លេះ​ទឹក​ដី​ខ្មែរ​បាត់​បង់​អស់​ទៅ​ហើយ​នៅ​ក្នុង​ឆ្នាំ១៩៧៩។​

«ជំហរ​របស់​រាជ​រដ្ឋាភិបាល​គឺ​ជា​តំណាង​ស្រប​ច្បាប់​របស់​ប្រជា​ពលរដ្ឋ​ដែល​កើត​តាម​ការ​បោះ​ឆ្នោត​តាម​ឆន្ទៈ​របស់ប្រជាជន។ ​អញ្ចឹង​ហើយ​រដ្ឋាភិបាល​មាន​កាតព្វ​កិច្ច​មាន​អាណត្តិ​ដែល​ប្រគល់​ពី​ប្រជាជន​ក្នុង​ការ​ថែ​រក្សា​បូរណភាព​ទឹកដី ​ឯករាជ្យ​ជាតិ​ ហើយ​បើ​ចុះ​រដ្ឋាភិបាល​មិន​ថែ​រក្សា​បូរណ​ភាព​ទឹក​ដី​ ឯករាជ្យ​ជាតិ​មាន​ន័យ​រដ្ឋា​ភិបាល​ថា​ យ៉ាង​ម៉េច?​ អាហ្នឹង​មួយ។​ មួយ​ទៀត​ បើ​ថា​ យើង​ទន់ជ្រាយ​ដើម្បី​ឲ្យ​វៀតណាម​ឈ្លាន​ពាន​យក​ទឹក​ដី​យើង។​ បើ​វា​ឈ្លាន​ពាន​យក​ យក​តាំង​ពី​ឆ្នាំ​១៩៧៩​ ពេល​ដែល​យើង​មិន​ទាន់​មាន​កម្លាំង​នោះ។ ​អាហ្នឹង​បាន​វា​ត្រូវ!​ តែ​ឥឡូវ​២៥​ឆ្នាំ​ ៣០​ផ្លាយ​ឆ្នាំមក​ហើយ​ អាហ្នឹង​សួរ​ថា​ តើ​យើង​មាន​មន្ទិល​សង្ស័យ​ទេ​ ដែល​គេ​ថា ​គេយក​ទឹក​ដី​ហ្នឹង»។​

ដោយ​ឡែក​ លោក​សម​ រង្ស៊ី​ មេ​គណបក្ស​ជំទាស់​ក្នុង​ប្រទេស​កម្ពុជា​នឹង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រើ​ប្រាស់​បច្ចេក​វិជ្ជា​កំព្យូទ័រ​ថ្មី​របស់​ប្រទេស​បារាំងដើម្បី​សើរើ​វាស់​វែង​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​ឡើង​វិញ។​

«ខ្ញុំ​បាន​សើ្ន​ហើយ​ថា​ ឲ្យ​មាន​គណៈ​កម្មការ​ចម្រុះ​ទៅ​ណ៎ា!​ យើង​នឹង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​ខ្មែរ​ជួយ​ខ្មែរ។​ ​ មិន​មែន​រឿង​គណបក្ស​ណាទេ។​ នេះ​ជា​ទឹក​ដី​ប្រទេស​កម្ពុជា​ ទឹក​ដី​របស់​ប្រទេស​យើង​ទាំង​អស់​គ្នា។​ អញ្ចឹង​ ​ឯកសារ​ទាំង​ប៉ុន្មាន ជំនាញ​ទាំង​ប៉ុន្មាន​ ខ្ញុំ​នឹង​ដាក់​ជូន​ ដាក់​ជូន​តំណាង​ខាង​រាជ​រដ្ឋាភិបាល។​ យើង​ធ្វើការ​ជាមួយ​គ្នា​ទៅ!​ យើង​ផ្ទៀង​ផ្ទាត់​ទៅ! ​យើង​មាន​គំនិត​ យើង​មាន​បច្ចេកទេស​យ៉ាង​ម៉េចៗ។ ​បើ​ខ្ញុំ​រក​ឃើញ​ហើយ​ ឃើញ​ថា​ច្បាស់​ប្រកែក។ ​អត់​បាន​ទេ​ ពីព្រោះ​ផែន​ទី​នេះ​ផែន​ទី​បារាំង ​សម័យបារាំង​កាល​ពី​ដើម​ទសវត្ស​១៩​៥០​ ហើយ​មាន​តែមួយ​ទេ។​ ទោះអ្នក​ណា​យក​ទៅ​ចម្លង​អី​ត្រូវ​ចម្លង​ឲ្យ​ដូច​ ហើយ​បច្ចេកទេស​ថ្មី​នេះ​គេ​អាច​បញ្ជាក់​ថា​ ផែនទី​ហ្នឹង​គឺ​ចម្លង​ត្រឹម​ត្រូវ ​ឬ​ក៏​អត់»។​

លោក​បន្ថែម​ថា​ វាជា​រឿង​មិន​អាច​ទទួល​យក​បាន​ទេ​ ដែល​កម្ពុជា​ត្រូវ​ប្រើ​ប្រាស់​ផែនទី​ដែល​វៀតណាម​បោះ​ពុម្ព​ឲ្យ។​

គួរ​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​សៅរិ៍​សប្តាហ៍​មុន​ លោក​ផែន ប៊ុនធឿន​ ប្រធាន​អង្គការ​ C-Rights ​ស្ថិត​ក្នុង​ខេត្ត​ស្វាយរៀង​ ត្រូវ​បាន​កសិករ​វៀតណាម​ពីរ​នាក់វាយ​ធ្វើ​បាប​ និង​បញ្ជូន​ទៅ​បុស្តិ៍​ព្រំដែន​ក្នុង​ទឹក​ដី​ប្រទេស​វៀតណាម ខណៈ​ដែល​រូប​លោក​នាំកូន​សិស្ស​មួយ​ក្រុម​ចុះ​ទៅ​មើល​បង្គោល​ព្រំដែន​លេខ​២០២ ​បែង​ចែក​ព្រំដែន​រវាង​ប្រទេស​វៀតណាម​កម្ពុជា​ក្នុង​ខេត្ត​ស្វាយរៀង​ និង​ខេត្ត​ឡុងអាន​ប្រទេស​វៀតណាម។​ ក្រោយ​ការ​ធ្វើ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​ស្វាយ​រៀង​ លោក​ត្រូវ​បាន​ដោះ​លែង​ពី​ប្រទេស​វៀតណាមមក​វិញ នៅព្រឹក​ថ្ងៃអាទិត្យ​កន្លង​ទៅ​នេះ៕

XS
SM
MD
LG