ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​បាត់បង់​ទី​លំនៅ​ដោយ​បង្ខំ​លើ​សកលលោក​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​​មិន​ធ្លាប់​មាន​ពី​មុន

  • Lisa Schlein

ស្ត្រីៗ និង​ក្មេងៗ​ឈរ​នោ​ក្នុង​ជួរ​ដើម្បី​ទទួល​អាហារ​នៅ​ជំរំ Dibaga ក្នុង​ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦។

របាយការណ៍​ថ្មី​មួយ​រក​ឃើញ​ថា ​មនុស្ស​កាន់​តែ​ច្រើន​បាន​ក្លាយ​ជា​ជន​ភៀសខ្លួន ​និង​បាន​បាត់បង់​ទី​លំនៅ​នៅ​ក្នុង​ប្រទេស​ខ្លួន ​ដោយសារ​សង្គ្រាម ​អំពើ​ហិង្សា ​និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ។ ​

របាយ​ការណ៍​ឈ្មោះ​ «និន្នាការ​សកលលោក»​ របស់​ទីភ្នាក់ងារ​ជនភៀសខ្លួន​នៃ​អ.ស.ប.​ បង្ហាញ​ថា ​មនុស្ស​៦៥,៦​លាន​នាក់ ​ដែល​ជា​ចំនួន​មិន​ធ្លាប់​មាន​ពី​មុន​មក​ ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ទី​លំនៅ​នៅ​ចុង​ឆ្នាំ​២០១៦។ ​នេះ​ជា​ការ​កើន​ឡើង​ចំនួន​៣​សែន​នាក់​លើស​ពី​ចំនួន​មនុស្ស​បង្ខំ​ឲ្យ​ចាកចេញ​ពី​ទី​លំនៅ​ កាល​ពី​ឆ្នាំ​មុន។​

ទីភ្នាក់ងារ​ជនភៀសខ្លួន​នៃ​អ.ស.ប.​រាយ​ការណ៍​ថា ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ ១១៣​នាក់​នៅ​លើ​ពិភពលោក​គឺ​អាច​ជា​ជនភៀសខ្លួន ​ឬ​ជន​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ទីលំនៅ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន។ ​របាយ​ការណ៍​បាន​រក​ឃើញ​ថា ​នៅ​ក្នុង​ចំណោម​មនុស្ស​៦៥,៦​លាន​នាក់​ ដែល​បាន​ចាកចេញ​ពី​ទំ​លំនៅ​ដោយ​បង្ខំ​នោះ​ មាន​១០,៣​លាន​នាក់​គឺជាមនុស្ស​ទើប​បាត់បង់​ទី​លំនៅ​នៅ​ពេល​ថ្មីៗ​នេះ។ ​ឧត្តម​ស្នងការ​អ.ស.ប.​ទទួល​បន្ទុក​លើ​ជន​ភៀស​ខ្លួន ​ហៅ​កាត់​ថា ​ UNHCR ​និយាយ​ថា ​មនុស្ស​ម្នាក់​នៅ​លើ​ពិភពលោកត្រូវ​បង្ខំ​ឲ្យ​ចាកចេញ​ពី​ទី​លំនៅរាល់​បី​វិនាទី​ម្តង។​

ទិន្នន័យ​បង្ហាញ​ថា ​ប្រទេស​ស៊ីរី​មាន​ចំនួន​អ្នក​បាត់បង់​ទី​លំនៅ​ច្រើន​ជាង​គេ​បង្អស់​ ចំនួន​១២​លាន​នាក់ ​ដែលអ្នក​ទាំង​នោះ​អាច​ជា​ជន​បាត់បង់​ទី​លំនៅ​នៅ​ក្នុង​ស្រុក​ ឬ​ជា​ជនភៀស​ខ្លួន​នៅ​ប្រទេស​ជិត​ខាង​ និង​ក្រៅ​ប្រទេស។​

ប្រទេស​អាហ្វហ្គានីស្ថាន ​និង​អ៊ីរ៉ាក់​មាន​ចំនួន​ជន​បាត់បង់​ទី​លំនៅ​ដោយ​បង្ខំ​ច្រើន​ជាង​គេបង្អស់​ទី​ពីរ ​ឬ​ទី​បី។ ​ប៉ុន្តែ​ប្រធាន​អង្គការ ​UNHCR ​គឺ​លោក ​Filippo Grandhi ​និយាយ​ថា ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​កំពុង​តែ​ប្រឈម​នឹង​វិបត្តិ​ជនភៀសខ្លួន ​និង​ការ​បាត់បង់​ទី​លំនៅកាន់​តែ​ដុនដាប​ទៅៗ ​នៅ​លើ​ពិភពលោក។​

លោក​ Grandhi ​បាន​និយាយ​ថា៖ «របាយ​ការណ៍ ​ដែល​កត់ត្រា​ស្ថិតិ​នៅ​ចុង​ឆ្នាំ​២០១៦ ​បង្ហាញ​ថា ​មាន​ជន​ភៀស​ខ្លួន​១,៤​លាន​នាក់​ពី​ប្រទេស​ស៊ូដង់​ខាង​ត្បូង​កំពុង​ស្នាក់​នៅ​ប្រទេស​ជិត​ខាង​ និង​មាន​ជន​បាត់បង់​ទី​លំនៅ​ជិត​ពីរ​លាន​នាក់​នៅ​ក្នុង​ប្រទេស​ បើ​តាម​ការ​ប៉ាន់ស្មាន។ ​តួលេខ​ពិត​ប្រាកដ​ យើង​ពិត​ជា​បាន​រាប់​ឃើញ​ថា ​មាន​ជនភៀស​ខ្លួន​យ៉ាង​ហោចណាស់​កន្លះ​លាន​នាក់​ថែម​ទៀត​ ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ»។​

របាយ​ការណ៍​បាន​កត់​សម្គាល់​ថា ​ជនភៀសខ្លួន​ភាគ​ច្រើន​ ប្រហែល​៨៤​ភាគរយ​ ស្ថិត​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ហើយ​ពាក់​កណ្តាល​ជា​កុមារ។​ ស្រប​ពេល​ដែល​វិបត្តិ​ជនភៀស​ខ្លួន​ភាគច្រើន​ស្ថិត​នៅ​ប្រទេស​ក្រីក្រ​ របាយការណ៍​បាន​បន្ថែម​ថា ​ភាគ​ច្រើន​នៃ​ការ​ស្នើសុំ​សិទ្ធិ​ជ្រក​កោណ​២,៨​លាន​ពាក្យ​សុំ ​នៅ​ឆ្នាំ​២០១៦ ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​អភិវឌ្ឍន៍។​

អង្គការ ​UNHCR ​និយាយ​ថា ​ប្រទេស​ដែល​ទទួល​ពាក្យ​សុំ​សិទ្ធិ​ជ្រក​កោនថ្មីៗច្រើន​ជាង​គេ​បង្អស់​គឺ​ប្រទេស​អាល្លឺម៉ង់ ​ដែល​មាន​មនុស្ស​៧២២.០០០នាក់​ ដាក់​ពាក្យ​កាល​ពី​ឆ្នាំ​មុន។ ​សហ​រដ្ឋ​អាមេរិក​ជាប់​ចំណាត់​ថ្នាក់​ទី​ពីរ ​ដែល​មាន​២៦២​០០០​នាក់​ដាក់​ពាក្យ​នា​ពេល​ថ្មីៗ​នេះ៕​

ប្រែសម្រួល​ដោយ ពិន ស៊ី​សុវណ្ណ

XS
SM
MD
LG