ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិមនុស្ស​ទទូច​ឲ្យ​ប្រេសិត​ពិសេស​សហប្រជាជាតិ​បន្ត​ពិនិត្យ​សំណុំរឿង​ពាក់ព័ន្ធ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​


រូប​ថត​ឯកសារ៖ រូបថត​នេះ​ដែល​ត្រូវ​​ផ្សាយ​តាម​ទំព័រ Facebook របស់​អង្គការ​មាតា​ធម្មជាតិ​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ ​បង្ហាញ​ពី​សកម្មភាព​តវ៉ា​របស់​សកម្មជន​អង្គការ​នេះ​ក្នុង​ពេល​កន្លង​​ពេល​ថ្មីៗ​នេះ។ (អង្គការ​មាតា​ធម្មជាតិ)
រូប​ថត​ឯកសារ៖ រូបថត​នេះ​ដែល​ត្រូវ​​ផ្សាយ​តាម​ទំព័រ Facebook របស់​អង្គការ​មាតា​ធម្មជាតិ​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ ​បង្ហាញ​ពី​សកម្មភាព​តវ៉ា​របស់​សកម្មជន​អង្គការ​នេះ​ក្នុង​ពេល​កន្លង​​ពេល​ថ្មីៗ​នេះ។ (អង្គការ​មាតា​ធម្មជាតិ)

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ បញ្ជាក់​ថា​ ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក​ស្រី​​ រ៉ូណា​ ស្មីត​ទៅ​ខេត្ត​កោះ​កុង​ កាល​ពី​ឆ្នាំ​មុន​ មិន​បាន​ផ្ដល់​ផល​វិជ្ជមាន​អ្វី​ទេ​ ចំពោះ​ការ​ដោះ​លែង​សកម្ម​ជន​​ទាំង​បី។

សកម្មជន​សិទ្ធិមនុស្ស​ និង​បរិស្ថាន​ នៅ​ថ្ងៃ​ពុធ​នេះ​ ចង់ឲ្យ​លោក​ស្រី​ រ៉ូណា​ ស្មីត​ (Rhona Smith)​ អ្នក​រាយការណ៍​ពិសេស ​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ជា​ទី​ដែល​សកម្មជន​បរិស្ថាន​បី​រូប​ កំពុង​ជាប់​ឃុំឃាំង​ដោយសារ​សកម្មភាព​ទប់​ស្កាត់​ការ​បូម​ខ្សាច់។

ការ​ទទូច​របស់​ក្រុម​សិទ្ធិមនុស្ស​នេះ ធ្វើ​ឡើង​ខណៈ​ដែល​អ្នកស្រី ​រ៉ូណា​ ស្មីត​ កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជារយៈពេល​១០​ថ្ងៃ​ ដើម្បី​ពិនិត្យ​មើលស្ថានភាព​សិទ្ធិ​ស្ត្រី​ និង​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ និង​បញ្ហា​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ក្នុង​ប្រទេស​នេះ។

លោក​ អ៊ិន​ គង់​ជិត​ មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការលីកាដូ​ប្រចាំ​នៅ​ខេត្ត​កោះ​កុង​ បាន​ប្រាប់​ VOA​ នៅ​ព្រឹក​ថ្ងៃពុធ​នេះថា​ ​សកម្ម​ជន​សិទ្ធិមនុស្ស​ និង​បរិស្ថាន​នៅ​ក្នុង​ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ​ ចង់​ឃើញអ្នកស្រី ​រ៉ូណា ស្មីត​ ធ្វើដំណើរ​ទៅ​ខេត្ត​កោះ​កុងម្តង​ទៀត​ ដើម្បី​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​បី​រូប​នៃ​ចលនា​មាតា​ធម្មជាតិ​នៅពន្ធនាគារ​ខេត្ត​កោះ​កុង។​

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ បញ្ជាក់​ថា​ ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក​ស្រី រ៉ូណា​ ស្មីត​ទៅ​ខេត្ត​កោះ​កុង​ កាល​ពី​ឆ្នាំ​មុន​ មិន​បាន​ផ្ដល់​ផល​វិជ្ជមាន​អ្វី​ទេ​ ចំពោះ​ការ​ដោះ​លែង​សកម្ម​ជនទាំង​បី ដែល​រួមមាន​ឈ្មោះ សាន់​ ម៉ាឡា​ ស៊ីម សំណាង​ និង​ទ្រី សុវីគា។

«យើង​ឃើញ​ថា​ រហូត​មកដល់​ពេល​នេះ​ ការ​ឃុំ​ខ្លួន​របស់​អ្នក​ទាំង​បី​ គឺលើស​ពី​រយៈពេល​៧ខែ​ហើយ។​ ហើយ​មកដល់​ពេល​នេះ​ គឺ​ខាង​តុលាការ​នៅ​ស្ងៀម​ស្ងាត់​ មិន​ទាន់​មាន​ ចំណាត់​ការ​អ្វី​បន្ត​ទៅទៀត។​ អញ្ចឹង​យើង​ សូម​អញ្ជើញ​លោក​ស្រី​ មាន​បំណង​សូម​អញ្ជើញ​លោក​ស្រី​ ចុះ​ មក​ខេត្ត​កោះ​កុង​ ដើម្បី​ពិនិត្យ​ស្ថានភាព​ហ្នឹង​ ហើយ​និង​ធ្វើ​ការ​អន្តរាគមន៍​លើ​ករណី​នេះ»។​

លោក ​អ៊ិន​ គង់ជិត​ បន្ថែម​ថា​ការ​អន្តរាគមន៍​របស់​លោកស្រី​ រ៉ូណា ស្មីត​ នឹង​មិន​ជ្រៀតជ្រែក​កិច្ច​ការ​របស់​តុលាការ​ទេ​ ដោយសារ​ថា​ សំណុំ​រឿង​នេះ​ មានការពាក់​ព័ន្ធ​នឹង​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ក្នុង​ការ​សំដែង​មតិ។​

លោក បន្តថា​សកម្មជន​ទាំង​បី​នាក់​នេះ​ មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​នោះ​ទេ។​ ​ ​

សកម្ម​ជន​ទាំង​បី​នាក់​នេះ​ ត្រូវ​បាន​ព្រះរាជអាជ្ញា​តុលាការ​ដំបូង​ខេត្ត​កោះកុង​ ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង​ មាន​ចេតនា​បង្ក​ការ​ខូចខាត​ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនា​ការ​ទប់​ស្កាត់​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះ​កុង និង​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ចាប់​តាំងពី​ពាក់​កណ្ដាល​ខែ​សីហា​ ឆ្នាំ​២០១៥។

កាល​ពី​ខែ​កញ្ញា​ឆ្នាំ​ ២០១៥​ លោកស្រី​ រ៉ូណា ស្មីត​ បាន​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​កោះកុង។​ លោក​ស្រី​បាន​ចំណាយ​ពេល​នៅ​ទី​នោះ​ រយៈពេល​ពីរ​ថ្ងៃ​ ដើម្បី​ជួប​សកម្មជន​បរិស្ថាន​ទាំង​បី​រូប​នេះ​ ដែល​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ទាក់ទង​នឹង​សំណុំ​រឿង​ទប់​ស្កាត់​ការ​បូម​ខ្សាច់​នៅ​ក្នុង​ស្រុក​បទុម​សាគរ ​ខេត្ត​កោះកុង​ ហើយ​បាន​ជួប​ពិភាក្សា​ជាមួយ​ពលរដ្ឋ​មក​ពី​សហគមន៍​ដែល​រងគ្រោះ​ដោយ​ទំនាស់​ដីធ្លី​ និង​ការ​បូម​ខ្សាច់។

លោក ម៉ូត​ គឹមរី​ សមាជិក​នៃ​ចលនា​មាតា​ធម្មជាតិ​ និយាយ​ថា​ ការ​អន្តរាគមន៍​ពី​លោក​ ស្រី​ រ៉ូណា ស្មីត​ អាច​នឹង​ជួយ​ពន្លឿន​ដំណើរ​ការ​បើកសវនាការ​ជំនុំជម្រះ​សកម្មជន​ទាំង​បី​ ខណៈ​ដែល​ការ​ឃុំខ្លួន​បាន​អូស​បន្លាយពេល​ជាច្រើន​ខែ​មក​ហើយ។

លោក​ថា ពលរដ្ឋ​សហគមន៍​ក្នុង​ខេត្ត​កោះ​កុង​អាច​បញ្ជាក់​បាន​ថា​ សកម្មជន​ជាប់​ឃុំ​ទាំង​បី​ មិនបាន​ធ្វើ​អ្វី​ខុស​ ក្រៅ​ពី​កិច្ច​ខិតខំ​ក្នុង​ការ​ទប់​ស្កាត់​ការ​បូម​ខ្សាច់​នៅ​ក្នុង​ដែន​សមុទ្រ​នៃ​ខេត្ត​កោះកុង​តែប៉ុណ្ណោះ។​

«ប្រជា​សហគមន៍​ទាំង​អស់ហ្នឹង​ គាត់​បាន​ប្រាប់​សកម្មជន​បី​នាក់​ហ្នឹង​ថា​ ពួកគាត់​មិន​មាន​កំហុស​ ឬ​ក៏​ធ្វើតាម​ ការចោទប្រកាន់​របស់​ព្រះ​រាជអាជ្ញា​ហ្នឹង​ទេ»។​

លោក​ ប៊ូ ប៊ុនហាំង​ ព្រះរាជ​អាជ្ញា​នៃ​តុលាការ​ដំបូង​ខេត្ត​កោះ​កុង មិន​អាច​ឲ្យ​ដឹង​បាន​ថា​ តើ​សវនាការ​ជំនុំ​ជម្រះ​សកម្មជន​ទាំង​បី​នាក់​អាច​នឹង​ធ្វើ​ឡើង​នៅ​ពេល​នោះ​ទេ​ ដោយ​លោក​បាន​បង្វែរ​សំណួរ​ទៅ​ចៅក្រម​នៃ​តុលាការ​ដំបូង​ខេត្ត​វិញ។​

លោក​ ក៏​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះដំណើរ​របស់​លោក​ស្រី ​រ៉ូណា ស្មីត​ មក​កាន់​កម្ពុជា​ផង​ដែរ។​

​ VOA​ ពុំ​ទាន់​អាច​ទាក់ទង​លោក​ស្រី​ ឈុន​ ដាវី​ ចៅក្រម​ស៊ើប​អង្កេត​នៃ​តុលាការ​ដំបូង​ខេត្ត​កោះ​កុង​បាន​នៅឡើយ​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ។​

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​សប្តាហ៍​មុន​ បាន​ឲ្យ​ដឹង​ថា លោក​ស្រី​ រ៉ូណា​ ស្មីត​ អ្នក​រាយការណ៍​ពិសេស ​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​បញ្ចប់​ទស្សនកិច្ច​រយៈពេល​១០ថ្ងៃ​របស់​លោក​ស្រីនៅ​ថ្ងៃ​ទី​ ៣១​ ខែ​មិនា​ខាង​មុខ​នេះ។​

នៅ​ក្នុង​ពេល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ លោកស្រីបាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ មន្ត្រី​ទទួល​ផ្នែក​ច្បាប់​ក្នុង​រដ្ឋាភិបាល​ ​និង​អ្នកតំណាងរាស្ត្រ​ ​ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​ការ​វិវត្ត​ប្រព័ន្ធ​ផ្ដល់​យុត្តិធម៌​នៅ​កម្ពុជា។

VOA​ ព្យាយាម​តាមរយៈ​សារ​អេឡិចត្រូនិក​ ឬ​អ៊ីម៉េល​ដើម្បី​សុំ​ការ​បញ្ជាក់​ពី​អ្នកស្រី​ Christine Pickering ​មន្ត្រី​ទំនាក់​ទំនង​នៃ​ការិយាល័យ​ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ អំពី​លទ្ធភាព​នៃ​ការ​ចុះ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ខេត្ត​កោះកុង​របស់​លោក​ស្រី​ រ៉ូណា ស្មីត តែ​មិន​ទាន់​មាន​ការ​ឆ្លើយតប​នៅ​ឡើយ​ទេ​ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ។​

ចលនា​មាតា​ធម្មជាតិ​ បាន​ធ្វើ​ការ​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ចការ​ការពារ​បរិស្ថាន​នៅ​ក្នុង​ខេត្ត​កោះកុង។​ ក្រៅ​ពី​ការ​តវ៉ា​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ដ៏​មហន្តរាយ​ដល់​បរិស្ថាន​នេះ​ ក្រុម​ការពារ​បរិស្ថាន​នេះ​ ក៏​បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​វិនិយោគ​ទំនប់​វារីអគ្គិសនី​លើ​ស្ទឹង​អារ៉ែង​នៃ​ជួរ​ភ្នំ​ក្រវាញ ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ Sinohydro​ ផង​ដែរ។​ សកម្ម​ភាព​របស់​ពួកគេ ​បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​ និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ មិន​សប្បាយ​ចិត្ត៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG