ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រមុខ​ការពារ​ជាតិ​ប្រទេស​ចំនួន​១២ ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ ​​ទៅ​លើ​​​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​ការ​​​បង្ក្រាប​​ក្រុម​អ្នក​ប្រឆាំង​​​តវ៉ា


បាតុករ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ានាំ​គ្នា​លើក​ម្រាម​ដៃ​បី​ឡើង ដែល​ជា​និមិត្តសញ្ញា​នៃ​ការ​តស៊ូ ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម ដែល​រង​ការ​បង្ក្រាប​ពី​ប៉ូលិស​នៅ​​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
បាតុករ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ានាំ​គ្នា​លើក​ម្រាម​ដៃ​បី​ឡើង ដែល​ជា​និមិត្តសញ្ញា​នៃ​ការ​តស៊ូ ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម ដែល​រង​ការ​បង្ក្រាប​ពី​ប៉ូលិស​នៅ​​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

ប្រមុខ​ការពារ​ជាតិ​មក​ពី​ប្រទេស​ចំនួន ​១២​ រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ក៏​កម្រ​មួយ​កាលពី​ថ្ងៃសៅរ៍សប្តាហ៍មុន ​ដោយ​ថ្កោលទោស​ទៅលើ​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ បង្ក្រាប​ទៅលើក្រុម​អ្នកគាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

សេចក្តី​ថ្លែងការណ៍​នេះ​លើក​ឡើង​ថា «យោធា​មាន​វិជ្ជាជីវៈ​គោរព​តាម​ស្តង់ដារ​អន្តរជាតិ​ក្នុង​ប្រតិ​បត្តិ​ការ​របស់​ខ្លួន និង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ការពារ​ មិន​មែន​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រជាជន​ដែល​ខ្លួន​បម្រើ​នោះ​ទេ»។

សេចក្តី​ថ្លែងការណ៍​នេះ​បន្ថែម​ទៀត​ថា «យើង​ជំរុញ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​មីយ៉ាន់ម៉ា​បញ្ឈប់​អំពើ​ហិង្សា​ និង​ធ្វើ​ការ​ស្តារ​ឡើង​វិញ​នូវ​ការ​គោរព​ និង​ទំនុក​ចិត្ត​ពី​ពលរដ្ឋមីយ៉ាន់ម៉ា ដែល​កងកម្លាំង​នេះ​បាន​បាត់បង់​តាមរយៈ​សកម្មភាព​របស់​ខ្លួន​នោះ​»។

សេចក្តី​ថ្លែងការណ៍នេះ​ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រមុខ​ការពារ​ជាតិ​នៃ​ប្រទេស​អូស្ត្រាលី​ ចក្រភព​អង់គ្លេស កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ក្រិក អ៊ីតាលី ជប៉ុន ហូឡង់ កូរ៉េខាងត្បូង និងប្រទេសនូវែលសេឡង់ ​បន្ទាប់​ពីមាន​អំពើហិង្សា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃសៅរ៍​ កន្លង​ទៅ​។

មនុស្ស​ជាង​ ១០០ នាក់​ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃសៅរ៍​ ខណៈពេល​ដែលរបប​សឹក​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​គាំទ្រ​ដោយ​ប៉ូលិស បានបន្ត​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​នៅ​ទូទាំង​ប្រទេស ​ទៅ​លើក្រុម​អ្នក​តវ៉ា​គាំទ្រ​លទ្ធិប្រជាធិប​តេយ្យ ​នៅ​ក្នុង​ទិវា​កងកម្លាំង​ប្រដាប់​អាវុធ ដែល​ជា​ថ្ងៃ​តវ៉ាដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​ ចាប់តាំង​ពី​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​កន្លងមក។

ជា​ប្រតិកម្ម​ចំពោះ​ការ​សម្លាប់អ្នក​ប្រឆាំង​តវ៉ា​កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ អ្នក​នាំពាក្យ​របស់​លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា លោក Guterres «ថ្កោលទោស​យ៉ាង​ខ្លាំងទៅ​លើ​ការ​សម្លាប់​ជនស៊ីវិល​រាប់​សិប​នាក់ ​ដែល​ក្នុង​នោះ​រួម​ទាំង​កុមារ​និង​មនុស្ស​វ័យ​ក្មេង​ផង​ដែរ​ ដោយ​កងកម្លាំង​សន្តិសុខ​នៅ​ក្នុង​ប្រទេសមីយ៉ាន់ម៉ា» ​ហើយ​ជំរុញ​ឱ្យ​យោធា​បញ្ចៀស​អំពើ​ហិង្សានិង​ការ​គាបសង្កត់»។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយកាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា​កន្លង​ទៅ​។

សារព័ត៌មានMyanmar Now បាន​រាយការណ៍​កាលពី​យប់​ថ្ងៃ​សៅរ៍​ថា អ្នក​ស្លាប់​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​យ៉ាង​ហោច​ណាស់ ១១៤ នាក់ ដោយ​ក្នុង​នោះ យ៉ាង​ហោច​ណាស់​មនុស្ស​ ២៩ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ទីក្រុង Mandalay នៅ​ភាគ​ខាង​ជើង រួម​ទាំង​ទាំង​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​អាយុ​ ៥ ឆ្នាំ​ផង​ដែរ។ ​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP បាន​ស្រង់​សម្តី​របស់​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ម្នាក់ក្នុង​ទី​ក្រុង​រ៉ង់ហ្គូន ដែល​បាន​អះអាង​ថា ​អ្នក​ស្លាប់​មាន​ចំនួន​ ១០៧ នាក់។ ចំនួន​ទាំង​ពីរ​នេះ​លើស​ពី​ចំនួន​ដែល​សកម្មជន​បាន​រាយការណ៍​ កាល​ពី​ពេល​មុន​ថា ​មាន​មនុស្ស​ស្លាប់​ចំនួន ៩០ នាក់​ កាលពី​ថ្ងៃទី១៤ ខែ​មីនា។

កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​ជន​ស៊ីវិល​នៅ​ក្នុង​តំបន់ Sagaing នៃភូមិភាគ​កណ្តាល ទីក្រុង Lashio នៅ​ភាគខាង​កើត​ និង​តំបន់ Bago នៅ​ភាគ​ខាង​ត្បូង​ក្បែរ​ទីក្រុង​រ៉ង់ហ្គូន និង​នៅ​ផ្នែក​ផ្សេង​ៗទៀត​នៅ​ក្នុង​ប្រទេស។ នេះ​បើ​យោងទៅ​លើការផ្សាយរបស់​ទី​ភ្នាក់​ងារសារព័ត៌មាន​មួយ​ចំនួន​។

លោក Thu Ya Zaw ពល​រដ្ឋម្នាក់​រស់​នៅក្នុង​ទីក្រុង Myingyan ​ជា​ទីដែល​បាតុករ​ពីរ​នាក់​ត្រូវ​បាន​សម្លាប់​នោះ​ បាន​និយាយ​ថា «ពួកគេ​បានបាញ់​សម្លាប់​ពួកយើង​ដូច​សត្វស្លាប ឬសត្វ​មាន់ សូម្បី​តែ​នៅ​ក្នុង​ផ្ទះ​របស់​យើង​ក្តី។ យើង​នឹង​បន្ត​ធ្វើ​ការ​តវ៉ា​ មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ។ យើង​ត្រូវ​តែ​ប្រយុទ្ធ​រហូត​ទាល់​តែ​រដ្ឋាភិបាល​យោធា​បរាជ័យ»។

ជនជាតិ​ភាគតិច Karen ​ស្វែង​រក​ជម្រក​នៅ​ទីតាំង​មួយ​ដែល​មិន​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​នៅ​ក្នុង​រដ្ឋ Karen ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
ជនជាតិ​ភាគតិច Karen ​ស្វែង​រក​ជម្រក​នៅ​ទីតាំង​មួយ​ដែល​មិន​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​នៅ​ក្នុង​រដ្ឋ Karen ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

រដ្ឋាភិបាល​យោធា​បាន​បង្កើន​ការ​ប្រើប្រាស់​កម្លាំង ​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​កាលពី​ថ្ងៃសៅរ៍ ដោយ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ ដើម្បី​ធ្វើ​ការ​វាយប្រហារ​តាម​អាកាស​ទៅ​ក្នុង​តំបន់​ក្បែរ​ព្រំដែន​ថៃ ដែល​គ្រប់គ្រង​ដោយ​ក្រុមប្រដាប់​ដោយ​អាវុធ​ ដែល​ប្តេជ្ញា​ផ្តួល​រំលំ​រដ្ឋប្រហារ​យោធា​។​ នេះ​បើ​យោង​តាមការ​ផ្សព្វ​ផ្សាយ​របស់​ទី​ភ្នាក់​ងារព័ត៌មាន Reuters ។

សហភាព​ជាតិ Karen (KNU) ដែល​ជា​ក្រុម​នយោបាយ​ប្រដាប់​ដោយ​អាវុធ​មួយ ​បាន​និយាយ​ថា យន្តហោះ​ចម្បាំង​បាន​វាយប្រហារ​ភូមិ Day Pu Noe នៅ​ម៉ោង​ប្រមាណ​ ៨ យប់ (ម៉ោង​ក្នុង​ស្រុក) ដោយ​បាន​សម្លាប់​មនុស្ស​ពីរ​នាក់ និង​បង្ខំ​ប្រជាពលរដ្ឋ​រត់ភៀស​ខ្លួន​ទៅ​កន្លែង​ផ្សេង​។​

សហភាព​ជាតិ Karen (KNU) បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ថា ខ្លួន​បាន​សម្លាប់​ទាហាន​ ១០ នាក់ រួម​ទាំង​វរសេនីយ៍ទោ​មួយ​រូប​ផង​ដែរ នៅ​ពេល​ខ្លួន​វាយដណ្តើម​យក​បន្ទាយ​ទាហាន​មួយ។

រដ្ឋាភិបាល​មីយ៉ាន់​ម៉ា ​មិន​បាន​ឆ្លើយតប​ចំពោះ​ការ​ស្នើសុំ​ឱ្យ​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​សម្លាប់​ជន​ស៊ីវិល ឬ​របាយការណ៍​ពី​ការ​សម្លាប់​ទាហាន​ដោយ​សហភាព​ជាតិ Karen (KNU) នៅ​បន្ទាយ​ទាហាន​នោះ​ទេ។​

នៅ​ក្នុង​ការ​សម្តែង​បង្ហាញ​ពី​កម្លាំង​មួយ របប​យោធា​មីយ៉ាន់​ម៉ានេះ​ បាន​រៀបចំ​ការ​ហែ​ក្បួន​ដ៏​ធំ​សម្បើម​មួយ​នៅ​ក្នុង​រដ្ឋធានី​ណៃពិដោ​កាលពី​ថ្ងៃ​សៅរ៍​ ដើម្បី​ប្រារព្ធ​ទិវា​កងកម្លាំង​ប្រដាប់​អាវុធ​លើក​ទី៧៦ ដែល​ជាការ​រំឭក​ដល់​ការ​ចាប់ផ្តើម​ការ​តស៊ូ​ប្រឆាំង​ក្នុង​ស្រុក ទៅលើ​ការ​គ្រប់​គ្រង​របស់​ប្រទេសជប៉ុន​ក្នុង​សង្គ្រាម​លោក​លើក​ទី​២នោះ​៕

XS
SM
MD
LG