ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត​ដែល​ធ្វើ​ដំណើរ​មក​ពី​អារ៉ាប៊ី សាអូឌីត ឆ្លង​កូវីដ១៩


រូបឯកសារ៖ ទេសចរ​បរទេស​ឡើង​ជិះ​យន្ដហោះ​របស់​ក្រុមហ៊ុន Edelweiss Air ក្នុង​ដំណើរ​ទៅ​កាន់​ទីក្រុង Zurich ប្រទេស​ស្វ៊ីស នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃ​សុក្រ​ ទី​២៣ ខែមេសា ឆ្នាំ​២០២០។

កម្ពុជា​ធ្វើ​តេស្ត​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩​ម្នាក់​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​ក្នុង​ប្រទេស​កើន​ដល់​១៦៦​នាក់។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ​ខែ​កក្ក​ដា​នេះ បាន​ឲ្យ​ដឹង​ថា​ ​អ្នក​ឆ្លងកូវីដ​ចុងក្រោយ​គេ​នេះ​ គឺ​ជា​បុរស​ជនជាតិ​ខ្មែរ​អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។​

ការ​ធ្វើ​តេស្ត​រក​ឃើញ​ករណី​ឆ្លង​ចុងក្រោយ​នេះ ​កើត​ឡើងនៅ​ពេល​ដែល​វត្ថុ​សំណាក​លើកទី​៣​របស់​បុរស​នេះ ត្រូវ​បាន​យក​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ ក្រោយ​ពី​បុរស​រូប​នេះ បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​តែ​មួយ​ក្នុង​ចំណោម​មនុស្ស​៨០​នាក់ ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​អារ៉ាប៊ី សាអូឌីត​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ឆ្នាំ​២០២០។​

បច្ចុប្បន្ន បុរស​រូប​នេះ រួម​ទាំង​បុរស​ខ្មែរ​២៤​នាក់​ផ្សេង​ទៀត​ដែល​បាន​ឆ្លង​ជំងឺ​នេះ ក្រោយ​ពី​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​នោះ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅមណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ។​

ចំណែកអ្នក​ឆ្លង​ជំងឺ​នេះ​៨​នាក់​ផ្សេង​ទៀត ដែល​បាន​វិលត្រឡប់​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី កំពុង​សម្រាក​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ក្នុង​ក្រុង​ភ្នំពេញ​ដែរ។​

រហូត​មក​ដល់​ពេល​នេះ ក្នុង​ចំណោម​អ្នក​ឆ្លង​កូវីដ​ទាំង​១៦៦​នាក់​ មាន​១៣៣​នាក់ បាន​ជាសះ​ស្បើយ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG