រដ្ឋលេខាធិការក្រសួងមហាផ្ទៃឲ្យដឹងថា ក្នុងឆ្នាំ ២០១៩ ពលរដ្ឋខ្មែរជាង ១៤.០០០ នាក់ត្រូវបានបញ្ជូនពីប្រទេសថៃ ក្រោមហេតុផលថា រស់នៅខុសច្បាប់។ អ្នកធ្វើការលើវិស័យការងារបង្ហាញការព្រួយបារម្ភថា ការធ្វើការខុសច្បាប់របស់ពលរដ្ឋខ្មែរក្នុងប្រទេសថៃ នៅតែជាបញ្ហាសម្រាប់កម្ពុជា ខណៈពួកគេមិនមានការងារធ្វើក្នុងប្រទេស ហើយប្រាក់ឈ្នួលទាបនៅក្នុងប្រទេសកម្ពុជា។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេ ងបានថ្លែងប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរជាង ១៤.០០០ នាក់ មកកម្ពុជាវិញក្នុងឆ្នាំ ២០១៩ ។ លោកស្រីបញ្ជាក់ថា ពួកគេត្រូវបានអាជ្ញាធរថៃចាត់ទុកថា រស់នៅខុសច្បាប់ បើទោះពួកគេមួយចំនួនមានលិខិតឆ្លងដែនក៏ដោយ។
លោកស្រីមានប្រសាសន៍ថា៖ «ពួកគាត់មួយចំនួនមានប៉ាស្ព័រ ប៉ុន្តែថៃគេដាក់នៅក្នុងលិខិតបញ្ជូនមកឲ្យយើងហ្នឹងថា ជាពលករខុសច្បាប់។ តែពាក្យថា ខុសច្បាប់របស់គេហ្នឹងមានន័យថាម៉េច? មានន័យថាមានប៉ាស្ព័រដែរ តែលើសសុពលភាព ឬមួយក៏មានពេលខ្លះ គាត់មានតែបណ្ណចូល ឬមួយក៏ស្អីអ៊ីចឹង»។
លោកស្រីបន្ថែមថា៖ «ប៉ុន្តែដល់ចូលក្នុងបញ្ជីរបស់គាត់ គឺគាត់ត្រូវដាក់ថា ជាពលករខុសច្បាប់ដើម្បីគាត់ដឹកមកហ្នឹង វាស្របច្បាប់របស់គាត់។ អ៊ីចឹងមានពេលខ្លះ អាព័ត៌មានដែលឲ្យមកពីសមត្ថកិច្ច ឬអាជ្ញាធរខាងក្រៅប្រទេសហ្នឹង ជាពិសេសប្រទេសថៃហ្នឹង សឹងតែយកជាការមិនបាន។ ប៉ុន្តែពួកយើងត្រូវតែទទួលពលករខ្លួនឯង»។
VOA មិនអាចសុំការអត្ថាធិប្បាយពីស្ថានទូតថៃប្រចាំនៅកម្ពុជា តាមរយៈសារអេឡិចត្រូនិក ឬអ៊ីម៉ែលនៅថ្ងៃសុក្រនេះ បាននៅឡើយទេ។
ដោយសារបញ្ហាជំងឺកូវីដ១៩ ពលករខ្មែរជាង៩ម៉ឺននាក់បានសម្រុកមកប្រទេសកម្ពុជា ដោយសារថៃបិទប្រទេស ហើយពួកគេមួយចំនួនបាត់បង់ការងារនៅប្រទេសថៃ និងខ្លះមកលេងស្រុកកំណើត ហើយក៏មិនអាចវិលត្រឡប់ទៅវិញបាន។ អ្នកខ្លះក៏ព្យាយាមឆ្លងដែនខុសច្បាប់ក្នុងពេលនេះ ហើយត្រូវបានសមត្ថកិច្ចកម្ពុជាហាមឃាត់ជាបន្តបន្ទាប់។
អ្នកដែលវិលត្រឡប់ពីប្រទេសថៃវិញកំពុងប្រឈមអត់ការងារធ្វើ និងគ្រួសារប្រឈមជំពាក់បំណុលគេ។
ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ ២០១៩ និងដាក់ទិសដៅការងារឆ្នាំ ២០២០ កាលពីថ្ងៃពុធ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា ក្នុងឆ្នាំ ២០១៩ តាមរយៈក្រសួងការបរទេសកម្ពុជា រដ្ឋាភិបាលកម្ពុជាទទួលបានសាកសពពលរដ្ឋខ្មែរចំនួន ៥៥ នាក់ ពីក្រៅប្រទេស ដែលក្នុងនោះ ៣៥ នាក់មកពីប្រទេសថៃ ១២ សពមកពីកូរ៉េខាងត្បូង ម្នាក់មកពីជប៉ុន និង ៧ នាក់មកពីប្រទេសម៉ាឡេស៊ី។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះឲ្យដឹងទៀតថា អាជ្ញាធរនឹងបន្តរៀបចំផែនការដោះស្រាយលទ្ធភាពនៃការជួញដូរមនុស្ស អំឡុងពេលនិងក្រោយពេលបញ្ចប់ជំងឺកូវីដ។
លោកស្រីមានប្រសាសន៍ថា៖ «រៀបចំផែនការអនុវត្តផ្អែកលើយុទ្ធសាស្រ្តរួម ដែលបានកំណត់ក្នុងផែនការជាតិ ជាពិសេសការត្រៀមខ្លួនឆ្លើយតបទៅនឹងបញ្ហាការជួញដូរមនុស្សនៅក្នុង និងក្រោយដំណាក់កាលកូវីដ១៩»។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ លើកឡើងថា រហូតមកដល់ពេលនេះ មិនទាន់មានការចុះបញ្ជីត្រឹមត្រូវនៃប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃនោះទេ។ លោកបន្តថា ការវិលត្រឡប់របស់ពលករខ្មែរនឹងក្លាយជាបន្ទុកដែលរដ្ឋាភិបាលត្រូវដោះស្រាយ ជាពិសេសពលករខ្មែរជាង ៩ ម៉ឺននាក់ ដែលបានវិលត្រឡប់ពីប្រទេសថៃ ហើយមិនអាចវិលត្រឡប់ទៅវិញបាន។
លោកក៏រំពឹងថា ពលរដ្ឋខ្មែរបន្ថែមទៀតនឹងទៅរកការងារធ្វើនៅប្រទេសថៃ ក្រោយជំងឺកូវីដបញ្ចប់ដោយសារកម្ពុជាមិនមានការងារសម្រាប់ពួកគេធ្វើ ហើយប្រាក់ឈ្នួលក៏ទាប បើប្រៀបធៀបនឹងប្រទេសថៃ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា លំហូរនៃចំណាកស្រុកវាកាន់តែច្រើន ហើយលំហូរនៃពលករដែលគាត់ធ្វើការអត់មានឯកសារស្របច្បាប់ដែលគាត់ធ្វើដំណើរឆ្លងកាត់តាមច្រករបៀងហ្នឹងកាន់តែច្រើន»។
កាលពីដើមខែឧសភា អង្គការសិទ្ធិមនុស្សលីកាដូ បានចេញផ្សាយរបាយការណ៍សិក្សាមួយ ដែលលើកឡើងថា ការជំពាក់បំណុលមីក្រូហិរញ្ញវត្ថុជំរុញឲ្យប្រជាពលរដ្ឋក្នុងភូមិមួយនៅខេត្តបន្ទាយមានជ័យ បង្ខំចិត្តធ្វើចំណាកស្រុកទៅប្រទេសថៃ ដើម្បីរកលុយសងបំណុលគេ។ របាយការណ៍នេះបញ្ជាក់ថា បំណុលជាមូលហេតុចម្បងដែលនាំឲ្យគ្រួសាររបស់អ្នកទាំងនេះត្រូវធ្វើចំណាកស្រុក។
ប្រជាពលរដ្ឋខ្មែរប្រមាណ ១ លាន ២ សែននាក់ កំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ ហើយរដ្ឋាភិបាលកម្ពុជាប៉ាន់ប្រមាណថា ពួកគេច្រើនគួរសម គឺជាពលករមិនស្របច្បាប់។ របាយការណ៍របស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ឆ្នាំ ២០១៩ ឲ្យដឹងថា ពលករខ្មែរម្នាក់បានផ្ញើប្រាក់មកស្រុកកំណើត ចំនួន ១.២២៨ ដុល្លារ ក្នុងមួយឆ្នាំ ហើយប្រាក់ទាំងនេះប្រើប្រាស់ចម្បងសម្រាប់ទំនុកបម្រុងគ្រួសារនៅប្រទេសកម្ពុជា ឬក៏ដើម្បីប្រើប្រាស់ធ្វើឲ្យជីវភាពប្រសើរឡើង៕