ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​ជំរុញ​ឲ្យ​មាន​ការ​បោះឆ្នោត​ទាន់​ពេល​និង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​នៅ​ប្រទេស​​កុងហ្គោ


លោក Martin Kobler បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ថ្លែង​ទៅ​កាន់​យោធា​នៅ​ខាង​ក្រៅ​ក្រុង Goma ភាគ​ខាង​កើត​នៃ​ប្រទេស​ កាលពី​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣។
លោក Martin Kobler បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ថ្លែង​ទៅ​កាន់​យោធា​នៅ​ខាង​ក្រៅ​ក្រុង Goma ភាគ​ខាង​កើត​នៃ​ប្រទេស​ កាលពី​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣។

អ្នក​ការ​ទូត​កំពូល​របស់​អ.ស.ប​​ប្រចាំ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ កំពុង​ជំរុញ​រដ្ឋាភិបាល​របស់​ប្រទេស​នេះ​ឲ្យ​ចាត់​វិធានការ​ចាំបាច់​នានា​ ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ប្រព្រឹត្ត​ទៅ​ទាន់​ពេល​នៅ​ឆ្នាំ​ក្រោយ​នេះ។

នៅ​ក្នុង​អត្ថាធិប្បាយ​សង្ខេប​ខ្លី​ចុង​ក្រោយ​របស់​លោក​ Martin Kobler​ កាល​ពី​សប្តាហ៍​មុន​នៅ​មុខ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ ​ លោក​បាន​និយាយ​ថា ភាព​តាន​តឹង​នយោបាយ​កំពុង​តែ​កើន​ឡើង​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ និង​ការ​បោះ​ឆ្នោត​សភា​ ដែល​ត្រូវ​បាន​កំណត់​ធ្វើ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

លោក​បាន​ព្រមាន​ថា ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​កំពុង​កើន​ឡើង​ ដោយ​មាន​ជាង​ ២.២០០​ករណី​ត្រូវ​បាន​កត់ត្រា​ទុក​នៅ​ក្នុង​ឆ្នាំ​នេះ​ ដែលបង្ក​ការប៉ះពាល់​ដល់​មនុស្ស​ជាង​៥.០០០នាក់។ លោក​និយាយ​ថា ភ្នាក់ងារ​របស់​រដ្ឋ​បាន​ប្រពឹត្ត​ពាក់​កណ្តាល​នៃ​ករណី​រំលោភ​បំពាន​ទាំង​នោះ។

លោក​បាន​និយាយ​ថា​៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការកើន​ឡើង​តួលេខ​នៃការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ ពាក់ព័ន្ធ​នឹង​ដំណើរការ​បោះឆ្នោត​ ជា​ពិសេស​ការ​រំលោភ​បំពាន​សិទ្ធិ​ប្រមូល​ផ្តុំ​ដោយ​សន្តិភាព។​ ការ​កាត់​បន្ថយសេរីភាព​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​នឹង​បង្ក​ការ​ប៉ះពាល់​ដល់​ភាព​ជឿ​ទុក​ចិត្តទៅ​លើដំណើរការ​បោះឆ្នោត»។​

លោក Kobler ​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​លើ​កងកម្លាំង​រក្សា​សន្តិភាព​របស់​អ.ស.ប​ចំនួន​២២.០០០នាក់នៅសាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ២០១៣​មក។ នៅ​ក្នុង​អាណត្តិ​នៃ​ការ​កាន់​តំណែង​របស់​លោក ​ដែល​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ គេ​ឃើញ​មាន​ការ​ងើប​ឡើង​ និង​ការ​បរាជ័យ​ទៅ​វិញ​របស់​ក្រុម​ឧទ្ទាម​ M23 នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស ក៏​ដូចជា​ការ​គំរាម​កំហែង​ដែល​ចេះ​តែ​កើត​មាន​ជា​បន្ត​បន្ទាប់​ពី​ក្រុម​ឧទ្ទាម Hutu​ នៃ​ប្រទេស​រវ៉ាន់ដា​ (FDLR) និង​កង​កម្លាំង​ប្រជាធិបតេយ្យ​សម្ព័ន្ធអ៊ូហ្គង់ដា (ADF)។​

អ្នក​ការ​ទូត​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​និយាយ​ថា លោក​នឹង​ចាក​ចេញ​ពី​បេសកកម្ម​របស់​លោក​ដោយ​ការពេញ​ចិត្ត ប៉ុន្តែ​លោក​បារម្ភ​ថា​ ការ​រីកចម្រើន​ដ៏​ផុយ​ស្រួយ​នេះ​អាច​នឹង​ថមថយ​ទៅ​វិញ។

លោក​បាន​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ធ្វើ​ការ​ជាមួយ​នឹង​អ.ស.ប​ទៅ​លើ​យុទ្ធសាស្រ្ត​ចាកចេញ​សន្សឹម​ៗ​សម្រាប់​បេសកកម្ម​រក្សា​សន្តិភាព​ ដោយ​និយាយ​ថា៖ «យើង​មិន​អាច​ និង​មិន​ត្រូវ​ចាកចេញ​យ៉ាង​កម្រោល​ឡើយ»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG