ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈប្រតិភូ​អ៊ុយក្រែន​និង​រុស្ស៊ីបន្ត​ការចរចា​សន្តិភាព​នៅ​ថ្ងៃ​ចន្ទ


រូបឯកសារ៖ គណៈប្រតិភូ​រុស្ស៊ី និង​អ៊ុយក្រែន​ជួប​ចរចា​គ្នា​នៅ​​ជិត​ព្រំដែន​រវាង​ប៉ូឡូញ និង​បេឡារុស ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។ (Maxim Guchek/BelTA Pool Photo via AP)
រូបឯកសារ៖ គណៈប្រតិភូ​រុស្ស៊ី និង​អ៊ុយក្រែន​ជួប​ចរចា​គ្នា​នៅ​​ជិត​ព្រំដែន​រវាង​ប៉ូឡូញ និង​បេឡារុស ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។ (Maxim Guchek/BelTA Pool Photo via AP)

មនុស្ស​យ៉ាង​តិចណាស់​ក៏៣៥នាក់​ដែរ បាន​ស្លាប់​ហើយ​១៣៤នាក់​ទៀត​បាន​រងរបួស​នៅ​ក្នុង​ការវាយ​ប្រហារ​លើ​មជ្ឈមណ្ឌល​សម្រាប់​ថែរក្សា​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា លោកបានធ្វើ«ការព្រមាន​យ៉ាង​ច្បាស់»ដល់​ក្រុម​មេដឹកនាំ​ប្រទេស​លោក​ខាង​លិច​អំពី​លទ្ធភាព​នៃ​ការវាយ​ប្រហារ​ទៅលើ​ទីតាំង​យោធា​នោះ​ជា​ទីកន្លែង​ដែល​អង្គភាព​អង្គការ​អូតង់​ហ្វឹកហាត់​ជាមួយ​កងទ័ព​អ៊ុយក្រែន។

អ្នក​ត្រូវ​របួស​ជា​ច្រើន បាន​ត្រូវ​គេ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​នៅ​ក្នុង​ទីក្រុង Novoiavorisk ជា​ទី កន្លែង​ដែល​អ្នក​រងរបួស​ខ្លះ បាន​ត្រូវ​ផ្ទេរ​ទៅកាន់​មន្ទីរ​ពេទ្យ​ធំ​ៗ​នៅ​ក្នុង​តំបន់។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា លោក​បាន​ប៉ុនប៉ង​រៀបចំ​ជំនួប​មួយ​ជាមួយ​លោក Putin ក៏ប៉ុន្តែ មិន​បាន​ទទួល​ជោគជ័យ ថ្វីបើ​គណៈប្រតិភូ​អ៊ុយក្រែន​និង​រុស្ស៊ី ពិភាក្សា​ជា​រៀងរាល់​ថ្ងៃដើម្បី​ធ្វើការ​រៀបចំ​របៀង​មនុស្ស​ធម៌​និង​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ក៏ដោយ។

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កម្មវិធីទូរទស្សន៍«Fox News Sunday»អនុ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ស្រី Wendy Sherman បាន​និយាយ​ថា សហរដ្ឋ​អាមេរិកកំពុង«ដាក់​សម្ពាធ​យ៉ាង​ខ្លាំង»លើ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ឲ្យ​យល់ព្រម​លើ​ការឈប់​បាញ់​គ្នា​នៅ​ក្នុង​ការឈ្លានពាន​ជា​ង២​សប្តាហ៍​របស់​ខ្លួន​លើ​ប្រទេស​អ៊ុយក្រែន។

លោក​ស្រី Sherman បាន​មាន​ប្រសាសន៍​ថា៖ «ការដាក់​សម្ពាធ​នេះ កំពុង​ចាប់ផ្តើម​មាន​ប្រសិទ្ធភាព​ខ្លះ។ យើង​កំពុង​ឃើញ​សញ្ញា​ខ្លះ​នៃ​ឆន្ទៈ​ឲ្យមាន​ការចរចាពិតប្រាកដ​និង​ប្រកប​ដោយ​ការយកចិត្ត​ទុកដាក់ ក៏ប៉ុន្តែ ខ្ញុំ​ត្រូវ​និយាយ​ថា ដូច​ដែល​អ្នក​យកព័ត៌មាន​របស់​លោក អ្នក​បាន​និយាយស្រាប់ រហូត​មក​ទល់​ពេល​នេះ លោក Vladimir Putin ហាក់ដូចជាមាន​បំណង​បំផ្លាញ​ប្រទេស​អ៊ុយក្រែន។ យើង​ចាំបាច់​ជួយ​ប្រជា​ពលរដ្ឋ​អ៊ុយក្រែន​គ្រប់​វិធី​ទាំង​អស់​ដែល​យើងអាច។

វីដេអូ​របស់​ទីភ្នាក់ងារ​គ្រាអាសន្ន​របស់​អ៊ុយក្រែន​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ បាន​បង្ហាញ​ពី​ពួក​អ្នក​ពន្លត់​អគ្គីភ័យ​បាន​ជួយ​សង្គ្រោះ​ស្ត្រី​វ័យចាស់ម្នាក់ពី​អាគារ​ Apartment​មួយខ្នង​ដែល​មាន​កម្ពស់៩ជាន់​នៅ​ក្នុង​រដ្ឋធានី​កៀវ​ដែល​រងការវាយ​ប្រហារ​ពី​កាំភ្លើង​ត្បាល់​របស់​រុស្ស៊ី។

ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន​លោក Anton Garashchenko បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា មនុស្ស​២នាក់​បាន​ត្រូវ​សម្លាប់​និង​៣នាក់​បាន​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

ក្នុង​ខណៈ​នោះ​ដែរ ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Jake Sullivan និង​មន្ត្រី​មកពី​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​និង​ក្រសួង​ការបរទេស​អាមេរិក គ្រោងជួប​នៅ​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ទីក្រុង​រ៉ូម​ជាមួយ​លោក Yang Jiechi នាយក​គណៈកម្មការ​កិច្ចការ​បរទេស​របស់​គណបក្ស​កុម្មុយនីស្ត​ចិន។

សេចក្តីរាយការណ៍​របស់​បណ្តាញ​ព័ត៌មាន បាន​លេចចេញកាលពី​ថ្ងៃ​អាទិត្យ​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ បាន​ស្នើ​ជំនួយ​យោធា​និង​សេដ្ឋកិច្ច​ពី​ប្រទេស​ចិន​សម្រាប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

មុននេះ​សេតវិមាន បាន​ព្រមាន​ចិន​ពី«ផលវិបាក​ធ្ងន់ធ្ងរ» ប្រសិនបើ ចិន ជួយ​រុស្ស៊ី​បញ្ចៀស​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នេះ៕

XS
SM
MD
LG