ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​ក្នុង​ប្រទេស​អេត្យូពី​ធ្វើ​ឲ្យ​សហគមន៍​អេត្យូពី​​ក្រៅ​ប្រទេស​​បែក​បាក់​គ្នា​​


រូប​ឯកសារ៖ បាតុករ​តវ៉ា​​នៅ​ទី​ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២០ ដើម្បី​ប្រឆាំង​នឹង​​ការ​​ប្រព្រឹត្ត​របស់​រដ្ឋាភិបាល​អេត្យូពី​ចំពោះ​ជនជាតិ Oromo។
រូប​ឯកសារ៖ បាតុករ​តវ៉ា​​នៅ​ទី​ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២០ ដើម្បី​ប្រឆាំង​នឹង​​ការ​​ប្រព្រឹត្ត​របស់​រដ្ឋាភិបាល​អេត្យូពី​ចំពោះ​ជនជាតិ Oromo។

នៅ​ពេល​ដែល​ការ​ប្រយុទ្ធ​គ្នា​បាន​ចាប់​ផ្តើម​ឡើង​រវាងកង​ទ័ព​រដ្ឋាភិបាល​អេត្យូពី​និង​កង​កម្លាំង​នៅ​តំបន់​ភាគ​ខាង​ជើង​Tigray​របស់​ប្រទេស​នេះ​អ្នកស្រី Melat Tesfay ដែល​រស់​នៅក្នុង​ទី​ក្រុង​ឡុងដ៍​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​ក្រុមគ្រួសារអ្នក​ស្រី​ដែល​កំពុង​ជាប់​នៅក្នុង​តំបន់​ជម្លោះ​Tigray។ អ្នក​ស្រី​បាន​ចាប់​ផ្តើមចែក​រំលែក​ទស្សនៈ​របស់​អ្នក​ស្រី​អំពី​ជម្លោះ​នោះ​នៅ​លើ​គណនី​បណ្តាញ​សង្គមរបស់​អ្នក​ស្រី។​

អ្នក​ស្រី Tesfay លើក​ឡើង​ថា​សហគមន៍​ពលរដ្ឋ​អេត្យូពី​ក្នុង​ប្រទេស​អង់​គ្លេស​បាន​ផ្ញើ សារមក​អ្នក​ស្រី​ដោយ​ពួក​គេ​លើក​ឡើង​ថា​សារ​ដែល​អ្នក​ស្រី​បង្ហោះនៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធើណិត​ទាំង​នោះ​បាន​ប៉ះ​ពាល់​ដល់​ពួក​គេ​ព្រោះ​អ្នក​ស្រី​មិន​បាន​គាំទ្រការ​វាយ​ប្រហារ​នៅ​ក្នុង​តំបន់Tigray។​អ្នក​ស្រីបាន​លើក​ឡើង​ថា​អ្នក​ស្រីត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ដែល​អ្នក​ស្រី​គិត​ថា​ជា​មិត្ត​ភ័ក្ត​នោះ​ប្រកាន់អន់​ចិត្ត​នឹង​អ្នក​ស្រី។

អ្នកស្រី Tesfay ថ្លែងថា៖«នេះ​ជា​ស្ថាន​ភាព​នៃ​ជីវិត​ពិត​ប្រាកដ​ដែល​ប៉ះ​ពាល់​ដល់​រូប​ខ្ញុំ​និង​គ្រួសារ​របស់​ខ្ញុំ​។ ដូច្នេះ ខ្ញុំបាន​លុប​មនុស្សជា​ច្រើនក្នុង​ចំណោម​អ្នក​ទាំង​នេះ​ដែល​ជំរុញឲ្យ​មានសង្គ្រាម ចេញ​ពី​គណនីបណ្តាញ​សង្គមរបស់​ខ្ញុំ​។ ខ្ញុំ​បាន​ដក​ខ្លួន​ចេញ​ពី​អ្នក​ដែល​ខ្ញុំ​ធ្លាប់​តែ​ទាក់ទង​ពីមុន​មក​។ ដូច​នេះ ​ខ្ញុំ​ហាក់ដូច​ជា​មាន​អារម្មណ៍​ថា​វា​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់​រូបខ្ញុំ​ដោយ​មិន​ដឹង​ខ្លួន»។​

ទោះ​បី​ជា​មាន​ប្រតិកម្ម​និង​ការរិះ​គន់​ពីមនុស្ស​មួយ​ចំនួន​ក្តី​ក៏​អ្នក​ស្រីTesfay​មិន​បាន​បញ្ឈប់​ការ​បង្ហោះ​សារ​និង​ផ្សព្វ​ផ្សាយ​បន្តក្នុង​ប្រព័ន្ធ​អ៊ីនធើណិត​នោះ​ទេ។​ ​

ពលរដ្ឋ​អេត្យូពី​ប្រមាណ​២,៥​លាន​នាក់​កំពុង​រស់​នៅ​ក្រៅ​ប្រទេស។ ក្រៅ​ពីការ​ផ្ញើ​ប្រាក់​ឲ្យ​បង​ប្អូន​សាច់​ញាតិ​នៅ​ប្រទេស​អេត្យូពី​ចំនួន​រាប់​ពាន់​លាន​ដុល្លារនោះ​សហគមន៍​អេត្យូពី​នៅ​ក្រៅ​ប្រទេស​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្នុង​ការ​រៀប​ចំ​និង​ដឹកនាំ​យុទ្ធនាការ​តាមប្រព័ន្ធ​អ៊ីនធើណិត។​

អ្នកស្រី ​Seray Delnissaw បាន​ចាត់​ទុកខ្លួន​អ្នក​ស្រី​ថា​ជា​សមាជិក​សកម្មមួយ​រូប​នៃ​សហគមន៍​អេត្យូពីនៅ​ក្នុង​ប្រទេស​អង់គ្លេស។ ប៉ុន្តែ​ដោយ​សារការ​ពិភាក្សា​គ្នា​តាមបណ្តាញ​សង្គមមានភាព​តានតឹង​បាន​ធ្វើ​ឲ្យ​អ្នក​ស្រីមាន​ការ​ប្រុង​ប្រយ័ត្នច្រើន​ជាង​មុន​អំពី​អ្វី​ដែល​អ្នក​ស្រី​ត្រូវ​ចែក​រំលែក​ឬ​បង្ហោះ​នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធើណិត។

អ្នកស្រី Delnissaw ថ្លែងថា៖«ពេល​ខ្លះ​ខ្ញុំ​បង្ហោះរឿងរ៉ាវ​មួយ​ចំនួន​ហើយ​ភ្លាម​នោះខ្ញុំ​បាន​ទទួល​សារ​ចូល​មក​ភ្លាមៗ​ដែរ។​សារ​នោះ​មាន​ន័យ​ថា​អ្នក​មិន​គួរ​និយាយ​យ៉ាង​នេះ​ឬ​យ៉ាង​នោះ​ទេ។​ជាមួយសារដែល​ខ្ញុំបង្ហោះ​ផ្ទាល់​ខ្លួន​នោះ​មាន​មនុស្ស​មួយ​ចំនួន​បាន​ទាក់​ទង​មក​ខ្ញុំ​វិញ​ជា​មួយ​នឹង​ការ​ឆ្លើយ​តប​៥០ភាគរយ​វិជ្ជមាន ហើយ ៥០ភាគរយ​ទៀត​អវិជ្ជមាន»។​

អ្នក​ដែល​បាន​បង្ហោះ​សារ​គាំទ្រ​តំបន់ Tigray ត្រូវ​បាន​អ្នកដទៃ​មើល​ឃើញ​ថា​ជា​ការ​បដិសេធ​តួនាទីដ៏ធំរបស់​ក្រុម​រណសិរ្ស​រំដោះ​ពលរដ្ឋ​តំបន់​Tigray​នៅ​ក្នុង​នយោបាយរបស់​អេត្យូពី​អស់​រយៈពេ​ល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខណៈដែល​ក្រុមប្រឆាំង​នឹង​ក្រុមរណសិរ្សរំដោះ​ពលរដ្ឋ​តំបន់ Tigrayត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ញឹក​ញាប់​ជាអ្នក​គាំទ្រ​ឲ្យ​មាន​ការ​វាយ​ប្រហារ​ដោយ​កង​ទ័ព​នៅ​ក្នុង​តំបន់​នោះ។​

​អ្នក​ស្រី Azeb Madebo​ គឺ​ជា​បេក្ខជន​បណ្ឌិតនៃ​សាកលវិទ្យាល័យSouthern California​ដែល​ផ្តោតលើ​សហគមន៍​ជន​ជាតិ​អេត្យូពី​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ អ្នក​ស្រី​បានលើក​ឡើងថា​សហគមន៍​បាន​ផ្តល់​នូវ​ការ​យល់​ដឹង​ពី​បញ្ហា​មួយ​ចំនួន ប៉ុន្តែ​យុទ្ធនាការ​លើ​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​ទាំង​នេះ ជា​ញឹក​ញាប់​បាន​ផ្អែក​ទៅ​លើ​ការ​បក​ស្រាយ ដែល​ខុស​ពី​ស្ថាន​ភាព​ជាក់​ស្តែង​ដែល​មាន​ភាព​ស្មុគ្រ​ស្មាញ​នោះ។

អ្នក​ស្រី Madebo​ថ្លែងថា៖«អ្វី​ដែល​យើង​បាន​ឃើញ​នៅតាម​ប្រព័ន្ធ​អ៊ីនធើណិត​នោះ មាន​ការ​បែកបាក់​និង​ការ​ប្រកាន់​នយោបាយ​កាន់​តែ​ច្រើន​នៅ​ក្នុង​ចំណោម​ក្រុម​ជាតិ​សាសន៍​ទាំងនោះ។ សហគមន៍​ទាំង​នេះ​ត្រូវ​ស្វែង​រក​ដំណោះ​ស្រាយ​ចេញ​ពី​ការ​ជាប់​ផុង​នៃ​នយោបាយ​ជាតិ​សាសន៍ ដើម្បី​ជួយ​បង្កើត​នូវ​អត្តសញ្ញាណ​រួម​មួយដែល​ឆ្លុះ​បញ្ចាំង​ពី​ប្រទេស​ជាតិ​ទាំង​មូល​ពី​ការ​តស៊ូ​របស់​យើង​និង​ពី​ក្តី​សង្ឃឹម​របស់​យើង​ទាំងអស់​គ្នា ។ បើ​មិនដូច្នោះទេ​ការ​ចូលរួម​សកម្មភាព​តាម​បណ្តាញ​សង្គម​នា​ពេល​បច្ចុប្បន្ន​របស់​សហគមន៍​អេត្យូពី​នៅ​ក្រៅ​ប្រទេស​នោះ​គឺ​គ្រាន់​តែ​ជា​ការជួយ​ញុះ​ញង់​និង​បង្ក​នូវ​ភាព​ឈឺចាប់​កាន់​ខ្លាំង​ជាង​មុន​តែ​ប៉ុណ្ណោះ»។​

ភាព​តាន​តឹង​រវាង​រដ្ឋាភិបាល​កណ្តាល​និង​តំបន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​អេត្យូពី​មាន​ភាព​តានតឹង​ជាច្រើន​សប្តាហ៍​មក​ហើយ​ក្រោយ​ពេល​ដែល​កង​កម្លាំង​របស់​រណសិរ្ស​រំដោះ​ពលរដ្ឋ​តំបន់​Tigray​បាន​វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​យោធា​មួយ​កន្លែង​ដែល​ក្រុម​រណសិរ្ស​នេះ​ហៅ​ថា​ជា​ការ​ការពារ​ខ្លួន​នោះ។​ ប្រទេស​ដែល​នៅ​ជិត​ខាងប្រទេស​អេត្យូពី​ពេល​នេះ​ក៏​បាន​ចូលរួម​ពាក់​ព័ន្ធនឹង​ជម្លោះ​នេះ​ដែរ​ក្រោយ​ក្រុម​រណសិរ្ស​រំដោះ​តំបន់​Tigray បាន​បាញ់​គ្រាប់​មីស៊ីល​ទៅ​លើរដ្ឋធានី​អាស្មារ៉ា របស់​ប្រទេស​អេរីត្រេ។​ពលរដ្ឋ​អេត្យូពី​ប្រមាណ​ជាង​២ម៉ឺន​នាក់​បានរត់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ស៊ូដង់ ដើម្បី​ស្វែង​រក​សុវត្ថិភាព៕​

ប្រែសម្រួល​ដោយ​ជ្រា វណ្ណារិទ្ធ

XS
SM
MD
LG