ទីភ្នាក់ងារជនភៀសខ្លួននៃអង្គការសហប្រជាជាតិបានរាយការណ៍អំពីការកើនឡើងអំពើហិង្សា និងទុក្ខលំបាក បង្កឡើងដោយជំងឺកូវីដ១៩ ដែលកំពុងបង្ខំឲ្យប្រជាជនជាច្រើននាក់នៅក្នុងតំបន់អាមេរិកកណ្ដាលចាកចោលផ្ទះសម្បែងរបស់ពួកគេ។ ការណ៍នេះកំពុងបង្កឲ្យមានវិបត្តិផ្លាស់ទីលំនៅនៅក្នុងតំបន់។
ត្រឹមចុងឆ្នាំមុន ការកើនឡើងអំពើហិង្សា និងអស្ថិរភាព បានធ្វើឲ្យប្រជាជនប្រមាណ ៧ សែន ២ ម៉ឺន នាក់ បាត់បង់ទីលំនៅ នៅភាគខាងជើងតំបន់អាមេរិកកណ្ដាល ហើយពាក់កណ្ដាលនៃចំនួនអ្នកទាំងនោះបាត់បង់ទីលំនៅនៅក្នុងប្រទេសរបស់ពួកគេ។
ទីភ្នាក់ងារជនភៀសខ្លួននៃអង្គការសហប្រជាជាតិបានរាយការណ៍ថា ប្រទេស ហុងឌូរ៉ាស អែលសាល់វ៉ាឌ័រ និងក្វាតេម៉ាឡា ជាប្រទេសដែលរងវិបត្តិនេះច្រើនជាងគេ និងត្រូវបានជាប់ក្នុងភាពរ៉ាំរ៉ៃនៃអំពើហិង្សា ភាពក្រីក្រ និងការកើនឡើងនូវទុក្ខវេទនា ដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬហៅកាត់ថា UNHCR បានរកឃើញថា ឧក្រិដ្ឋកម្មដែលរីករាលដាលនៅក្នុងតំបន់កំពុងកើនឡើងនៅក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩។ លោក Andrej Mahecic អ្នកនាំពាក្យរបស់ UNCHR បានឲ្យដឹងថា ទោះបីជាមានបទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះក៏ដោយ ក៏ក្រុមឧក្រិដ្ឋជនកំពុងប្រើប្រាស់ការបង្ខាំង ដើម្បីពង្រឹងការគ្រប់គ្រងរបស់ពួកគេទៅលើសហគមន៍។
លោក Mahecic បាននិយាយថា៖ «ក្នុងនោះរួមមានការជំរិតទារប្រាក់ ការជួញដូរគ្រឿងញៀន អំពើហិង្សាយេនឌ័រនិងផ្លូវភេទ ការចាប់ខ្លួនខុសច្បាប់ ឃាតកម្ម និងការគំរាមសម្លាប់លើអ្នកដែលមិនធ្វើតាម។ ការរឹតបន្ដឹងការធ្វើដំណើររឹតតែបង្កការលំបាកដល់ពលរដ្ឋក្នុងការទទួលបានជំនួយ និងការការពារ ហើយអ្នកដែលចាំបាច់ត្រូវរត់គេចខ្លួនដើម្បីរក្សាជីវិតក៏កំពុងប្រឈមនឹងឧបសគ្គច្រើនជាងមុនដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព»។
លើសពីការគំរាមកំហែងដល់ជីវិតរបស់ពួកគេជាញឹកញយ លោក Mahecic និយាយថា បទបញ្ជាស្នាក់នៅក្នុងផ្ទះកំពុងបំផ្លាញជីវភាពរស់នៅរបស់ប្រជាជន បង្កការលំបាកដល់ពួកគេក្នុងការរកប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពខ្លួនឯង និងផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។ លោកនិយាយថា ការទទួលបានសេវាកម្មចាំបាច់ដូចជាសេវាសុខភាពនិងទឹកស្អាតនៅមានកម្រិត។
លោក Mahecic បាននិយាយថា៖ «ប្រឈមមុខនឹងកាលៈទេសៈលំបាកទាំងនេះ ប្រជាជនកាន់តែងាកទៅរកយន្តការដោះស្រាយបែបអវិជ្ជមាន ដូចជាការប្រកបរបររកស៊ីផ្លូវភេទ ដែលធ្វើឲ្យពួកគេមានហានិភ័យបន្ថែមទៀតទាំងផ្នែកសុខភាព រងអំពើហិង្សា និងការកេងប្រវ័ញ្ចពីសំណាក់ក្រុមឧក្រិដ្ឋជន។
អង្គការ UNHCR រាយការណ៍ថា មេដឹកនាំសហគមន៍រំពឹងថា នឹងមានការកើនឡើងយ៉ាងខ្លាំងនូវការបង្ខំចិត្តផ្លាស់ទីលំនៅភ្លាមៗ បន្ទាប់ពីបទបញ្ជាស្នាក់នៅក្នុងផ្ទះត្រូវបានដកចេញ។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួកបន្ទុកជនភៀសខ្លួន ក៏បានឲ្យដឹងថា ខ្លួនកំពុងធ្វើការជាមួយមន្ត្រីរដ្ឋាភិបាល និងដៃគូផ្សេងៗទៀតនៅក្នុងប្រទេសហុងឌូរ៉ាស និងអែលសាល់វ៉ាឌ័រ ដើម្បីការពារប្រជាជនដែលរងការគំរាមកំហែង និងរងអំពើហិង្សា៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា