ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ភ័យខ្លាច​ថា​រដូវ​ឈប់​សម្រាក​នឹង​​កាន់​តែ​ធ្វើ​ឲ្យ​មាន​វិបត្តិ​​កូវីដ​នៅ​សហរដ្ឋ​អាមេរិក


អ្នក​ធ្វើ​ដំណើរ​ដើរ​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង San Francisco សហរដ្ឋ​អាមេរិក​ ក្នុង​អំឡុង​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ​ ឆ្នាំ​២០២០។

ការឆ្លង​វីរុស​កូរ៉ូណា​យ៉ាង​ខ្លាំង​កើន​សរុបដល់​ចំនួន​២លាន​ករណី​នៅ​ក្នុង​រដ្ឋ California នៅត្រឹម​ថ្ងៃមុន​បុណ្យណូអែល​ឬ ​គ្រិស្តម៉ាស់​នៅពេល​ដែល​សហរដ្ឋ​អាមេរិក បាន​ចូល​ក្នុង​រដូវ​ឈប់​សម្រាក​ដោយការធ្វើ​ដំណើរ​និង​ការជួប​ជុំ​ក្រុម​គ្រួសារ​ដែលអាច​កាន់​តែ​ធ្វើ​ឲ្យ​ផ្ទុះឡើង​នូវការ​រាតត្បាត​ជំងឺ​ដ៏ប្រល័យ​នេះ​នៅ​ទូទាំង​ប្រទេស។ នេះ​តាម សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ថ្វីបើ​មាន​ការ​ព្រមាន​ពី​អ្នក​ជំនាញ​សុខភាព​សាធារណៈ​ឲ្យ​ស្ថិត​នៅ​ផ្ទះ​ក៏ដោយ ក៏​អ្នក​ធ្វើ​ដំណើរ​ជាង​១,១៩លាននាក់ បាន​ឆ្លង​កាត់​អាកាសយានដ្ឋានអាមេរិកនានា​កាលពី​ថ្ងៃ​ពុធ ដែល​ជា​ចំនួន​ធ្លាក់​ចុះប្រហែល​៤០ភាគរយ​បើ​ប្រៀបធៀប​កាល​ពី​១ឆ្នាំ​មុន ក៏ប៉ុន្តែ ជា​ចំនួន​សរុប​ខ្ពស់បំផុត​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ចាប់តាំង​ពី​វិបត្តិ​នោះ បាន​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ខែ​មីនា​មក។

ចំណត​យន្តហោះ ក៏​បាន​កត់​ត្រា​អ្នក​ធ្វើ​ដំណើរ​ប្រហែល​១លាន​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​នៅ​រយៈ ពេល​៥ថ្ងៃ​ពី​រវាង​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​អង្គារ​សប្តាហ៍​មុន។

លោក​វេជ្ជបណ្ឌិត Anthony Fauci ​អ្នក​ជំនាញ​កំពូល​ខាង​ជំងឺ​ឆ្លង​របស់​រដ្ឋាភិបាល បាន​និយាយ​ថា លោក មាន​ការព្រួយ​បារម្ភ​ពិសេស​អំពី​ការធ្វើ​ដំណើរ​រវាង​ថ្ងៃ​បុណ្យ​ណូអែលនិង ថ្ងៃ​ចូល​ឆ្នាំ​សាកល។ លោក Fauci ដែល​គម្រប់​អាយុ​៨០​ឆ្នាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​និយាយ​ថា លោក​និង​ភរិយា​របស់​លោក នឹង​ប្រារព្ធ​ពិធី​ថ្ងៃ​កំណើត​របស់​លោក​និង​ថ្ងៃ​ឈប់​សម្រាក​ជាមួយ​កូនចៅ​របស់​លោក​តាម Zoom។

វីរុស​កូរ៉ូណា​បាន​ផ្តាច់ផ្តល់​ជីវិត​ពលរដ្ឋ​អាមេរិកជាង​៣២៧.០០០​នាក់​ដោយ​មាន​មនុស្ស​ជាង​៣.០០០​នាក់​បាន​ស្លាប់​ក្នុង​មួយ​ថ្ងៃៗត្រូវ​បាន​កត់​ត្រា​ជាង​២សប្តាហ៍​កន្លង​មក​នេះ។

ប្រជាពល​រដ្ឋ​អាមេរិកាំង មាន​ក្តី​សង្ឃឹម​យ៉ាង​ខ្លាំង​ចំពោះ​វ៉ាក់សាំង​ដែល​ពួក​មន្ត្រី បាន​សន្យា​ថា មនុស្ស​២០លាន​នាក់​នឹង​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​នៅ​ចុង​ឆ្នាំ​នេះ។ ក៏​ប៉ុន្តែ រហូត​មក​ទល់​ថ្ងៃ​ពុធ ពលរដ្ឋ​អាមេរិកាំង​ប្រហែល​១,១លាន​នាក់​ប៉ុណ្ណោះបាន​ទទួល​ដូស​វ៉ាក់សាំង​ទី១​នៃវ៉ាក់សាំង​២ដូស៕

XS
SM
MD
LG