នៅគ្រាដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងជួបនឹងវិបត្តិជំងឺកូវីដ១៩ជាង២ឆ្នាំមកហើយ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានលើកឡើងថា«ភាពងាយរងគ្រោះ»និង«វិសមភាពប្រាក់ចំណូល» នៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងស្ថានភាពកាន់តែ«ធ្ងន់ធ្ងរ»។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ជាភាសាខ្មែរ និងអង់គ្លេស។
របាយការណ៍ឲ្យដឹងថាការរាតត្បាតជំងឺកូវីដ១៩«កំពុងលាតត្រដាងឲ្យឃើញពីវិសមភាពនៅកម្ពុជា ដូចជាវិសមភាពប្រាក់ចំណូល សុខភាព និងការអប់រំជាដើម»។
របាយការណ៍បញ្ជាក់ថា៖ «ភាពងាយរងគ្រោះ និងវិសមភាពប្រាក់ចំណូលនៅកម្ពុជា ក៏រឹតតែមានសភាពធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩»។
របាយការណ៍បន្ថែមថាប្រជាពលរដ្ឋមានចំណូលទាបជាច្រើនគ្រួសារកំពុងជាប់បំណុល។ របាយការណ៍បញ្ជាក់ថា៖ «របកគំហើញបឋមផ្អែកតាមការសិក្សាផ្ទៃក្នុងរបស់អង្គការសហប្រជាជាតិបង្ហាញថាបំណុលត្រូវបានប្រើប្រាស់ ដើម្បីបំពេញតម្រូវការសេដ្ឋកិច្ច សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារទាំងនោះ»។
វិបត្តិជំងឺកូវីដ១៩ នាំឲ្យប៉ះពាល់ដល់មុខរបរចិញ្ចឹមជីវិត កន្លែងធ្វើការ សន្តិសុខសង្គម ជីវិតគ្រួសារ ការចូលរួមក្នុងសកម្មភាពវប្បធម៌ ការទទួលបានលំនៅឋាន ស្បៀង ទឹក ការថែទាំសុខភាព និងសេវាអប់រំ ដែលត្រូវបានគេហៅរួមគ្នាថាជាសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។ នេះបើតាមរបាយការណ៍។
ដើម្បីជួយឲ្យអាជ្ញាធរ ធានាបាននូវសិទ្ធិទទួលបានសេវាសុខភាព អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានគាំទ្រដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធដទៃទៀតក្នុងការផ្ដល់សេវាសុខភាពនិងបង្កភាពងាយស្រួលឲ្យប្រជាពលរដ្ឋទទួលបានសេវាសុខភាព ដូចជាសុខភាពមាតា និងកុមារ សេវាចាក់ថ្នាំបង្ការ សុខភាពផ្លូវចិត្ត និងការគាំទ្រចិត្តសង្គមជាដើម។
របាយការណ៍ឲ្យដឹងទៀតថាដើម្បីជួយដល់រដ្ឋាភិបាលក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការធានាបាននូវសិទ្ធិទទួលបានការអប់រំ អង្គការសហប្រជាជាតិបានសហការជាមួយអាជ្ញាធរ ដើម្បីចែកឯកសាររៀនដល់កុមារប្រមាណ៣,២លាននាក់។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ថ្លែងថាបំណុលនៅតែជាបញ្ហាធំរបស់ប្រជាពលរដ្ឋ នៅពេលដែលមានវិបត្តិជំងឺកូវីដ១៩កើតឡើង ខណៈទីផ្សារនៃការលក់កសិផល ក៏ជាបញ្ហាសម្រាប់ពួកគេ។ លោកជំរុញឲ្យរដ្ឋាភិបាលបន្តជួយកសិករបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាវិសមភាពនៅក្នុងសង្គម។
លោកប្រាប់វីអូអេថា៖ «សម្រាប់ខ្ញុំ យល់ថានៅក្នុងដំណាក់កាលនៃការប្រឈមបច្ចុប្បន្នរបស់ប្រជាពលរដ្ឋ យើងឃើញថាគោលនយោបាយនៃការគាំពារសង្គមពីសំណាក់រដ្ឋាភិបាលទៅលើប្រជាពលរដ្ឋជាពិសេសកសិករនៅមានកម្រិតនៅឡើយ ហើយដំណាក់កាលនៃការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋហ្នឹង ក៏មិនទាន់បានគ្រប់ជ្រុងជ្រោយ»។
បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ទីផ្សារការងារកម្ពុជាប្រហែល៨៨,៣% ដំណើរការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយកម្មករនិយោជិតភាគច្រើនក្នុងចំណោមកម្មករនិយោជិតទាំងនេះ មិនអាចពឹងផ្អែកលើលទ្ធភាពទទួលបានសេវាថែទាំសុខភាព ឬសន្តិសុខប្រាក់ចំណូលរបស់ពួកគេឡើយ។
របាយការណ៍បញ្ជាក់ថា៖ «ការទទួលបានផលប្រយោជន៍ពីកម្មវិធីគាំពារសង្គម នៅមានកម្រិត ឬមិនស្មើបែបនេះ បង្កផលប៉ះពាល់ដល់កិច្ចប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ និងវិសមភាព»។
អង្គការសហប្រជាជាតិបញ្ជាក់ថាអង្គការកំពុងជួយក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីធានាយ៉ាងណាឲ្យកម្មករនិយោជិត ដែលងាយរងគ្រោះជាងគេ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធគាំពារសង្គម ដែលត្រូវបង់ភាគទានផង និងមិនចាំបាច់ត្រូវបង់ភាគទាន។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ថ្លែងថាការជួយរបស់រដ្ឋាភិបាល នៅមានកម្រិតសម្រាប់អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលលោកយល់ថាអ្នកដែលត្រូវបានជួយគាំពារ មានប្រមាណ១០%តែប៉ុណ្ណោះ។ លោកបន្ថែមថាអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបានសម្រេចចិត្តទៅស្រែចម្ការ រកក្តាមខ្យង ធ្វើការសំណង់ អ្នកខ្លះលក់ទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីយកប្រាក់ទប់ទល់ជីវភាពប្រចាំថ្ងៃ។
លោកជំរុញឲ្យរដ្ឋាភិបាលរៀបចំគោលនយោបាយកិច្ចគាំពារសង្គមសម្រាប់អ្នកធ្វើការក្រៅប្រព័ន្ធ ដើម្បីឲ្យពួកគេអាចទទួលបានជំនួយពីរដ្ឋាភិបាលពេលជួបវិបត្តិ។
លោកប្រាប់វីអូអេថា៖ «សូមឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញទៅលើអ្នកដែលធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ទីមួយបង្កភាពងាយស្រួលក្នុងការចុះបញ្ជីក្នុងការទទួលបានបណ្ណក្រីក្រ ឬក៏បណ្ណមូលនិធិសមធម៌សុខាភិបាល ដើម្បីឲ្យគាត់មានឱកាសទទួលបានការផ្ទេរសាច់ប្រាក់យ៉ាងពិតប្រាកដពីរដ្ឋាភិបាល»។
លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានបដិសេធមិនអត្ថាធិប្បាយពេលវីអូអេទាក់ទងទៅតាមទូរស័ព្ទ និងអះអាងថាកិច្ចការងាររបស់ស្ថាប័ន ត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក និងគេហទំព័ររបស់ស្ថាប័ន។
គួរបញ្ជាក់ថារដ្ឋាភិបាលបានបង្កើតកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបានចាប់ផ្តើមចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០។ រដ្ឋាភិបាលក៏បានបន្តកម្មវិធីផ្តល់សាច់ប្រាក់នេះសម្រាប់ជុំទី៧ ដែលចាប់ផ្តើមពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២១៕