ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មានមនុស្ស១៥នាក់បានស្លាប់នៅក្នុងអគ្គីភ័យដ៏ធំមួយដែលឆេះជំរំជនភៀសខ្លួន Rohingya នៅក្នុងប្រទេសបង់ក្លាដែស ខណៈដែលមនុស្សយ៉ាងហោចណាស់ ៤០០ នាក់នៅបាត់ខ្លួននៅឡើយ។
លោក Johannes Van der Klaauw មន្ត្រីឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនដែលបានចូលរួមនៅក្នុងសន្និសីទសារព័ត៌មានសង្ខេបតាមអ៊ីនធឺណិតនៅទីក្រុងហ្សឺណែវនិយាយថា៖ «វាជាអគ្គីភ័យដ៏ធំធេង ហើយអន្តរាយណាស់។មនុស្ស៤០០នាក់ទៀតបាត់ខ្លួន ដែលប្រហែលជាជាប់ក្នុងគំនរបាក់បែក»។ លោកបាននិយាយថា ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនមានរបាយការណ៍អំពីមនុស្សជាង ៥៥០ នាក់បានរងរបួស និងប្រហែល៤៥.០០០នាក់បានផ្លាស់ទីលំនៅ។
មន្រ្តីបង់ក្លាដែសកំពុងស៊ើបអង្កេតមូលហេតុនៃការឆាបឆេះនេះ ហើយមន្ត្រីជួយសង្គ្រោះ និងក្រុមគ្រួសារជនរងគ្រោះបានដើររើកម្ទេចកំទីដើម្បីរកជនរងគ្រោះបន្ថែមទៀត។ អគ្គីភ័យនេះបានឆាបឆេះជំរំ Balukhali ក្បែរទីប្រជុំជន Cox's Bazar នៅភាគអាគ្នេយ៍កាលពីល្ងាចថ្ងៃច័ន្ទដោយឆេះរាលដាលជម្រករាប់ពាន់ ខណៈជនភៀសខ្លួននាំគ្នាប្រមូលទ្រព្យសម្បត្តិរបស់ពួកគេ។
លោក Aman Ullah ដែលជាជនភៀសខ្លួន Rohingya មកពីជំរំ Balukhali ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «អ្វីៗអន្តរាយអស់ហើយ។ មនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែងទេ។ អគ្គីភ័យត្រូវបានពន្លត់ ក្រោយពីឆេះរយៈពេល៦ម៉ោង ប៉ុន្តែផ្នែកខ្លះនៃជំរំនេះនៅមានផ្សែងពេញមួយយប់»។
រហូតមកដល់ពេលនេះប៉ូលិសបានបញ្ជាក់ថា អ្នកស្លាប់មានចំនួន ៧ នាក់។
លោក Zakir Hossain Khan មន្ត្រីប៉ូលិសជាន់ខ្ពស់ បានប្រាប់ Reuters តាមទូរស័ព្ទពីជំរំនោះថា៖ «គេនៅមិនទាន់ដឹងអំពីមូលហេតុដែលបណ្តាលឲ្យមានអគ្គីភ័យនេះនៅឡើយទេ ហើយអាជ្ញាធរកំពុងស៊ើបអង្កេត។
លោក Sanjeev Kafley ប្រធានគណៈប្រតិភូសហព័ន្ធអន្តរជាតិនៃកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមប្រចាំនៅប្រទេសបង់ក្លាដែសបាននិយាយថា ជម្រកជាង១៧.០០០ត្រូវបានបំផ្លាញ ហើយមនុស្សរាប់ម៉ឺននាក់បានផ្លាស់ទីលំនៅ។
លោក Kafley បាននិយាយថា បុគ្គលិកនិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមជាងមួយពាន់នាក់បានធ្វើការជាមួយទីភ្នាក់ងារពន្លត់អគ្គីភ័យដើម្បីពន្លត់អគ្គិភ័យដែលរាលដាលនៅផ្នែកចំនួនបួននៃជំរំដែលមានមនុស្សប្រមាណ១២៤.០០០នាក់៕