ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​អង្គការ​សហប្រជាជាតិ៖​ វិធាន​ការ​របស់​អ៊ុយក្រែន​ដើម្បី​ពន្យឺត​ជំងឺ​កូវីដ១៩ ​នៅ​ខ្វះ​ចន្លោះ


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ពាក់​ឧបករណ៍​ការពារ​ឈរ​នៅ​ជិត​រថយន្ដ​សង្គ្រោះ​បន្ទាន់​មួយ​នៅ​ក្រៅ​មន្ទីរពេទ្យ​មួយ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ពាក់​ឧបករណ៍​ការពារ​ឈរ​នៅ​ជិត​រថយន្ដ​សង្គ្រោះ​បន្ទាន់​មួយ​នៅ​ក្រៅ​មន្ទីរពេទ្យ​មួយ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។

របាយ​ការណ៍​មួយ​ដែល​បញ្ជូន​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្សអង្គការ​សហប្រជាជាតិ​បាន​រិះគន់​ចំណាត់ការ​លើ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​របស់​ប្រទេស​អ៊ុយក្រែន​ហើយ​បាន​ព្រមាន​ថា​ ជម្លោះ​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ក្នុង​តំបន់​ខាង​កើត​ប្រទេស​អ៊ុយក្រែន​គំរាម​កំហែង​ការ​ខំប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នេះ។ ​របាយ​ការណ៍​នោះ​ដែល​វាយ​តម្លៃ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩​លើ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ និយាយ​អំពី​សភាព​ការណ៍​ពី​ថ្ងៃ​ទី​២០ ​ខែ​កុម្ភៈ​ដល់​ថ្ងៃ​ទី​៦ ​ខែ​ធ្នូ។ ​

របាយ​ការណ៍​នោះ​រក​ឃើញ​ថា វិធានការ​ដែល​អនុវត្ត​ដោយ​អាជ្ញាធរ​អ៊ុយក្រែន​ដើម្បី​ពន្យឺត​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩​នោះ​ នៅ​មាន​ការខ្វះចន្លោះ​ហើយ​មិន​បាន​ការពារ​សុខភាព​សាធារណៈ​ទេ។ ​របាយ​ការណ៍​ បាន​បញ្ជាក់​ថា​ វិធានការ​នោះ​ក៏​កំពុង​ធ្វើ​ឲ្យ​កាន់តែ​អាក្រក់​ឡើង​នូវ​ភាព​លំបាក​ដែល​ប្រជាពលរដ្ឋ​បាន​ប្រឈម​នៅ​ក្នុង​ការ​រស់នៅ​នៅ​ក្នុង​តំបន់​នានា​ដែល​រង​ការប៉ះពាល់​ដោយ​ជម្លោះ​នៅផ្នែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។​

លោក​ស្រី​ Ilze Brands Kehris ​ឧបការី​អគ្គ​លេខាធិការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​និយាយ​ថា ​ការរឹត​ត្បិត​លើ​សេរីភាព​នៃ​ធ្វើ​ដំណើរ​ឆ្លងកាត់​ខ្សែបន្ទាត់​ទំនាក់ទំនងដែល​បែងចែក​កង​កម្លាំង​អ៊ុយក្រែន​និង​ពួក​ឧទ្ទាម​ទាមទារ​បំបែក​រដ្ឋ​ដែល​គាំទ្រ​ដោយ​រុស្ស៊ី ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការលំ បាក​ដើម្បី​ទទួល​បាន​ការថែទាំ​សុខភាព​និង​ការ​ការពារ​ខាង​សង្គម​ផ្សេងៗ​ទៀត។ ​

លោក​ស្រី​និយាយ​ថា៖

«ស្ត្រី​និង​មនុស្ស​ចាស់ៗ​ដែល​ភាគច្រើន​ជា​ជនស៊ីវិល​ដែល​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ទំនាក់​ទំនង​មុន​ការបិទ​សកម្មភាព​សង្គម​ដោយ​សារ​ជំងឺ​កូវីដ១៩​នោះ​ បាន​រង​ការប៉ះពាល់​ជាពិសេស។ ​ នៅពេល​បច្ចុប្បន្ន​នេះ ​ការរឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខ្សែបន្ទាត់​ទំនាក់ទំនង​ដែល​កំណត់​ដោយ​ក្រុម​ប្រដាប់​អាវុធ​មួយ​ដែល​ហៅ​ខ្លួន​ឯង​ថា​«សាធារណ រដ្ឋ​ប្រជាមានិត​ Donetsk» ​កំពុង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​យ៉ាង​ខ្លាំង»។ ​

លោក​ស្រី ​Kehris ​និយាយ​ទៀត​ថា​ស្ថាន​ភាព​មនុស្ស​នៅ​កន្លែង​ឃុំឃាំង​ដែល​ចង្អៀតហួសហេតុ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត។ ​ លោក​ស្រី​កំពុង​អំពាវនាវ​ឲ្យ​ដោះ​លែង​មុន​ពេល​កំណត់​សម្រាប់​មនុស្ស​ចាស់ៗ​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។​លោក​ស្រី​និយាយ​ទៀត​ថា ​ ស្ថានភាព​មាន​ភាព​ធ្ងន់ធ្ងរ​ជាពិសេស​ចំពោះ​មនុស្ស​ដែល​ត្រូវ​បាន​ឃុំ​ឃាំង​នៅ​ក្នុង​តំបន់​នានា​ដែល​ត្រួត​ត្រា​ដោយ​ពួក​ឧទ្ទាម​នៅ​ផ្នែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​និង​ឧបទ្វីប​ Crimea ​ដែល​ត្រួតត្រា​ដោយ​រុស្ស៊ី។

លោកស្រី​ Emine Dzhaparova ​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​ទី១​របស់​អ៊ុយក្រែន ​និយាយ​ថា ​ របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ បង្ហាញ​ថា ​ជំងឺ​កូវីដ១៩​ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​ពង្រីក​ផលវិបាក​ដ៏ខ្លាំង​របស់​សកម្មភាព​គឃ្លើន​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន។ ​

លោក​ស្រី​និយាយ​ថា៖​

«ការ​រាត​ត្បាត​បាន​ផ្តល់​ឲ្យ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​នូវ​ឱកាស​មួយ​ទៀត​ដើម្បី​រឹត​បន្តឹង​សិទ្ធិ​មនុស្ស ​នៅ​ក្នុង​ទឹកដី​ដែល​ខ្លួន​ត្រួតត្រា។ ​ពួក​អ្នក​ស្រុក​នៅ​តំបន់ ​Crimea ​ជា​ពិសេស​ ប្រជាពលរដ្ឋ​ជន​ជាតិ​ភាគ​តិច​គឺ​ជន​ជាតិ Tatars ​នៅ​តំបន់ ​Crimea ​ បន្ត​ប្រឈម​ការ​តាមចាប់​ខ្លួន​និង​ការ​ចាប់​ដាក់​ពន្ធនាគារ។ ​មជ្ឈមណ្ឌល​ឃុំ​ឃាំង​មុន​ការកាត់ទោស​នៅ​ក្នុង​តំបន់ ​Crimea ​ពោរ​ពេញ​ទៅ​ដោយ​អ្នកជាប់ឃុំ​លើស​ចំណុះ។ ​ ពួក​អ្នក​ទោស​នយោបាយ​ត្រូវ​បាន​គេ​ដក​ហូត​សិទ្ធិ​ មិន​ឲ្យ​ទទួល​បាន​ជំនួយ​ផ្នែក​សុខាភិបាល​ត្រឹម​ត្រូវ ​ ថ្វីបើ​មាន​ភស្តុតាង​ថា ​ពួកគេ​មាន​រោគ​សញ្ញា​កូវីដ​១៩​ក៏ដោយ»។

រុស្ស៊ី បាន​ច្រានចោល​ការរិះគន់​ទាំង​អស់​ប្រឆាំង​នឹង​ខ្លួន​ហើយ​បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​អ្វី​ដែល​រុស្ស៊ី​ហៅ​ថា​ ការរំលោភ​សិទ្ធិ​មនុស្ស​ដ៏​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស​អ៊ុយ ក្រែន​ទាក់ទិន​នឹង​ការរាត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ។​រុស្ស៊ី បាន​ចោទប្រកាន់​ថា ​រដ្ឋាភិបាល​អ៊ុយ ក្រែន​មិន​អើពើ​ដល់​បញ្ហា​របស់​មនុស្ស​ចាស់​ៗ​និង​ជន​ពិការ ​ និងមិន​បាន​ដោះស្រាយ​អ្វី​ដែល​រុស្ស៊ី​ពណ៌នា​ថា​ជា​ការ​ឃុំឃាំង​ដ៏​រន្ធត់៕​

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

XS
SM
MD
LG