ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សន្នីសីទ​ព័ត៌មាន​អំពី​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​មាន​ការ​ចម្រូង​ចម្រាស់​ចំណោម​ខ្មែរ

  • នៅ វណ្ណារិន

លោក វ៉ា​ គឹម​ហុង ប្រធាន​គណៈកម្មការ​ព្រំដែន​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ លើក​បង្ហាញ​ផែនទី​តំបន់​ Dak To នៃ​ប្រទេស​វៀត​ណាម​ជាប់​ព្រំដែន​កម្ពុជា​ ក្នុង​​សន្និសីទ​កាសែត​ដែល​បង្ហាញ​​ផែនទី​ដែល​​ប្រើ​បោះ​សម្រាប់​​​បង្គោល​ព្រំដែន​ នា​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥​។​ (នៅ​ វណ្ណារិន/VOA)​

សន្និសីទ​ព័ត៌មាន​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​បង្ហាញ​ផែនទី​ និង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀត​ណាម​ដ៏​ចម្រូង​ចម្រាស។​ មន្ត្រី​កម្ពុជា​បាន​អះអាង​ថា​ ពួក​គេ​បាន​ប្រើ​ប្រាស់​ផែនទី​ដែល​បាន​តម្កល់​នៅអង្គការ​សហប្រជាជាតិ។​

លោក វ៉ា គឹមហុង​ ប្រធាន​គណៈ​កម្មការចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ បាន​អះ​អាង​សារ​ជា​ថ្មីនៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​មិន​មាន​ការ​បាត់បង់​ទឹក​ដី​ទៅ​ភាគី​វៀតណាម​នោះ​ទេ​ ដោយ​គណៈ​កម្មការ​កម្ពុជា​បាន​ប្រើប្រាស់​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ។​

ថ្លែងនៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ពិសេស​ ដែល​មាន​រយៈពេល​ជាង​២ម៉ោង​ ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​រាស្រ្ត​គណបក្ស​ជំទាស់ពីរ​រូប​គឺ​លោក​ រៀល ខេមរិន្ទ ​និង​លោក អ៊ុំ សំអាន​ ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​នា​ខេត្ត​ស្វាយរៀង កាល​ពី​សប្តាហ៍​មុន​ផង​ដែរ​ លោក​ វ៉ា គឹមហុង​ បាន​បង្ហាញ​ផែនទីដែល​គណៈ​កម្មការ​ចម្រុះ​ព្រំដែន​គោក​កម្ពុជា​បាន​ប្រើប្រាស់​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាមជា​លើក​ដំបូង​បង្អស់។​

មន្រ្តី​ជំនាញ​នៃ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ ​បង្ហាញ​ទីតាំង​នៃ​តំបន់​ដែល​មាន​ការផ្ទុះ ​អំពើ​ហិង្សា​ក្បែរព្រំដែន​កម្ពុជា​និង​វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​អាទិត្យសប្តាហ៍​មុន​ នៅ​ក្នុងសន្និសីទ​កាសែត​ដែល​បង្ហាញផែនទី​ដែលប្រើ​បោះ​សម្រាប់​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥​។ ​(នៅ​ វណ្ណារិន​/VOA​)​
មន្រ្តី​ជំនាញ​នៃ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ ​បង្ហាញ​ទីតាំង​នៃ​តំបន់​ដែល​មាន​ការផ្ទុះ ​អំពើ​ហិង្សា​ក្បែរព្រំដែន​កម្ពុជា​និង​វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​អាទិត្យសប្តាហ៍​មុន​ នៅ​ក្នុងសន្និសីទ​កាសែត​ដែល​បង្ហាញផែនទី​ដែលប្រើ​បោះ​សម្រាប់​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥​។ ​(នៅ​ វណ្ណារិន​/VOA​)​

លោក​បាន​លើក​ឡើង​ថា ​ផែនទី​ដែល​កម្ពុជា​កំពុង​ប្រើ​ប្រាស់​ គឺ​បាន​បន្សល់ទុក​ពី​សម័យ​សង្គម​រាស្ត្រ​និយម​របស់​ព្រះ​បរម​រតនកោដ្ឋ​ នរោត្តម​ សីហនុ​ ​ដែល​បាន​តម្កល់​ទុក​នៅ​ក្នុង​អតីត​វិទ្យាស្ថាន​ជាតិ​ភូមិសាស្ត្រ ​ដែល​មាន​២៦​កំណាត់ដូចគ្នា​នឹង​ផែន​ទី​ដែល​បាន​តម្កល់​ទុក​នៅ​អង្គការ​សហ​ប្រជាជាតិ​នោះ។ ​លោក​ក៏​បាន​បញ្ជាក់​ថា​ គណៈ​កម្មការ​របស់​លោក​ក៏​បាន​ថត​ចម្លង​ផែន​ទី​ដែល​តម្កល់​នៅ​អង្គការសហ​ប្រជាជាតិ​ផង​ដែរ ​ដើម្បី​ផ្ទៀង​ផ្ទាត់​ក្នុង​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​ជា​មួយ​ប្រទេស​វៀតណាម។​

«មិនមែន​ថា​ យើង​មិន​មាន​ទេ។​ យើង​មាន​ គ្រាន់​តែ​ថា​ យើង​ចង់​ទុក​កិច្ចការ​ហ្នឹង​ឲ្យ​យើង​ធ្វើ​ទៅ​តាម​ផែនទី​ ដែល​យើង​មាន។ ​នៅ​ក្នុង​ហ្នឹង​ ​យើង​ដឹង​ថា ​ផែនទី​២៦ផ្ទាំ​របស់​ក្រុម​ប្រឹក្សាឥណ្ឌូចិន​ហ្នឹង ​វា​អត់​ខុស​គ្នា​ទេ ​ព្រោះ​យើង​បាន​មើល​ទាំង​ផែនទី​ភូមិ​សាស្ត្រ​កម្ពុជា​ និង​ឥណ្ឌូចិន​ បន្ទាប់​ពី​យើង​បាន​ឯករាជ្យ​ ឬ​ក៏​ជំនាន់​បារាំង។​ ជំនាន់​បារាំង​ក៏​បោះ​ពុម្ព​នៅ​យើង​នឹង​ឯង​ គ្រាន់​តែ​ថា ​edition​ Cambodge edition​ Laos​ ឬ ​edition​ ឥណ្ឌូចិន។ ​វា​មាន​បី ​editions ​តែ​វា​ដូចគ្នា​នោះ​ទេ»។​

លោក វ៉ា គឹមហុង​ ប្រធាន​គណៈ​កម្មការចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ បាន​លើ​កឡើង​ដដែលៗ​ថា​ កម្ពុជា​មិន​មាន​ការ​បាត់បង់​ទឹកដី​អ្វី​នោះ​ទេ​ បើ​ទោះ​ជា​មាន​ក្តី​បារម្ភ និង​កំណត់ទូត​ជា​ច្រើន​លើក​តវ៉ា​នឹង​ការ​ជីក​ស្រះ​ ប៉ុសិ៍្ត​យាម​ និង​សណ្តាញ​ធារាសាស្ត្រ​ពី​សំណាក់​ភាគី​វៀតណាម​នោះ​ក៏​ដោយ។​

«អា​នឹង​គឺ​វា​ត្រឹម​ត្រូវ​ទាំង​អស់​ អត់​មាន​បាត់​នោះ​ទេ។ បាត់​ទៅ​ឯណា? ​តែ​គឺ​គ្រាន់​តែ​គេ​រំលោភ​កិច្ច​ព្រម​ព្រៀង​ហ្នឹង។​ យើង​មាន​ឧទាហរណ៍​ច្រើន​ណាស់​ ដូច​បញ្ហាព្រំដែន​ជា​មួយ​ថៃ​អញ្ចឹង»។​

សន្និសីទ​ពិសេស​ដើម្បី​បង្ហាញ​ផែនទី​នេះ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពេល​ដែល​គណបក្ស​ជំទាស់​បាន​លើក​ឡើង​ពី​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ និង​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម។

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​១០​នាក់​បាន​រង​របួស ​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុមអ្នក​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ព្យាយាម​ទៅ​ពិនិត្យ​មើល​ចំណុច​ព្រំដែន​ដែល​សង្ស័យ​ថា ​មាន​ភាពមិន​ប្រក្រតី​នោះ។​ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​ឆ្មាំ​ព្រំដែន ​និង​ពលរដ្ឋ​វៀតណាម​ប្រដាប់​ដោយ​ដំបង​ និង​កាំភ្លើង AK-47។​

ការ​ធ្វើ​សន្និសីទ​ព័ត៌មាន​បង្ហាញ​ផែនទី​ជាចំហ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាន​ប្រែ​ទៅ​ជាមា​នសភាព​តានតឹង​ និង​រឹតត្បិត​ ​បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់ប្រចាំ​ខេត្ត​ស្វាយរៀង​ គឺ​លោក​ រៀល ខេមរិន្ទ្រ​ បាន​លើក​ការ​ព្រួយ​បារម្ភ​បាត់បង់​ទឹក​ដី​កម្ពុជា​ ​និង​បាន​លើក​ពី​អំពើ​ហិង្សា​មកលើ​រូប​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ។

លោក​និយាយ​ថា៖ ​«ខណៈ​ពេល​ដែល​លោក​ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​អះអាង​ថា​ តំបន់​នោះ​គឺ​នៅ​ជា​តំបន់​ប្រទាញ​ប្រទង់​នៅ​ឡើយ​ ចុះ​ហេតុ​អី​បាន​ជា​ទាហាន​យួន​ ប្រជាជន​យួន​មក​វាយ​ខ្មែរ​នៅ​តំបន់​ខ្មែរ​កាន់​កាប់»។​

លោក​ វ៉ា គឹមហុង​ ទទួស​ស្គាល់​ថា ​វៀតណាម​បាន​ធ្វើ​ស្រែ​លើ​ទឹក​ដី​កម្ពុជា ក៏​ប៉ុន្តែ​តំបន់​នោះ​នៅ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​នោះ​ទេ។​ លោក​បាន​ហៅ​ការ​លើក​រឿង​ព្រំដែន​របស់​គណបក្ស​ជំទាស់​ថា ​ជា​ការ​កេង​ចំណេញ​នយោបាយ​ និង​ប្រជាប្រិយ​ភាព​របស់​ខ្លួន។​

«អត់​មាន​ទេ។​ យើង​កំពុង​ចរចា។ ក៏​ប៉ុន្តែ​កន្លែង​នេះ​ យើង​ដឹង​ថា ​វៀតណាម​បាន​ធ្វើ​ស្រែចូល​ដី​យើង​ ធ្វើ​យូរ​ហើយ។​ តាម​គោល​ការណ៍​ថ្ងៃ​ទី១៧ ​មករា ឆ្នាំ​១៩៩៥​ អ្នក​ណា​ធ្វើ​នៅ​ទី​ណា​គឺ​នៅ​ទី​ហ្នឹង​ អត់មាន​ទៅ​ឲ្យ​គេ​នោះ​ទេ​ លើក​លែង​តែ​យើង​បោះ​បង្គោលខណ្ឌ​ព្រំសីមា​រួច​ ​ធ្វើ​បែបបទ​បចេ្ចកទេស​ហើយ​ ទើប​គេ​ប្រគល់​ដី​នឹង​មក​ឲ្យ​យើង​វិញ»។​

លោក​ អ៊ុំ​ សំអាត​ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ សួរ​ដេញ​ដោល​អំពី​បញ្ហា​ព្រំដែន​ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​បង្ហាញផែនទី​ដែលប្រើ​បោះ​សម្រាប់​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA​)​
លោក​ អ៊ុំ​ សំអាត​ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ សួរ​ដេញ​ដោល​អំពី​បញ្ហា​ព្រំដែន​ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​បង្ហាញផែនទី​ដែលប្រើ​បោះ​សម្រាប់​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA​)​

បើ​ទោះ​ជា​មាន​ការ​បក​ស្រាយ​យ៉ាង​នេះ​ក៏​ដោយ​ ក៏​លោក ​អ៊ុំ សំអាន ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​មានក្តី​សង្ស័យ​ចំពោះ​បញ្ហា​ព្រំដែន​ដដែល។​ ក្រោយ​ពី​សន្និសីទ​ព័ត៌មាន​នោះ​ លោក​បាន​ប្រាប់​អ្នក​សារព័ត៌​មាន​ថា លោក​នៅ​តែ​មាន​ការ​សង្ស័យ ​និង​ឃើញ​ចំណុច​មិន​ប្រក្រតីជា​ច្រើន​លើ​ផែនទី​ដែល​បាន​បង្ហាញ​នោះ។

«ខ្ញុំ​បាន​កត់​សម្គាល់​ពីរ​ចំណុច គឺ​ផែនទី​ដែល​យួន​គូស​នា​ឆ្នាំ១៩៨៤​ ដល់​ឆ្នាំ​១៩៨៥​ ទើប​យួន​ធ្វើ​សន្ធិ​សញ្ញា​ឆ្នាំ១៩៨៥ ហើយ​មក​ដល់​ឆ្នាំ២០០៥​ហ្នឹង​ ទើប​រដ្ឋ​សភា​ធ្វើ​សេចក្តី​អនុម័ត​លើ​សន្ធិ​សញ្ញា​បន្ថែម​ឆ្នាំ​២០០៥»។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ អ៊ុំ សំអាន ​មុន​ពេល​ក្រុម​សន្តិសុខ​នៃ​ទីស្តី​ការ​គណៈ​រដ្ន​មន្ត្រី​ធ្វើ​ការ​បណ្តេញ​អ្នក​យក​ព័ត៌មាន​ និង​ហាម​ឃាត់​មិន​ឲ្យ​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ជំទាស់​ផ្តល់​កិច្ច​សម្ភាសន៍ដល់​អ្នក​យក​ព័ត៌មាន​នោះ។​

នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​ ដែល​មន្ត្រី​គណបក្ស​កាន់ អំណាចធ្វើ​ការ​បណ្តេញ​តំណាង​រាស្រ្ត​របស់​គណបក្ស​ជំទាស់​ចេញ​ពី​ស្ថាប័ន​សាធារណៈ​ និង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្តល់​បទ​បទ​សម្ភាសន៍៕​

XS
SM
MD
LG