លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៃកម្ពុជាប្រកាសបានជំរុញឲ្យអ្នកដែលរិះគន់មកលើរូបលោក សរសេរនិក្ខេបបទដាក់ជូនរដ្ឋាភិបាលរបស់លោក ប្រសិនបើពួកគេចង់ប្តឹងទៅតុលាការអន្តរជាតិទាក់ទិននឹងភាពមិនប្រក្រតីនៅក្នុងការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជាវៀតណាមនោះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃច័ន្ទនេះបានប្រកាសបើកឱកាសដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្តល់ដំណោះស្រាយរឿងបញ្ហាព្រំដែនកម្ពុជានិងវៀតណាម និងផែនទីដែលប្រើប្រាស់សម្រាប់បោះបង្គោលព្រំដែន ដែលកំពុងតែពុះកញ្ជ្រោលនោះ។
ថ្លែងនៅក្នុងពិធីដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងទន្លេបាសាក់ក្នុងខេត្តកណ្តាល លោកនាយករដ្ឋមន្ត្រី ដែលកាន់អំណាចជាង៣០ឆ្នាំ បានឲ្យដឹងថា រដ្ឋាភិបាលលោកនឹងទទួលយកមតិយោបល់ពីគ្រប់មជ្ឈដ្ឋានដើម្បីរកចំណុចឯកភាពជាតិមួយ ឬក៏ប្តឹងទៅតុលាការអន្តរជាតិ។ ទោះជាយ៉ាងក៏ដោយ លោកហ៊ុន សែនបានអះអាងថា វាគ្មានបញ្ហាបន្ទាន់ណាមួយសម្រាប់កម្ពុជាប្តឹងទៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ឬតុលាការយុត្តិធម៌នៅទីក្រុងឡាអេទេ។
«ឥឡូវនេះជាមួយវៀតណាម តើវាមានរឿងស្អី ដែលត្រូវប្តឹងទៅដល់ក្រុមប្រឹក្សាសន្តិសុខ។ វាមានរឿងអីត្រូវទៅដល់តុលាការឡាអេ? ហើយខ្ញុំនឹងប្រមូលយកគំនិតធាតុផ្សំចូលមកទាំងអស់ ធ្វើសារណាមួយដុំៗមក កន្លែងណាត្រូវប្តឹង ហើយបើប្តឹងទៅឈ្នះ ឬចាញ់ប្តឹងនៅត្រង់ចំណុចណា? និយាយមក! ហើយបើអ្នកឯងមិនសរសេរមកទេ អ្នកឯងនិយាយភូត»។
លោកនាយករដ្ឋមន្ត្រីបានបន្តយ៉ាងដូច្នោះថា៖ «វាសុទ្ធតែសម្ភាសតាមវិទ្យុថា មិនហ៊ានប្តឹងចៅហ្វាយ។ ខ្ញុំថា កុំថាឡើយវៀតណាម ឪវៀតណាម ជីតាវៀតណាមក៏ខ្ញុំប្តឹងដែរ ឲ្យតែវៀតណាមរំលោភ។ ខ្ញុំអត់ខ្លាចទេ។ ថៃនៅខាងលិចក៏ហ៊ុន សែនធ្លាប់ប្តឹងរួចហើយទៅក្រុមប្រឹក្សាសន្តិសុខ ឬទៅតុលាការទីក្រុងឡាអេ។ បើវៀតណាមបំពាននៅខាងកើតដល់ដំណាក់កាលណាមួយ ក៏ខ្ញុំនឹងប្តឹងទៅក្រុមប្រឹក្សាសន្តិសុខ ឬទៅតុលាការទីក្រុងឡាអេដែរ»។
ការលើកឡើងរបស់លោកហ៊ុន សែននេះធ្វើឡើងមិនបានប៉ុន្មានថ្ងៃផងបន្ទាប់ពីអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិស្នើឲ្យរដ្ឋាភិបាលរបស់លោកហ៊ុន សែនធ្វើការប្តឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ ដូចអ្វីដែលកម្ពុជាធ្លាប់ធ្វើជាមួយភាគីថៃ ទាក់ទិននឹងរឿងវិវាទព្រំដែន។ សំណើនេះត្រូវបានទាត់ចោលដោយលោកនាយករដ្ឋមន្ត្រីរួចមកហើយ។
នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនិងលោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មការព្រំដែនកម្ពុជាក្នុងប្រទេសបារាំង បានស្នើឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្វើការប្តឹងទៅតុលាការអន្តរជាតិ និងលុបសន្ធិសញ្ញាមួយចំនួនជាមួយប្រទេសវៀតណាម។
លោកហ៊ុន សែនបានបញ្ជាក់ដដែលៗកាលពីថ្ងៃច័ន្ទនេះថា ការប្តឹងទៅតុលាការអន្តរជាតិគឺមានតែផ្ដល់ផលអវិជ្ជមានដល់កម្ពុជា ជាជាងការដោះស្រាយទ្វេភាគីជាមួយប្រទេសវៀតណាម។
នៅក្នុងសុន្ទរកថាដែលមានរយៈពេលជិត២ម៉ោង លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យអ្នកទាំងឡាយណាដែលអះអាងថា មានផែនទីពិតប្រាកដដែលបោះពុម្ពដោយក្រុមប្រឹក្សាឥណ្ឌូចិនខ្នាត១ភាគ១០០.០០០សូមដាក់ជូនរដ្ឋាភិបាលរបស់លោក ឬថ្វាយទៅព្រះមហាក្សត្រកម្ពុជា ឬ អ្នកបច្ចេកទេសដើម្បីពិនិត្យ។ ផ្ទុយទៅវិញ លោកនឹងប្រើវិធានផ្លូវច្បាប់ ប្រសិនបើអ្នកនោះនៅតែបន្តអះអាងក្រៅផ្លូវការនោះ។
«កុំមកធ្វើបាបខ្ញុំករុណាខ្ញុំ ហើយកុំប្រើប្រាស់រឿងផែនទីព្រំដែន។ ឥឡូវបើអ្នកណាមិនហ៊ានបញ្ចេញផែនទីព្រំដែនដែលខ្លួនយល់ថា ត្រឹមត្រូវនោះទេ អ្នកនោះគឺជាអ្នកបោកប្រាស់ប្រជាជន ហើយខ្ញុំមិនលើកលែងឲ្យនូវទិដ្ឋភាពផ្លូវច្បាប់នោះទេ មិនលើកលែងឲ្យទេ! ហើយយើងមិនមែនយកអាផែនទីហ្នឹងយកមកផ្ទៀងផ្ទាត់ដើម្បីធ្វើសង្គ្រាមជាមួយវៀតណាមនោះទេ»។
លោកនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលក៏បានប្រកាសផងដែរថា រដ្ឋបាលរបស់លោកនឹងអញ្ជើញគ្រប់ភាគី និងអ្នកដែលចង់ចូលរួមពិនិត្យភាពប្រាកដនិយមនៃផែនទីកម្ពុជា១ភាគ១០០.០០០ដែលរដ្ឋាភិបាលរបស់លោកកំពុងស្នើសុំពីមហាអំណាច រួមមានសហរដ្ឋអាមេរិក ប្រទេសបារាំង និងអង្គការសហប្រជាជាតិនោះ។
តំណាងរាស្រ្តគណបក្សជំទាស់គឺលោក អ៊ុំ សំអាន បានស្វាគមន៍ចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយលោកឲ្យដឹងថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនឹងធ្វើសារណាដាក់ជូនរដ្ឋាភិបាលលោកនាពេលឆាប់ៗខាងមុខនេះ។ ក៏ប៉ុន្តែលោក អ៊ុំ សំអាន ក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលគួរតែព្យាយាមលើកទឹកចិត្តអ្នកដែលមានផែនទីពិតប្រាកដជាជាងធ្វើការគម្រាមនោះ។
«អាហ្នឹងគឺជាកិច្ចការរបស់រដ្ឋាភិបាលទេ តែបើគាត់ចង់បានយើងនឹងដាក់ទៅឲ្យ តែគាត់ព្រមប្តឹងទៅតុលាការអន្តរជាតិឡាអេឬទេ? គាត់មានប្រសាសន៍ថា បើប្តឹងទៅ វានឹងអាចធ្វើឲ្យយើងបាត់ដីជាង៥០គីឡូម៉ែត្រការ៉េនៅតំបន់ដាក់ដាំ ដាក់ហួន។ ការណ៍ពិត អត់មានទេ។ បើយើងប្តឹងទៅ យើងអាចប្រើផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិបាន ហើយពេលហ្នឹងគេមិនឲ្យយើងប្រើសន្ធិសញ្ញាបំពេញបន្ថែមនាឆ្នាំ២០០៥ និងសន្ធិសញ្ញាព្រំដែនគោកឆ្នាំ១៩៨៥ នាសម័យយួនគ្រប់គ្រងនោះទេ។ អាហ្នឹងហើយដែលជាមូលហេតុដែលយើងត្រូវប្តឹងទៅតុលាការអន្តរជាតិឡាអេ»។
លោកតំណាងរាស្រ្ត អ៊ុំ សំអាន ក៏បានឲ្យដឹងផងដែរថា ក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិនឹងសរសេររបាយការណ៍ទៅថ្វាយព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុន្នី ទាក់ទិននឹងភាពមិនប្រក្រតីនៃដំណើរការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមនោះ។
កាលពីចុងខែកក្កដាកន្លងទៅ អង្គការសហប្រជាជាតិបានឆ្លើយតបនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី ដោយផ្តល់ផែនទី១៨កំណាត់មកឱ្យកម្ពុជា ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបានអះអាងថា ផែនទីទាំងនោះគឺជាផែនទីដែលកម្ពុជាបានដាក់ទៅអង្គការសហប្រជាជាតិក្នុងពាក្យបណ្តឹងប្រឆាំងនឹងសហរដ្ឋអាមេរិក ពេលអាមេរិកទម្លាក់គ្រាប់បែកនៅតាមទល់ដែនកម្ពុជាវៀតណាមនោះ។
កាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះបានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា រដ្ឋាភិបាលគួរតែជ្រើសរើសផែនទីខ្នាត១ភាគ១០០.០០០និងប្រើប្រព័ន្ធ GPS ដើម្បីកំណត់តម្រុយព្រំដែន ក្នុងការការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។
លោកសម រង្ស៊ីក៏បានភ្ជាប់ជាមួយនូវផែនទីដែលលោកធ្លាប់បានអះអាងថា ទិញពីប្រទេសបារាំងដែលមានតម្លៃ១៦៨ដុល្លារនោះផងដែរ។
តបទៅនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានឆ្លើយការពារកិច្ចការបោះបង្គោលព្រំដែនរបស់រដ្ឋាភិបាលរបស់លោក ដោយលើកឡើងថា ផែនទីនោះវានឹងអាចធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីទៅប្រទេសវៀតណាមទៅវិញទេ៕