រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងមូស្គូចង់ដណ្តើមយកទឹកដីនៅភាគខាងត្បូងអ៊ុយក្រែនហួសពីតំបន់ Donbas ភាគខាងកើត ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានប្តេជ្ញាផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន។ រុស្ស៊ីបានបរាជ័យក្នុងដំណាក់កាលដំបូងនៃការវាយលុករយៈពេលប្រាំខែរបស់ខ្លួនដើម្បីផ្តួលរំលំរដ្ឋាភិបាលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ឬមិនអាចដណ្តើមយករដ្ឋធានីកៀវនៅ ភាគខាងជើងអ៊ុយក្រែន។ បច្ចុប្បន្នរុស្ស៊ីកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែនដើម្បីកាន់កាប់តំបន់ Donbas។
ប៉ុន្តែលោក Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា រុស្ស៊ីមិនមានអារម្មណ៍កំហិតការប្រយុទ្ធកាន់កាប់ត្រឹមតែ Donbas នោះទេ។ Donbas ជាកន្លែងដែលពួកបំបែកខ្លួនរុស្ស៊ីបានប្រយុទ្ធជាមួយកងកម្លាំងក្រុងកៀវ ចាប់តាំងពីឆ្នាំ២០១៤ នៅពេលរុស្ស៊ីបានដណ្តើមយកឧបទ្វីប Crimean របស់អ៊ុយក្រែន។
លោក Lavrov បានប្រាប់ទូរទស្សន៍រដ្ឋ RT និងទីភ្នាក់ងារព័ត៌មាន RIA Novosti ថា៖ «ឥឡូវនេះភូមិសាស្ត្របានផ្លាស់ប្តូរ។ យើងមិនយកត្រឹមតែ Donetsk និង Luhansk ប៉ុណ្ណោះទេ។ យើងយក Kherson, Zaporizhia និងទឹកដីជាច្រើនទៀត។ ដំណើរការនេះកំពុងបន្តជាប់ជានិច្ច»។
លោក Lavrov អ្នកការទូតកំពូលរបស់រុស្ស៊ី បាននិយាយថា គោលបំណងកាន់កាប់ទឹកដីរបស់ទីក្រុងមូស្គូ នឹងពង្រីកបន្ថែមទៀត ប្រសិនបើបណ្តាប្រទេសលោកខាងលិចផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយបន្ថែមទៀតទៅឱ្យទីក្រុង កៀវ។ សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធថា នឹងបញ្ជូនប្រព័ន្ធរ៉ុក្កែតបែបនេះចំនួនបួនទៀតទៅប្រទេសអ៊ុយក្រែនរួមជាមួយគ្រាប់កាំភ្លើងធំបន្ថែមទៀត។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃពុធនៅក្រសួងការពារជាតិថា «កងកម្លាំងអ៊ុយក្រែនឥឡូវនេះកំពុងប្រើប្រាស់ប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយដែលមានប្រសិទ្ធភាពដ៏អស្ចារ្យ រួមទាំងប្រព័ន្ធអាវុធ HIMARS ផ្តល់ដោយសហរដ្ឋអាមេរិក និងប្រព័ន្ធផ្សេងទៀតពីសម្ព័ន្ធមិត្ត និងដៃគូរបស់យើងផងដែរ។ ខ្សែការពាររបស់អ៊ុយក្រែនកំពុងជំរុញយ៉ាងខ្លាំងដើម្បីទប់ការរុលចូលរបស់រុស្ស៊ីនៅ Donbas»។
ឧត្តមសេនីយ៍ Mark Milley ប្រធានក្រុមនាយសេនាធិការកងទ័ពបាននិយាយថា ប្រជាជនអ៊ុយក្រែនកំពុងប្រើប្រាស់ប្រព័ន្ធពហុរ៉ុក្កែតផ្តល់ដោយសហរដ្ឋអាមេរិកដើម្បីវាយប្រហារបញ្ជាការដ្ឋាន និងបណ្តាញផ្គត់ផ្គង់របស់រុស្ស៊ី រួមទាំងស្ពានជាយុទ្ធសាស្ត្រដ៏សំខាន់ឆ្លងកាត់ទន្លេ Dnieper ក្នុងតំបន់ Kherson។ មន្ត្រីរុស្ស៊ីបាននិយាយថា ស្ពាននេះបានរងការខូចខាត ប៉ុន្តែនៅតែបើកឲ្យធ្វើចរាចរ។ យោធារុស្ស៊ីនឹងពិបាកបន្តផ្គត់ផ្គង់កងកម្លាំងរបស់ខ្លួននៅក្នុងតំបន់នោះ ប្រសិនបើស្ពាននេះត្រូវបានបំផ្លាញ។
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Press, Agence France-Presse, RFE/RL និង Reuters