ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​​ស្នើ​ដោះលែង​អ្នកទោស​ខ្លះ​​ដើម្បី​បញ្ចៀស​ការឆ្លង​កូវីដ​១៩


រូបឯកសារ៖ ស្រ្តីជាអ្នកទោសនិងកូនរបស់ពួកគេ ចូលរួមកម្មវិធីមួយនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ​Human Rights Watch​ បាន​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​បន្ទាន់​ដើម្បី​បង្ការ​កា​រឆ្លងជំងឺ​កូវីដ​១៩ នៅក្នុង​ពន្ធនាគារដោយ​ការដោះលែង​អ្នកជាប់ឃុំ​និង​អ្នកទោស​កម្រិត​ស្រាល​មួយចំនួន។​

អង្គការ​ Human Rights Watch​ បាន​បញ្ជាក់​នៅ​ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​នៅថ្ងៃច័ន្ទ​ថា​ បើធ្វើ​ដូចនេះ​បាន​នឹង​អាចបង្ការ​មិនឱ្យ​ជំងឺ​កូវីដ​១៩​ដែល​បង្ក​ដោយ​វីរុសកូរ៉ូណា​ឆ្លង​រាលដាល​ដល់​អ្នកទោស​នានា​បុគ្គលិក​ពន្ធនាគារ​ និង​សាធារណជនទេ​ ដោយសារតែ​ពន្ធនាគារកម្ពុជា​ កំពុងតែ​តូច​ចង្អៀត​ស្រាប់​ហើយដាក់​មនុស្ស​យ៉ាងណែន លើស​ពី​ចំណុះ។​

ក្នុងចំណោម​អ្នក​ជាប់​ឃុំឬអ្នកទោស​ដែល​អង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​នេះ​អំពាវនាវ​ឱ្យ​ដោះលែង​ គឺ​មាន​អ្នក​ដែល​កំពុង​រង់ចាំ​ការកាត់ទោស ​ដែល​អង្គការ​នេះ​ចាត់​ទុក​ថា ​មិន​គួរត្រូវ​គេ​ចាប់ឃុំតាំងពីដំបូង និង​អ្នកទោស​ដែល​កំពុង​មាន​ជំងឺ​រ៉ាំរ៉ៃ អ្នកទោស​វ័យ​ចាស់​ជរា ស្ត្រី​មាន​ផ្ទៃ​ពោះ​ ឬស្ត្រី​ដែល​ជាប់​ពន្ធនាគារ​ដោយ​មានកូនតូចៗនៅជាប់​ជាមួយ។

លោក​ ហ្វីល រ៉ូបឺតសុន​ អនុប្រធាន​អង្គការ​ឃ្លាំមើលសិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​បាន​បញ្ជាក់​ថា៖

«ពន្ធនាគារ​ដ៏ណែន​ក្តន់​របស់​កម្ពុជា​គឺ​ជា​តំបន់​ដែល​រង់ចាំ​មហន្តរាយដោយជំងឺ​កូវីដ១៩។ កម្ពុជា​គួរតែ​ដោះលែង​ឱ្យបានឆាប់រាល់​អ្នកទោស​ ដែលមានហានិភ័យខ្ពស់​ប្រសិនបើមានការឆ្លង ក៏ដូចជា​អ្នក​ដែល​ជាប់​ឃុំដោយ​សារតែ​ប្រព្រឹត្តបទល្មើស​តូចតាច​ ហើយ​ចាត់វិធានការ​បន្ទាន់​ ដើម្បី​ធានា​ថា​ពន្ធនាគារ​ទាំងនោះ​មាន​ការការពារ​សុខាភិបាល​ត្រឹមត្រូវ»។​

កម្ពុជា​មាន​អ្នកជាប់ឃុំ​ជាស្រ្តី​ចំនួន​យ៉ាងហោចណាស់ ១.៦១៤នាក់​ នៅក្នុងពន្ធនាគារចំនួន ​១៨ ដោយ​មាន​កុមារ​ ១០៣​នាក់ ​ជាប់​នៅ​ជាមួយ​ម្តាយនិង ៥៤២នាក់ ទៀត​ជាអនីតិជន។ ហើយក្នុង​ចំណោម​នេះ​គឺមាន​ស្រ្តី​ ៦១៩​នាក់ ​កុមារា ​១៥៦នាក់​ និងកុមារី​ ៤នាក់​ ត្រូវបាន​កាត់​ទោសរួចហើយ។នេះ​បើ​តាម​ការបញ្ជាក់​របស់​អង្គការ​សិទ្ធិ​មនុស្ស​នានា។​

រដ្ឋាភិបាល​កម្ពុជា​បាន​ផ្អាកការមកសួរសុខទុក្ខ​អ្នកជាប់ពន្ធនាគារ​ តាំងពីថ្ងៃទី​២៥​ ខែមីនា ដើម្បី​បង្ការ​ការឆ្លងជំងឺ​កូវីដ​១៩។ អង្គការ ​Human Rights Watch​ ក៏ស្នើ​ឱ្យ​រកបន្ទប់​ដោយឡែក​ដាក់​អ្នកទោស​មកថ្មី​រយៈពេល​១៤ ថ្ងៃសិន​ មុន​នឹង​ដាក់ពួកគេ​ជាមួយ​នឹង​អ្នកទោស​ដទៃ​ទៀត។​

ក្នុងពេល​ជាមួយគ្នា​នេះដែរ​ អង្គការ​នេះ​បាន​ត្អូញត្អែរ​ថា អ្នកដែល​ជាប់ឃុំមិន​មាន​ទឹកប្រើប្រាស់​គ្រប់គ្រាន់​មិនមាន​សាប៊ូ​ និង​ទឹកអាល់កុលលាងដៃ​លាងដៃទេ ​ហើយ​ពួកគេ​រស់នៅ​កៀក​ជាប់ៗ​គ្នា​ដែល​កាន់តែ​ធ្វើ​ឱ្យពួកគេងាយរងគ្រោះ ដោយជំងឺកូវីដ​១៩។

អង្គការ​សិទ្ធិមនុស្ស​នេះ ​ក៏ឆ្លៀតឱ​កាស​អំពាវ​នាវ​ឱ្យ​ដោះ​លែង​អ្នក​ទោស​នយោបាយ​នានា​ និងអ្នកកា​រ​ពារ​សិទ្ធិ​មនុស្សផង​ដែរ។​

លោក ហ្វីល រ៉ូបឺតសុន​ បាន​អំពាវនាវដល់​សហគមន៍​ផ្តល់ជំនួយ​ថា៖ «ម្ចាស់​ជំនួយ​បរទេស​គួរតែ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរពតាម​ការណែនាំ​អន្តរជាតិ​(ពី​គោលការណ៍​ទប់ស្កាត់​ជំងឺ​កូវីដ​១៩)​និង​និយាម​សិទ្ធិ​មនុស្សដោយសារតែ​វាមិនត្រឹមតែ​ផ្តល់​ផលប្រយោជន៍ដ៏ល្អ​ដល់​អ្នកទោស​និង​បុគ្គលិក​ពន្ធនាគារ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែក៏​ដល់ពលរដ្ឋ​កម្ពុជាផង​ដែរ»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG