ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេសិត​អ.ស.ប.៖​ កម្ពុជា​ត្រូវ​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស​បន្ថែម


លោកស្រី​សាស្រ្តាចារ្យ​ រ៉ូណា ស្មីត​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ថ្លែង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ការិយាល័យ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​អ.ស.ប. កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៥។​ (នៅ​ វណ្ណារិន​/VOA)
លោកស្រី​សាស្រ្តាចារ្យ​ រ៉ូណា ស្មីត​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ថ្លែង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ការិយាល័យ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​អ.ស.ប. កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៥។​ (នៅ​ វណ្ណារិន​/VOA)

ប្រេសិត​ថ្មី​របស់​​អង្គការ​សហ​ប្រជាជាតិ​ខាង​សិទ្ធិ​មនុស្ស​​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា​ កម្ពុជា​ត្រូវ​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស​បន្ថែម ​បើ​ទោះ​ជា​ការ​អនុវត្ត​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ការ​វិវត្ត​ទៅ​មុខ​ក៏​ដោយ។​

ប្រេសិត​ថ្មី​របស់អង្គការ​សហ​ប្រជាជាតិ​ខាង​សិទ្ធិ​មនុស្សប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​អំពីការ​វិវត្ត​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ចុង​ក្រោយ​នៅ​កម្ពុជា ​ដោយ​បញ្ជាក់​ថា​ កម្ពុជា​ត្រូវ​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស​បន្ថែម ​បើ​ទោះ​ជា​ការ​អនុវត្តសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ការ​វិវត្ត​ទៅ​មុខ​ក៏​ដោយ។​

ទោះ​ជា​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​ ​ក៏ប៉ុន្តែ​ការ​ស្វែង​ដំណោះ​ស្រាយ​សម្រាប់​ទំនាស់​ដីធ្លី​ ​សិទ្ធិ​ក្នុង​ប្រមូលផ្តុំ​បញ្ចេញ​មតិ​ ​ការ​សង្កើត​សហគមន៍​ ​និង​ការ​អនុវត្ត​ស្របតាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​មាន​បញ្ហា​ប្រឈម​នៅ​ឡើយ។ ​នេះ​បើ​យោង​តាម​ការ​សង្កេត​របស់​លោក​ស្រី​ ​រ៉ូណា​ ស្មីត​ (Rhona Smith)​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តី​អំពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោកស្រី​សាស្រ្តាចារ្យ រ៉ូណា ស្មីត អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ ថ្លែង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅក្នុង​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អ.ស.ប. នៅ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)
លោកស្រី​សាស្រ្តាចារ្យ រ៉ូណា ស្មីត អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ ថ្លែង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅក្នុង​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អ.ស.ប. នៅ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)

ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌​មាន​ ​នា​សន្ធិសីទ​សារ​ព័ត៌មាន​ស្តីពី​ទស្សន​កិច្ច​របស់​លោក​ស្រី​លើក​ទី​មួយ​ក្នុង​ប្រទេស​កម្ពុជា​ នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ ​លោក​ស្រីរ៉ូណា​ ស្មីត ​(Rhona Smith)​ ​បានទទួល​ស្គាល់​ថា​ ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ដំណើរ​ការ​ទៅ​មុខ​ ​ហើយ​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ Facebook​ ​ក៏​មាន​ការ​រីក​ដុះ​ដាល។​ ​យ៉ាង​ណា​ក៏​ដោយ​ លោក​ស្រីប្រេសិត​ពិសេស​រូប​នេះ​បាន​បង្ហើប​អំពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា​ ​បញ្ហា​ជនជាតិ​ដើម​ភាគ​តិច​ ​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ ​បញ្ហា​ការងារ​សិទ្ធិ​ប្រមូលផ្តុំ​ ​ការ​បញ្ចេញ​មតិ​ ​និង​ការ​បក​ស្រាយ​ផ្ទុយគ្នា​យ៉ាង​ខ្លាំង​អំពី​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាដើម។​

ថ្លែង​ក្នុង​សន្និសីទ​រយៈ​ពេល​ជិត​មួយ​ម៉ោង​ក្នុង​ការិយាល័យ​ឧត្តម​ស្នង​ការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិនាទីក្រុង​ភ្នំពេញ​ ​លោក​ស្រី​សា​ស្ត្រាចារ្យរ៉ូណា​ ស្មីត ​(Rhona Smith)​មាន​ប្រ​សាសន៍​ថា៖

​«ដូច្នេះ​នៅក្នុងការ​បន្តមាន​សន្តិភាព​ ស្ថិរភាព​នៅក្នុង​ពេល​ប៉ុន្មាន​ខែ​ ប៉ុន្មានឆ្នាំ​ទៅមុខ​ទៀត​នេះ ហើយអាស្រ័យ​លើ​ថា ​តើ​សិទ្ធិ ​និងសេរីភាព​ទាំងនេះ​ត្រូវបាន​គោរព​កម្រិត​ណា​ និង​ថា ​តើច្បាប់​គ្រប់គ្រង​សិទ្ធិ​ទាំងនេះនៅក្នុង​ប្រទេស​កម្ពុជា ​រួមមាន​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ច្បាប់​ស្តីពី​បាតុកម្ម​ដោយ​សន្តិវិធី ​ត្រូវបាន​អនុវត្ត​ត្រឹម​កម្រិត​ណា​នៅ​ទូទាំង​ប្រទេស»។

លោក​ស្រី​បាន​បន្ត​ទៀត​ថា៖

«ក្នុង​ការ​ប្រាស័យ​ទាក់​ទង​របស់​ខ្ញុំ​ ​ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា​ ហាក់​ដូច​ជា​មាន​ការ​បក​ស្រាយ​ផ្ទុយ​គ្នា​យ៉ាងខ្លាំង​នៃ​ពាក្យ​ថា​ ការ​រឹតត្បិត​សិទ្ធិ​ដែល​បាន​អនុញ្ញាត​ ស្រប​តាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នោះ។​ ​តុល្យភាព​រវាង​ការ​ការពារ​សេរីភាព​ទាំង​នេះ​ ​និង​ការ​រក្សា​នូវ​សណ្តាប់​ធ្នាប់​សារធារណៈ​អាច​ជា​ការ​ពិបាក​មួយ​សម្រាប់​រដ្ឋ។ ​ខ្ញុំ​នឹង​យក​ចិត្ត​ទុក​ដាក់​ ជា​ពិសេស​លើ​សិទ្ធិ​ទាំង​នេះ​ ​ក្នុង​អំឡុង​ពេល​បំពេញ​មុខ​ងារ​របស់​ខ្ញុំ»។

​លោកស្រី​ រ៉ូណា ស្មីតជនជាតិ​អង់គ្លេស​ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ប្រទេស​អង់គ្លេស​ ត្រូវ​បាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​(អ.ស.ប.)​ តែង​តាំង​ជំនួស​លោក​សុរិយា ប្រាសាទ​ ស៊ូប៊ែឌី ​អតីត​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ កាលពី​ខែមិនា​ ឆ្នាំ​២០១៥ ​ដើម្បី​ឃ្លាំ​មើល​ដំណើរ​វិវត្ត​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា។

លោក​ស្រី​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​កន្លង​ទៅ​ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​សកម្ម​ជន​បរិស្ថាន​បី​រូប​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង​ និង​បាន​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជា​ពល​រដ្ឋ​រងគ្រោះ​ដោយ​ទំនាស់​ដីធ្លី​ និង​អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​មួយ​ចំនួន​នាក្រុង​ភ្នំពេញ។ ​ ​ក្នុង​សប្តាហ៍​នេះ ​លោក​ស្រី​បាន​ជួប​ថ្នាក់​ដឹក​នាំ​កំពូលៗ​នៃ​ប្រទេស​កម្ពុជា​ ដូច​ជាលោក​ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​ ​លោក​ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​និងលោកអង្គ វង្សវឌ្ឍនា ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ព្រម​តាំង​តំ​ណាង​រដ្ឋ​សភា​ផង​ដែរ។​

អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តី​អំពី​សិទ្ធិ​មនុស្ស​ ​នេះ​ក៏​បាន​លើក​បញ្ហា​មួយ​ចំនួន​ ដូច​ជាការ​ពង្រឹង​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​ ​ការ​គោរ​ព​សិទ្ធិ​មនុស្ស​ ​ការ​ផ្សព្វផ្សាយភាព​ស្មើភាព​គ្នានៃយេនឌ័រ​ នៅក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ។

លោក​ស្រី​ក៏​បានបញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ​ទាក់ទិន​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ជំទាស់​ និង​ការ​ទទួល​ជនភៀស​ខ្លួន​បន្ថែម​ទៀត​ពីកោះ​ Nauru​ នៃ​ប្រទេស​អូស្ត្រាលី ​មុន​ពេល​ដែល​រដ្ឋា​ភិបាល​ផ្តល់​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​ដល់​ ជនជាតិ​ភាគ​តិច​ម៉ុង​តាញ៉ា​ ដែល​រត់គេច​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​របស់​អាជ្ញាធរ​វៀតណាម​នោះ។​

លោក​ម៉ក់​ សម្បតិ្ត​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ការពារ​ចំ​ណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ​ដោយ​លើក​ឡើង​ថា រដ្ឋាភិបាល​ព្យាយាម​អនុវត្ត​ស្រប​តាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដោយ​មាន​ការ​បង្កើត​ច្បាប់​ថ្មីៗ​និង​ជំរុញការ​អនុវត្ត​នីតិ​រដ្ឋ​នៅ​កម្ពុជា។​ លោក​បាន​បន្ត​ថា​ ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ​និង​នៅ​អាស៊ី​មាន​ភាព​ប្រសើរ​ឡើង​ជា​រៀង​រាល់​ឆ្នាំ។​

«ខ្ញុំ​គ្រាន់​តែ​ចង់​បញ្ជាក់​អញ្ចេះ​ថា ​សិទ្ធិ​សេរីភាព​របស់​មនុស្ស​បាន​សេចក្តី​ថា​ គឺ​វា​គ្មាន​អ្វី​ក្រៅ​ពី​ការ​គោរព​ច្បាប់​និង​ការគោរព​សិទ្ធិអ្នក​ដទៃ​ទេ។ ​អញ្ចឹង​បាន​ជា​យើង​ខិត​ខំរៀប​ចំ​ឲ្យ​មាន​ច្បាប់​ឡើង ​ទាំង​ច្បាប់​អង្គការ​ហ្នឹង​ក៏​ត្រូវ​មាន​ដែរ​ ​ពីព្រោះ​អង្គការ​ទាំង​អស់​ហ្នឹង​ក៏​ស្ថិត​នៅ​ក្រោមច្បាប់​ដែរ​ ​មិន​មែន​អង្គការ​ទាំង​អស់​ហ្នឹ​ងធ្វើ​ភាព​អនា​ធិបតេយ្យស្រេច​តែ​ខ្លួន​ឯណា។​ វា​ត្រូវ​តែ​មាន​ច្បាប់​មួយ​ក្នុង​ការ​គ្រប់​គ្រង​ ព្រោះ​ប្រ​ទេស​យើង​គឺ​ជា​ប្រទេស​នីតិរដ្ឋ»។​

ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​រយៈ​ពេល​ជិត២​សប្តាហ៍របស់​លោកស្រីរ៉ូណា​ ស្មីតបានបញ្ចប់​នាថ្ងៃ​ព្រហស្បតិ៍​នេះ។ ​លោក​ស្រី​នឹង​ធ្វើសេចក្តី​រាយ​ការណ៍​អំពី​លទ្ធផល​នៃ​ដំណើរ​អង្កេត​របស់​លោក​ស្រី​នេះ​ នា​សប្តាហ៍​ក្រោយ​នៅ ​ទីក្រុង​ហ្ស៊ឺណែវ​ ប្រទេស​ស្វ៊ីស៕

XS
SM
MD
LG