ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពន្ធនាគារ​ធ្វើ​តេស្ត​អ្នក​ជាប់​ឃុំ​ ៥នាក់​រក​វីរុស​កូរ៉ូណា ខណៈ​ផ្អាក​ការ​សួរ​សុខ​ទុក្ខ


មណ្ឌលអប់រំកែប្រែទី០១ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)

មន្រ្តី​ពន្ធនាគារ​ឲ្យ​ដឹង​ថា​ អ្នក​ជាប់​ឃុំ​ចំនួន ​៥​នាក់ ​ត្រូវ​បាន​ធ្វើ​តេស្ត​អវិជ្ជមាន​មេរោគ​កូរ៉ូណា​ ខណៈ​ពន្ធនាគារ​ទូទាំង​ប្រទេស​ ដែល​មាន​អ្នក​ជាប់​ឃុំ​សរុប ​៣៨០០០​នាក់ ​ត្រូវ​បាន​បង្កើន​អនាម័យ ​និង​ការ​ការពារ​ដើម្បី​ទប់​ស្កាត់​លទ្ធភាព​នៃ​ការ​ចម្លង​មេរោគ​កូរ៉ូណា​ ក្នុង​នោះ​មាន​ការ​ផ្អាក​សួរ​សុខ​ទុក្ខ​របស់​ក្រុម​គ្រួសារ​ជាដើម។​

នៅ​ថ្ងៃ​សុក្រនេះ​ គណៈ​កម្មាធិការ​អន្តរជាតិ​នៃ​កាកបាទ​ក្រហម​ (ICRC)​ បាន​ប្រគល់​សម្ភារៈ​អនាម័យ​ចំនួន​ ២០​តោន ​ដល់​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ ​ដើម្បី​បង្ការ​ទប់ស្កាត់​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ​នៅ​តាម​មណ្ឌល​អប់រំ​កែប្រែ​និង​ពន្ធនាគារ​ នៅ​ទូទាំង​ប្រទេស។​

ក្នុង​ពិធី​ប្រគល់​សម្ភារៈ​ ដែល​ធ្វើ​ឡើង​នៅ​ពន្ធនាគារ​ព្រៃ​ស ​ឬ​មណ្ឌល​កែប្រែ​ម១​ រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​សុក្រ​នេះ​លោក​ ចាន់ គីមសេង ​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​ នៃ​ក្រសួង​មហាផ្ទៃ​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ចាប់​ពី​មាន​ការ​កើន​ឡើង ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ នៅ​កម្ពុជា ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​បាន​បញ្ជា​ឲ្យ​មាន​ការ​តាម​ដាន​សុខភាព​អ្នក​ជាប់​ឃុំ​ ផ្អាក​ការ​សួរ​សុខទុក្ខ​ ​ដាក់​អ្នក​ជាប់​ឃុំ​ថ្មី​នៅ​ដាច់​ដោយ​ឡែក​ចំនួន​១៤​ថ្ងៃ​និង​ប្រាប់​ឲ្យ​ពួក​គេ​រក្សា​អនាម័យ​គ្រប់​ពេល។​

លោក​បន្ត​ថា​ ដោយសារ​មាន​ការ​ផ្អាក​សួរ​សុខទុក្ខ​ ដូច្នេះ​ជនជាប់​ឃុំ​អាច​ប្រើ​ទូរស័ព្ទ​ដែល​ផ្តល់​ដោយ​ខាង​ពន្ធនាគារ​ចំនួន​ ២​ដង​ក្នុង​មួយ​សប្តាហ៍ ​និង​ម្តង​ប្រើ​បាន​យ៉ាង​យូរ​បំផុត ៣០​នាទី​ ដោយ​អ្នក​ជាប់​ឃុំ​ជា​អ្នក​ចេញ​លុយ​ផ្ទាល់​ខ្លួន។​

លោក​បន្ថែម​ថា​ រហូត​មក​ដល់​ពេល​នេះ​ មាន​អ្នក​ជាប់​ឃុំ​ថ្មី​ចំនួន ​៥​នាក់ ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​ បន្ទាប់​ពី​ពួក​គេ​មាន​អាការៈ​ក្តៅ​ខ្លួន​និង​ក្អក​ ប៉ុន្តែ​លោក​ថា ​អ្នក​ទាំង ​៥​នាក់​នោះ ​សុទ្ធ​តែ​មាន​លទ្ធផល​អវិជ្ជមាន។​

លោក ចាន់ គីមសេង អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ចូលរួមក្នុងកម្មវិធីទទួល​អំណោយ​ពី​កាកកបាទក្រហម​អន្តរជាតិ​នៅ​មណ្ឌល​អប់រំ​កែប្រែទី​០១ ខណ្ឌ​ដង្កោ ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី០៩ ខែមេសា​ ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)
លោក ចាន់ គីមសេង អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ចូលរួមក្នុងកម្មវិធីទទួល​អំណោយ​ពី​កាកកបាទក្រហម​អន្តរជាតិ​នៅ​មណ្ឌល​អប់រំ​កែប្រែទី​០១ ខណ្ឌ​ដង្កោ ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី០៩ ខែមេសា​ ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)

បើ​តាម​លោក ​ចាន់ គីមសេង​ ទោះ​ក្នុង​ពន្ធនាគារ​មាន​ស្ថាន​ភាព​ណែន​ណាន់​តាន់​តាប់​ក្តី​ ប៉ុន្តែ​លទ្ធភាព​នៃ​ការ​កើត​មាន​មេរោគ​កូរ៉ូណា​នេះ​គឺ​ទាប​បំផុត​ ដោយ​សារ​ការ​ការពារ​ពី​អាជ្ញាធរ។​

«ចំណុច​ដែល​យើង​ត្រូវ​ប្រយ័ត្ន​ប្រយែង​គឺ​មាន​ពីរ។​ ទី​១ គឺ​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​អ្នក​ខាង​ក្រៅ។​ អ្នក​ខាង​ក្រៅ​រាប់​ទាំង​មន្រ្តី​ផង។ ​អ៊ីចឹង​បាន​មន្រ្តី​យើង​ត្រូវ​ Sterile​ [សម្លាប់​មេរោគ]​មុន​ចេញ​ចូល។​ ទី២​ជន​ជាប់​ឃុំ​ដែល​ចូល​ថ្មី​ ព្រោះ​គាត់​អាច​មាន​វីរុស​ហ្នឹង​ក្នុង​ខ្លួន​ អ៊ីចឹង​យើង​ឲ្យ​ឃុំ​ដោយ​ឡែក​ ១៤​ថ្ងៃ​ ដើម្បី​តាម​ដាន​សុខភាព​គាត់។​ បើ​គ្មាន​បញ្ហា​សង្ស័យ​ទើប​យើង​បញ្ជូន​ទៅ​តាម​អគារ​ធំ»។​

សម្ភារៈ​អនាម័យ​ចំនួន​ ២០​តោន ​ដែល​គណៈ​កម្មាធិការ​អន្តរជាតិ​នៃ​កាក​បាទ​ក្រហម​ (ICRC) ​ផ្តល់​ដល់​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​រួម​មាន​ម៉ាស់ ទឹក​អាល់​កុល​ ជែល​លាង​ដៃ​សាប៊ូ​ ស្រោម​ដៃ​ពេទ្យ​ ឧបករណ៍​វាស់​កម្តៅ​ វ៉ែនតា​ការពារ​តំណក់​ទឹក​វ៉ែនតា​វេជ្ជ​សាស្រ្ត​ អាវ​ការពារ​ព្រម​ទាំង​ឧបករណ៍​ និង​ថ្នាំ​សម្លាប់​មេរោគ​ជាច្រើន​ទៀត។​

លោក Roman Paramov ប្រធាន​បេសកកម្ម​កាកកបាទក្រហម​អន្តរជាតិ​ប្រចាំរាជធានី​ភ្នំពេញ​បាន​មកចែកឧបករណ៍​ការពារ​ខ្លួន​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ​១៩​នៅនៅ​មណ្ឌល​អប់រំ​កែប្រែទី​០១ ខណ្ឌ​ដង្កោ ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី០៩ ខែមេសា​ ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
លោក Roman Paramov ប្រធាន​បេសកកម្ម​កាកកបាទក្រហម​អន្តរជាតិ​ប្រចាំរាជធានី​ភ្នំពេញ​បាន​មកចែកឧបករណ៍​ការពារ​ខ្លួន​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ​១៩​នៅនៅ​មណ្ឌល​អប់រំ​កែប្រែទី​០១ ខណ្ឌ​ដង្កោ ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី០៩ ខែមេសា​ ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

លោក ​រ៉ូម៉ាន៍ ប៉ារ៉ាម៉ូណូវ​ (Roman Paramonov)​ ប្រធាន​បេសក​កម្ម​គណៈ​កម្មាធិការ​អន្តរជាតិ​នៃ​កាក​បាទ​ក្រហម ​(ICRC) ​ប្រចាំ​កម្ពុជា​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១​ (ម១)​ នៅ​ថ្ងៃ​ទី​១០ ខែ​មេសា​នេះ​ថា​ សម្ភារៈ​អនាម័យ​ទាំង​នេះ​ផ្តល់​ឲ្យ​ដើម្បី​ការពារ​ជន​ជាប់​ឃុំ​ទាំង ​៣៨០០០​នាក់​ និង​មន្រ្តី​ពន្ធនាគារ​ចំនួន ​៤០០០​នាក់​ នៅ​ទូទាំង​ប្រទេស ​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ពន្ធនាគារ​និង​វិធានការ​ឆ្លើយ​តប នៅ​ពេល​មាន​ករណី​ឆ្លង​កើត​ឡើង។​

លោក​បន្ត​ថា​ ការ​អនុវត្ត​គម្លាត​នៅ​ឆ្ងាយ​ពី​គ្នា​ និង​ការ​សម្អាត​ដៃ​ កំពុង​ត្រូវ​បាន​អនុវត្ត​ ដោយ​សាធារណ​ជន​ទូទៅ​ ប៉ុន្តែ​ចំណុច​ទាំង​នេះ​ គឺ​ជា​រឿង​សំខាន់​បំផុត​ក្នុង​ពន្ធនាគារ​ ដែល​មាន​ចំនួន​អ្នក​ជាប់​ឃុំ​ណែន។​

«ប្រសិន​បើ​មិន​មាន​វិធានការ​ មិន​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​នៅ​ពេល​មាន​អ្នក​ឆ្លង​ម្នាក់​ចូល​មក​ក្នុង​ពន្ធនគារវា​អាច​នាំ​ឱ្យ​មាន​ការ​ផ្ទុះ​ឡើង។​ ស្ថានភាព​គឺ​ពិបាក​ខ្លាំង​ណាស់​ ព្រោះ​ពួក​គេ​មិន​ដូច​មនុស្ស​ទូទៅ​នៅ​ក្នុង​មន្ទីរពេទ្យ​ទេ។​ដូច្នេះ​យើង​យល់​ថា​វា​ជា​បញ្ហា​ ហើយ​ត្រូវ​មាន​វិធានការ​ការពារ​របស់​ខ្លួន​ដើម្បី​ចាត់​វិធាន​ការ​គ្រប់​យ៉ាង​ក្នុង​ការ​ការពារ​អ្នក​ទោស»។​

លោក​បន្ថែម​ថា​ ពួក​គេ​ក៏​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេងៗ​ទៀត​ រួម​មាន​កង្វះ​ខ្យល់​អនាម័យ​ និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។​

គិត​ត្រឹម​ថ្ងៃ​ទី​១០​ ខែ​មេសា​នេះ ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ នៅ​កម្ពុជា​មាន​ចំនួន ​១១៩​នាក់។​

VOA​ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី​ ឱ វណ្ណឌីន​ និង​លោក​ លី សូវ៉ាន់ ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ទេ។​

កន្លង​មក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​តែង​រិះគន់​ថា​ ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​មាន​ភាព​តូច​ចង្អៀត​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​ជំងឺ​ឆ្លង​និង​ជំងឺ​ផ្លូវចិត្ត​របស់​ជន​ជាប់ឃុំ។​

កាលពី​ថ្ងៃ​ច័ន្ទ​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​Human Rights Watch ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​អ្នក​ជាប់​ឃុំ​និង​អ្នក​ទោស​កម្រិត​ស្រាល​មួយ​ចំនួន​ជា​បន្ទាន់​ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ពន្ធនាគារ។ ​អង្គការ​នេះ​លើក​ឡើង​ថា​ អ្នក​ដែល​ជាប់​ឃុំ​មិន​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ មិន​មាន​សាប៊ូ​ និង​ទឹក​អាល់​កុល​លាង​ដៃ​ ហើយ​ពួកគេ​រស់​នៅ​កៀក​ជាប់ៗ​គ្នា​ ដែល​កាន់​តែ​ធ្វើ​ឱ្យ​ពួកគេ​ងាយ​រងគ្រោះ ដោយ​ជំងឺ​កូវីដ​១៩៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG