ប្រទេសរុស្សី បានទទួលស្គាល់នៅថ្ងៃចន្ទនេះថា ខ្លួនកំពុងបង្កើនទំនាក់ទំនងជាមួយប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែបានបញ្ជាក់ថា ខ្លួនមានការបារម្ភជាខ្លាំងពីការកើនឡើងនូវគ្រោះថ្នាក់លើជនស៊ីវិលនៅក្នុងបាតុកម្មប្រឆាំងនឹងការដឹកនាំនៃរបបយោធា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
មនុស្សប្រមាណជាង១០០នាក់ ដែលក្នុងនោះមានទាំងកុមារផងដែរ ត្រូវបានកម្លាំងសន្តិសុខក្នុងប្រទេសមីយ៉ាន់ម៉ាបាញ់សម្លាប់កាលពីថ្ងៃសៅរ៍កន្លងទៅ ដែលជាថ្ងៃតវ៉ាប្រឆាំងចុងសប្តាហ៍មួយដែលបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុត ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីដើមខែកុម្ភៈមក។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថារុស្សីមានទំនាក់ទំនងស្ថាបនានិងយូរអង្វែងជាមួយមីយ៉ាន់ម៉ា។
«នេះមិនមានន័យថា យើងគាំទ្រព្រឹត្តិការណ៍សោកនាដកម្ម ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសនេះឡើយ។ យើងបារម្ភពីការរងគ្រោះថ្នាក់នៃជនស៊ីវិលដែលកំពុងតែមានចំនួនកើនឡើង។ នេះបើតាមការបញ្ជាក់របស់លោកPeskov៕