ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ៖ ជន​ស៊ីវិលនិង​បុគ្គលិក​មនុស្សធម៌​ត្រូវ​ការ​ការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព​នៅ​អ៊ុយក្រែន


ស្ត្រី​ម្នាក់​បញ្ចុក​ម្ហូប​ដល់​កូនស្រី​របស់​គាត់​ ក្រោយ​ពី​រត់ភៀសខ្លួន​ចេញ​ពី​អ៊ុយក្រែន មក​ដល់​ប្រទេស​ប៉ូឡូញ ថ្ងៃទី៧ ខែមីនា​ ឆ្នាំ២០២២។ (AP Photo/Visar Kryeziu)

ប្រធាន​ផ្នែក​មនុស្សធម៌​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​ឱ្យ​មាន​ការធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​សម្រាប់​ជន​ស៊ីវិល​ដែល​រត់ភៀស​ខ្លួន​ពី​ប្រទេស​អ៊ុយក្រែន និង​សម្រាប់​បុគ្គលិក​មនុស្សធម៌​ដែល​ផ្តល់​ជំនួយ​បន្ទាន់​ទៅ​ដល់​ប្រទេស​នេះ។

លោក Martin Griffiths បាន​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា៖ «ភាគី​ទាំង​សង​ខាង​ត្រូវតែ​យកចិត្ត​ទុកដាក់​ដើម្បី​បញ្ចៀស​ការប៉ះពាល់​ដល់​ជនស៊ីវិល​និង​ផ្ទះ​សម្បែង​របស់​ជន​ស៊ីវិល និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​ប្រតិបត្តិការ​យោធា​របស់​ពួកគេ។ ការណ៍​នេះ​រួមទាំង​ការអនុញ្ញាត​ឱ្យ​មាន​ការ ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​ជន​ស៊ីវិល​ដែល​ចាកចេញ​ពី​កន្លែង​មាន​អរិភាព​ខ្លាំង​ដោយ​ផ្អែក​លើ​ការស្ម័គ្រចិត្ត​របស់​ពួក​គេ​នៅ​ក្នុង​ទិសដៅ​ដែល​ពួកគេ​ជ្រើសរើស។ ជនស៊ីវិល​ទាំង​អស់​មិន​ថា​ពួកគេ​ស្នាក់នៅ​ឬ​ចាកចេញ​នោះ​ទេ​ត្រូវ​តែ​ទទួល​បាន​ការការពារ​និង​ការគោរព»។

កិច្ចប្រឹងប្រែង​ដោយ​ភាគី​ទាំង​សងខាង​ក្នុង​ការជម្លៀស​មនុស្ស​ប្រមាណ ២០០.០០០ នាក់​ពី​ទីក្រុង Mariupol ភាគ​ខាង​ត្បូង​បាន​បរាជ័យ។ ភាគី​ទាំង​សង​ខាង បាន​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក។

លោក Griffiths ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ច្រក​សុវត្ថិភាពសម្រាប់​ការដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ចូល​ក្នុងតំបន់​មាន​ជម្លោះផង​ដែរ។

លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ជន​ស៊ីវិល​នៅ​ក្នុង​ទីកន្លែង​ដូចជា​ទីក្រុង Mariupol ទីក្រុងKharkiv ទីក្រុង Melitopolនិង​កន្លែង​ផ្សេង​ទៀត​ត្រូវការ​ជំនួយ​យ៉ាង​ខ្លាំង ជាពិសេស​គ្រឿងបរិក្ខាពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត»។ លោក​បាន​ជំរុញ​ឱ្យ​ភាគី​ទាំង​សងខាង​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ដែល​មាន​នៅ​ក្នុង​ច្បាប់​ស្តី​ពី​សង្គ្រាម។

លោក Griffiths បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ទី៣ យើង​ត្រូវការ​ជា​បន្ទាន់​នូវ​ប្រព័ន្ធ​ទំនាក់ទំនង​ជា​ប្រចាំ​មួយ​ជាមួយ​នឹង​ភាគី​ទាំង​សង​ខាង​ដែល​មាន​ជម្លោះ និង​ការធានា​ថា នឹង​អនុញ្ញាត​ឱ្យ​មាន​ការផ្តល់​ជំនួយ​មនុស្សធម៌។ ប្រព័ន្ធ​ជូន​ដំណឹង​ពី​ជំនួយ​មនុស្សធម៌​អាច​គាំទ្រ​ដល់​ការផ្តល់​ជំនួយ​ក្នុង​កម្រិត​ដែល​ត្រូវ​ការ»។

មន្ត្រី​អង្គការ​សហប្រជាជាតិ​មួយ​ក្រុម​តូច​មកពី​ផ្នែក​កិច្ចការ​មនុស្សធម៌​បាន​ទៅ​ដល់​ទីក្រុង​មូស្គូ​ដើម្បី​ចរចា​ជាមួយ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​រុស្ស៊ី​សម្រាប់​កិច្ចសហការ​យោធា-ស៊ីវិល និង​ការ​ចែករំលែក​ព័ត៌មាន​សម្រាប់​ការដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ប្រកប​ដោយ​សុវត្ថិភាព។

ទោះ​ជា​មាន​ការ​ប្រឈម​និង​គ្រោះ​ថ្នាក់​ខ្លាំង​ក៏​ដោយ ក៏​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​និង​ដៃគូ​កំពុង​បង្កើន​ការ​ឆ្លើយតប​របស់​ខ្លួន​និង​ផ្តល់​អាហារ ទឹក គ្រឿង​បរិក្ខា​ពេទ្យ ភួយ​និង​សម្ភារៈ​ផ្សេងៗ​ទៀត​នៅ​ផ្នែក​ជាច្រើន​ក្នុង​ប្រទេស​អ៊ុយក្រែន៕

ប្រែសម្រួល​ដោយ​លោក​ជឹង ប៉ូជីន

XS
SM
MD
LG