ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ស្លាប់​ដោយសារ​ការ​បង្ក្រាប​នៅ​មីយ៉ាន់ម៉ា​កើន​ដល់​ជាង ៥០០ នាក់ ស្រប​ពេល​ក្រុម​ឧទ្ទាម​ព្រមាន​សងសឹក


ផ្កា និង​ផ្ទាំង​បដា​ប្រឆាំង​នឹង​ការ​បង្ក្រាប​បាតុកម្ម​នៅ​មីយ៉ាន់ម៉ា​ ត្រូវ​បាន​ដាក់​នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​ប្រចាំ​នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។
ផ្កា និង​ផ្ទាំង​បដា​ប្រឆាំង​នឹង​ការ​បង្ក្រាប​បាតុកម្ម​នៅ​មីយ៉ាន់ម៉ា​ ត្រូវ​បាន​ដាក់​នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​ប្រចាំ​នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។

ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​របស់​យោធា​មីយ៉ាន់ម៉ា​លើ​ក្រុម​បាតុករ​បាន​កើន​រហូត​ដល់​ជាង​៥០០ នាក់ ស្រប​ពេល​ដែល​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​គំរាម​សងសឹក​របប​យោធា​នៅ​ថ្ងៃ​អង្គារ​នេះ ប្រសិនបើ​ការ​បង្ក្រាប​ដោយ​បង្ហូរ​ឈាម​នេះ​មិន​បញ្ឈប់។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

សមាគម​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ (Assistance Association for Political Prisoners (AAPP)) បាន​បញ្ជាក់​ថា មាន​ជន​ស៊ីវិល ៥១០ នាក់​បាន​ស្លាប់ ប៉ុន្តែ​បាន​បន្ថែម​ថា ចំនួន​ពិត​ប្រាកដ​ប្រហែលជា​ខ្ពស់​ជាង​នេះ។

ប្រទេស​មហា​អំណាច​នានា​នៅ​លើ​ពិភពលោក​បាន​បង្កើន​ការ​ថ្កោលទោស​លើ​យុទ្ធនាការ​បង្ក្រាប​របស់​យោធា​មីយ៉ាន់ម៉ា។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ផ្អាក​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា។ រី​ឯ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres វិញ បាន​អំពាវនាវ​ឲ្យ​មាន​ការ​រួម​គ្នា​ជា​សាកល​ដើម្បី​ដាក់​សម្ពាធ​លើ​របប​យោធា​មីយ៉ាន់ម៉ា បន្ទាប់ពី​បាតុករ​ជាង ១០០ នាក់​ត្រូវ​បាន​សម្លាប់​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

បន្ថែម​ពី​លើ​យុទ្ធនាការ​ដាក់​សម្ពាធ​នេះ ក្រុម​ឧទ្ទាម​ជាតិ​សាសន៍​ភាគ​តិច ៣ ក្រុម​នៅ​មីយ៉ាន់ម៉ា នៅ​ថ្ងៃ​អង្គារ​នេះ បាន​ថ្កោលទោស​ការបង្ក្រាប​នេះ និង​បាន​គំរាម​រួម​កម្លាំង​ជាមួយ​ក្រុម​បាតុករ​ដើម្បី​ប្រយុទ្ធ ប្រសិនបើ​យោធា​មិន​បញ្ឈប់​អំពើ​ហិង្សា​នេះ។

ក្រុម​ឧទ្ទាម​ទាំង ៣ នោះ គឺ​ក្រុម​យោធា​រំដោះ​ជាតិ Ta'ang (Ta'ang National Liberation Army) ក្រុម​យោធា​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ​ជាតិ​សាសន៍​មីយ៉ាន់ម៉ា (Myanmar Nationalities Democratic Alliance Army) និង​ក្រុម​យោធា Arakan (Arakan Army (AA))។

ក្រុម​ទាំង ៣ នេះ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ថា៖ «ប្រសិនបើ​ពួកគេ [យោធា] មិន​បញ្ឈប់ [ការ​បង្ក្រាប] ហើយ​នៅតែ​បន្ត​សម្លាប់​ប្រជាពលរដ្ឋ យើង​នឹង​សហការ​ជាមួយ​នឹង​ក្រុម​អ្នក​តវ៉ា​ដើម្បី​ប្រយុទ្ធ​តប​ទៅ​វិញ»៕

XS
SM
MD
LG