អ្នកស្រី Christine Schraner Burgener បេសកជនពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការប្រទេសមីយ៉ាន់ម៉ា បានព្រមានកាលពីថ្ងៃពុធថា «ស្ថានការណ៍បង្ហូរឈាមធ្ងន់ធ្ងរ ជិតកើតឡើងហើយ» ហើយ «សង្គ្រាមស៊ីវិល អាចនឹងកើតឡើង» នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រសិនបើការគ្រប់គ្រងបែបស៊ីវិល មិនត្រូវបានស្តារឡើងវិញទេនោះ។
អ្នកស្រី Schraner Burgener បានបញ្ជាក់ក្នុងកិច្ចប្រជុំបិទទ្វារមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធថា៖ «ខ្ញុំសូមអំពាវនាវដល់ក្រុមប្រឹក្សានេះ ឲ្យពិចារណាគ្រប់លទ្ធភាពទាំងអស់ដើម្បីចាត់វិធានការរួមគ្នា និងធ្វើអ្វីដែលត្រូវ អ្វីដែលប្រជាពលរដ្ឋមីយ៉ាន់ម៉ាសក្ដិសមនឹងទទួលបាន និងដើម្បីបង្ការមិនឲ្យមានមហន្តរាយធំធេងកើតឡើងនៅកណ្ដាលបេះដូងនៃទ្វីបអាស៊ី»។ នេះបើយោងតាមច្បាប់ចម្លងនៃសុន្ទរកថារបស់អ្នកស្រីដែល VOA ទទួលបាន។
អ្នកស្រីបាននិយាយថា អ្នកស្រីមានការភ័យខ្លាចថា ជម្លោះនេះ នឹងក្លាយជាការបង្ហូរឈាមកាន់តែខ្លាំងឡើង ស្របពេលដែលអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោកនាយឧត្តមសេនីយ៍ Min Aung Hlaing «ហាក់ដូចជាតាំងចិត្តពង្រឹងការក្ដោបក្ដាប់អំណាចខុសច្បាប់របស់ខ្លួនដោយប្រើកម្លាំង»។
អ្នកស្រីបានលើកឡើងអំពីការកើនឡើងកាន់តែខ្លាំងនៃការវាយប្រយុទ្ធគ្នានៅក្នុងរដ្ឋ Kayin និងរដ្ឋ Kachin និងការព្រមានរបស់ក្រុមឧទ្ទាមប្រដាប់អាវុធជាតិសាសន៍ភាគតិច ៣ ក្រុម ដែលថា នឹងសងសឹកនឹងយោធា ប្រសិនបើការបង្ក្រាបលើក្រុមបាតុករមិនបញ្ឈប់។ អ្នកស្រីបានបញ្ជាក់ថា ចំណុចទាំងនេះ គឺជាអ្វីដែលធ្វើឲ្យអ្នកស្រីមានការភ័យខ្លាចថា សង្គ្រាមស៊ីវិលអាចនឹងកើតឡើង។
អ្នកស្រី Schraner Burgener បានបន្ថែមថា៖ «ការសម្រុះសម្រួលតម្រូវឲ្យមានការចរចា ក៏ប៉ុន្តែ យោធាមីយ៉ាន់ម៉ា បានបិទទ្វារបស់ខ្លួនស្ទើរតែទាំងអស់ទៅកាន់ពិភពលោក។ វាហាក់ដូចជា យោធានឹងចូលរួមនៅក្នុងរឿងនេះ តែនៅពេលណាដែលពួកគេគិតថា ពួកគេអាចទប់ទល់នឹងស្ថានការណ៍នេះបានតាមរយៈគាបសង្កត់និងការបំភិតបំភ័យតែប៉ុណ្ណោះ»៕