ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ប្រព័ន្ធ​ផ្សព្វផ្សាយ​​អាមេរិក​​ថា រុស្ស៊ី​ស្នើ​សុំ​ជំនួយ​យោធា​ចិន​​​នៅ​ក្នុង​សង្គ្រាម​ជា​មួយ​​អ៊ុយក្រែន​​​


រូប​ឯកសារ៖ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោកJake Sullivan ធ្វើ​បច្ចុប្បន្នភាព​អំពី​ស្ថានភាព​នៅ​អ៊ុយក្រែន ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេតវិមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (AP)

ប្រទេស​រុស្ស៊ីបាន​ស្នើសុំ​ប្រទេស​ចិនឲ្យ​ផ្តល់​ជំនួយ​ផ្នែក​យោធា​និង​សេដ្ឋកិច្ច​ក្នុង​ការធ្វើ​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយក្នុង​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញគឺប៉ុន្មាន​ម៉ោង ក្រោយពី​សេតវិមាន បាន​ព្រមានរដ្ឋាភិបាល​ក្រុង​ប៉េកាំងថា នឹង​អាច​ប្រឈម​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិន​បើ ចិន​ជួយ​រុស្ស៊ី​ប្រឆាំង​នឹង​ការដាក់​ទណ្ឌកម្មទាំង​នោះ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រុម​មន្ត្រី​អាមេរិក បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា រុស្ស៊ី​បាន​ស្នើ​សុំ​ឧបករណ៍​យោធា​និង​ការគាំទ្រ​ពី​សម្ពន្ធមិត្ត​ដ៏​សំខាន់​របស់​ខ្លួន​គឺ​ប្រទេស​ចិន។

រដ្ឋាភិបាល​ក្រុង​មូស្គូ ក៏​បាន​ស្នើ​សុំ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នូវ​ជំនួយ​សេដ្ឋកិច្ច​ដើម្បី​ប្រឆាំងនឹង​ការដាក់​ទណ្ឌកម្មរបស់​ប្រទេស​លោក​ខាង​លិចជា​ច្រើន​ផង​ដែរ។ នេះ​បើ​តាម​កាសែត The New York Times ដែល​បាន​ដកស្រង់​សម្តី​ពី​មន្ត្រី​ដែល​មិនប្រាប់​ឈ្មោះ។

មន្ត្រី​ទាំង​នោះ បាន​បដិសេធ​មិន​ពន្យល់​លម្អិត​ថា តើ​ហេតុអ្វី​បាន​ជា​រុស្ស៊ីស្នើ​សុំ​ជំនួយ​ពី​ចិន​ហើយ​ថា​តើ​ចិន​បាន​យល់​ព្រម​តាម​ការស្នើសុំ​របស់​រុស្ស៊ី​នោះ​ដែរ​ឬទេ។ នេះ​បើ​តាមសេចក្តី​រាយការណ៍​នោះ។

អ្នក​នាំពាក្យស្ថានទូត​ចិនក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ប្រាប់​សារព័ត៌មានថា «ខ្ញុំ​មិន​ដែល​ឮ​រឿងនឹង​ទេ» នៅ​ពេល​សាក​សួរ​អំពីការ​ស្នើ​សុំ​របស់​រុស្ស៊ី​នោះ។

សេចក្តី​រាយការណ៍​នោះ កើត​មាន​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​សេតវិមាន ប្រកាស​ថា គណៈប្រតិភូ​ជាន់​ខ្ពស់​អាមេរិក នឹង​ជួប​ជាមួយមន្ត្រី​ជាន់​ខ្ពស់​ចិននៅ​ក្នុង​ទីក្រុង​រ៉ូម​នៃ​ប្រទេស​អ៊ីតាលី​នៅ​ថ្ងៃ​ចន្ទ​នេះ។

រូប​ឯកសារ៖ ​ប្រមុខការ​ទូត​នៃ​បក្ស​កុម្មុយនីស្ត​ចិន​ លោកYang Jiechi ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុង​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន កាល​ពី​ថ្ងស​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២០។ (Reuters)
រូប​ឯកសារ៖ ​ប្រមុខការ​ទូត​នៃ​បក្ស​កុម្មុយនីស្ត​ចិន​ លោកYang Jiechi ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុង​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន កាល​ពី​ថ្ងស​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២០។ (Reuters)

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក​ Jake Sullivan និងប្រមុខការ​ទូត​នៃ​បក្ស​កុម្មុយនីស្ត​ចិន​ លោក Yang Jiechi «នឹង​ពិភាក្សា​ពី​កិច្ចខំ​ប្រឹងប្រែង​បន្ត​រៀបចំការប្រកួត​ប្រជែង​រវាង​ប្រទេស​យើង​ទាំង​ពីរ​និង​ពិភាក្សាពីផលប៉ះពាល់នៃ​សង្គ្រាមរបស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែនក្នុង​ក្របខណ្ឌ​សន្តិសុខ​ក្នុង​តំបន់​និង​សាកលលោក»។ នេះ​បើតាម​អ្នក​នាំ​ពាក្យ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក​ស្រី Emily Horneដែល​បាន​បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា មិត្តភាព​របស់​ខ្លួនជា​មួយ​រុស្ស៊ីនៅ​តែ​រឹងមំា បើ​ទោះបី​ជា​មាន​ការថ្កោល​ទោស​ពី​អន្តរជាតិ​ប្រឆាំង​នឹង​រុស្ស៊ីក្តី ហើយ​បានបង្ហាញ​នូវការបើក​ចំហ​ដើម្បី​ធ្វើ​ជា​អាជ្ញាកណ្តាល​ដើម្បី​ជួយ​បញ្ចប់សង្គ្រាមក្នុង​ប្រទេស​អ៊ុយក្រែន​ផង​ដែរ៕

XS
SM
MD
LG