ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប. ថា ភាព​ចង្អៀត​ណែន​និង​គ្មាន​អនាម័យ​ក្នុង​ពន្ធនាគារ​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩កាន់​តែ​លឿន


រូបឯកសារ៖ អ្នក​ជាប់​ពន្ធនាគារ​ ដែល​ខ្លះ​ដេក ខ្លះ​អង្គុយ ក្នុង​ស្ថានភាព​ចង្អៀត​ណែន​មួយ នៅ​ពន្ធនាគារ​ Quezon City ដែល​ចង្អៀតណែន នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន កាល​ពី​ខែ​មីនា ២០២០។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ព្រមាន​ថា ស្ថានភាព​ចង្អៀត​ពេក គ្មាន​អនាម័យ​និង​កង្វះ​ខាត​ការ​ថែទាំ​ផ្នែក​សុខាភិបាល​នៅ​ក្នុង​ពន្ធនាគារ​​បង្ក​ឲ្យ​មាន​ការ​ឆ្លង​រីករាលដាល​កាន់​តែ​ឆាប់​រហ័ស​នៃ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​អាគារ​ពន្ធនាគារ​ជាច្រើន។

ក្រុម​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​មិន​បាន​ផ្តល់​តួលេខ​ជាក់​លាក់​នោះ​ទេ ប៉ុន្តែ​ពួកគេ​បាន​ថ្លែងថា អ្នក​ជាប់​ពន្ធនាគារ​រាប់​ពាន់​នាក់​នៅ​ទូទាំង​តំបន់​អាមេរិក​ខាង​ជើង​និង​អាមេរិក​ខាង​ត្បូង​បាន​ឆ្លង​ជំងឺ​កូវីដ១៩។ ពួកគេ​ថ្លែងថា ការ​ភ័យ​ខ្លាច​ឆ្លង​នៅ​ក្នុង​ពន្ធនាគារ​និង​កង្វះ​ខាត​ការ​ថែទាំ​ផ្នែក​សុខាភិបាល​សម្រាប់​អ្នក​ដែល​ធ្លាក់​ខ្លួន​ឈឺ​ បាន​បង្ក​ឲ្យ​មាន​កុប្បកម្ម​ដ៏​ប្រល័យ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​មួយចំនួន។

នៅ​ក្នុង​ឧបទ្ទវហេតុ​ចុង​ក្រោយ​កាល​ពី​ថ្ងៃទី១​ ខែ​ឧសភា សេចក្តីរាយការណ៍​ព័ត៌មាន​បាន​លើកឡើង​ថា អ្នកទោស ៤៧ នាក់​បាន​បាត់បង់​ជីវិត​ក្នុង​អំឡុង​ពេល​មាន​ការ​បះបោរ​ហិង្សា​នៅ​ក្នុង​ពន្ធនាគារ Los Llanos ក្នុង​ប្រទេស​វេណេស៊ុយអេឡា។ អ្នកទោស​ក៏​ត្រូវ​បាន​សម្លាប់​និង​រងរបួស​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​នាពេល​ថ្មីៗនេះ​ផងដែរ​នៅ​ក្នុង​ប្រទេស​ប៉េរូ​និង​ប្រទេសកូឡុំប៊ី។

អ្នកនាំពាក្យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​លោកRupert Colville ថ្លែងថា អ្នកទោស​ជាច្រើន​បាន​ព្យាយាម​គេច​ខ្លួន​ពី​ស្ថានភាព​គ្មាន​ស្ដង់ដារ​ត្រឹមត្រូវ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ក្នុង​ប្រទេស​អាហ្សង់ទីន ប្រេស៊ីល កូឡុំប៊ី ម៉ិចសិក និង​សហរដ្ឋ​អាមេរិក។

លោកColville ថ្លែងថា៖ «ទំហំ​នៃ​ឧបទ្ទវហេតុ​ដែល​ត្រូវ​បាន​លើកឡើង​ទាំង​នេះ​ហាក់​ដូច​ជា​បាន​បង្ហាញថា ក្នុង​ករណី​ខ្លះ ប្រទេស​មួយ​ចំនួន​មិន​បាន​ចាត់​វិធានការ​ឲ្យ​បាន​សមស្រប​ដើម្បី​រារាំង​អំពើ​ហិង្សា​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង ហើយ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ភ្នាក់ងារ​រដ្ឋ​មួយ​ចំនួន​បាន​ប្រើប្រាស់​កម្លាំងបំពាន ដើម្បី​គ្រប់គ្រង​ពន្ធនាគារ​ទាំង​នោះ»។

ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ស្ថានភាព​នៃ​ការ​ស្លាប់​និង​រងរបួស​របស់​អ្នក​ទោស​ក្នុង​អំឡុង​ពេល​កុប្បកម្ម។ ទីភ្នាក់ងារ​នេះ​បាន​ជំរុញ​ប្រទេស​ទាំង​នោះ​ឲ្យ​ចាត់​វិធានការ​ឲ្យ​បាន​សមស្រប​ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​កាន់​តែ​ខ្លាំង​ នៃ​ជំងឺ​កូវីដ១៩ ដោយ​ការ​ធានា​នូវ​អនាម័យ ផ្តល់​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ឲ្យ​បាន​ទូលំទូលាយ និង​ផ្តល់​ផ្នែក​ថែទាំ​សុខភាព​ដល់​អ្នកទោស។

លោក Colville ថ្លែងថា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​កើន​ខ្ពស់​នៅ​ក្នុង​ពន្ធនាគារ​នៅ​សហរដ្ឋ​អាមេរិក​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយសារ​តែ​មនុស្ស​ជាច្រើន​ជាប់​នៅ​ក្នុង​ពន្ធនាគារ​គឺ​ប្រមាណ​២ លាន ៣ សែន​នាក់។ លោក​ថ្លែងថា បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​មួយ​ទៀត​គឺ​ចំនួន​អ្នក​ដែល​ជាប់​ក្នុង​មន្ទីរ​ឃុំ​ឃាំង​សម្រាប់​ជន​អន្តោប្រវេសន៍​ក៏​មាន​ច្រើន​ផងដែរ។

លោកColville ថ្លែងថា៖ «យើង​ព្រួយបារម្ភ​ថា ប្រហែល​នឹង​មិន​មាន​ការ​ធ្វើ​តេស្ត​គ្រប់​គ្រាន់​នៅ​ក្នុង​មន្ទីរឃុំឃាំង​សម្រាប់​ជនអន្តោប្រវេសន៍​នោះ​ទេ។ នេះ​មាន​ន័យថា មនុស្ស​ជា​ច្រើន​ត្រូវបាន​ដោះលែង។ ខ្ញុំ​មិនមាន​តួលេខ​ជាក់លាក់​នោះទេ ប៉ុន្តែ​មើល​ទៅ​ប្រហែល​ជា​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​ដោះលែងនៅទូទាំង​ប្រទេស»។

លោក Colville ថ្លែងថា ស្ថានភាព​នៅ​ក្នុង​មណ្ឌល​ឃុំឃាំង និង​ក្នុង​ពន្ធនាគារ​គួរតែ​ត្រូវ​បាន​ត្រួតពិនិត្យ​ឲ្យ​បាន​ទៀងទាត់​ដោយ​អង្គភាព​ឯករាជ្យ​នានា។ លោក​បាន​បន្ថែមថា អ្នក​ទោស​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ១៩ គួរ​តែ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​នៅ​អគារ​ដែល​មាន​ថែទាំ​ផ្នែក​សុខាភិបាល​ឲ្យ​បាន​សមស្រប៕

ប្រែសម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG