អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) បានបញ្ជាក់ពីក្តីបារម្ភចំពោះស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ក្រោយពេលដែលមានសញ្ញាពីការធ្វើទុក្ខបុកម្នេញដល់គណបក្សជំទាស់។ លោកស្រីហៅស្ថានភាពនយោបាយកម្ពុជានាពេលថ្មីនេះថា«ជាចំណុចគ្រោះថ្នាក់ដ៏កំពូលមួយ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនារាត្រីថ្ងៃអង្គារពីទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស លោកស្រី រ៉ូណា ស្មីត ដែលកាន់តំណែងជំនួសលោក សុរិយា ប្រាសាទ ស៊ូប៊ែឌី ចាប់តាំងពីដើមឆ្នាំ២០១៥ នេះមក បានសម្តែងក្តីបារម្ភចំពោះការវាយប្រហារ លើគណបក្សសង្គ្រោះជាតិនាពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
ក្នុងនោះរួមមានការវាយតប់លើតំណាងរាស្ត្របក្សសង្គ្រោះជាតិមុខរដ្ឋសភាជាតិ ការបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីអនុប្រធានទី១នៃរដ្ឋសភា ការចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិពីបទបរិហាកេរ្តិ៍និងញុះញង់ចំពោះលោក ហោ ណាំហុង តាំងពីឆ្នាំ២០០៨ និងការដករូបលោកចេញពីរដ្ឋសភាជាដើម។
លោកស្រី រ៉ូណា ស្មីត ត្រូវបានគេស្រង់សម្តីដើមយ៉ាងដូច្នេះថា៖«ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះត្រូវបានគេសម្គាល់ថា មានការវិវឌ្ឍន៍ដ៏គួរឲ្យបារម្ភមួយចំនួនរួមមាន៖ការឡើងកំដៅជាបន្តបន្ទាប់រវាងគណបក្សនយោបាយធំពីរ ព្រឹត្តិការណ៍ហិង្សា ការគំរាមកំហែងលើបុគ្គលមួយចំនួន និងឈានដល់ការប្រើភាសាបរិហារកេរិ៍្ត នៅក្នុងសារនយោបាយជាដើម»។
លោកស្រីបានបន្តថា៖«ការវិវឌ្ឍន៍នៃហេតុការណ៍តានតឹងមួយចំនួននាពេលបច្ចុប្បន្ន អាចនឹងនាំកម្ពុជាទៅដល់ចំណុចគ្រោះថ្នាក់ដ៏កំពូលមួយ»។
នាចុងខែតុលាកន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣ទសវត្សរ៍បានវាយប្រហារពាក្សសម្តីធ្ងន់ៗទៅលើគណបក្សជំទាស់ រួមទាំងថ្លែងការពារ ការធ្វើបាតុកម្មប្រឆំាងលោក កឹម សុខា ថាជា«ការជះឥទ្ធិពល»ពីការធ្វើបាតុកម្មប្រឆាំងនឹងរូបលោកជាបន្តបន្ទាប់ពេលដែលលោកធ្វើទស្សនកិច្ច នៅបុរីញ៉ីវយ៉ក និងប៉ារីស នឹងហៅលោក សម រង្ស៊ី ថាជា«កូនអាក្បត់ជាតិ»មុនពេលប្រើប្រាស់ប្រព័ន្ធតុលាការប្រឆំាងនឹងលោក សម រង្ស៊ី។
យ៉ាងណាក៏ដោយលោកស្រី រ៉ូណា ស្មីត បានបញ្ជាក់ថា៖«ជាមួយនឹងអំណាចដែលមកជាមួយនឹងភាពទទួលខុសត្រូវ។ ថ្នាក់ដឹកនាំទាំងឡាយដែលត្រូវបានគេបោះជូននោះមានតួនាទីក្នុងការការពារផលប្រយោជន៍របស់អ្នកម្ចាស់ឆ្នោត។ ជាជាងការប្រើភាសាបំបែកបំបាក់ និងបញ្ឆេះឲ្យមានការរើសអើង។ ថ្នាក់ដឹកនាំនយោបាយមានតួនាទីក្នុងការការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះក៏បានអំពាវនាវឲ្យគណបក្សនយោបាយក្នុងប្រទេសកម្ពុជាបន្ត«វប្បធម៌សន្ទនា» ឡើងវិញដើម្បីបន្ធូរបន្ថយភាពចម្រូងចម្រាសផ្នែកនយោបាយ និងបង្កើនការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។
ទាក់ទិននឹងការអំពាវនាវរបស់លោកស្រី រ៉ូណា ស្មីត នេះ លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានថ្លែងប្រាប់VOAថា៖
«អញ្ចឹងខ្ញុំយល់ថា ការអំពាវនាវរបស់គាត់ឲ្យគណបក្សទាំងពីរវិលចូលតុចរចារ គឺជាមតិយោបល់របស់គាត់ គឺជាចេតនាល្អរបស់គាត់ ក៏ប៉ុន្តែទន្ទឹមនឹងនេះខ្ញុំក៏សូមជម្រាបអ្នកសារព័ត៌មានថា វប្បធម៌សន្ទនាវាគ្របដណ្តប់តែការងារនយោបាយទេ មិនគ្របដណ្តប់ការងារផ្លូវច្បាប់ និងតុលាការទេ»។
លោកថាករណីលោកសមរង្ស៊ីគឺជាបញ្ហាផ្លូវច្បាប់រវាងលោក និងលោករដ្ឋមន្ត្រី ហោ ណាំហុង មិនមែនជាវិវាទជាមួយគណបក្សប្រជាជនកម្ពុជានោះទេ។ ហើយតុលាការកម្ពុជាមានសិទ្ធិអនុវត្តន៍ច្បាប់ចំពោះជនគ្រប់រូបដែលប្រព្រឹត្តខុសច្បាប់នោះ។
លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានច្រានចោលការបារម្ភរបស់លោកស្រី រ៉ូណា ស្មីត ចំពោះស្ថានភាពនយោបាយដ៏គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជាដោយថ្លែងថា៖«វាអត់មានគ្រោះថ្នាក់អ្វីទេ! គណបក្សប្រជាជន ក៏ដូចជាប្រជាពលរដ្ឋទូទៅគេអត់យល់ដូចគាត់ផង អត់មានអ្វីត្រូវផ្ទុះចំណុចកំដៅដូចភ្នំភ្លើងហ្វ៊ីស៊ីនោះកើត។ អ្នកបង្កើតបញ្ហាគឺត្រូវទទួលខុសត្រូវចំពោះបញ្ហាហ្នឹង គឺមិនត្រូវយករួចខ្លួនកើតនោះទេ»។
នារសៀលថ្ងៃអង្គារនេះដែរ លោក កឹម សុខា អនុប្រធានគណក្សជំទាស់ និងតំណាងរាស្ត្រពីររូបរបស់គណបក្សដែលរងរបួសពីការវាយដំគឺលោក ញ៉យ ចំរឿន និងលោកគង់ សភា បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាផងដែរ ក្រោយពេលស្នាក់នៅក្រៅប្រទេសមួយរយៈ ខណៈពេលដែលលោក សម រង្ស៊ី ប្រធានគណបក្សនេះធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប។ ថ្លែងប្រាប់អ្នកសារព័ត៌មាននាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក កឹម សុខា បានបង្ហាញពីចេតនារបស់គណបក្សសង្គ្រោះជាតិក្នុងការវិលត្រឡប់មករកតុចរចាផងដែរ ដើម្បីបន្ធូរបន្ថយភាពចម្រូងចម្រាសផ្នែកនយោបាយនៅកម្ពុជា។
លោក កឹម សុខា ថ្លែងយ៉ាងដូច្នេះថា៖«យើងដឹងហើយថាស្ថានភាពវាអាក្រក់ហើយ ក៏ប៉ុន្តែយើងត្រូវតែវិលទៅរកស្ថានភាពល្អឡើងវិញ។ ហើយស្ថានភាពល្អនោះគឺទាល់តែយើងនឹងជជែកគ្នា អង្គុយជជែកគ្នា ទើបវិលទៅរកស្ថានភាពល្អបាន។ ក៏ប៉ុន្តែអ្វីៗ ដែលជាយុត្តិធម៌សម្រាប់ជន អ្នកគេវាយនេះ គឺត្រូវតែបន្តរកយុត្តិធម៌ឲ្យខាងតែបាន»។
ការសម្តែងបារម្ភចំពោះស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជារបស់អ្នករាយការណ៍ពិសេសអង្គសហប្រជាជាតិស្តីអំពីសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាគឺតែរយៈពេលប៉ុន្មានថ្ងៃក្រោយពីលោក Scott Busbyឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងពលកម្មក្នុងតំបន់អាស៊ីបានថ្លែងពីក្តីបារម្ភ និងការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាក្នុងនោះ លោកថា ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនឹងមិនមានលក្ខណៈសេរី និងយុត្តិធម៌ទេ ហើយអាចឈានដល់អំពើហិង្សាផងដែរ៕