អង្គការសង្គមស៊ីវិលសំខាន់ៗក្នុងប្រទេសកម្ពុជាកាលពីថ្ងៃច័ន្ទនេះ បានសម្ដែងក្តីបារម្ភរបស់ខ្លួនដល់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅក្នុងកម្ពុជាគឺលោកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលកំពុងធ្វើទស្សនកិច្ចពិសេសរយៈពេល១០ថ្ងៃក្នុងប្រទេសកម្ពុជា។
មន្ត្រីអង្គការសង្គមស៊ីវិលដែលបានជួបពិភាក្សាជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បានឲ្យ VOA ដឹងថា ពួកគេបានលើកបញ្ហាថ្មីៗមួយចំនួន ដែលកើតឡើងក្នុងប្រទេសកម្ពុជា ទាក់ទិននឹងការរឹតត្បិតសេរីភាពរបស់សង្គមស៊ីវិល សិទ្ធិបញ្ចេញមតិលើបណ្ដាញសង្គមហ្វេសប៊ុក និងការបោះឆ្នោតប្រកបដោយសន្តិវិធីនាពេលខាងមុខ។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឬ CCHRបានប្រាប់ VOA អំពីកិច្ចប្រជុំនេះថា៖«អ្វីដែលខាងអង្គការសង្គមស៊ីវិលមួយចំនួនបានជួបរួចហើយនេះ គឺយើងបានលើកពីបញ្ហា ពីលំហនៃលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានរងការគំរាមកំហែងច្រើន។ យើងមើលអំពីស្ថានភាពក្នុងការបញ្ចេញមតិហើយជាពិសេស គឺផ្ដោតទៅលើទិដ្ឋភាពច្បាប់ ដែលថ្មីៗនេះខាងរដ្ឋាភិបាលបានចេញច្បាប់ជាច្រើន ដែលមានលក្ខណៈកំហិតទៅលើសេរីភាពមូលដ្ឋាន ។ យើងឃើញថាមានច្បាប់អង្គការ ច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតអីហ្នឹង ដែលមានបម្រាមទៅដល់តួអង្គ អង្គការសង្គមស៊ីវិលអីហ្នឹងដែលចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយហ្នឹង»។
លោកស្រីឲ្យដឹងផងដែរថា អង្គការសង្គមស៊ីវិលក៏សម្ដែងក្តីបារម្ភទាក់ទិននឹងការបោះឆ្នោតនៅឆ្នាំ២០១៧ និង២០១៨ខាងមុខ និងការចូលរួមរបស់មន្ត្រីអង្គការសង្គមស៊ីវិលក្នុងកិច្ចអង្កេតការណ៍នេះផងដែរ។
ជាមួយគ្នានោះដែរ លោក ណៃ វង់ដា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្ស Adhoc ដែលបានជួបលោកស្រី រ៉ូណា ស្មីត នាថ្ងៃច័ន្ទនេះ បានប្រាប់ VOA ថា មន្ត្រីសង្គមស៊ីវិលក៏បានលើកពីសិទ្ធិបញ្ចេញមតិ និងការជួបជុំគ្នារបស់អង្គការសង្គមស៊ីវិល ដែលកំពុងតែរងការគាបសង្កត់ ជាពិសេសការបើកសិក្ខាសាលាតាមថ្នាក់មូលដ្ឋានរបស់អង្គការសិទ្ធិមនុស្ស Adhoc នៅខេត្តមួយចំនួន រួមទាំងខេត្តព្រះវិហារ មណ្ឌលគិរី និងរតនគិរីជាដើម។
លោក ណៃ វង់ដា បន្ថែមថា៖ «យើងមានការសប្បាយចិត្តដោយសារយើងបានលើកគ្រប់ទិដ្ឋភាពទាំងអស់នៃបញ្ហាការរំលោភសិទ្ធិ ហើយនឹងការរឹតត្បិតអង្គការសង្គមស៊ីវិល យើងបានប្រាប់ដល់លោកស្រីបានជ្រាប ហើយលោកស្រីបានស្ដាប់ និងកត់ត្រាដោយយកចិត្តទុកដាក់ ហើយសន្យាពាំនាំបញ្ហាទាំងអស់នេះទៅពិភាក្សាជាមួយរដ្ឋាភិបាលឲ្យមានការផ្លាស់ប្ដូរ ឬក៏មានការកែលម្អ ឬក៏ឲ្យមានការអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមបទដ្ឋានអន្តរជាតិបាទ!»។
ការមកដល់របស់លោកស្រី រ៉ូណា ស្មីត ប្រេសិតអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សប្រចាំកម្ពុជានាថ្ងៃច័ន្ទនេះ គឺក្នុងដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃ ដើម្បីវាយតម្លៃការគោរពសិទ្ធិស្ត្រី និងសិទ្ធិជនជាតិដើមភាគតិចនៅកម្ពុជា។
លោកស្រីក៏នឹងផ្ដោតលើក្តីកង្វល់របស់អង្គការសង្គមស៊ីវិលទាក់ទិននឹងការវិវឌ្ឍថ្មីៗក្នុងប្រទេសនេះដែរ។ នេះគឺជាទស្សនកិច្ចផ្លូវការជាលើកទីពីររបស់លោកស្រីក្នុងប្រទេសកម្ពុជា ក្រោយពីចូលកាន់តំណែង បន្ទាប់ពីលោក សុរិយា ប្រាសាទ ស៊ូប៊ែឌី នាដើមឆ្នាំ២០១៥កន្លងមក។
ការមកដល់របស់ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ គឺមិនប៉ុន្មានថ្ងៃក្រោយពេលដែលការិយាល័យអង្គការសហប្រជាជាតិដដែលនេះ ចេញសេចក្ដីប្រកាសថ្កោលទោសចំពោះការកាត់ទោសនិស្សិត គង់ រ៉ៃយ៉ា ដាក់ពន្ធនាគារពីបទ«ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋអាទិ៍»ដោយសារតែនិស្សិតរូបនេះបានបង្ហោះសារប្រឆាំងរដ្ឋាភិបាលក្នុងបណ្ដាញសង្គមហេ្វសប៊ុក។
លោក ណៃ វង់ដា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសិទ្ធិមុនស្ស Adhoc បានឲ្យដឹងផងដែរថា ក្នុងជំនួបជាមួយលោកស្រី រ៉ូណា ស្មីត កាលពីរសៀលថ្ងៃច័ន្ទនេះ សង្គមស៊ីវិលក៏បានលើកបញ្ហាយុវជន គង់ រ៉ៃយ៉ា និងការកៀបសង្កត់លើការបញ្ចេញមតិមួយចំនួនលើបណ្ដាញសង្គមហ្វេសប៊ុក។
«បាទរឿងហ្នឹងដែរ យើងបានលើកដែរ ទាក់ទងទៅនឹងការគំរាមកំហែងតាម Online ការចាប់ខ្លួនតាមរយៈការបញ្ចេញមតិតាម Onlineហ្នឹង ដូចជាករណី គង់ រ៉ៃយ៉ា ដូចជាករណីលោក ហុង សុខហួរ ហើយក៏ដូចជាករណីយុវជនផ្សេងៗទៀតហ្នឹង យើងបានលើកជម្រាបទៅលោកស្រីដែរ ហើយសុំឲ្យលោកស្រី លើកបញ្ហាទាំងអស់នេះជាមួយថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល អ្នកនយោបាយជាន់ខ្ពស់របស់រដ្ឋាភិបាល ដើម្បីឲ្យលោកបានជ្រាបថាទាំងអស់នេះគឺជាសេរីភាពដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ»។
យ៉ាងណាក៏ដោយ លោក ម៉ក់ សម្បត្តិ ប្រធានគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋាភិបាលកម្ពុជា ថ្លែងការពារចំណាត់ការរដ្ឋាភិបាលលើការអនុវត្តន៍ច្បាប់នានា និងនីតិរដ្ឋក្នុងប្រទេសកម្ពុជា។
លោកក៏បានឲ្យដឹងផងដែរថា រដ្ឋាភិបាលយល់ច្បាស់ពីសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក៏ប៉ុន្តែលោកបន្ថែមថា ការប្រើប្រាស់សិទ្ធិរបស់ជនគ្រប់រូបគឺស្ថិតក្រោមច្បាប់។
«ដូច្នេះបើចង់ឲ្យមានការគោរពសិទ្ធិមនុស្ស ទាល់តែនាំគ្នាគោរពច្បាប់ មិនមែនបង្កើតភាពអនាធិបតេយ្យអីយើងស្រេចតែចិត្តទេ។ ឧបមាថានៅតាមបណ្ដាញសង្គម ឃើញហ្អេ រដ្ឋាភិបាលមិនដែលហាមឃាត់ហ្អេ ប្រើចុះណា។ ធ្វើម៉េចបើរិះគន់រដ្ឋាភិបាល រិះគន់ចុះក្នុងន័យស្ថាបនា។ ប៉ុន្តែយើងកុំយកហ្អាកន្លែងហ្នឹង យកមកធ្វើការញុះញង់ឬមួយក៏ការបំបែកបំបាក់។ ថ្នាក់ការប្រមាថថ្នាក់ដឹកនាំអ៊ីចឹង ហ្អាហ្នឹងគឺមិនមែនទេ មិនមែនយកហ្អាជាសេរីភាពនៃការបញ្ចេញមតិទេ។ គិតទៅមើល តើប្រទេសណានៅអាស៊ាន ខ្ញុំមិនបាច់ទៅដល់អាស៊ីហ្អេ តើប្រទេសណាដែលមានសេរីភាពនៃការបញ្ចេញមតិខ្លាំងជាងប្រទេសកម្ពុជា។ វាអត់មានតែម្តងហ្នឹងហ្អា!»។
លោក ម៉ក់ សម្បត្តិ នៃគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ប្រាប់ VOA ផងដែរថា ការរិះគន់របស់សង្គមស៊ីវិលមួយចំនួនមកលើរដ្ឋាភិបាលរបស់លោកគឺជារឿងធម្មតា និងដដែលៗដែលមិនគួរឲ្យបារម្ភអ្វីនោះទេ។ មន្ត្រីកម្ពុជារូបនេះក៏បានឲ្យដឹងផងដែរថា តាមការកំណត់ លោកគ្រោងនឹងជួបលោកស្រី រ៉ូណា ស្មីត នាថ្ងៃសុក្រខាងមុខ ដើម្បីពិភាក្សាលើរបាយការណ៍សិទ្ធិមនុស្សតាមការកំណត់ និងការបង្កើតស្ថាប័នជាតិស្ដីពីសិទ្ធិមនុស្សជាដើម។
សេចក្ដីប្រកាសព័ត៌មានរបស់ឧត្ដមស្នងការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សពីទីក្រុងហ្សឺណែវ ប្រទេសស្វីសដែល VOA ទទួលបាននោះ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃរបស់លោកស្រី រ៉ូណា ស្មីត ដែលចាប់ផ្ដើមនាថ្ងៃច័ន្ទនេះ លោកស្រីគ្រោងនឹងជួបផ្ទាល់ជាមួយមន្ត្រីរដ្ឋាភិបាលសំខាន់ៗមួយចំនួន សមាជិករដ្ឋសភា និងព្រឹទ្ធសភា មន្ត្រីសង្គមស៊ីវិល និងអង្គទូតនានាក្នុងប្រទេសកម្ពុជាជាដើម៕