របាយការណ៍ថ្មីមួយពីទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បង្ហាញថា ជនចំណាកស្រុក១៣៧.០០០នាក់ បានធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ានេរហូតមកទល់ពេលនេះនៅឆ្នាំនេះ ដែលជាការកើនឡើងចំនួន៨៣ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
ឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានចេញរបាយការណ៍មួយនៅថ្ងៃពុធនេះ ដោយបានប្រាប់ឲ្យដឹងថា អឺរ៉ុបកំពុងរស់នៅជាមួយនឹងវិបត្តិជនភៀសខ្លួនដែលធ្វើដំណើរតាមសមុទ្រដ៏ធំជាប្រវត្តិសាស្ត្រ នៅពេលដែលជនចំណាកស្រុកទាំងនោះបានធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ដើម្បីស្វះស្វែងរកស្ថានភាពរស់នៅហើយនឹងសេដ្ឋកិច្ចប្រសើរឡើងនៅតំបន់អឺរ៉ុប។
ការកើនឡើងនូវចំនួនជនចំណាកស្រុក បានធ្វើឲ្យមានការយ៉ាប់យ៉ឺនខាងធនធានដល់តំបន់អឺរ៉ុប ជាពិសេសប្រទេសអ៊ីតាលីនិងក្រិក ដែលជាកន្លែងឈប់សំចតលើកដំបូងសម្រាប់ជនចំណាកស្រុកជាច្រើនដែលបានឆ្លងកាត់សមុទ្រនោះ។ ពីព្រោះតែការកើនឡើងនូវចំនួនជនចំណាកស្រុកនេះ របាយការណ៍នោះប្រាប់ឲ្យដឹងថា មនុស្សកាន់តែច្រើនឡើងៗ កំពុងស្លាប់នៅតាមផ្លូវ មនុស្សជាច្រើនកំពុងធ្វើដំណើរតាមទូកដែលផ្ទុកទៅដោយមនុស្សដែលឆ្លងកាត់សមុទ្រពីប្រទេសតួកគីឬតំបន់អាហ្វ្រិកខាងជើង។
អង្គការសហប្រជាជាតិប្រាប់ឲ្យដឹងថា ជនចំណាកស្រុក១.៨៦៧នាក់ បានស្លាប់នៅក្នុងការធ្វើដំណើរនៅឆ្នាំនេះ៕