ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បញ្ជា​ឲ្យ​បុគ្គលិក​មិន​ចាំបាច់​ចាកចេញ​ពី​មីយ៉ាន់ម៉ា ស្រប​ពេល​ការ​បង្ក្រាប​របស់​យោធា​លើ​បាតុកម្ម​នៅ​បន្ត


រូបឯកសារ៖ ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​បញ្ជា​ឲ្យ​បុគ្គលិក​មិន​ចាំបាច់​ទាំង​អស់​និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ​ចាកចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា ស្របពេល​ដែល​យោធា​មីយ៉ាន់ម៉ា​នៅ​បន្ត​បង្ក្រាប​ដ៏​ប្រល័យ​លើ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «យោធា​មីយ៉ាន់ម៉ា​បាន​ឃុំឃាំង​និង​ទម្លាក់​មន្ត្រី​រដ្ឋាភិបាល​ជាប់​ឆ្នោត​ចេញពី​អំណាច។ ការ​តវ៉ា​និង​បាតុកម្ម​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​យោធា​បាន​ធ្វើ​ឡើង​ហើយ​ត្រូវ​គេ​រំពឹង​ថា​នឹង​នៅ​បន្ត»។

សមាគម​ជំនួយ​សម្រាប់​អ្នក​ទោស​នយោបាយ (Assistance Association for Political Prisoners (AAPP)) បាន​បញ្ជាក់​ថា កងកម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​បាន​សម្លាប់​ជន​ស៊ីវិល​យ៉ាង​តិច ៥១២ នាក់ ចាប់​តាំងពី​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ​មក។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​បើក​កិច្ច​ប្រជុំ​បិទ​ទ្វារ​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ពិភាក្សា​អំពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក Stephane Dujarric អ្នក​នាំ​ពាក្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ប្រាប់ VOA ថា៖ «អ្វី​ដែល​យើង​ចង់​ឃើញ​គឺ​សារ​រួម​ដ៏​ខ្លាំងក្លា​មួយ​របស់​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចំពោះ​យោធា​មីយ៉ាន់ម៉ា​ឲ្យ​ធ្វើ​ឲ្យ​ស្ថានការណ៍​វិល​ទៅ​រក​សភាព​ដើម​វិញ បញ្ឈប់​អំពើ​ហិង្សា ដោះលែង​អ្នក​ទោស​នយោបាយ ប្រគល់​ប្រទេស​ជូន​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​វិញ និង​ជំរុញ​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​របស់​បេសកជន​ពិសេស​ទទួល​បន្ទុក​កិច្ចការ​មីយ៉ាន់ម៉ា»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG