ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៦០​លាន​នាក់​បាន​ត្រូវ​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​លំនៅដ្ឋាន​ពួក​គេ​ក្នុង​ពិភពលោក


ជន​ចំណាក​ស្រុក​អង្គុយ​នៅ​ក្រោម​ស្លាក​អក្សរ​មួយ​ នៅ​ខាង​ក្រៅ​ពហុកីឡាដ្ឋាន​ នា​ភាគ​ខាង​ត្បូង​ក្រុង​អាថែន កាល​ពី​អង្គារ ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥។​
ជន​ចំណាក​ស្រុក​អង្គុយ​នៅ​ក្រោម​ស្លាក​អក្សរ​មួយ​ នៅ​ខាង​ក្រៅ​ពហុកីឡាដ្ឋាន​ នា​ភាគ​ខាង​ត្បូង​ក្រុង​អាថែន កាល​ពី​អង្គារ ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥។​

ទីភ្នាក់ងារ​អ.ស.ប.​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀស​ខ្លួន​ព្រមាន​ថា​ ចំនួន​មនុស្ស​ដែល​បាន​ត្រូវ​បង្ខិត​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​​ ពួក​គេ​ទំនង​ជា​នឹង​កើន​លើស​៦០​លាន​នាក់​ក្នុង​ឆ្នាំ២០១៥។

ទីភ្នាក់ងារ​អ.ស.ប.​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀស​ខ្លួន​ព្រមាន​ថា​ ចំនួន​មនុស្ស​ដែល​បាន​ត្រូវ​បង្ខិត​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង ពួក​គេ​ទំនង​ជា​នឹង​កើន​លើស​៦០​លាន​នាក់​ក្នុង​ឆ្នាំ២០១៥។​ អង្គការ​ UNHCR ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​របស់​ផង​ខ្លួន​អំពី​និន្នាការ​ពាក់​កណ្តាល​ឆ្នាំ​២០១៥​ ដែល​ទាក់ទិន​នឹង​ការ​បង្ខិត​បង្ខំ​ឱ្យ​មនុស្ស​ចាក​ចេញ​ពី​ផ្ទះ​សម្បែងពួកគេ​ក្នុង​ពិភព​លោក​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ។​

របាយ​ការណ៍​នេះ​របស់​អង្គការ​ UNHCR ​មិន​បាន​រួម​បញ្ចូល​ជន​ភៀស​ខ្លួន​រាប់​សែន​នាក់​ដែល​បាន​ធ្វើ​ដំណើរ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ទៅ​កាន់​ទ្វីប​អឺរ៉ុប​ដោយ​ឆ្លង​កាត់​សមុទ្រ​ មេឌីទែរ៉ានេ ​និង​មនុស្ស​រាប់ពាន់​នាក់​ទៀត​ដែល​ស្វះស្វែង​រក​កន្លែង​ជ្រកកោន​គេច​ពី​សង្គ្រាម​ជា​ច្រើន​នៅ​ទូទាំង​ពិភពលោក​ក្នុង​រយៈ​ពេល​ពាក់​កណ្តាល​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ​ទេ។​

ក៏​ប៉ុន្តែ​សេចក្តី​រាយ​ការណ៍​នេះ​និយាយ​ថា​ តួលេខ​ទាំង​នេះ​មាន​ច្រើន​ហួស​និស្ស័យ ​និង​នាំ​ឱ្យមាន​ការ​ភ្ញាក់​ផ្អើល។​ តួលេខ​បង្ហាញ​ថា​ ជន​ភៀស​ខ្លួន​ទាំង​អស់​នៅ​ទូទាំង​ពិភពលោក​មាន​លើស​ពី​២០​លាន​នាក់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៥​ ដែល​ជា​ចំនួន​ច្រើន​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក។ ​ការ​សុំ​សិទ្ធិ​ជ្រក​កោន​បាន​កើន​ឡើង​៧៨​ភាគ​រយ​លើស​ពី​ឆ្នាំ​ទៅ​មិញ​ ហើយ​ចំនួន​មនុស្ស​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សម្បែងនៅ​ខាង​ក្នុង​ប្រទេស​បាន​កើន​ឡើង​ប្រមាណ​២​លាន​នាក់​ដោយ​ឡើង​ដល់​ប្រមាណ​៣៤​លាន​នាក់។​

លោក ​Adrian Edwards ​ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​អង្គការ​អ.ស.ប.​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀស​ខ្លួន​ បាន​និយាយ​ប្រាប់​ VOA ​ថា​ កម្រិត​បច្ចុប្បន្ន​នៃ​ចំនួន​មនុស្ស​ដែល​បាន​ត្រូវ​បង្ខិត​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​លំនៅដ្ឋាន​បាន​ត្រូវ​ទស្សន៍​ទាយ​ថា​ នឹង​ឡើង​ដល់​ជាង​៦០​លាន​នាក់​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ​ ដែល​ជា​ចំនួន​មិន​ឆ្លាប់​ឃើញ​មាន​ចាប់​តាំងពី​សង្គ្រាម​លោក​លើកទី​ពីរ​មក។​

«នៅ​ពេល​សព្វថ្ងៃ​នេះ​ ក្នុង​ចំណោម​មនុស្ស​ក្នុង​ពិភព​លោក​១២២​នាក់​មាន​ម្នាក់​ប្រឈម​នឹង​បញ្ហា​ក្លាយ​ទៅ​ជា​ជន​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែង។ ​ហើយ​ការណ៍​នេះ​នាំ​ឱ្យ​មាន​ការ​បារម្ភ​ខ្លាំង​ណាស់​ ពី​ព្រោះ​ពួក​គេ​ប្រឈមបញ្ហា​ច្រើន​ នៅ​ពេល​ពួកគេក្លាយ​ទៅ​ជា​ជន​ភៀស​ខ្លួន។​ នៅ​ពេល​សព្វថ្ងៃនេះ ​ពួក​គេ​នៅ​តែជា​ជន​ភៀស​ខ្លួន​ជា​ច្រើន​ឆ្នាំ ​ហើយ​មនុស្ស​ខ្លះ​ជា​ជន​ភៀស​ខ្លួនមួយ​ជីវិត​តែ​ម្តង»។​

លោក Edwards ​និយាយ​ថា​ ប្រជា​រាស្ត្រ​ស៊ីរីច្រើន​នាក់​បានរត់​គេច​ខ្លួន​ពី​សង្គ្រាម​និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​ទៅ​នេះ។​ លោក​ថ្លែង​ថា ​ជន​ជាតិ​ស៊ីរី​មាន​ជិត​មួយ​ភាគ​បួន​នៃ​ជន​ភៀស​ខ្លួន​២០​លាន​នាក់ក្នុង​ពិភពលោក​ ហើយ​មាន​ប្រជា​រាស្ត្រ​ស៊ីរី​រាប់​លាន​នាក់​ទៀត​បាន​ខ្ចាត់​ព្រាត់​ពី​លំនៅដ្ឋាន​នៅ​ក្នុង​ប្រទេស​ពួក​គេ​ផ្ទាល់។​

«ខ្ញុំ​ចង់​ចង្អុល​បង្ហាញ​អំពី​ការ​ពិត​ជាក់​ស្តែង​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ដែល​មាន​មនុស្ស​ជាង​៦លាន​នាក់​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែងនៅ​ខាង​ក្នុង​ប្រទេស ​ហើយ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ទៀត​ក៏​មាន​កំណើន​ចំនួន​ជន​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែង​ដែរ។​ នេះ​ជា​ការ​បារម្ភ​ធំ​មួយ ​ពីព្រោះ​ការ​ខ្ចាត់ព្រាត់​ពី​លំនៅដ្ឋាន​ក្នុងប្រទេស​ជាញឹកញយ​ជា​ការ​ព្រមាន​ដំបូង​មួយ​ដែល​បង្ហាញ​ថា ​នឹង​មាន​លំហូរ​ក្រុម​ជន​ភៀស​ខ្លួន​ក្នុង​ពេល​អនាគត»។​

សេចក្តី​រាយ​ការណ៍​នេះ​និយាយថា​ អត្រា​នៃ​ការ​វិល​ត្រឡប់ទៅ​ផ្ទះ​វិញ​ដោយ​ស្ម័គ្រ​ចិត្ត​មានកម្រិត​ទាប​បំផុត​ក្នុង​រយៈ​ពេល​បី​ទសវត្សរ៍​មក​នេះ។ ​អង្គការ​ UNHCR​ និយាយ​ថា​ រដ្ឋាភិបាល​មាន​ឆន្ទៈ​នយោបាយ​តិច​តួចដើម្បី​ធ្វើការ​ជាមួយ​គ្នា​សម្រាប់​ស្វែង​រក​ដំណោះ​ស្រាយ​ដល់​បញ្ហា​ជន​ភៀស​ខ្លួន ​និង​ជន​ខ្ចាត់ព្រាត់​ពី​លំនៅដ្ឋាន​ដែល​កើន​ខ្លាំង​ឡើងៗ៕​

ប្រែ​សម្រួលដោយ​លោកឈឹម​ សុមេធ

XS
SM
MD
LG