ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអំពាវនាវឲ្យប្រទេសថៃអនុវត្តច្បាប់ដាក់ទណ្ឌកម្មនិងបាត់ខ្លួន ដែលស្របទៅតាមបទដ្ឋានអន្តរជាតិទាំងស្រុង។
ការិយាល័យអង្គការសហប្រជាជាតិនេះបានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា សេចក្ដីព្រាងច្បាប់ដែលអនុម័តដោយគណៈរដ្ឋមន្ត្រីថៃ «គឺជាជំហានដ៏សំខាន់មួយ ប៉ុន្តែសេចក្ដីព្រាងច្បាប់ដែលត្រូវបានអនុម័តនេះ ខ្វះគោលការណ៍អន្តរជាតិ ដោយរួមមានទាំងការហាមឃាត់ទាំងស្រុងនូវការដាក់ទណ្ឌកម្មនិងការចាប់បញ្ជូនខ្លួនផងដែរ ដែលជាសិទ្ធិរស់រានមានជីវិតនៅក្នុងច្បាប់អន្តរជាតិ»។
សេចក្ដីថ្លែងការណ៍នោះក៏បានបន្ថែមថា៖ «អត្ថន័យនៃឧក្រិដ្ឋកម្មនៅក្នុងសេចក្ដីព្រាងច្បាប់នោះ ក៏មិនស្របទៅតាមបទដ្ឋានអន្តរជាតិនោះដែរ»។
អ្នកស្រី Cynthia Veliko អ្នកតំណាងការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ប្រចាំទីក្រុងបាងកកបានថ្លែងថា៖ «ច្បាប់ក្នុងប្រទេសមួយអាចផ្ដល់នូវយុត្តិធម៌ដ៏មានប្រសិទ្ធភាពដល់ជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេបាន ប្រសិនបើច្បាប់នេះស្របទៅតាមអនុសញ្ញាប្រឆាំងនឹងការដាក់ទណ្ឌកម្មនិងអំពើសាហាវឃោរឃៅ ការដាក់ទណ្ឌកម្មដែលគ្មានមនុស្សធម៌ ឬ ដោយគ្មានការគោរព ហៅកាត់ថា CAT និងអនុសញ្ញាអន្តរជាតិសម្រាប់ការពារមនុស្សទាំងអស់មិនឲ្យបាត់ខ្លួនដោយបង្ខំ ហៅកាត់ថា ICPPED។
ប្រទេសថៃបានផ្ដល់សច្ចានុមតិលើអនុសញ្ញាទាំងពីរនេះកាលពីឆ្នាំ ២០០៧ និងឆ្នាំ ២០១២។
អ្នកស្រី Veliko បានថ្លែងថា៖ «ឆន្ទៈរបស់ប្រទេសថៃក្នុងការអនុម័តសេចក្ដីព្រាងច្បាប់នេះឲ្យទៅជាច្បាប់ ដែលស្របទាំងស្រុងទៅតាមគោលការណ៍នៃច្បាប់សិទ្ធិមនុស្សអន្តរជាតិនឹងបង្ហាញពីការប្ដេជ្ញារបស់ប្រទេសថៃចំពោះការមិនលើកលែងទាល់តែសោះលើការធ្វើទណ្ឌកម្ម និងការបាត់ខ្លួនដោយបង្ខំ ក៏ដូចជាការផ្ដល់យុត្តិធម៌សម្រាប់ជនរងគ្រោះនៅក្នុងឧក្រិដ្ឋកម្មទាំងអស់នេះផងដែរ»៕