កាលពីថ្ងៃសុក្រ អង្គការសហប្រជាជាតិបានស្នើសុំប្រាក់បន្ថែមសម្រាប់ប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់ផ្នែកសុខាភិបាល និងសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ១៩ នៅក្នុងប្រទេសដែលងាយរងគ្រោះបំផុតក្នុងពិភពលោក រហូតដល់ចំនួន ១០,៣ ប៊ីលានដុល្លារ។
អង្គការនេះបានព្រមានថា បើមិនចាត់វិធានការក្នុងពេលឥឡូវនេះទេ នោះវានឹងបង្កផលប៉ះពាល់ដល់ជីវិតមនុស្សជាច្រើនរាប់មិនអស់ និងត្រូវខាតបង់ប្រាក់រាប់ទ្រីលានដុល្លារផងដែរ។
កាលពីចុងខែមីនា អង្គការសហប្រជាជាតិបានអំពាវនាវប្រាក់ចំនួន ២ ពាន់លានដុល្លារសម្រាប់ប្រទេសចំនួនប្រមាណ ៤០ ដើម្បីដោះស្រាយវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ១៩ ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី។ ខណៈដែលជំងឺនេះបន្ដឆ្លងរាតត្បាតពាសពេញពិភពលោក អង្គការនេះបានស្នើសុំប្រាក់ចំនួន ៦,៧ ប៊ីលានដុល្លារ កាលពីខែឧសភា។ អង្គការសហប្រជាជាតិនេះទទួលបានប្រាក់ត្រឹមតែ ១,៦៤ ប៊ីលានដុល្លារតែប៉ុណ្ណោះ។
សំណើបង្កើនប្រាក់កាលពីថ្ងៃសុក្រមានគោលបំណងដើម្បីជួយប្រជាជនចំនួន ២៥០ លាននាក់ ក្នុងបណ្ដាប្រទេសចំនួន ៦៣ ដែលភាគច្រើនស្ថិតនៅក្នុងទ្វីបអាហ្វ្រិក តំបន់មជ្ឈិមបូព៌ា និងអាមេរិកឡាទីន។ ក្នុងចំណោមបណ្ដាប្រទេសដែលមានករណីឆ្លងជំងឺកូវីដ១៩ទាំងអស់ បណ្ដាប្រទេសដែលអង្គការសហប្រជាជាតិចង់ជួយមានករណីឆ្លងស្មើនឹងប្រមាណ ១ ភាគ ៣ នៃករណីឆ្លងសរុប។
ទឹកប្រាក់ចំនួន ១០,៣ ប៊ីលានដុល្លារនេះនឹងត្រូវចែកចាយទៅទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិចំនួន ១០ ដែលរួមមានទាំងអង្គការសុខភាពពិភពលោក WHO ដែលជាអង្គការពិភពលោកនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន និងកាកបាទក្រហមអន្តរជាតិនិងអឌ្ឍចន្ទក្រហមផងដែរ៕