ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បង់ក្លាដែស​ចាប់ផ្តើម​ប្តូរ​ទីតាំង​របស់​ក្រុម​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ប្រមាណ​១​ពាន់នាក់ ក្នុង​ក្រុម​ទី២


រូបឯកសារ៖ ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នាំ​គ្នា​ឡើង​ជិះនាវា​មួយ​គ្រឿង​ ដើម្បី​ប្ដូរ​ទៅ​រស់នៅ​លើ​កោះ ​Bhasan Char នៅ​បង់ក្លាដែស ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។

ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃចន្ទ​បាន​អនុវត្ត​គម្រោង​ដឹក​ជញ្ជូន​ជន​ភៀស​ខ្លួនរ៉ូហ៊ីងយ៉ា​ទៅ​ដាក់​នៅ​កោះ​មួយ​ ​ក្នុង​តំបន់​ឈូង​សមុទ្រ Bengal ទោះ​បី​ជា​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សកម្មជន​សិទ្ធិមនុស្ស​ ចំពោះ​ការ​ផ្ទេរ​នេះ​យ៉ាង​ណាក្តី។​

រដ្ឋមន្រ្តី​ក្រសួង​ការបរទេសបង់ក្លាដែស​ លោក​ Abdul Momen បាន​លើក​ឡើង​ថា​ ជន​ភៀស​ខ្លួន​ចំនួន​ប្រមាណ​១០០០នាក់​ នឹង​ត្រូវ​គេ​ដឹក​ជញ្ជូន​ចេញ​ទៅ​កាន់​តំបន់​កោះ​ដែល​លោក​ហៅ​ថា​ ជា​តំបន់​«កំសាន្ត​ដ៏​ស្អាត​ប្រណិត​» នោះ។

លោក ​Momen ថ្លែង​បន្ត​ថា​ កោះ​នោះ​មាន​លក្ខណៈ​ប្រសើរ​ជាង​តំបន់​ដែល​ពួក​គេ​កំពុង​រស់​នៅ​សព្វ​ថ្ងៃនេះ​ដល់ទៅ​១០០​ដង​ ហើយ​ថា​ជន​ភៀស​ខ្លួន​ទាំង​នោះ​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​រើ​ជញ្ជូន​ពួក​គេ​ទៅ​កាន់កោះ Bhashan Char​ នោះ​ផង​ដែរ។

ប៉ុន្តែ​ក្រុម​ជន​ភៀស​ខ្លួន​ និង​អ្នក​ធ្វើ​ការ​មនុស្ស​ធម៌​ បាន​និយាយ​ថា​ ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​មួយ​ចំនួន​ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ទទួល​យក​ការ​ទៅ​រស់​នៅ​ទី​នោះ។

កាល​ពី​ដើម​ខែ​ធ្នូ​នេះ​ ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ក្នុង​ក្រុម​ទី​១​ ប្រមាណ​ជាង​១៦០០​នាក់​ ដែល​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​នោះ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់កោះ Bhashan Char ដែល​ស្ថិត​ក្នុងភូមិសាស្ត្រ​តំបន់​ទំនាប​។​

ទី​ភ្នាក់​ងារមនុស្ស​ធម៌​ក្នុង​ស្រុក​និង​អន្តរជាតិ​ជា​ច្រើន​ ក៏​ដូច​ជា​ក្រុម​សិទ្ធិ​មនុស្ស​ផង​ដែរ​នោះ​ បាន​ជំទាស់ចំពោះ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ទៅ​កាន់កោះ​នោះ​ ដោយ​ពួក​គេ​លើក​ឡើង​ថា​ តំបន់​កោះ​ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​ដី​គោក​រាប់​ម៉ោងក្នុង​ការធ្វើ​ដំណើរ​តាម​ទូក​នោះ ជា​តំបន់​ដែល​ងាយ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ហើយ​អាច​ប្រឈម​នឹង​ខ្យល់​ព្យុះ​ញឹក​ញាប់ និង​ជា​តំបន់​ដែល​អាច​លិច​នៅ​ពេល​ទឹកជោរ។

​កោះ​ Bhashan Char ទើប​បាន​ដុះចេញ​ពី​សមុទ្រ​កាល​ពី​២០​ឆ្នាំ​មុន​ ហើយមិន​ដែល​មាន​មនុស្ស​រស់នៅ​ទេ។​

ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ជាង ៧សែន​ ៣ម៉ឺន​នាក់ បាន​រត់​ភៀស​ខ្លួន​ចេញ​ ពីរដ្ឋ Rakhine (រ៉ាក់ខាញ) ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​មីយ៉ាន់ម៉ា​ និង​ដែល​មាន​អ្នកកាន់​ព្រះ​ពុទ្ធសាសនា​ភាគច្រើន​។ ក្រុម​ជន​រ៉ូហ៊ីងយ៉ា​ទាំង​នេះ​ បាន​រត់ភៀស​ខ្លួនទៅ​កាន់​ប្រទេស​បង់​ក្លាដែស​ដែលនៅ​ជិតខាង ​ក្រោយពីក្រុម​កងជីវពលរ៉ូហ៊ីងយ៉ា​ធ្វើ​ការ​វាយ​ប្រហារ​ប្រឆាំង​នឹងកងកម្លាំង​សន្តិសុខ​របស់​រដ្ឋ​ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧ ដែល​នាំ​ឲ្យមាន ​«ប្រតិបត្តិការ​បោស​សម្អាត» ដោយកម្លាំង​យោធា​ដ៏​ឃោរ​ឃៅ ដែល​អង្គការ​សហប្រជា​ជាតិ​ហៅ​ថា​ ជា​ការ​បោះ​សម្អាត​ជាតិ​សាសន៍​នោះ។​

ប្រទេស​មីយ៉ាន់​ម៉ា​ បាន​បដិសេធ​ជា​ច្រើនលើក​ច្រើន​សារ​ពី​បទ​ចោទ​ថា​ខ្លួន​ បានបោស​សម្អាតជន​ជាតិ​ភាគ​តិចនោះ ដោយលើក​ឡើង​ថា​ កង​ទ័ព​របស់​ខ្លួន មាន​គោល​ដៅ​វាយ​ប្រហារ​ទៅ​លើ​កង​ជីវពល​រ៉ូហ៊ីងយ៉ា​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG