ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេសិត​អ.ស.ប.​ថា យុវជន​មីយ៉ាន់ម៉ា​នឹង​មិន​ត្រឡប់​ទៅ​របប​ចាស់​វិញ​ទេ ខណៈ​ប៉ូលិស​បង្ក្រាប​កូដកម្ម​របស់​កម្មករ​ផ្លូវដែក


រូបឯកសារ៖ ក្រុមបាតុករ ប្រមូលផ្ដុំគ្នា​នៅ​ផ្លូវបំបែក​ជិត​វត្ត Sule ដើម្បី​តវ៉ា​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​នៅ​ទីក្រុង​រ៉ង់ហ្គូន​នៃ​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា និយាយ​ថា យុវជន​មីយ៉ាន់ម៉ា «បាន​ភ្លក់​រសជាតិ​នៃ​សេរីភាព» ហើយ​នឹង​មិន​បោះបង់​ចោល​ការ​ព្យាយាម​ដើម្បី​ប្រែក្រឡាស់​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ទេ។

លោក Tom Andrews បាន​ប្រាប់ VOA នៅ​ក្នុង​កិច្ចសម្ភាសន៍​កាលពី​ថ្ងៃ​ពុធ​ថា «ខ្ញុំ​ពិត​ជា​មាន​ការ​ស្ញប់ស្ញែង​ចំពោះ​យុវជន​ក្មេងៗ​ណាស់»។

លោក​បាន​និយាយ​ទៀត​ថា ពួកគេ​ជា​ច្រើន​បាន​រៀន​អំពី​ជីវិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់យោធា​ពី​ឪពុក​ម្តាយ​និង​ជីដូនជីតា​របស់​ពួកគេ។ ក៏ប៉ុន្តែ​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​ពេល​ដែល​មីយ៉ាន់ម៉ា​ បាន​ធ្វើអន្តរកាល​យឺតៗ​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ ពួកគេ​មាន​បទ​ពិសោធន៍​អំពី​សេរីភាព​បុគ្គល​ខ្លះ ​ហើយ​មិន​ចង់​វិលត្រឡប់​ទៅ​កាន់​របប​ផ្តាច់ការ​យោធា​វិញទេ។

លោក Andrew បាន​និយាយ​ទៀត​ថា៖ «យុវជន​ក្មេងៗ​ទាំង​អស់​នោះកំពុង​លះបង់​អ្វីៗ​ និង​ប្រថុយ​ប្រថាន​អ្វីៗ​ទាំង​អស់​ ​ដើម្បី​ប្រយុទ្ធ​ទាមទារសម្រាប់​ថ្ងៃ​អនាគត​របស់​ពួកគេ»។

លោក Andrews ជា​អ្នក​ជំនាញ​ឯករាជ្យខាង​សិទ្ធិ​មនុស្ស​ដែល​អាណត្តិ​របស់​លោក​មក​ពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នោះ បាន​ជំរុញ​ឲ្យ​សហគមន៍​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​សប្តាហ៍​នេះ​កាត់ផ្តាច់​ចំណង​ទាក់ទង​ជាមួយ​មីយ៉ាន់ម៉ា​ដរាប​ណា​ក្រុម​យោធា​នៅ​កាន់កាប់​ប្រទេស។

យ៉ាង​នេះ​ក្តី​ក្នុង​រឿង​ដាច់​ដោយ​ឡែក​មួយ ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍ពី​ទី​ក្រុង​រ៉ង់ហ្គូន​ថា បាតុករ​ប្រឆាំង​នឹង​ការ​ដណ្តើម​អំណាច​របស់​ក្រុម​យោធា​មីយ៉ាន់ម៉ា​បាន​ចេញ​មក​តាម​ផ្លូវ​នានា ជា​ថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បន្ទាប់​ពី​ការ​បំភិត​បំភ័យដោយ​អាវុធ​នៅ​ពេល​យប់​ដោយ​កង​កម្លាំង​សន្តិសុខ​នៅ​ក្នុង​ទីក្រុង​ធំទី​២​របស់​ប្រទេស។

ការ​វាយ​ប្រហារ​របស់​ប៉ូលីស​នៅ​ក្នុង​សង្កាត់​មួយ​នៃ​ទី​ក្រុង Mandalay ភាគ​កណ្តាល​ប្រទេស ជា​ទីកន្លែង​ដែល​បុគ្គលិក​ផ្លូវដែក​រដ្ឋ​រស់​នៅ​ និង​បាន​បង្ហាញ​ថា​ការប៉ះទង្គិច​រវាង​បាតុករ​និង​រដ្ឋាភិបាល​យោធា​ថ្មី​ បាន​ផ្តោត​កាន់តែ​ខ្លាំង​ឡើង​នៅ​តាម​បណ្តា​អាជីវកម្មនិង​ស្ថាប័ន​រដ្ឋាភិបាលនានា​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច។

បុគ្គលិក​ស្ថានីយ​រថភ្លើង​រដ្ឋ​កាលពី​ថ្ងៃ​អាទិត្យ បាន​អំពាវនាវ​ឲ្យ​មាន​កូដកម្ម ដើម្បីចូលរួម​«ចលនា​ពលរដ្ឋ​មិន​ស្តាប់​បង្គាប់» (Civil Disobedience Movement) ​ដែលដំបូង​ឡើយត្រូវ​បានផ្តួចផ្តើម​ដោយ​បុគ្គលិក​សុខាភិបាល។ ចលនានេះជា​ការ​តស៊ូ​ដ៏​ស្វិតស្វាញ​ប្រឆាំង​នឹង​រដ្ឋប្រហារថ្ងៃ​ទី១ ខែ​កុម្ភៈ​ដែល​បាន​បណ្តេញ​រដ្ឋាភិបាល​ស៊ីវិល​ជាប់​ឆ្នោត​ពី​អំណាច។ ​

កូដកម្ម​កម្មករ​ផ្លូវ​ដែកនេះ​បាន​ទទួល​ការគាំទ្រ​ពី​ពលរដ្ឋ​សាមញ្ញដែល​បាន​ដេក​នៅ​លើ​ផ្លូវ​រថភ្លើង​ដើម្បី​បញ្ឈប់​រថភ្លើង​ដែល​ពួក​យោធាបើក​ប្រតិបត្តិ។

កិច្ច​ប្រឹងប្រែង​របស់​អ្នក​ក្រុង Mandalayដើម្បី​បិទ​ផ្លូវ​រថភ្លើង​កាល​ពី​ថ្ងៃ​ពុធ​ទំនង​បណ្តាល​ឲ្យ​មាន​ការ​សងសឹក​វិញ​ពី​អាជ្ញាធរនៅ​ពេល​យប់​នោះ។ មិន​ដល់​មួយ​ម៉ោង​ផងបន្ទាប់​ពី​ការ​ចាប់​ផ្តើម​បម្រាម​គោលចរម៉ោង​៨​យប់ គេ​ឮ​ស្នូរ​កាំភ្លើងនៅ​ពេល​ដែល​ក្រុម​បុរស​ជាង​២០​នាក់​ក្នុង​សម្លៀក​បំពាក់​ប៉ូលីស​ប្រដាប់​ដោយ​ខែល​និង​មួក​ដែក​ បាន​ដើរ​ចូល​ទីកន្លែង​ដែល​កម្មករ​ផ្លូវ​ដែក​រស់​នៅ។

មាន​ការ​រាយការណ៍​អំពី​មនុស្ស​រង​របួស​និង​ដំណឹង​មិន​មាន​ការ​បញ្ជាក់​អំពី​ការ​ចាប់​ខ្លួន​កម្មករ​រថភ្លើងមួយ​ចំនួន៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG