ដោយករណីឆ្លងវីរុសកូរ៉ូណាក្នុងប្រទេសកាន់តែកើនឡើង រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍កញ្ចប់ថវិកាជំនួយតម្លៃ១.៤០០លានដុល្លារដើម្បីទប់ទល់នឹងកំណើនភាពអត់ការងារ។ ថវិកានេះនឹងប្រើសម្រាប់ប្រាក់ឧបត្ថម្ភផ្ទាល់និងការបណ្តុះបណ្តាលជំនាញថ្មីក្រោយវិបត្តិសុខភាពកូវីដ១៩។
ការប្រកាសកញ្ចប់ថវិកានេះ កើតមានឡើងក្រោយពីតួលេខក្រៅផ្លូវការនៃអត្រាអត់ការងារនៅអូស្ត្រាលីបានកើនដល់៧,៤% ឬស្មើ១លាននាក់ ដែលជាចំនួនអ្នកអត់ការងារច្រើនបំផុតក្នុងរយៈពេល២២ឆ្នាំ។
អូស្ត្រាលីនៅពេលនេះបានរាយការណ៍អំពីការឆ្លងកូវីដ១៩សរុប១១.០០០ករណី ដោយការផ្ទុះឆ្លងថ្មីបានកើតនៅរដ្ឋ Victoria ដែលកាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ពីការឆ្លងថ្មី៣១៧ករណីដែលជាការឆ្លងថ្មីច្រើនបំផុតក្នុងមួយថ្ងៃ។ ទីក្រុង Melbourneកំពុងស្ថិតនៅក្នុងការបិទសកម្មភាពរយៈពេល៦សប្តាហ៍ដើម្បីទប់ស្កាត់ការផ្ទុះរាលដាលថ្មីនេះ។
នៅប្រទេសជប៉ុនវិញ អភិបាលក្រុងតូក្យូលោកស្រី Yuriko Koike ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងនេះបានរកឃើញករណីឆ្លងថ្មី២៨០ករណីទៀតក្នុងរយៈពេល២៤ម៉ោង ដែលជាចំនួនច្រើនបំផុតក្នុងមួយថ្ងៃ។ ការផ្ទុះការឆ្លងថ្មីនេះអាចបង្ខំឲ្យលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abeត្រូវពិចារណឡើងវិញអំពីយុទ្ធនាការថ្មីមួយរបស់លោកដែលលើកទឹកចិត្តឲ្យជនជាតិជប៉ុនធ្វើទេសចរណ៍ក្នុងស្រុកដើម្បីទប់ទល់នឹងការខាតបង់អ្នកទេសចរពីក្រៅប្រទេស។
នៅប្រទេសឥណ្ឌាករណីឆ្លងកើនឡើងជិតដល់មួយលាននាក់ ដោយក្រសួងសុខាភិបាលប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាមានការឆ្លងថ្មីជាង៣២.៧០០ករណីក្នុងរយៈពេល២៤ម៉ោង។ ឥណ្ឌានៅពេលនេះមានអ្នកស្លាប់ពីជំងឺកូវីដ១៩ជាង២៤.០០០នាក់។
នៅជុំវិញពិភពលោកកាលពីថ្ងៃព្រហស្បតិ៍វីរុសកូរ៉ូណាបានឆ្លងដល់មនុស្សជិត១៣,៦លាននាក់ និងបានសម្លាប់មនុស្សជិត៥៨៥.០០០នាក់៕