ឧត្តមស្នងការអង្គការសហប្រជាជាតិ អ្នកស្រី Michele Bachelet កំពុងថ្កោលទោសលើការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសបេឡារុស និងកំពុងអំពាវនាវឱ្យរដ្ឋាភិបាលនេះ បញ្ចប់អំពើរំលោភបំពានលើពលរដ្ឋរបស់ខ្លួន។ ឧត្តមស្នងការរូបនេះ បានបង្ហាញពីស្ថានភាពបច្ចុប្បន្នភាពក្នុងប្រទេសបេឡារុសដោយផ្ទាល់មាត់ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៤ ខែធ្នូ។
ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នកស្រី Michele Bachelet និយាយថា ស្ថានភាពនៅក្នុងប្រទេសបេឡារុសកាន់តែដុនដាបទៅៗចាប់តាំងពីពេលដែលក្រុមប្រឹក្សាសិទ្ធិមនុស្សរៀបចំការជជែកដេញដោលបន្ទាន់មួយស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងខែកញ្ញា។ អ្នកស្រីនិយាយថា ការរំលោភបំពាននៅតែបន្តកើនឡើង និងកាន់តែដុនដាបជាងមុន ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីបេឡារុសដែលមានការរិះគន់យ៉ាងច្រើនកាលពីថ្ងៃទី៩ ខែសីហា។
អ្នកស្រី Bachelet និយាយថា មនុស្សជាង២៧.០០០នាក់ ត្រូវបានចាប់ខ្លួន រួមទាំងពលរដ្ឋចាស់ជរាដែលចូលរួមនៅក្នុងការដើរក្បួនដោយសន្តិវិធីផងដែរ។ អ្នកស្រីកត់សម្គាល់ថា ការដាក់ពិន័យទៅលើក្រុមអ្នកតវ៉ាទំនងជាធ្ងន់ជាងមុន ហើយមនុស្សលើសពី៩០០នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានចាត់ទុកជាជនសង្ស័យនៅក្នុងរឿងក្តីព្រហ្មទណ្ឌ។
អ្នកស្រីបានថ្កោលទោសការបង្ក្រាបដោយហិង្សាពីសំណាក់កងកម្លាំងសន្តិសុខទៅលើការតវ៉ាដោយសន្តិវិធី ហើយអ្នកស្រីបាននិយាយថា កងកម្លាំងទាំងនោះ បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក គ្រាប់កាំភ្លើងជ័រ និងកាំភ្លើងឆក់ដើម្បីបំបែកហ្វូងមនុស្ស។ អ្នកស្រីនិយាយថា មនុស្សយ៉ាងហោចណាស់ ៤ នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត ត្រូវបានគេវាយដំយ៉ាងធ្ងន់ ក្នុងពេលប្រឈមមុខដាក់គ្នា។
អ្នកស្រី Bachelet បានថ្លែងក្នុងន័យដើមថា «យើងក៏មានរបាយការណ៍គួរឱ្យទុកចិត្តជាច្រើនពីពលរដ្ឋដែលត្រូវបានកងកម្លាំងសន្តិសុខវាយដំក្នុងអំឡុងពេល និងបន្ទាប់ពីពេលពួកគេទៅស្ថានីយប៉ូលិស ឬមណ្ឌលឃុំខ្លួន។ ប្រសិនបើរឿងនេះត្រូវបានបញ្ជាក់ថាជាការពិត ហេតុការណ៍ទាំងនេះ នឹងជាអំពើអមនុស្សធម៌ ហើយនៅក្នុងករណីមួយចំនួនអាចជាការធ្វើទារុណកម្ម។ លើសពីនេះទៀត បុរសៗដែលមានពាក់ម៉ាស ដោយមិនមានស្លាកសញ្ញា ឬអត្តសញ្ញាណ ជារឿយៗចូលរួមក្នុងការបំបែកក្រុមអ្នកតវ៉ា ស្របពេលជាមួយនឹងប៉ូលិសកុបកម្ម»។
អ្នកស្រីនិយាយថា ការណ៍នេះបង្កើនបរិយាកាសនៃការភ័យខ្លាច និងការមិនគោរពច្បាប់ និងនិទណ្ឌភាព។ អ្នកស្រី Bachelet បានបង្ហាញពីក្តីបារម្ភចំពោះការចោទប្រកាន់ជាច្រើនចំពោះការធ្វើទារុណកម្មនៅពេលពលរដ្ឋស្ថិតក្នុងការឃុំខ្លួន។ អ្នកស្រីនិយាយថា ពាក្យបណ្តឹងរហូតដល់ ២.០០០ ពាក្យបណ្តឹងត្រូវបានគេដាក់នៅត្រឹមចុងខែតុលា។
អ្នកស្រី Bachelet បានថ្លែងក្នុងន័យដើមថា «មនុស្សជាច្រើនដែលត្រូវបានឃុំខ្លួនបានរាយការណ៍ថា ត្រូវបានគេឃុំនៅក្នុងកន្លែងចង្អៀត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ទោះបីជាមានហានិភ័យពាក់ព័ន្ធនឹងការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ក្តី ការបដិសេធមិនផ្តល់អាហារ ទឹក និងការទៅបន្ទប់ទឹក និងការព្យាបាលវេជ្ជសាស្ត្រ។ ពួកគេក៏បានរាយការណ៍ពី ការវាយដំម្តងម្កាល និងអំពើហិង្សា ព្រមទាំងសកម្មភាពមើលងាយ ប្រមាថ និងគំរាមកំហែងផងដែរ»។
ឧត្តមស្នងការរូបនេះ កំពុងអំពាវនាវឱ្យរដ្ឋាភិបាលដោះលែងភ្លាមៗនូវអ្នកទាំងឡាយណាដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ ដើម្បីគោរពសិទ្ធិនៃការជួបប្រជុំដោយសន្តិភាព និងដើម្បីធានាដល់ការស៊ើបអង្កេតឯករាជ្យ និងមិនលម្អៀងមួយទៅលើការចោទប្រកាន់ពីការធ្វើទារុណកម្ម និងការរំលោភបំពានសិទ្ធិមនុស្សផ្សេងទៀត។
ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំនៅអង្គការសហប្រជាជាតិនៅក្នុងក្រុងហ្សឺណែវ លោក Yuri Ambrazevich បានចោទប្រកាន់លើអង្គការសហប្រជាជាតិពីការបំប៉ោងស្ថានការណ៍នៅក្នុងប្រទេសបេឡារុស។ លោកបាននិយាយថា ប្រទេសដែលមានពោរពេញទៅដោយសង្គ្រាម មិនសូវត្រូវបានគេចាប់អារម្មណ៍ដូចនៅក្នុងប្រទេសរបស់លោកនោះទេ។
មន្ត្រីរដ្ឋាភិបាលបេឡារុសរូបនេះបាននិយាយថា សម្ពាធដែលដាក់លើប្រទេសបេឡារុស បានរំលោភបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិស្តីពីគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធបិតេយ្យមួយ។ លោកបានរិះគន់សហភាពអឺរ៉ុបចំពោះការដាក់ទណ្ឌកម្មលើបេឡារុស ដោយលោកបាននិយាយថា វាច្បាស់ណាស់ថានេះជាការរំលោភបំពានដល់ច្បាប់អន្តរជាតិ៕