បន្ទាប់ពីមានការឃុំខ្លួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណ ២២០នាក់នៅក្រុង Jammu ភាគខាងជើងប្រទេសឥណ្ឌា ប៉ូលិសបានចេញសេចក្ដីថ្លែងការណ៍មួយឲ្យដឹងថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំងនោះនឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ។ ការណ៍នេះបានបង្កឲ្យមានការព្រួយបារម្ភនៅក្នុងចំណោមសហគមន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានរត់គេចចេញពីអំពើហិង្សាប្រល័យពូជសាសន៍នៅមីយ៉ាន់ម៉ា ទៅជ្រកកោននៅឥណ្ឌា។
ប៉ូលិសបានប្រាប់ទៅក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ារស់នៅតំបន់សំណង់អនាធិបតេយ្យនៅក្រុង Jammu ថា ជនរ៉ូហ៊ីងយ៉ាត្រូវបានចាប់ឃុំខ្លួន ដើម្បីបញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។ ជនភៀសខ្លួនទាំងនោះបានអំពាវនាវសុំមិនឲ្យរដ្ឋាភិបាលឥណ្ឌាបញ្ជូនពួកគេត្រឡប់ទៅមីយ៉ាន់ម៉ាវិញទេ ដោយពួកគេលើកឡើងថា ជីវិតរបស់ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់នៅទីនោះ។
បន្ទាប់ពីស្វាមីអាយុ២៨ឆ្នាំឈ្មោះ Abdul Adli ត្រូវបានឃុំខ្លួន អ្នកស្រី Minara Begum ជនជាតិរ៉ូហ៊ីងយ៉ា ដែលកំពុងរស់នៅតំបន់ Kiryani Talab នៃក្រុង Jammu បាននិយាយថា៖ «ប្តីរបស់ខ្ញុំត្រូវបានគេឃុំខ្លួន ទោះបីជាគាត់មានបណ្ណជនភៀសខ្លួនផ្តល់ដោយទីភ្នាក់ងារការពារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR ក៏ដោយ។ ប៉ូលិសបាននិយាយដូច្នេះទៅកាន់ជនរ៉ូហ៊ីងយ៉ាដទៃទៀតថា គាត់នឹងត្រូវបញ្ជូនខ្លួនទៅមីយ៉ាន់ម៉ាវិញ។ គ្មានជនរ៉ូហ៊ីងយ៉ាណាម្នាក់ចង់ត្រឡប់ទៅមីយ៉ាន់ម៉ាវិញនោះទេ។ មីយ៉ាន់ម៉ានៅតែជាកន្លែងដែលមិនទាន់មានសុវត្ថិភាពសម្រាប់យើងនោះទេ»។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំបារម្ភខ្លាំងណាស់ មិនដឹងថា ប្តីរបស់ខ្ញុំនឹងវិលត្រឡប់មកជួបពួកយើងវិញបានឬក៏អត់ទេ។ គាត់ធ្វើការស៊ីឈ្នួលរកចំណូលរស់មួយថ្ងៃគិតមួយថ្ងៃ ហើយគាត់ជាអ្នករកចំណូលតែម្នាក់គត់សម្រាប់ផ្គត់ផ្គង់គ្រួសារនេះ។ ខ្ញុំមិនដឹងថា នឹងរស់នៅតែម្នាក់ឯងជាមួយនឹងកូនតូចពីរនាក់ទៀតយ៉ាងដូចម្តេចនោះទេ»។
ជនភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមបានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសនៅជិតខាង និងបណ្តាប្រទេសដទៃទៀតរួមទាំងឥណ្ឌាផងដែរ ដើម្បីគេចពីការរើសអើង អំពើហិង្សា និងភាពក្រីក្រ។ កាលពីឆ្នាំមុន មានការប៉ាន់ប្រមាណថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល ៤ម៉ឺនាក់បានរស់នៅតាមបណ្តារដ្ឋផ្សេងៗនៅក្នុងប្រទេសឥណ្ឌា។ ហើយជនរ៉ូហ៊ីងយ៉ាប្រមាណ ៦.៥០០នាក់រស់នៅក្នុងក្រុង Jammu។
ទោះបីជាយ៉ាងណាក៏ដោយ ភាពមិនពេញចិត្តទៅនឹងជនរ៉ូហ៊ីងយ៉ាបានកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅតំបន់កាន់សាសនាហិណ្ឌូនៃប្រទេសឥណ្ឌា បន្ទាប់ពីគណបក្សហិណ្ឌូជាតិនិយម Bharatiya Janata Party (BJP) បានចូលកាន់អំណាចនៅឆ្នាំ ២០១៤។ គណបក្សកាន់អំណាចនេះចាត់ទុកជនរ៉ូហ៊ីងយ៉ាជាជនចំណាកស្រុកខុសច្បាប់ និងជាហានិភ័យផ្នែកសន្តិសុខ។ កាលពីឆ្នាំ ២០១៧ នៅក្រុង Jammu មេដឹកនាំគណបក្ស BJP បានធ្វើយុទ្ធនាការមួយ ដោយទាមទារឲ្យជនរ៉ូហ៊ីងយ៉ាទាំងអស់ ដែលរស់នៅក្នុងតំបន់សំណង់អនាធិបតេយ្យ និងប្រកបរបបចិញ្ចឹមជីវិតដោយស៊ីឈ្នួលឲ្យគេ ត្រូវចាកចេញពីក្រុងនេះ។
កាលពីថ្ងៃទី០៦ ខែមីនា ប៉ូលិសនៅក្រុង Jammu បានកោះហៅជនភៀសខ្លួនមួយចំនួន ដោយនិយាយថា ព័ត៌មានលម្អិតពីរូបសណ្ឋានរបស់ពួកគេនឹងត្រូវប្រមូលកត់ត្រាទុក។ បន្ទាប់ពីជនភៀសខ្លួនទៅដល់កន្លែងកោះហៅ ពួកគេត្រូវបានឃុំខ្លួននៅទីនោះ។ ប៉ូលិសក៏បានចាប់ខ្លួនជនភៀសខ្លួនដទៃទៀតពីតំបន់ដែលពួកគេរស់នៅផងដែរនៅក្រុង Jammu និងនៅសង្កាត់ Samba ក្បែរនោះ។ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រូវបានឃុំខ្លួននៅមណ្ឌលឃុំឃាំងជាប់នោះ។
លោក Mukesh Singh អគ្គអធិការនគរបាលឥណ្ឌា បាននិយាយថា បន្ទាប់ពីសញ្ជាតិជាជនរ៉ូហ៊ីងយ៉ារបស់ពួកគេត្រូវបានបញ្ជាក់រួចរាល់ហើយ ពួកគេនឹងត្រូវបញ្ជូនខ្លួនត្រឡប់ទៅមីយ៉ាន់ម៉ាវិញ។
ដោយព្រួយបារម្ភពីការចាប់ខ្លួន ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់រយនាក់គ្រោងនឹងភៀសខ្លួនចេញពីក្រុង Jammu ដើម្បីស្វែងរកកន្លែងសុវត្ថិភាព។ ប៉ុន្តែ សាក្សីបាននិយាយថា ប៉ូលិសបានឡោមព័ទ្ធជំរំរបស់ពួកគេ ហើយមិនឲ្យពួកគេចាកចេញនោះទេ។
លោក Azizur Rahman ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមួយរូប ដែលរស់នៅតំបន់សំណង់អនាធិបតេយ្យក្នុងក្រុង Jammu ជាមួយនឹងភរិយា និងកូនបីនាក់ បានប្រាប់ VOA ថា៖ «សាច់ញាតិរបស់ខ្ញុំបីនាក់ត្រូវបានឃុំខ្លួន។ ប៉ូលិសបាននិយាយថា បណ្ណរបស់អង្គការ UNHCR មិនអាចជួយរារាំងជនរ៉ូហ៊ីងយ៉ាពីការបញ្ជូនខ្លួនត្រឡប់ទៅវិញនោះទេ ហើយថា នៅទីបំផុតក្រុង Jammu នឹងលែងមានជនរ៉ូហ៊ីងយ៉ាទៀតហើយ។ ខ្ញុំបារម្ភថា គ្រួសាររបស់ខ្ញុំនឹងត្រូវចាប់ខ្លួននាពេលឆាប់ៗនេះ។ ហើយនេះនឹងក្លាយជារឿងអាក្រក់មួយ ប្រសិនបើយើងត្រូវបានចាប់ខ្លួន ហើយបន្ទាប់មកត្រូវបានបញ្ជូនត្រឡប់ទៅមីយ៉ាន់ម៉ាវិញនោះ»។
លោកបានបន្តថា៖ «ដូចគ្រួសារជនរ៉ូហ៊ីងយ៉ាជាច្រើនទៀតដែរ នៅក្រុង Jammuគ្រោងធ្វើដំណើរទៅក្រុងដែលី ហើយសម្រេចបន្តដំណើរទៅប្រទេសបង់ក្លាដែស។ ប៉ុន្តែប៉ូលិសបានបញ្ឈប់ពួកយើង។ យើងមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីជំរំនោះទេ»។
លោក Mohammad Sirajul មេដឹកនាំសហគមន៍យុវជនរ៉ូហ៊ីងយ៉ា ដែលកំពុងរស់នៅជំរំជនភៀសខ្លួននៅក្រុងដែលី បាននិយាយថា យោងតាមបរិបទមនុស្សធម៌ ការបន្តបង្រ្កាបមកលើជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅឥណ្ឌាគឺជារឿងអយុត្តិធម៌។
លោក Sirajul បានចោទសួរថា៖ «ដោយសារតែគ្រប់ជនរ៉ូហ៊ីងយ៉ាទាំងអស់មិនត្រូវបានទទួលស្គាល់នៅមីយ៉ាន់ម៉ា គ្មាននរណាម្នាក់ពីសហគមន៍របស់យើងអាចទទួលបានលិខិតឆ្លងដែនមីយ៉ាន់ម៉ានោះទេ។ ប៉ូលិសនៅឥណ្ឌាបានសួររកលិខិតឆ្លងដែន និងទិដ្ឋាការឥណ្ឌារបស់ពួកយើង។ តើយើងអាចមានលិខិតឆ្លងដែន និងទិដ្ឋាការយ៉ាងដូចម្តេច នៅពេលដែលយើងមិនមានសូម្បីតែរដ្ឋរស់នៅជាផ្លូវការផងនោះ?»។
លោកបានបន្តថា៖ «យើងបានភៀសខ្លួនចេញពីមីយ៉ាន់ម៉ា ដើម្បីគេចចេញពីយុទ្ធនាការប្រល័យពូជសាសន៍ប្រឆាំងនឹងសហគមន៍របស់យើងនៅទីនោះ។ ពិភពលោកទាំងមូលចាត់ទុកពួកយើងជា «ក្រុមជនភាគតិចដែលរងការធ្វើទុក្ខបុកម្នេញខ្លាំងបំផុតនៅលើពិភពលោក»។ ប៉ុន្តែយើងកំពុងរងការចាប់ឃុំខ្លួននៅឥណ្ឌា»។
អង្គការគាំពារសិទ្ធិមនុស្សនិយាយថា ស្ថានភាពនៅមីយ៉ាន់ម៉ានៅតែមិនទាន់អំណោយផលសម្រាប់ជនភាគតិចរ៉ូហ៊ីងយ៉ានោះទេ ហើយបានអំពាវនាវឲ្យរដ្ឋាភិបាលឥណ្ឌាបញ្ឈប់គម្រោងបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ។
អ្នកស្រី Meenaksi Ganguly នាយិកាអង្គការ Human Rights Watch ទទួលបន្ទុកតំបន់អាស៊ីខាងត្បូង និយាយថា រាល់ផែនការណាមួយនៅក្នុងការបញ្ជូនជនរ៉ូហ៊ីងយ៉ាដោយបង្ខំទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ នឹងធ្វើឲ្យពួកគេធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់យោធា ដែលពួកគេបានព្យាយាមគេចវេះ។
អ្នកស្រី Ganguly បានថ្លែងថា៖ «យោធាមីយ៉ាន់ម៉ា ដែលតែងតែធ្វើការរំលោភបំពានជាយូរមកហើយ កាន់តែធ្វើសកម្មភាពដោយគ្មានច្បាប់ទម្លាប់ នៅពេលពួកគេចូលកាន់អំណាចឡើងវិញក្នុងពេលបច្ចុប្បន្ននេះ។ រដ្ឋាភិបាលឥណ្ឌាគួរតែគោរពកាតព្វកិច្ចរបស់ខ្លួនតាមច្បាប់អន្តរជាតិ ដើម្បីការពារជនដែលត្រូវការការជ្រកកោននៅក្នុងប្រទេសខ្លួន។ ការគាបសង្កត់កាន់តែឃោរឃៅដោយយោធាមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារ ធ្វើឲ្យជនរ៉ូហ៊ីងយ៉ាដែលត្រូវត្រឡប់ទៅវិញ ប្រឈមខ្លាំងនឹងការរំលោភបំពាន»។
លោកបានបន្តថា៖ «ជាជាងការដាក់ជីវិតមនុស្សឲ្យប្រឈមនឹងគ្រោះថ្នាក់ ឥណ្ឌាគួរចូលរួមជាមួយនឹងរដ្ឋាភិបាលដទៃទៀតនៅក្នុងការជំរុញរដ្ឋាភិបាលយោធា[មីយ៉ាន់ម៉ា]ឲ្យស្តារគោលការណ៍លទ្ធិប្រជាធិបតេយ្យឡើងវិញ»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា