ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំង​សន្ដិសុខ​មីយ៉ាន់ម៉ា​បាញ់​ប្រហារ​នៅ​រោង​បុណ្យ​សព​បាតុករ


សមាជិក​ក្រុម​គ្រួសារ​យំ​សោក​នៅ​មុខ​បុរស​ម្នាក់ បន្ទាប់​ពី​បុរស​ម្នាក់​នោះ​ត្រូវ​បាន​បាញ់​ស្លាប់​ ក្នុង​អំឡុងពេល​នៃ​ការ​បង្ក្រាប​បាតុករ​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

កងកម្លាំង​សន្ដិសុខ​មីយ៉ាន់ម៉ា​បាន​បាញ់​ប្រហារ​នៅ​រោង​បុណ្យ​សព​មួយ​កន្លែង​កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេសជួប​ជុំ​គ្នា​ដើម្បី​កាន់​ទុក្ខសព​ជនរងគ្រោះ​ចំនួន ១១៤ នាក់​ដែល​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ក្នុង​ការ​បង្ក្រាប​ដ៏​អាក្រក់​បំផុត​ទៅ​លើ​បាតុកម្ម​នានា ចាប់​តាំង​ពី​មាន​រដ្ឋប្រហារ​យោធា​កាល​ពី​ថ្ងៃទី១ ខែកុម្ភៈ​មក។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សាក្សី​មួយ​ចំនួន។

អ្នក​កាន់​ទុក្ខ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ពី​រោង​បុណ្យ​សព​របស់​និស្សិត​ម្នាក់​ឈ្មោះ Thae Maung Maung ​អាយុ​ ២០ ឆ្នាំ​នៅ​ឯ​ក្រុង Bago ដែល​ស្ថិត​នៅ​ក្បែរ​ទីក្រុង​រ៉ង់ហ្គូន។

គេ​នៅ​មិន​ទាន់​ដឹង​ភ្លាមៗ​ពី​ចំនួន​ជនរងគ្រោះ​នៅ​ក្នុង​ហេតុការណ៍​បាញ់បោះ​នោះ​នៅឡើយ​ទេ។ នេះ​បើ​យោង​តាម​សាក្សី​បី​នាក់​នៅ​ក្នុង​ក្រុង​នោះ​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

មក​ទល់​នឹង​ពេល​នេះ មាន​ជនស៊ីវិល​ចំនួន​ជាង ៤៤០ នាក់​ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ថា​ត្រូវ​បាន​សម្លាប់​ ចាប់​តាំង​ពី​មាន​រដ្ឋប្រហារ​យោធា​មក។

ប្រទេស​មួយ​ចំនួន ដែល​រួម​មាន​ទាំង​សហរដ្ឋ​អាមេរិក អង់គ្លេស អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប​បាន​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​អំពើ​ហិង្សា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នេះ៕

XS
SM
MD
LG