ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល គ្រោង​បោះផ្សាយ​​មូលបត្រ​រដ្ឋ​លើក​ដំបូង ខណៈ​ការ​ចំណាយ​ឆ្នាំ២០២២ ត្រូវគ្រោង​ជាង៨ពាន់​លានដុល្លារ


រូប​ឯកសារ៖ (អតីត)​ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កម្ពុជា​លោក គាត ឈន់ នៅ​អំឡុង​ពិធី​សម្ពោធ​ផ្សារ​មូលបត្រ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១២។ (AP)
រូប​ឯកសារ៖ (អតីត)​ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កម្ពុជា​លោក គាត ឈន់ នៅ​អំឡុង​ពិធី​សម្ពោធ​ផ្សារ​មូលបត្រ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១២។ (AP)

រដ្ឋាភិបាល​កម្ពុជា​ គ្រោង​បោះ​ផ្សាយ​មូលបត្រ​រដ្ឋ​ជា​លើក​ដំបូង​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ ៣០០​លាន​ដុល្លារ​អាមេរិក ខណៈ​ថវិកា​ជាតិ​ត្រូវ​បាន​គ្រោង​ទុក​ក្នុង​ចំនួន​ប្រមាណ ​៨.០១៣​ លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០២២ ដែល​កើន​ឡើង​ប្រមាណ ​៧% ​បើ​ធៀប​នឹង​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០២១

គម្រោង​ប្រកាស​លក់​មូលបត្ររដ្ឋ​ និង​ផែន​ការ​ចាយ​វាយ​ឆ្នាំ​២០២២​នេះ ត្រូវបាន​ប្រកាស​ក្រោយ​ការប្រជុំ​គណៈ​រដ្ឋមន្ត្រី​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ កាលពីថ្ងៃសុក្រ ទី២២ ខែ​តុលា​ សប្តាហ៍​មុន។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តី​ការគណៈ​រដ្ឋមន្ត្រី រដ្ឋាភិបាល​កម្ពុជា​ គ្រោង​បោះផ្សាយ​មូលបត្រ​រដ្ឋ​ជាលើកដំបូង​ ដែលមាន​ទំហំ​ទឹក​ប្រាក់​ ១.២១៩,៥​ ប៊ី​លាន​រៀល​ (ឬប្រមាណ​៣០០លានដុល្លារ​អាមេរិក) ខណៈ​ថវិកា​ជាតិ​ត្រូវបាន​គ្រោង​ទុក​ក្នុង​ចំនួន​៣២.៥៧៦,៩ប៊ីលាន​រៀល​ (ឬប្រមាណ​៨.០១៣​លានដុល្លារ) សម្រាប់​ចាយ​វាយ​នៅឆ្នាំ​២០២២ ដែល​ត្រូវជា​២៦,២៤% ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​(ផ.ស.ស.​) ដែល​កើន​ឡើង​៦,៨%​ធៀប​នឹង​ឆ្នាំ​២០២១។ សេចក្តីប្រកាស​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ឲ្យ​ដឹងទៀត​ថា​ ការ​បោះ​ផ្សាយ​មូលបត្រ​គឺជា​ផ្នែក​មួយ ដើម្បី​កៀរគរហិរញ្ញប្បទាន​គាំ​ទ្រ​វិនិយោគ​សាធារណៈ សំដៅ​លើក​ស្ទួយ​កំណើន និង​ផលិត​ភាព​សេដ្ឋ​កិច្ច។

ចំណែក​ផែន​ការ​ចំណាយ​នៅ​ឆ្នាំ​២០២២​ ដែល​កើន​ពី​ឆ្នាំ​២០២១​នោះ​ គឺឆ្លើយ​តបទៅនឹង​ការចំណាយ​លើ​បន្ទុក​បុគ្គលិក​ ក្នុងនោះ​មាន​ប្រាក់​បៀវត្សរ៍មូលដ្ឋាន​ ប្រាក់​បំណាច់​មុខងារ​ លាភការ​ និង​រង្វាន់ផ្សេងៗ។

សេចក្តីប្រកាស​បន្ថែម​ថា​ ចំណាយ​បន្ទុក​បុគ្គលិក​នេះ​ ត្រូវ​បាន​គ្រោង​ដោយ​រក្សា​កម្រិតប្រាក់បៀវត្ស​អប្ប​បរមា​និង​ប្រាក់បៀវត្ស​មន្ត្រី​រាជការ​ស៊ីវិល​ និង​កង​កម្លាំង​ ប្រដាប់​អាវុធ​ឆ្នាំ​២០២២​ ស្មើនឹង​កម្រិត​ឆ្នាំ​២០២១​ «​ដើម្បី​រាជ​រដ្ឋាភិបាល​មាន​លទ្ធភាព​សន្សំ​ថវិកា​សម្រាប់​បន្តការងារ​អន្តរាគមន៍​ផ្នែក​សុខាភិបាល​ និង​សង្គម​ ពិសេស​គឺការ​បង្កើន​កញ្ចប់ថវិកា​ជួយ​ជន​ក្រីក្រ​ និងជន​ងាយ​រងគ្រោះ​ឲ្យ​បាន​ដល់​៩​ខែ​ជា​បន្តទៀត​នៅ​ក្នុង​ឆ្នាំ​២០២២។

សម្រាប់​ចំណូល​ថវិកា​ថ្នាក់​ជាតិនៅឆ្នាំ​២០២២​ រដ្ឋាភិបាល​គ្រោង​នឹងប្រមូល​ឲ្យបាន​២៣.៤៦២,៦​ប៊ីលាន​រៀល​ (ឬប្រមាណ​៥.៧៧១លានដុល្លារ​អាមេរិក) ត្រូវជា​៨,៩%​នៃផ.ស.ស. ដែល​កើន​ឡើង​១៧,៧​%​ធៀប​នឹងឆ្នាំ​២០២១។ នេះបើតាម​សេចក្តីប្រកាស​របស់គណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទនេះ​ថា ​រដ្ឋាភិបាល​បាន​ត្រៀមយុទ្ធ​សាស្ត្រ​រួច​រាល់​ក្នុងការ​ត្រៀម​ចាយ​វាយ​ដូច​ដែល​បាន​កំណត់​ក្នុងខ្ទង់ចំណាយ​ និងចំណូល​សម្រាប់​ឆ្នាំ​២០២២​ ដែល​វិបត្តិ​ជំងឺកូវីដ​១៩​នៅតែ​ជាក្តីបារម្ភ​មួយ​។

«យើង​មាន​របៀប​យុទ្ធសាស្ត្រ​របស់​យើង។​ អាហ្នឹង​បាន​សរសេរ​ហើយ​ប្រាប់​ថា​ តើយុទ្ធសាស្ត្រ​របៀប​ម៉េច​? ក្នុងការ​ស្តាឡើង​វិញ​នូវ​សេដ្ឋកិច្ច​របស់​យើង​ហ្នឹង»​។ ​

ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​មូលបត្រ​នៃផ្សារ​មូលបត្រកម្ពុជា​ អ្នកស្រី គឹម សុផានីតា​ យល់​ថា​ការ​ដាក់​ឲ្យបោះផ្សាយ​មូលបត្រ​ នឹង​ឆ្លើយ​តប​ទៅស្ថានភាព​ជាក់​ស្តែង​ ដែល​កម្ពុជាត្រូវ​ស្តារ​សកម្មភាពសេដ្ឋកិច្ច​របស់ខ្លួន​ឡើង​វិញ។

«នេះ​គឺ​ជា​ការសម្រេច​ចិត្ត​បែបយុទ្ធសាស្ត្រ​ដ៏ត្រឹម​ត្រូវ​ និង​ចំពេល​វេលាសម្រាប់​ស្ថានភាព​បច្ចុប្បន្ន​នេះ​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​ឡើងវិញ ក៏ដូច​ជាគាំទ្រ​ទៅដល់​កំណើន​សេដ្ឋកិច្ច​នៅ​ថ្ងៃខាង​មុខ»។

អ្នកស្រី​ពន្យល់​បន្ថែម​ថា​ ផ្សារមូលបត្ររដ្ឋ​មានអត្ថ​ប្រយោជន៍ច្រើន​ និង​អាច​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​កាត់​បន្ថយ​ការពឹកផ្អែកលើចំណូលពន្ធដា​ ពន្ធគយ​ និង​កម្ចីបរទេស​ ហើយងាក​មកប្រមូល​ទុន និង​ប្រភព​ចំណូល​ក្នុងស្រុក​បន្ថែម​ដើម្បី​យក​ទៅធ្វើការ​អភិវឌ្ឍប្រទេស​ តាមរយៈការសាងសង់​ហេដ្ឋារចនា​ផ្លូវ​ ថ្នល់ ស្ពាន​ ប្រឡាយ ​និងពង្រឹងវិស័យ​សិក្សាអប់រំ សុខាភិបាល​ ក៏ដូចជា​សេវាសាធារណៈផ្សេងៗ​ទៀត។

បើតាម​អ្នកស្រី គឹម សុផានីតា ការបោះផ្សាយ​ផ្សារមូលបត្រ​រដ្ឋ​ គឺជាទម្រង់នៃ​ការលក់​បណ្ណ​បំណុល​ ទៅ​ជា​សាធារណៈ​ ដើម្បី​ប្រមូល​លុយ​ឬ​ខ្ចី​លុយ​ពីសាធារណជន។ ​

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពីលោក មាស​ សុខសេនសាន​ អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានទេ​នៅថ្ងៃ​ចន្ទនេះ។

បើតាម​ឯកសារព្រាង​នៃ​ផែនការ​ចំណាយ​របស់​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០២២ ចំណាយ​ចរន្ត​វិស័យ​ការពារ​ជាតិ​ សន្តិសុខ​ និងសណ្តាប់ធ្នាប់​សាធារណៈ នឹង​មាន​ចំណែក​២៤,៥%​នៃ​ចំណាយ​ចរន្ត​ថវិកា​ថ្នាក់​ជាតិ​។ ចំណាយ​លើ​វិស័យ​នេះ​ ទាប​ជាង​វិស័យ​សង្គមកិច្ច​ ដែលគ្រោង​នឹង​ទទួល​បាន​៣៨,៤%​នៃចរន្ត​ថវិកា​ថ្នាក់​ជាតិ។ ឯកសារ ដដែល​បញ្ជាក់ថា​ កម្ពុជាគ្រោង​ខ្ចី​ប្រាក់​ពីដៃគូ​អភិវឌ្ឍក្នុង​កម្រិត​១.៦០០​លានSDR ឬជាង​២.២៦០​លាន​ដុល្លារ​អាមេរិក ដើម្បី​អភិវឌ្ឍ​គម្រោង​មួយចំនួន​ក្នុង​នោះ​មានគម្រោង​ពង្រីក​សមត្ថភាព​ផ្គត់​ផ្គង់​អគ្គិសនី និង​ពង្រីក​ខ្សែ​បញ្ជូន​អគ្គិស​នី​នៅ​តាម​ជន​បទ​ជាដើម។​

នាយកប្រតិបត្តិ​អង្គការ​តម្លាភាពកម្ពុជា​លោក ប៉ិច ពិសី​ មើល​ឃើញ​ពីកំណើន​ក្នុងការ​ចំណាយ​របស់​រដ្ឋាភិបាល​លើខ្ទង់​ចំណាយ​ថវិកាថ្នាក់​ក្រោមជាតិ ដែល​នឹង​អាច​ជួយពលរដ្ឋ​ក្រីក្រ​ និង​ងាយរងគ្រោះបាន​ផ្សាភ្ជាប់​ជា​មួយ​នឹង​ចរន្ត​សេដ្ឋកិច្ច​ដើម្បី​លើក​ស្ទួយ​កម្រិត​ជីវភាព​រស់​នៅរបស់​ពួកគេ​។

«ការផ្តល់​ថវិកា​នៅថ្នាក់ក្រោម​ជាតិ​ហ្នឹង​មាន​ការកើនឡើង​ គួរ​ឲ្យ​កត់​សម្គាល់​ហើយ​ចំណុច​នេះ​ជាចំណុច​ល្អមួយ ព្រោះ​យើង​ចង់​ជំរុញ​ឲ្យ​ថវិកា​ជាតិ​ហ្នឹង​ មាន​គោល​ដៅ​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ទី​ជនបទ​ដាច់​ស្រយាល​ ហើយ​និង​ជាពិសេស​ការ​ជួយ​ឲ្យតំបន់​ហ្នឹង​មាន​ការ​តភ្ជាប់សេដ្ឋកិច្ច​មក​ទីប្រជុំ​ជន​ដើម្បី​បង្កើន​ជីវភាព​រស់​នៅ​របស់​ពល​រដ្ឋ​ហ្នឹង ហើយ​និង​ការ​លម្អ​សេវាសាធារណៈនៅ​ថ្នាក់​ក្រោម​ជាតិ​ហ្នឹង​បាទ»។

បើតាម​លោក ​ប៉ិច​ ពិសី​ រាល់ដំណើរ​ការ​រៀបចំ​ថវិកា​ជាតិ​ គួរតែ​មានការ​ចូលរួម​ឲ្យបាន​គ្រប់ជ្រុង​ជ្រោយ ពីភាគី​ពាក់ព័ន្ធ​ជាពិសេស​សង្គមស៊ីវិល និងវិស័យ​ឯកជន​ ដៃគូអភិវឌ្ឍ​ និងប្រព័ន្ធផ្សព្វផ្សាយ​ ដែល​អាច​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សេចក្តីត្រូវការ​របស់​សាធារណជន ហើយ​សភា​ក៏គួរ​មាន​យន្តការ​ពិនិត្យ​តាមដាន​ការចាយ​វាយ​ថវិកា​ជាតិ​ផងដែរ។

ទាក់ទង​នឹង​កម្ចីបរទេស​ លោកថា​ កម្ពុជា​នៅតែ​មាន​លទ្ធភាព​ក្នុងការ​ខ្ចីបុល​បរទេស​ សម្រាប់អភិវឌ្ឍវិស័យ​សំខាន់ៗ​ដូច​ជាការ​ជំរុញ​វិនិយោគ​សាធារណៈ និង​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ចាំបាច់​ផ្សេងៗដើម្បី​បើក​ផ្លូវ​ឲ្យ​ប្រទេស​កម្ពុជា​រក​ចំណូល​ទូទាត់​បំណុលវិញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG