ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនាគត​គ្រួសារ​មួយ​ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​ជំងឺ​កូវីដ​១៩ ​ក្នុង​ពេល​តែ​មួយ​ប៉ព្រិច​ភ្នែក


កូនស្រីអាយុ ៤ ឆ្នាំរបស់លោក ឡេង ចាន់ដារ៉ូ ដាក់ខ្លួនផ្អែកលើទ្រូងឪពុក ពេលលោក ដារ៉ូ កំពុងផ្តល់បទសម្ភាសន៍ដល់វីអូអេ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ នៅគេហដ្ឋានរបស់លោក នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ (ធីតា វីន/វីអូអេ)
កូនស្រីអាយុ ៤ ឆ្នាំរបស់លោក ឡេង ចាន់ដារ៉ូ ដាក់ខ្លួនផ្អែកលើទ្រូងឪពុក ពេលលោក ដារ៉ូ កំពុងផ្តល់បទសម្ភាសន៍ដល់វីអូអេ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ នៅគេហដ្ឋានរបស់លោក នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ (ធីតា វីន/វីអូអេ)

ផែនការ​សម្រាប់​អនាគត​គ្រួសារ​របស់​លោក ​ឡេង​ ចាន់​ដារ៉ូ​ ត្រូវបាន​រៀប​ចំ​ឡើង​ហើយ​បាន​ដើរ​ទៅ​មុខ​សន្សឹមៗ​ដោយ​រលូន​ក្នុង​ពេល ​៥​ឆ្នាំ​មក​នេះ។ ក៏​ប៉ុន្តែ​ផែនការ​ពង្រីក​មុខ​ជំនួញ​ដែល​ស្ទើរ​តែ​ទទួល​បាន​ជោគ​ជ័យ​ទៅ​ហើយ​នោះ​ បាន​បរា​ជ័យ​ទាំ​ង​ស្រុង​ដែល​នឹក​ស្មាន​មិន​ដល់​ ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩។

លោក​ ឡេង​ ចាន់​ដារ៉ូ ​អាយុ​ ៣៥​ឆ្នាំ ​ជា​អ្នក​រក​ស៊ី​ម្នាក់ រស់​នៅ​ក្នុង​សង្កាត់​ដង្កោ​ខណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ។ ប្រពន្ធ​របស់​លោក​ គឺ​អ្នកស្រី ស៊ាត ស្រីម៉ៅ​ មាន​អាយុ​ ៣៣​ឆ្នាំ​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ ក្រោយ​ពី​សម្រាល​កូនប្រុស​រួច​បាន ៧ថ្ងៃ។

មុន​ពេល​ជំងឺ​កូវីដ១៩ ផ្តាច់​យក​ជីវិត​របស់​ប្រពន្ធ​លោក​គ្រួសារ​របស់​លោក​ ចាន់​ដារ៉ូ​ មាន​គ្នា​ ៤​នាក់ ​រួម​មាន​ម្តាយ​អាយុ​ ៨០​ឆ្នាំ លោក ​ចាន់​ ដារ៉ូ​ ប្រពន្ធ​ដែល​កំពុងមាន​ផ្ទៃ​ពោះ​ ៨​ខែ និង​កូន​ស្រី​ម្នាក់​ អាយុ​ ៤​ឆ្នាំ។

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​សីហា​ ឆ្នាំ​២០២១ ​ប្រពន្ធ​របស់​លោក ​និង​កូន​ស្រី​អាយុ​ ៤​ឆ្នាំ​ បាន​រក​ឃើញ​ថា​បាន​ឆ្លង​ជំងឺ​កូវីដ១៩​ បន្ទាប់​ពី​ក្តៅ​ខ្លួន​ និង​អស់​កម្លាំង​ជា​ច្រើន​ថ្ងៃ​ ក្រោយ​ពី​ព្យាបាល​នៅ​តាម​គ្លីនិក​ឯកជន​មិន​បាន​ធូរ។ នៅ​ថ្ងៃ​ដដែល​នោះ ​ពួក​គាត់​ក៏​បាន​ទៅសម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ១៩​ ស្តាត​អូឡាំពិក។

ក្រោយ​ពី​សម្រាក​ព្យាបាល​ជំងឺ​នៅ​ទី​នោះ​បាន​ ៣​ថ្ងៃ​ ក្រុម​គ្រូ​ពេទ្យ​បាន​ប្រាប់​លោក ​ដារ៉ូ​ ឲ្យ​ដឹង​ថា​ សួត​ប្រពន្ធ​គាត់​បាន​ខូច​អស់ ​៧៥​ ភាគរយ។ ​ហើយ​ក្តីសង្ឃឹម​រស់​មាន​តែ​ ២០​ ភាគ​រយ​តែ​ប៉ុណ្ណោះ។​ដោយ​ដឹង​ថា​ខ្លួន​ស្ថិត​ក្នុង​ស្ថាន​ភាព​មិន​អាច​ទ្រាំ​ទ្រ​ទៅ​មុខ​បាន ​ភរិយា​របស់​លោក ​ដារ៉ូ​ បាន​ផ្តាំ​លា​រូប​លោក​ជាមុន។

រៀប​រាប់​ដោយ​អួល​ដើម​ក ​ភ្នែក​ឡើង​ក្រហម​និង​លើក​ដៃ​ជូត​ទឹក​ភ្នែក​ដែល​បាន​ហូរ​ជា​ច្រើន​ដង​ លោក​ ដារ៉ូ ​បាន​ថ្លែង​ថា៖

«ខ្ញុំ​ប្រាប់​ថា​ប្រពន្ធ ​ប្តី​សុំ​ទោស​ប្តី​មើល​ថែ​អូន​ឯង​អត់​បាន​ល្អ។ យើង​ប្រាប់​ពី​អាការរបស់​គាត់។ គាត់​ក៏​មិន​មាត់​ដែរ។ គាត់​ឲ្យ​ខ្ញុំ​តេ​ទៅ​បង​ប្អូន។ គាត់​ថា​ចង់​ជួប​ម៉ែ។ គាត់​សំពះ​ គាត់​លា ​គាត់​ដឹង​រឿង។ គាត់​អត់​មាន​អ្វី​ក្រៅ​ពី​យំ​ទេ។ គាត់​លា​បង​ប្អូន​គ្រប់​គ្នា។ គាត់​លា​បោយ​ដៃ»។

ការ​ផ្តល់​កិច្ច​សម្ភាសន៍​របស់​លោក ​ដារ៉ូ​ ត្រូវ​បាន​ផ្អាក​ជា​ច្រើន​ដង​ដោយ​សារលោក​តែង​តែ​ហូរ​ទឹក​ភ្នែក​អួល​ដើម​ក ​នៅ​ពេល​រម្លឹក​ពី​ការ​ឈឺ​ចាប់​ទុក្ខ​លំបាក​វេទនា​របស់​ប្រពន្ធ​គាត់​ ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ​១៩។ លោក​បាន​ថ្លែង​ប្រាប់ VOA បន្ត​ទៀត​ថា៖

«ពេល​ដែល​គាត់​ពិបាក​ពេក​គាត់​ថា​ «ប្តី​ខ្ញុំ​សុំ​ទោស គាត់​សំពះ ​ខ្ញុំ​ពិបាក​ខ្លាំង​ណាស់ ​ខ្ញុំ​លា​ប្តី​ឯង​ហើយ​ ហើយ​ប្តី​ឯ​ថែ​រក្សា​កូន»។ គាត់​ពិបាក​ក្នុង​ខ្លួន​ពេក ​គាត់​បេះ​អ៊ុក​ស៊ី​សែន​ដែល​ជាប់​ច្រមុះ​គាត់​ហ្នឹង​ គាត់​បេះ​ចេញ។ ខ្ញុំ​លត់​ជង្គង់​សុំ​អង្វរ​ប្រពន្ធ​ថា​ សុំ​សំពះ​ប្រពន្ធ​ថា​ បង​ជូន​អូន​ឯង​មក​ បង​ចង់​ឲ្យ​អូន​ឯង​រស់​ និយាយ​គ្នា​ហើយ​ថ្ពក់​ដៃ​គ្នា​ហើយ​ សន្យា​គ្នា​ថា​ គាត់​អត់​បោច​ចេញ​ទេ»។

ប្រពន្ធ​លោក​ ដារ៉ូ​ បាន​សម្រាល​កូន ​ក្រោយ​ពី​ចូល​សម្រាក​ព្យាបាល​នៅ​ស្តាត​អូឡាំពិក​បាន ​៤​ថ្ងៃ។ ក្រោយ​ពេល​សម្រាល​កូន​បាន ​៧​ថ្ងៃ​ នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ខែ​កញ្ញា​ ប្រពន្ធ​របស់​គាត់​ក៏​បាន​ស្លាប់ ​ចំណែក​ឯ​ម្តាយ​របស់​លោក​ ដារ៉ូ​ ដែល​មាន​ជំងឺប្រចាំ​កាយ​នោះ​ ក៏​បាន​ស្លាប់​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ផង​ដែរ។

កូន​របស់​លោក​ ដារ៉ូ​ ដែល​ទើប​តែ​កើត​នោះ​មាន​សុខ​ភាព​ល្អ​ជា​ធម្មតា​ បន្ទាប់​ពី​បាន​ការ​ជួយ​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ​នៅ​ទី​នោះ។ ពេល​នេះ​កូន​តូច​របស់​លោក​កំពុង​ទទួល​បាន​ការ​មើល​ថែ​ពី​ជីដូន​ ដែល​ត្រូវ​ម្តាយ​របស់​ភរិយា​លោក នៅ​ឯ​ស្រុក​កំណើត។

លោក ឡេង ចាន់ដារ៉ូ កំពុងចងសក់ឲ្យកូនស្រីអាយុ ៤ ឆ្នាំ នៅពេលផ្តល់បទសម្ភាសន៍ដល់វីអូអេ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ នៅគេហដ្ឋានរបស់លោក នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ (ធីតា វីន/វីអូអេ)
លោក ឡេង ចាន់ដារ៉ូ កំពុងចងសក់ឲ្យកូនស្រីអាយុ ៤ ឆ្នាំ នៅពេលផ្តល់បទសម្ភាសន៍ដល់វីអូអេ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ នៅគេហដ្ឋានរបស់លោក នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ (ធីតា វីន/វីអូអេ)

សម្ពាធ​ផ្លូវ​ចិត្ត​និង​សេដ្ឋកិច្ច​

ក្រោយ​ពី​បាត់បង់​ភរិយា​ដែល​បាន​បំពេញ​តួនាទី​ជា​បង្គោល​គ្រួសារ​ដ៏​សំខាន់​ម្នាក់ សព្វថ្ងៃ​នេះ​ លោក​ ចាន់ដារ៉ូ កំពុង​រង​សម្ពាធ​យ៉ាងខ្លាំង​ទាំង​ខាង​សុខភាព​ផ្លូវ​ចិត្ត និង​ស្ថានភាព​សេដ្ឋកិច្ច​ផ្គត់ផ្តង់​គ្រួសារ។

លោក​បាន​រៀបរាប់​ថា៖ «​ចូល​ដល់​ផ្ទះ​ភ្លាម​កូន​ខ្ញុំ​គាត់​ថា ​ប៉ា!​ប៉ា! ​យាយ​ណា ​ប៉ា? ​គាត់​ងាក​ឃើញ​គ្រែ​យាយ​។ ដល់​ពេល​រត់​ចូល​ដល់​ក្នុង​បន្ទប់ ​វា​សួរ​ទៀត ​ប៉ា!​ ម៉ាក់​ណា​ប៉ា? ​ដល់​ពេល​ចឹង ​យើង​ជា​ឳពុក​គេ​ពេល​ដែល​កូន​សួរ​មក​ ចាប់​ផ្តើម​អ៊ួរ​ដើម​ក ​នឹក​ឃើញ​ភ្លាម​ អាណិត​សព្វ​គ្រប់​ គាត់​ចេះ​តែ​សួរ ​ចេះ​តែ​ប្រាប់​ថា ​ម៉ាក់​ទៅ​ផ្ទះ​យាយៗ​ហើយ។ ​វា​ថា​ ឱ្យ​តេ​ ឱ្យ​តេ​ទៅ​ម៉ាក់​វា។ ​បង​ឃើញ​ស្រាប់​ហើយ​ មក​ដល់​ឃើញ​ទេ​ មាន​អី​មាន​តែ​ ២​នាក់​ឳ​កូន​ គ្រាន់​តែ​ទូរ​ស័ព្ទ​មិន​ហ៊ាន​កាន់​ទេ​ ពី​ព្រោះ​អី​បើក​ទូរស័ព្ទ​មក​ ឃើញ​រូប​ប្រពន្ធ ​ឃើញ​ម្តាយ ​អួល​ដើម​ក ​ថា​វា​លឿន​ពេក​សម្រាប់​យើង»។

​ផ្ទះ​ដែល​សង់​ពី​ថ្ម​ផ្ទាល់​ដី​ប្រក់​សង្ក័សី​ ទំហំ ​៥​ម៉ែត្រ​គុណ​ និង​១៥​ម៉ែត្រ​របស់​លោក ​ដារ៉ូ​ ដែល​ធ្លាប់​មាន​មនុស្ស​ចេញ​ចូល​ទិញ​ឥវ៉ាន់​និង​សេវាកម្ម​ផ្សេងៗ​ បាន​ផ្លាស់ប្តូរ​ទៅ​ជា​ភាព​ស្ងាត់​ជ្រងំ។ លោក ​ដារ៉ូ​ និង​ភរិយា​ដែល​បាន​ទទួល​មរណភាព​ទៅ​ហើយ​នោះ ជា​មនុស្ស​ឧស្សាហ៍​ និង​ម​មាញឹក​ដោយ​ប្រឹង​ប្រកប​របរ​រក​ស៊ី​ច្រើន​មុខ​ ដូច​ជា​បោក​អ៊ុត​ខោ​អាវ​ លក់​គ្រឿង​សម្អាង គ្រឿង​ទេស ​ផ្តល់​សេវា​ព្រីន​និង​ស្កេន​ឯកសារ​ ថតរូប​ និង​លក់​ស៊ុប​គោ​នៅ​ពី​មុខ​ផ្ទះ​នា​ពេល​រសៀល។

មុខ​របរ​ជា​ច្រើន​មុខ​ទាំង​នេះ​អាច​ផ្តល់​ប្រាក់​ចំណេញ​ក្នុង​មួយ​ថ្ងៃ​ជា​មធ្យម​ ២០​ម៉ឺន​រៀល ​គឺ​ស្នើ​ ៥០​ដុល្លារ​អាមេរិក ​ដល់​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​។ ក៏​ប៉ុន្តែ​មរណភាព​ភរិយា​របស់​លោក​ ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩ ​ដ៏​ប្រល័យ​ កំពុង​បណ្តាល​ឲ្យ​ស្ថាន​ភាព​សេដ្ឋកិច្ច​របស់​លោក​ទ្រុឌ​ទ្រោម​យ៉ាង​ខ្លាំង។​

លោក ​ឡេង​ ចាន់​ដារ៉ូ​ បានរៀបរាប់ថា៖ «យើង​រក​ស៊ី​ជួយ​គ្នា​បូក​គ្នា​តិចៗ​បាន​ចំណូល​ច្រើន។ មក​ខ្ញុំ​ម្នាក់​ឯង ​ខ្ញុំ​រ៉ាប់​អត់​អស់​ទេ។ ​តែ​ឥឡូវ​ដល់​ពេល​បាត់​បង់​គាត់​ទៅ ​វា​ដូច​តែលតោល​ ហេហា​ ចង់​ទៅ​ធ្វើ​អ្វី​ក៏​ពិបាក។​ យើង​គ្រាន់​តែ​ចង់​តែ​ទៅ​ទិញ​តែ​ម្ហូប​ស៊ី​ ក៏​ត្រូវ​តែ​អូស​កូន ​ដឹក​កូន​ទៅ​ជា​មួយ​ដែរ។​ ហើយ​ទ្វារ​ក៏​ត្រូវ​បិទ។ សេដ្ឋកិច្ច​ដែល​យើង​ត្រូវ​ការ​រក​បាន​មួយ​ថ្ងៃ​រក​បាន​ ១០​ម៉ឺន​ ២០​ម៉ឺន​ ក៏​វា​ត្រូវ​ចុះ​សល់​តែ​ ៤​ទៅ ​៥​ម៉ឺន។ ​និយាយ​រួម​ ឲ្យ​តែ​យើង​ត្រូវ​ការ​ទៅ​ណា ​ត្រូវ​តែ​បិទ​ទ្វារ​ ហើយ​ពី​មុន​យើង​មាន​គ្នា​ ខ្ញុំ​ទៅ​ណា​ គាត់​ជួយ​យើង​បាន​សព្វ​គ្រប់​ចឹង​ណា»។

លោក ឡេង ចាន់ដារ៉ូ នៅក្នុងគេហដ្ឋានរបស់លោក នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១។ (ធីតា វីន/វីអូអេ)
លោក ឡេង ចាន់ដារ៉ូ នៅក្នុងគេហដ្ឋានរបស់លោក នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១។ (ធីតា វីន/វីអូអេ)

ទិដ្ឋភាពឥវ៉ាន់គ្រឿងសម្អាងនិងគ្រឿងទេសនានាដែលជារបរអាជីវកម្មរបស់លោក ឡេង ចាន់ដារ៉ូ នៅគេហដ្ឋានក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១។ (ធីតា វីន/វីអូអេ)
ទិដ្ឋភាពឥវ៉ាន់គ្រឿងសម្អាងនិងគ្រឿងទេសនានាដែលជារបរអាជីវកម្មរបស់លោក ឡេង ចាន់ដារ៉ូ នៅគេហដ្ឋានក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១។ (ធីតា វីន/វីអូអេ)

កាល​ពី​ពីរ​ឆ្នាំ​មុន​ លោក​និង​ភរិយា​បាន​ទិញ​ផ្ទះ​មួយ​ខ្នង ក្នុង​តម្លៃ​ ៦​ម៉ឺន​ដុល្លារ​អាមេរិក​ ដែល​មាន​ទំហំ​ទទឹង​ ១០​ម៉ែត្រ​បណ្តោយ​ ១៥​ម៉ែត្រ​ នៅ​ក្បែរ​ផ្ទះ​ដែល​លោក​កំពុង​រស់​នៅ​ ដើម្បី​កែ​ច្នៃ​ទៅ​ជា​បន្ទប់​ជួល​រក​ប្រាក់​ចំណូល​បន្ថែមទៀត ដោយ​ក្នុង​មួយ​បន្ទប់​ជួល​បាន​ចន្លោះ​ពី ​២០​ដុល្លារ​ទៅ​ ៤០​ដុល្លារ​អាមរិក​ក្នុង​មួយ​ខែ។ ផ្ទះ​ដែល​ទិញ​ថ្មី​នោះ​មាន​ ២១​បន្ទប់។

ដើម្បី​ទិញ​ផ្ទះ​នោះ​បាន​និង​ពង្រីក​អាជីវកម្ម​ លោក​ ចាន់​ដារ៉ូ​ និង​ភរិយា​ បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ចំនួន ​៥​ម៉ឺន​ដុល្លារ​អាមេរិក​ដោយ​ទឹកប្រាក់​ ២​ម៉ឺន​ដុល្លារ​អាមរិក ​ទុក​ធ្វើ​ទុន​រក​ស៊ី​ និង​ប្រាក់​ចំនួន ​៣ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​បង់​ថ្លៃ​ទិញ​ផ្ទះ​ពាក់​កណ្តាល។​ លោក ​ដារ៉ូ​ បាន​ថ្លែង​ថា​ លោក​ត្រូវ​បង់​ថ្លៃ​ផ្ទះនៅ​សល់​ពាក់​កណ្តាល​ទៀត​ទៅ​ឲ្យ​ម្ចាស់​ផ្ទះ​ក្នុង​ពេល​ឆាប់ៗ​នេះ។

តាម​ការ​គិត​គូរ​និង​គ្រោង​ទុក​ជាមួយ​ប្រពន្ធ​របស់​លោក​ ប្រាក់​ចំណូល​បាន​មក​ពី​ការ​ប្រកប​របរ​រក​ស៊ី​ជា​ច្រើន​មុខ​ ទោះ​បី​ជា​មុខ​របរ​នោះ​តូច​តាច​ក្តី​ និង​បាន​មក​ពី​ការ​ជួល​បន្ទប់​ខ្លះ​នោះ ​អាច​ឲ្យ​លោក​និង​គ្រួសារ​បង់​ទៅ​ធនាគារ​ក្នុង​មួយ​ខែ​ជិត​ ១ពាន់​ដុល្លារ​អាមេរិក​បាន​ ហើយ​នៅ​សល់​លុយ​ខ្លះ​ទៀត​សន្សំ​ទុក​ឲ្យ​ទៅ​ម្ចាស់​ផ្ទះ​ ដែល​លោក​នៅ​ជំពាក់​គេ។ ក៏​ប៉ុន្តែ​អ្វីៗ​គ្រប់​យ៉ាង​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង​ ដោយ​សារ​តែ​វត្ត​មាន​ជំងឺ​កូវីដ​១៩ ដ៏​ប្រល័យ។

លោក ដារ៉ូ បានថ្លែងថា៖ «គម្រោង​ការ​ដែល​យើង​គិត​នោះ​ ត្រូវ​អស់​ហើយ ​អ្វី​ដែល​យើង​រំពឹង​ទុក​រាប់​ឆ្នាំ​ចេញ​មក​ហើយ។ យើង​រៀប​នោះ​ វា​ត្រូវ​ហើយ។ តែ​វា​ក្រឡាប់​ចាក់​មួយភ្លែត​ហ្នឹង។ ​អា​លុយ​ដែល​យើង​ត្រៀម​សម្រាប់​យក​ឲ្យ​គេ​យើង​ ត្រូវ​ការ​ដក​ចំណាយ​សព្វ​គ្រប់។​ ចង់​លក់​ដី​ហ្នឹង ​លក់​ផ្ទះ​ហ្នឹង​វា​មិន​បាន​ថ្លៃ​ទេ។ យើង​លក់​ប្រញាប់​ វា​បាន​ថោក​ថោក​ ហើយ​សង​គេ​អត់​រួច​ទៀត។ យើង​អស់​ទាំង​ប្រពន្ធ​ ហើយ​អា​ទ្រព្យ​សម្បត្តិ​ដែល​យើង​ខំ​ប្រឹង​ជាមួយ​ប្រពន្ធ​តាំង​ពី​គាត់​នៅ​រស់​ដល់​គាត់​ស្លាប់​ បែរ​ជា​អស់​ទាំង​អស់។ ចឹង​មាន​អារម្មណ៍​ថា ​តែលតោល​ ហេហា។ ​គិត​ហើយ​អស់​ហើយ​រៀប​ចំគម្រោង​អស់​ហើយ ​បែរ​ជា​រោគ​នោះ​ចូល​មក​ភ្លាម ​វា​ធ្វើ​ឲ្យ​យើង​ស្ទើរ​តែ​ឆ្កួត​ខ្លួន​ឯង»។

​បច្ចុប្បន្ន​នេះ​លោក ​ដារ៉ូ​ អស់​សង្ឃឹម​និង​ភាព​ជឿទុក​ចិត្ត​លើ​ខ្លួន​ឯង ​ហើយ​តាំង​ពី​ភរិយា​របស់​លោក​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ​រហូត​មក​ដល់​ពេល​នេះ​ លោក​ក៏​នៅ​មិន​ទាន់​ដឹង​ថា​ នឹង​ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត​ដែរ។

«គិត​នេះ​មិន​មែន​គិត​ថា​គិត​ឱ្យ​វា​ធូរ​ទេ​ណា។ គិត​នេះ​ វា​នៅ​តឹង​ទ្រូង ​ណែន​ទ្រូង ​គិត​ថា ​អញ​នឹង​បាត់​បង់​អស់​ហើយ​ ប្រពន្ធ​អញ​ក៏​បាត់​បង់​ ឥឡូវ​ទ្រព្យ​សម្បត្តិ​ដែល​អញ​ខំ​ប្រឹង​ពីរ​នាក់​ប្តី​ប្រពន្ធ​ក៏​បាត់​បង់​។ តើ​អញ​ត្រូវ​រំពឹង​ឯ​ណា? ទៅ​នៅ​ជា​មួយ​ម្តាយ​ក្មេក​ ឬ​ក៏​ទៅ​ជួល​ផ្ទះ​គេ​នៅ​ ឬ​ក៏​ធ្វើ​យ៉ាង​ម៉េច? យើង​ត្រូវ​តែ​ផ្លាស់​ប្តូរ​ទី​លំ​នៅ​ទៅ​កន្លែង​ឆ្ងាយ​ណា​មួយ​ហើយ ​បើ​គាត់​នៅ​ គាត់​ជួយ​យើង​បាន»។

នៅ​ក្នុង​គ្រួសារ​លោក​អ្នក​ដែល​បាន​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩ ​មាន​តែ​រូប​លោក​ម្នាក់​គត់។ ប្រពន្ធ​និង​កូន​ស្រី​មិន​បាន​ចាក់​វ៉ាក់​សាំង​ទេ​ ដោយ​សារ​ប្រពន្ធ​របស់​គាត់​មាន​ផ្ទៃ​ពោះ​ ហើយ​កូន​របស់​គាត់​ទើប​តែ​មាន​អាយុ​ ៤​ឆ្នាំ។ លោក ​ឡេង ​ចាន់​ដារ៉ូ​ បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​ធ្វេស​ប្រហែស​របស់​ប្រពន្ធ​គាត់​ ដែល​បណ្តាល​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩​ យ៉ាង​ដូច្នេះ​ថា៖

លោក ​ឡេង​ ចាន់​ដារ៉ូ​ បានបញ្ជាក់ថា៖ «ប្រហែស​ច្រើន​ គាត់​ពេល​ណា​ខ្លះ​ គេ​មក​ហ្វូ​តូកូ​ពី​ចឹង ​គាត់​មិន​សូវ​ពាក់​ម៉ាស់​ចឹង។ ​គឺ​ថា​យើង​បាន​ប្រាប់​គាត់​ហើយ ​តែ​គាត់​ច្រើន​តែ​ធ្វេស​ប្រហែស​ចឹង​ណា។ ​គាត់​ច្រើន​តែ​គិត​ថា​ ផ្ទះ​ខ្លួន​ឯង ​មិន​អី​ទេ។ គាត់​នៅ​ជុំ​គ្រួសារ​ចឹង​ គាត់​ដោះ​ម៉ាស់​ដើរ​ធម្មតា​។ ចឹងពេល​ដែល​គេ​មក​ធ្វើ​អ្វី​ គាត់​ដើរ​មក​យក​ចឹង​ទៅ​ហើយ​កូពី​ឲ្យ​គេ​ទៅ​ ហ៊ុច​ឲ្យ​គេ​ចឹង​ទៅ​ គាត់​ប្រហែស​អា​រឿង​ចឹងៗ​ណា។ ខ្ញុំ​ផ្តែ​ផ្តាំ​បង​ប្អូន​ទាំង​អស់​គ្នា​ ធ្វើ​យ៉ាង​ម៉េច​ការពារ​ខ្លួន​ កុំ​ឲ្យ​អា​រោគ​ចូល​មក ​គឺ​ថា​វា​មិន​ស្រួល​ទេ។ វា​ពិបាក​ខ្លួន ហើយ​វា​ខាត​បង់​ពេល​វេលា​សម្រាប់​រក​ស៊ី​ទៀត​ ហើយ​បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់​ទៀត​»។

លោក ឡេង ចាន់ដារ៉ូ ពកូនស្រីអាយុ ៤ ឆ្នាំ នៅមុខគេហដ្ឋានរបស់លោក នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១។ (ធីតា វីន/វីអូអេ)
លោក ឡេង ចាន់ដារ៉ូ ពកូនស្រីអាយុ ៤ ឆ្នាំ នៅមុខគេហដ្ឋានរបស់លោក នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១។ (ធីតា វីន/វីអូអេ)

សោកនាដកម្ម​នៃ​ការ​ព្រាត់​គ្នា​ដែល​បាន​កើត​ឡើង​លើ​គ្រួសារ​របស់​លោកឡេង ​ចាន់​ដារ៉ូ ​ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩​ បាន​ប្រល័យ​យក​ជីវិត​របស់​ភរិយា​លោក​ និង​ផល​ប៉ះ​ពាល់​លើ​សុខភាព​ផ្លូវចិត្ត​និង​សេដ្ឋកិច្ច​កំពុង​តែ​កើត​មាន​ឡើង​ជា​បន្តបន្ទាប់​លើ​គ្រួសារ​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ វត្តមាន​នៃ​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ​១៩ ​ក្នុង​សហគមន៍​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២០ ​ខែ​កុម្ភៈ​ ២០២១​នេះ​មក​ បាន​នឹង​កំពុង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​អ្នក​ដែល​មាន​ជាប់​បំណុល​ជា​មួយ​គ្រឹះ​ស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ។​

គិត​ត្រឹម​ថ្ងៃ​ទី ​៤​ខែ​តុលា ​ប្រជា​ពលរដ្ឋ​កម្ពុជា​ចំនួន​ ២,៤០៦​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​ ដោយ​សារ​ជំងឺ​កូវីដ​១៩។

ជា​មួយ​គ្នា​នេះ​ដែរ​ ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC)​ បាន​ប្រកាស​ថា​ ដើម្បី​សម្រាល​បន្ទុក​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​តែ​វិបត្តិ​ជំងឺ​កូវីដ​១៩​ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ បាន​រៀប​ចំ​ឥណទាន​ឡើងវិញ​ចំនួន​ជាង ​៣៦ ​ម៉ឺន​គណនី​ ដែល​ស្មើនឹង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ ៥,៥​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ឆមាស​ទី ១​ ឆ្នាំ​ ២០២១។

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មីនា​កន្លង​ទៅ​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ធនាគា​រជាតិ​នៃ​កម្ពុជា ក៏​បាន​អំពាវ​នាវ​និង​លើក​ទឹកចិត្ត​ផងដែរ​ ដល់​ក្រុម​ហ៊ុន​អភិវឌ្ឍ​អចលន​វត្ថុ​ទាំង​អស់​ «សូម​ពិនិត្យ​ពី​លទ្ធ​ភាព​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​បង់​រំលស់​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង​របស់​អតិថិជន​ និង​លើក​លែង​ការ​ផាក​ពិន័យ​ចំពោះ​អ្នក​ទិញអចលនវត្ថុ​ក្នុង​បុរី​និង​អគារ​សហកម្ម​សិទ្ធិ​នានា ​ក្នុង​ករណី​ដែល​អ្នក​ទិញ​យឺតយ៉ាវ​មិន​បាន​បង់​ប្រាក់​តាម​កាល​កំណត់» រហូត​ដល់​ដំណាច់​ខែ​មីនា ​ឆ្នាំ​២០២២៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG