ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រួលការដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនពីកំពង់ផែតាមបណ្តោយឆ្នេរសមុទ្រខ្មៅ ប៉ុន្តែលោកចង់ឱ្យប្រទេសលោកខាងលិចដកទណ្ឌកម្មប្រឆាំងនឹងការនាំចេញគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី។
លោកពូទីនបាននិយាយដូច្នេះនៅក្នុងប្រទេសអ៊ីរ៉ង់បន្ទាប់ពីបាននិយាយជាមួយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan អំពីផែនការដែលបានស្នើឡើងដើម្បីបន្តការនាំចេញរបស់អ៊ុយក្រែនឡើងវិញ។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានរំខានដល់ពាណិជ្ជកម្មអ៊ុយក្រែនដែលនាំឱ្យមានសម្ពាធលើការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក។ អង្គការសហប្រជាជាតិបានចូលរួមនៅក្នុងកិច្ចពិភាក្សាដើម្បីបើកការនាំចេញ។ លោក Farhan Haq អ្នកនាំពាក្យរងរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា លោក Guterres នៅតែមានសុទិដ្ឋិនិយមថា អាចនឹងមានកិច្ចព្រមព្រៀង។ លោកបានបន្ថែមថា លោក Guterres បានពិភាក្សាអំពីការចរចាដែលកំពុងបន្តនៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃចន្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy។
លោកពូទីនកាលពីថ្ងៃអង្គារក៏បានជួបជាមួយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺលោក Ayatollah Ali Khamenei នៅទីក្រុងតេហេរ៉ង់ ដែលបង្ហាញសញ្ញាទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ។ លោក Yuri Ushakov ទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោកពូទីនបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងមូស្គូថា «ទំនាក់ទំនងជាមួយលោក Khamenei សំខាន់ខ្លាំងណាស់។ កិច្ចសន្ទនាស្មោះសបានធ្វើឡើងលើបញ្ហាសំខាន់បំផុតក្នុងរបៀបវារៈទ្វេភាគី និងអន្តរជាតិ»។ លោកUshakov បាននិយាយថា «សម្រាប់បញ្ហាភាគច្រើន ជំហររបស់យើងគឺសឹងតែដូចគ្នា»។
ខណៈដែលក្រុងម៉ូស្គូប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចលោកខាងលិចដែលកំពុងបន្តប្រឆាំងការឈ្លានពានអ៊ុយក្រែននោះ រុស្ស៊ីកំពុងព្យាយាមពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយអ៊ីរ៉ង់ ចិន និងឥណ្ឌា។ អ៊ីរ៉ង់ ដែលប្រឈមនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច និងមានជម្លោះជាមួយសហរដ្ឋអាមេរិកទាក់ទងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់នោះ បានបង្ហាញក្តីសង្ឃឹមអំពីទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី។
សមាជិកសភាអាមេរិកនៅថ្ងៃពុធនេះគ្រោងនឹងស្តាប់ភរិយាប្រធានាធិបតីអ៊ុយក្រែនអ្នកស្រី Olena Zelenska នៅពេលអ្នកស្រីថ្លែងសុន្ទរកថានៅវិមានសភា Capitol។
ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានលើកទឹកចិត្តសមាជិករដ្ឋសភា និងព្រឹទ្ធសភាទាំងអស់ឱ្យចូលរួម ដោយនិយាយថា វានឹងជា«ឱកាសដ៏សំខាន់ និងទាន់ពេលវេលាក្នុងការស្តាប់ដោយផ្ទាល់ពីជំទាវ Zelenska ដើម្បីស្វែងយល់បន្ថែមអំពីចំនួនមនុស្សស្លាប់ដ៏គួរឱ្យភ័យខ្លាច ដោយសារការលុកលុយរបស់រុស្ស៊ី និងដើម្បីបង្ហាញពីការដឹងគុណរបស់យើងចំពោះប្រជាជនអ៊ុយក្រែន ដែលតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ»។
អ្នកស្រី Zelenska បានជួបជាមួយភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Jill Biden នៅសេតវិមានកាលពីថ្ងៃអង្គារ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Press, Agence France-Presse និង Reuters)