ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​សង្ឃឹម​ទទួល​សំឡេង​គាំទ្រ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់


លោក ដុំ ដន អាយុ៦៣ឆ្នាំ ជា​អ្នកនយោបាយ​ថ្នាក់ក្រោម​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក្នុង​ឃុំ​មហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថតនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)
លោក ដុំ ដន អាយុ៦៣ឆ្នាំ ជា​អ្នកនយោបាយ​ថ្នាក់ក្រោម​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក្នុង​ឃុំ​មហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថតនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

លោក ដុំ ដន ជា​អ្នក​នយោ​បាយ​ថ្នាក់​ក្រោម​មួយ​រូប ដែល​បាន​ចូល​រួម​ជាមួយ​គណ​បក្ស​ប្រជា​ធិប​តេយ្យមូលដ្ឋាន​(Grassroots Demo​cratic Party ឬ​ GDP) កាល​ពី​ឆ្នាំ​២០១៥។ លោក ដន អាយុ​៦៣ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ប្រាសាទ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​ថា​ លោក​នឹង​ឈរ​ឈ្មោះ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មហា​សាំង​បោះ​ឆ្នោត​ជ្រើស​រើស​រូប​លោក​ឲ្យ​ក្លាយ​ជា​មេឃុំ។

លោក​ថ្លែង​ថា៖«បើ​សិន​ជា​ពេល​ខ្ញុំ​ឈ្នះ​ឆ្នោត​ទៅ ខ្ញុំ​នឹង​យក​គោល​នយោ​បាយ​របស់​គណ​បក្ស​មូលដ្ឋាន​ហ្នឹង​យក​មក​អនុវត្ត។ ឧទាហរណ៍​ថា​គ្រូ​ពេទ្យ​ល្អ គ្រូ​បង្រៀន​ល្អ គ្រូ​កសិ​កម្ម​ល្អ នគរ​បាល​ល្អ។ អាហ្នឹង​ខ្ញុំ​យក​មក​អនុវត្ត ដែល​ពេល​ខ្ញុំ​ឈ្នះ​ឆ្នោត»។

ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​ជ្រើស​រើស​ក្រុម​ប្រឹក្សា​នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន​១១.៦២២​នាក់ ដែល​ក្នុង​នោះ​មាន​មេឃុំ​ចៅ​សង្កាត់​សរុប​ចំនួន​១.៦៥២​នាក់ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០​២២។ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​តើ​នឹង​មាន​វត្តមាន​គណ​បក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ប្រកួត​ប្រជែង​ឬ​យ៉ាង​ណា ក្រោយ​គណ​បក្ស​មួយ​នេះ ត្រូវ​បាន​រំលាយជិត​៤​ឆ្នាំ​មក​ហើយ​។

ប៉ុន្តែ​លោក ដន បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន ចង់​បាន​ការ​ចូល​រួម​ពី​គ្រប់​គណ​បក្ស​នយោ​បាយ បើ​ទោះ​លោក​យល់​ថា​អវត្ត​មាន​គណ​បក្ស​សង្គ្រោះជាតិ នាំ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំដែល​ធ្លាប់​គាំទ្រ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ ហើយ​ចង់​បាន​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹកនាំ​ឃុំ អាច​ចាត់​ទុក​គណ​បក្ស​របស់​លោក​ជា​ជម្រើស​មួយ។

លោក ដន បញ្ជាក់​ថា៖ «ខ្លាច គាត់​ពេល​បោះ​ឆ្នោត​ទៅ គាត់​ទៅ​ម៉េម​ម៉ាម មិន​ដឹង​ចាប់​ឲ្យ​អ្នក​ណា។ អញ្ចឹង​ក្រែង​គាត់​យល់​ឃើញ​ថា​គណបក្ស​មូលដ្ឋាន​ហ្នឹង​ មាន​គោល​នយោ​បាយ​ល្អ​ដែរ គួរ​ជា​ទីពឹង​បាន​អីអ៊ីចឹង​ទៅ គាត់​ជួយ​គាំទ្រ​អ៊ីចឹង​ទៅ»។

បើ​តាម​លោក ដន កាល​ពី​កន្លង​ទៅ ប្រជា​ពលរដ្ឋ​បាន​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​សង្គ្រោះជាតិ ដែល​មាន​សំឡេង​ប្រហាក់​ប្រហែល​នឹង​គណបក្ស​ប្រជា​ជន​កម្ពុជា។

ចំនួន​ក្រុម​ប្រឹក្សា​នៃ​ឃុំ​មហា​សាំង​មាន​ចំនួន​៩​នាក់។ កាល​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៥​អាសនៈ ឈ្នះ​តំណែង​មេឃុំ។ ចំណែក​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​៤​អាស​នៈ ដែល​មាន​សមាជិក​ម្នាក់​ធ្វើ​ជា​ជំទប់​ទី​២នៃ​ឃុំ​មហាសាំង។ នេះ​បើ​តាម​ទិន្ន​ន័យ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)។ បច្ចុប្បន្ន​នេះ សមាជិក​ក្រុម​ប្រឹក្សា​ទាំង​៩​នាក់​ក្នុង​ឃុំ​មហាសាំង ត្រូវ​បាន​គ្រប់គ្រង​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា ក្រោយ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ឃុំ​មហា​សាំង ស្រុក​ភ្នំ​ស្រួច កាល​ពី​ឆ្នាំ​២០១៧ គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ឆ្នោត​៣.៤៥៦ គណ​បក្ស​សង្គ្រោះជាតិ​ចំនួន​២.៨៤២​សំឡេង ខុស​គ្នា​ប្រមាណ​៦០០​សំឡេង​ឆ្នោត​គាំទ្រ។ ចំណែក​គណ​បក្សប្រជា​ធិបតេយ្យ​មូលដ្ឋាន​រក​បាន​១៩០​សំឡេង​តែ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​គ.ជ.ប។

កាល​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​មុន គណបក្ស​សង្គ្រោះជាតិ ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ បាន​ឈ្នះ​តំណែង​មេឃុំ​ប្រមាណ​៥០០ និង​ក្រុម​ប្រឹក្សា​ប្រមាណ​៥​ពាន់​នៅ​ឃុំ​សង្កាត់​ទូទាំង​ប្រទេស។ ប៉ុន្តែ​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​ចោល​ ហើយ​តំណែង​ទាំង​នោះ​ត្រូវ​បាន​ផ្តល់​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ។

លោក ដន ដែល​ជា​កសិករ​មួយ​រូប​បាន​សម្រេច​ចិត្ត​ធ្វើ​នយោ​បាយ​ជាមួយ​គណ​បក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន ក្រោយ​លោក​បាន​ចូល​រួម​រៀន​សូត្រ​ជាមួយបុគ្គល​មួយ​ចំនួន ដូច​ជា​លោក កែម ឡី អ្នក​វិភាគ​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០១៦ លោក យ៉ង់ សាំងកុមារ ដែល​ជា​អ្នក​ជំនាញ​ខាង​កសិ​កម្ម​មួយ​រូប ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​គណៈ​កម្មា​ធិការ​នាយក​នៃ​គណបក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន និង​លោក យ៉េង វីរៈ ដែល​ជា​ប្រធាន​គណ​បក្ស​ជំទាស់​មួយ​នេះ។

លោក ដន បន្ថែម​ថា​លោកចាប់​អារម្មណ៍​គោល​នយោ​បាយ​របស់​គណបក្ស​ GDP ដែល​លោក​ថាធ្វើ​នយោ​បាយ​ពីថ្នាក់​ក្រោម​ទៅ​លើ។

លោក​ប្រាប់​វីអូអេ​ថា៖ «គោល​នយោ​បាយ​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន ដូច​ខ្ញុំ​បាន​ជម្រាប​អ៊ីចឹង ពី​ក្រោម​ទៅ​លើ វា​ខុស​ប្លែក​ពី​គណ​បក្ស​ផ្សេងៗ។ ពី​ក្រោម​ទៅ​លើ បាន​ន័យ​ថា​អ្នក​មូលដ្ឋាន គាត់​មាន​សិទ្ធិ​អំណាចក្នុងការ​សម្រេច​ជោគ​វាសនា​ភូមិ​ឃុំ​របស់​ខ្លួន​ឯងអត់​មាន​ខ្លាច ដូច​ប្រព័ន្ធ​គណបក្ស​ខ្លះ ពី​លើ​មក​ក្រោម ខ្លាច​មេ ទាល់​មេ​បញ្ជា​មក បាន​ហ៊ាន​ធ្វើ»។

លោក ដន បាន​ថ្លែង​ថា​ស្ថាន​ភាព​នយោ​បាយ«តឹង​តែង» ហើយ​អ្នក​ដែល​បញ្ចេញ​មតិ ក៏​ប្រឈម​នឹង​បញ្ហា​ដែរ។ លោក​បន្ថែម​ថា​គណបក្ស​របស់​លោក​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​រើស​អើង​គ្នា​អ្វី​នោះ​ទេ ហើយ​គណ​បក្ស​ត្រូវ​ការ​ការ​សាមគ្គី​គ្នា។

លោក​បន្ថែម​ថា៖ «ហើយ​បើ​សិន​ជា​មាន​ការ​ចោទ​ប្រកាន់​អី​ផ្សេងៗ​ទៀត មិន​ដឹង​ធ្វើ​ម៉េច​ទេ តាម​ដំណើរ អ៊ីចឹង​ទៅ»។

លោក ដន បន្ថែម​ថា លោក​ធ្វើ​នយោ​បាយ មិន​មែន​ទៅ​ផ្តួល​រំលំ​រដ្ឋា​ភិបាល ប៉ុន្តែ​វា​ជា​ការ​ប្រកួត​ប្រជែង​យក​តំណែង​មេឃុំ និង​សមាជិក​ក្រុម​ប្រឹក្សា តាម​រយៈ​គោល​នយោ​បាយ​របស់​គណបក្ស។

លោក​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​ធ្វើ​នយោ​បាយ​នេះ គឺ​មិន​មែន​ធ្វើ​នយោ​បាយ ដើម្បី​ផ្តួលរំលំ​រដ្ឋា​ភិបាល​អី​ទេ គឺ​ខ្ញុំ​ធ្វើ​នយោ​បាយ ដើម្បី​ប្រកួត​ប្រជែង​ យក​គោល​នយោបាយ ដើម្បី​ដឹកនាំ​ឃុំ​សង្កាត់​របស់​យើង ឲ្យ​ក្លាយ​ជា​ឃុំ​គំរូ។ អត់​មាន​ធ្វើ​នយោ​បាយ​បែប​ជេរ​ប្រមាថ មើល​ងាយ​គ្នា​អី អត់​ទេ»។

លោក​អំពាវនាវ​ឲ្យ​ប្រជាជន​នៅ​ក្នុង​ឃុំ​មហា​សាំង​ដែល​អាច​បោះ​ឆ្នោត​បាន មើល​គោល​នយោ​បាយ​របស់គណ​បក្សនីមួយៗ ដែល​អាច​ទុក​ចិត្ត និង​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សង្គម​ជាតិ។

បើ​តាម​លោក ដន ប្រជាជន​នៅ​ក្នុង​ឃុំ​បាន​ត្អូញត្អែរ​ពី​បញ្ហា​គ្រឿង​ញៀន ការ​ជំពាក់​បំណុល​គេ​ និង​ទីផ្សារ​កសិ​ផលជា​ដើម។ លោក​បន្ថែម​ថា​ប្រជាជន​មួយ​ចំនួន​ធំ​ក៏​ធ្វើ​ជា​កម្មករ​នៅ​តាម​រោង​ចក្រ​ផង​ដែរ​។

អ្នកស្រី ហែម សាវី អាយុ៦៣ឆ្នាំ ភរិយា​របស់​លោក ដុំ ដន បង្ហាញ​ការគាំទ្រ​សម្រាប់​ស្វាមី​ក្នុង​ការប្រឡូក​ក្នុង​នយោបាយ​នៅ​ថ្នាក់ក្រោម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ថត​នៅ​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)
អ្នកស្រី ហែម សាវី អាយុ៦៣ឆ្នាំ ភរិយា​របស់​លោក ដុំ ដន បង្ហាញ​ការគាំទ្រ​សម្រាប់​ស្វាមី​ក្នុង​ការប្រឡូក​ក្នុង​នយោបាយ​នៅ​ថ្នាក់ក្រោម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ថត​នៅ​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

នៅ​ក្នុង​ស្ថាន​ភាព​សិទ្ធិ​នយោបាយ​ត្រូវ​បាន​រិះគន់​ថា​រឹត​ត្បិត ភរិយា​របស់​លោក ដុំ ដន គឺ​អ្នកស្រី ហែម សាវី អាយុ​៦៣ឆ្នាំ បាន​ថ្លែង​ថា​អ្នកស្រី​គាំទ្រ​ស្វាមី​ចូល​ប្រឡូក​នយោ​បាយ​នៅ​ថ្នាក់​ក្រោម ដោយ​សារ​យល់​ឃើញ​ថា​គណ​បក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន​«ស្អាត​ស្អំ» បើ​ទោះ​ដឹង​ថា​ការ​ប្រឡូក​នយោ​បាយ​បច្ចុ​ប្បន្ន​នេះ អាចប្រឈម​នឹង​គ្រោះ​ថ្នាក់​ក៏​ដោយ។

អ្នកស្រី​ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មី​ថា៖ «ដឹង​ថា​វា​មានគ្រោះ​ថ្នាក់​ហើយ ប៉ុន្តែ​ដឹង​ធ្វើ​ម៉េច ទាល់​តែ​មាន​ការ​គាំទ្រ​គ្នា»។

លោក ឡុង ប៊ុន​ហៀង មេឃុំ​មហា​សាំង​ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ប្រាប់​វីអូអេ​យ៉ាង​ខ្លី​ថា​លោក​នឹង​ចូល​រួម​ប្រកួត​ប្រជែង​យក​តំណែង​មេឃុំ​ក្នុង​ជួរ​គណ​បក្ស​ប្រជាជន​កម្ពុជាបន្ត​នៅ​ឆ្នាំ​ក្រោយ។

លោក សាម អ៊ីន អគ្គលេខាធិការ​នៃ​គណបក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន​ មាន​ប្រសាសន៍​ថា​ជា​គោល​ការណ៍ គណបក្ស​សម្រេច​ចូលរួម​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ពេល​ខាង​មុខ ប្រសិន​បើមិន​មាន​ការ​គំរាម​កំហែង និង​ការ​បំបិទ​សិទ្ធិ​សេរី​ភាព។ លោក​បន្ថែម​ថា​គណបក្ស​អាច​មាន​លទ្ធភាព​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ចំនួន​តូច​ ដែល​មាន​ប្រមាណ​១០០​ឃុំ​តែ​ប៉ុណ្ណោះ ក្នុង​ចំណោម​ឃុំ​សង្កាត់​ជាង​១.៦០០​នៅ​ទូទាំង​ប្រទេស។

លោក​បន្ថែម​ថា៖ «អញ្ចឹង​យើង​នឹង​ធ្វើ​ការ​ខ្លាំង​ជាមួយ​នឹង​១០០​ឃុំ ​ដែល​យើង​ត្រៀម​លើក​ទឹក​ចិត្ត ជំរុញ​ទឹក​ចិត្ត​ឲ្យ​ពួ​កគាត់​រៀបចំ​ក្រុម​ការងារ​នៅ​ថ្នាក់​ឃុំ​សង្កាត់​ហ្នឹង ដើម្បី​គាត់​មាន​ក្រុម​ការងារ​មួយ​ដ៏​ល្អ គាត់​រើស​មនុស្ស​ល្អៗ មាន​សមត្ថភាព​នៅ​តាម​ឃុំ​សង្កាត់​ហ្នឹង ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច»។

លោក​ថ្លែង​ថា​ គណបក្ស​របស់​លោក​ស្វាគមន៍​ចំពោះ​អ្នក​ប្រជាធិប​តេយ្យ​ផ្សេង​ទៀត ប្រសិន​បើ​មាន​បំណង​ចង់​ចូលរួម​ជាមួយ​គណ​បក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន។

ចំណែក​លោក យ៉ង់ សាំង​កុមារ ប្រធាន​គណៈ​កម្មា​ធិការ​នាយក​នៃ​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា​គណបក្ស​របស់​លោក​មាន​គោល​ដៅ​ចង់​កសាង​«ភាព​ជាគំរូ​»នៃ​ការ​ដឹកនាំ​បែប​ប្រជា​ធិប​តេយ្យ ដែល​ចាប់​ផ្តើម​ពី​ឃុំ​សង្កាត់​ណា​មួយ។

លោក​ថ្លែង​ថា៖ «ព្រោះ​យើង​ធ្វើ​ប្រជាធិប​តេយ្យ​ពី​ក្រោម​មក​លើ ដូច្នេះ​ប្រសិន​បើ​មាន​អ្នក​ដែល​ចង់​ចូល​រួម​ច្រើន អាហ្នឹង​គឺ​យើង​អាច​ធ្វើ​ច្រើន។ បើ​មាន​អ្នក​ចូល​រួម​តិច គឺ​យើង​ធ្វើ​តាម​តិច​ទៅ»។

លោក សេង សារី អ្នកវិភាគ​នយោបាយ​មួយ​រូប បាន​ថ្លែង​ថា​វាពិបាក​បន្តិច​នាពេល​នេះ ក្នុង​ការ​វិភាគ​ថា​តើ​ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នេះឬ​យ៉ាងណា។ ទោះ​ជា​យ៉ាង​ណា លោក​អះអាង​ថា​ប្រជាពលរដ្ឋ​«ហាក់​មាន​ការ​ខក​ចិត្ត»ដែល​មិន​មាន​វត្តមាន​គណ​បក្ស​សង្គ្រោះជាតិ​ដែល​អាច​ចូលរួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣៕

XS
SM
MD
LG